ប្រទេសកម្ពុជានិងថៃ រំពឹងថានឹងពិភាក្សាគ្នាអំពីការទទួលយកក្រុមអ្នកសង្កេតការណ៍អាស៊ាននិងបញ្ហាបន្ថយភាពតានតឹងអំពីជម្លោះព្រំដែន នៅក្នុងជំនួបនៅប្រទេសឥណ្ឌូនេស៊ី។
បញ្ហាអ្នកសង្កេតការណ៍អាស៊ានមកកាន់តំបន់ជម្លោះហើយនឹងបញ្ហាបន្ថយភាពតានតឹងតាមព្រំដែននឹងត្រូវពិភាក្សាគ្នាក្រោមកិច្ចសម្របសម្រួលរបស់ប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ាននៅចុងខែមិនានេះ។ នេះជាការបញ្ជាក់របស់មន្ត្រីថៃនិងកម្ពុជា។
លោក ថានី ថុងភក្តី អ្នកនាំពាក្យក្រសួងការបរទេសថៃបានថ្លែងប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកតាមទូរស័ព្ទកាលពីថ្ងៃពុធថា ប្រទេសថៃនឹងចូលរួមក្នុងកិច្ចប្រជុំជាមួយកម្ពុជា ហើយស្វាគមន៍ចំពោះការចូលរួមប្រជុំរបស់កម្ពុជា។ ក៏ប៉ុន្តែកាលបរិច្ឆេទនៃកិច្ចប្រជុំនោះ ប្រទេសថៃកំពុងតែធ្វើការជាមួយខាងផ្នែកយោធាថៃ។
លោកថុងភក្តីបានថ្លែងបញ្ជាក់ដូចនេះថា៖
«យើងសង្ឃឹមថាភាគីទាំងពីរនឹងមានឱកាសពិភាក្សាគ្នាអំពីបែបបទការងារស្តីអំពីអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីក៏ដូចជាពិភាក្សាអំពីវិធានការផ្សេងៗទៀត ដែលគួរតែដាក់ចេញដើម្បីធានាថាការប៉ះទង្គិចគ្នាទៅថ្ងៃអនាគតរវាងភាគីទាំងពីរនឹងត្រូវជៀសវាងបាន»។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកម៉ាទី ណាតាលីហ្គាវ៉ា ដែលជាប្រធានប្តូរវេន សមាគមអាស៊ានឆ្នាំនេះបានស្នើសុំកាលពីថ្ងៃទី៧ ខែមិនាឲ្យមានការប្រជុំរវាងប្រទេសទាំងពីរថៃនិងកម្ពុជា។ លោកបានស្នើឲ្យមានកិច្ចប្រជុំចំនួនពីរនៅថ្ងៃទី២៤ និងទី២៥ ខែមិនានៅទីក្រុងបូហ្គ័ (Bogor) ដែលជាទីក្រុងក្បែរទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ីក្នុងលំដាប់គណៈកម្មការព្រំដែនទូទៅ GBC និងកិច្ចប្រជុំគណៈកម្មាធិការចម្រុះទទួលបន្ទុកការបោះបង្គោលព្រំដែនគោករវាងកម្ពុជានិងថៃ JBC ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអះអាងថាកម្ពុជាត្រៀមខ្លួនចូលរួមក្នុងកិច្ចប្រជុំទាំងឡាយដែលរៀបចំដោយប្រធានអាស៊ានហើយទទួលយកសំណើររបស់ប្រធានអាស៊ានដោយឥតលក្ខខណ្ឌទាក់ទិននឹងការទទួលក្រុមអ្នកសង្កេតការណ៍និងបញ្ហាកិច្ចប្រជុំគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ។ ក៏ប៉ុន្តែលោកគួងអះអាងថា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីកាលពីថ្ងៃពុធបានជម្រាបតាមលិខិតផ្លូវការមកកាន់លោក ឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាថាខ្លួនពុំទាន់បានទទួលការឆ្លើយតប ជាផ្លូវការពីប្រទេសថៃនៅឡើយទេទាំងបញ្ហាបែបបទការងារបញ្ជូនអ្នកសង្កេតការណ៍អាស៊ាននឹងការចូលរួមប្រជុំក្នុងគណៈកម្មាធិការព្រំដែននៅប្រទេសឥណ្ឌូនេស៊ី។
