ទីក្រុងបាងកក៖ ការឈប់បាញ់គ្នាបានកើតមានឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ នាថ្ងៃសុក្រនេះ ក៏ប៉ុន្តែកងទ័ពនៃប្រទេសទាំងពីរនៅត្រៀមប្រុងជើងការជាប់រហូត។
កាលពីមួយសប្តាហ៍កន្លងមកនេះ ការវាយប្រយុទ្ធគ្នាបានផ្ទុះឡើងនៅជិតប្រាសាទហិណ្ឌូរបស់ខ្មែរដែលមានចំណាស់៩០០ឆ្នាំ។ មានមនុស្សជាច្រើននាក់បានស្លាប់បាត់បង់ជីវិតមុនពេលដែលការវាយប្រយុទ្ធគ្នាបានចប់នៅថ្ងៃអង្គារហើយប្រជាពលរដ្ឋនៅតាមព្រំដែនប្រទេសទាំងពីរបានបង្ខំចិត្តរត់ចោលលំនៅដ្ឋាន។
នៅថ្ងៃច័ន្ទនេះ លោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក កាសិត ភីរម្យ រដ្ឋមន្រ្តីការបទេសថៃនឹងបង្ហាញខ្លួននៅមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីគូសបង្ហាញគោលជំហររបស់ពួកគេរៀងៗខ្លួន។ ប្រទេសទាំងពីរបន្ទោសគ្នាទៅវិញទៅមកថា ជាអ្នកបើកការវាយប្រយុទ្ធមុន។
នៅក្នុងឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថា ប្រាសាទនោះស្ថិតនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែច្រកចូលសំខាន់មួយស្ថិតនៅលើទឹកដីថៃ។ ភាគីទាំងពីរនៅមានជម្លោះនឹងគ្នាលើដីមួយដុំនៅជាប់នឹងប្រាសាទដែលកម្ពុជាហៅថាព្រះវិហារហើយថៃហៅថាប្រាវិហាន។
ស៊ូណៃ ប៉ាស៊ុក (Sunai Pasuk) តំណាងម្នាក់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅថៃមានប្រសាសន៍ថា អង្គការសហប្រជាជាតិនឹងផ្តល់វេទិកាមួយសម្រាប់ការពិភាក្សាពីការវាយប្រហារនោះហើយអាចជួយសម្រេចលើករណីរំលោភសិទ្ធិមនុស្ស។ លោក ប៉ាស៊ុក និយាយថា៖
«ប៉ុន្តែមូលដ្ឋាននៃការដោះស្រាយទំនាស់នៅតែស្ថិតក្នុងដំណាក់កាលទ្វេភាគីនៅឡើយទេ។ ការបង្ហាញជូននៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺជាឱកាសមួយសម្រាប់ប្រទេសថៃនិងកម្ពុជាលើកឡើងថែមទៀតពីការចោទប្រកាន់គ្នាពីការរំលោភសិទ្ធិមនុស្សដោយផ្អែកតាមច្បាប់អន្តរជាតិ ដោយសារតែការប្រើគ្រាប់មីនចង្កោមអាចដោះស្រាយបានគឺអាស្រ័យលើមានការសង្កេតការណ៍ឯករាជ្យនៅលើតំបន់ដែលមានការប៉ះពាល់»។
ប្រទេសទាំងពីរបានចោទគ្នាទៅវិញទៅមកពីការប្រើប្រាស់គ្រាប់មីនចង្កោមនៅក្នុងពេលប្រយុទ្ធគ្នា ដែលគ្រាប់មីននេះត្រូវបានហាមឃាត់ជាអន្តរជាតិ។
លោក ម៉ាទី ណាទេឡេហ្កាវ៉ា (Marty Natelegawa) រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីដែលពេលនេះជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅថាអាស៊ានក៏នឹងចូលរួមការប្រជុំនៅឯអង្គការសហប្រជាជាតិនោះដែរ។ មន្រ្តីអាស៊ានស្នើសុំខ្លួនធ្វើជាអ្នកសម្របសម្រួលក្នុងការចរចារវាងរដ្ឋាភិបាលទីក្រុងបាងកក និងក្រុងភ្នំពេញ។
នៅប្រទេសថៃ លោកនាយករដ្ឋមន្រ្តី អាប់ភីស៊ីត វីចាជីវ៉ា (Abhisit Vejjajiva) និយាយថា គេគួរដកយកប្រាសាទព្រះវិហារចេញពីបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
លោក អាប់ភីស៊ីត និយាយថាធ្វើដូច្នេះបានព្រមទាំងលុបចោលគម្រោងគ្រប់គ្រងដែលស្នើឡើងដោយប្រទេសកម្ពុជានឹងជួយកាត់បន្ថយជម្លោះព្រំដែន។ ប៉ុន្តែគេគិតថាប្រទេសកម្ពុជានឹងជំទាស់ចំពោះគំនិតនេះ។
ជម្លោះព្រំដែនបានផ្ទុះឡើងជាលើកដំបូងក្នុងឆ្នាំ២០០៨ ក្រោយពីប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជាទទួលបានឋានៈជាបេតិកភណ្ឌពិភពលោក។ ក្រុមអ្នកជាតិនិយមថៃដែលភាគច្រើនអះអាងថាប្រាសាទនេះជារបស់ថៃបានតវ៉ាហើយបណ្តាលឱ្យប្រទេសទាំងពីរពង្រឹងកងកម្លាំងយោធាតាមព្រំដែន។
រដ្ឋាភិបាលថៃកំពុងទទួលរងសម្ពាធពីក្រុមអ្នកជាតិនិយមដែលទាមទារឱ្យរដ្ឋាភិបាលលុបចោលអនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រទេសកម្ពុជាលើការដោះស្រាយជម្លោះព្រំដែន។ ក្រុមអ្នកជាតិនិយមចង់ឱ្យរដ្ឋាភិបាលរបស់គេបណ្តេញពលរដ្ឋកម្ពុជាចេញពីដីដែលមានជម្លោះនេះ។ ប៉ុន្តែរដ្ឋាភិបាលបានច្រានចោលការអំពាវនាវនេះ៕
ប្រែសម្រួលដោយ ម៉ែន គឹមសេង