«ហើយក្នុងលិខិតនោះបានបញ្ជាក់ពីរចំណុចសំខាន់។ចំណុចទីមួយទាក់ទងនឹងតំបន់ ដែលអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីដែលនឹងត្រូវមកត្រួតពិនិត្យនោះ។ ហើយ ទាក់ទងនឹងចំណុចហ្នឹងឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ានហ្នឹងបានបញ្ជាក់ថាបានទទួលព័ត៌មានជាក់លាក់ហើយពីភាគីកម្ពុជាពាក់ព័ន្ធនឹងព័ត៌មានស្តីពីតំបន់ដែល អ្នកសង្កេតការណ៍ត្រូវមកត្រួតពិនិត្យនេះ។ តែឥណ្ឌូនេស៊ីបានបញ្ជាក់ផងដែរថា មិនទាន់បានទទួលព័ត៌មានពីភាគីថៃនៅឡើយទេ»។
លោក កុយ គួងបានបញ្ជាក់បន្ថែមថា៖
«ចំណុចទីពីរទាក់ទងនឹងការត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំចំនួនពីរគឺកិច្ចប្រជុំគណៈកម្មាធិការចម្រុះព្រំដែន JBC និងគណៈកម្មាធិការព្រំដែនទូទៅGBC ដែលគ្រោងធ្វើនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិនា ២០១១ ខាងមុខនោះ ឥណ្ឌូនេស៊ីក៏បានបញ្ជាក់ថាបានទទួលព័ត៌មានឬក៏ចម្លើយជាក់លាក់ពីភាគីកម្ពុជាហើយដែរ ហើយក៏នៅតែមិនទាន់បានទទួលចម្លើយពីភាគីថៃនៅឡើយទេមកដល់ពេលនេះ»។
លោក គួងបានបញ្ជាក់ថាលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងបានឆ្លើយតបនៅក្នុងសារលិខិតរបស់លោកទៅកាន់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីដោយយល់ព្រមជាផ្លូវការទៅនឹងលក្ខខណ្ឌថ្មីបន្ថែមមួយចំនួនទាក់ទងនឹងក្រុមអ្នកសង្កេតការណ៍អាស៊ាន។ តែលោក គួងបដិសេធធ្វើអត្ថាធិប្បាយលម្អិតអំពីរឿងនោះ។
ប្រសិនបើកើតឡើងមែន កិច្ចប្រជុំលំដាប់គណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរនៅប្រទេសឥណ្ឌូនេស៊ីនេះត្រូវគេចាត់ទុកថាជាកិច្ចប្រជុំលើកទីមួយដែលមានភាគីទី៣ចូលរួមនឹងធ្វើឡើងនៅលើទឹកដីនៃប្រទេសទី៣ ដែលជាកន្លែងឯករាជ្យមួយ ដើម្បីដោះស្រាយជម្លោះនៃប្រទេសទាំងពីរដោយសន្តិវិធី ដែលត្រូវគេដឹង ថាជាការចង់បានរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ហើយនឹងសហគមន៍អន្តរជាតិ។
កិច្ចប្រជុំក្រោមការសម្របសម្រួលរបស់ឥណ្ឌូនេស៊ីនេះត្រូវគេគិតថាកើតឡើង ក្រោយពីប្រទេសថៃសុំពន្យាពេលឬប្រកាន់ជំហរពិភាក្សាទ្វេភាគីជាមួយកម្ពុជាជាមុន សិនមុនពេលទទួលយកអ្នកសង្កេតការណ៍អាស៊ានមកកាន់តំបន់ជម្លោះនៅតាមព្រំដែននៃប្រទេសទាំងពីរជាពិសេសតំបន់ប្រាសាទព្រះវិហារដែលធ្លាប់មានការវាយប្រយុទ្ធគ្នាដោយសារការចោទប្រកាន់ពីបញ្ហារំលោភបំពានបូរណភាពដែនដី។
ប្រទេសទាំងពីរថៃនិងកម្ពុជាធ្លាប់បានសន្យានៅចំពោះមុខតំណាងប្រទេសអាស៊ានទាំង១០ដើម្បីបញ្ឈប់ការវាយប្រយុទ្ធគ្នាហើយទទួលយកក្រុមអ្នកសង្កេតការណ៍មកកាន់តំបន់ជម្លោះដើម្បីធានាកិច្ចឈប់បាញ់គ្នា។ ភាគីទាំងពីរបានព្រមព្រៀងគ្នាផងដែរដើម្បីបន្តកិច្ចចរចាក្នុងក្របខណ្ឌអាស៊ានដើម្បីដោះស្រាយវិវាទព្រំដែនដែលបង្កឲ្យមានភាពតានតឹងផ្នែកយោធា៕