ព្រំដែន​កម្ពុជា​ថៃ​មាន​ភាព​ស្ងប់ស្ងាត់​ក្រោយ​ពី​មាន​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ

Sebuah warga etnis Cina di Malaysia tiba di kuil Hock Thean Keong, yang dikenal sebagai Kuil Ular, menjelang perayaan Tahun Baru Imlek di Klang dekat Kuala Lumpur.

អាជ្ញាធរ​កម្ពុជា​នឹង​ថៃ​ ​បើក​ការ​ពិភាក្សា​ឡើង​វិញ​ដើម្បី​ព្យាយាម​ឲ្យ​មាន​បទឈប់​បាញ់​គ្នា​មួយ​នៅ​តំបន់​ជម្លោះ។

អាជ្ញាធរ​កម្ពុជា​ និង​ថៃឲ្យ​ដឹង​ថា​ ​គ្មាន​ការ​ប៉ះ​ទង្គិច​ថ្មី​នៅតំបន់​ព្រំ​ដែន​ដែល​មាន​ជម្លោះ​អស់​រយៈ​ពេល​ជាង​មួយ​ថ្ងៃ​ហើយ​ ​ក្រោយ​ពី​មាន​ការ​ប្រយុទ្ធគ្នា​ដ៏​ធ្ងន់ធ្ងរ​អស់​រយៈ​ពេល​បួន​ថ្ងៃ​មក។ ​មន្ត្រី​ថៃ​មួយ​ចំនួន​នៅ​ខេត្ត​ស៊ីសាកេត​និយាយ​ថា​ ​ភាគី​ទាំង​សងខាង​ក៏​បាន​ធ្វើ​ការ​ពិភាក្សា​ឡើង​វិញ​ដែរ​ ​ហើយ​យល់​ព្រម​ឈប់​បាញ់​គ្នា។

លោក​វរសេនីយ៍​ឯក​ឈិនណាកាច​ រតនាជីទី​ (Chinnakaj Ratanajitti)​ ជា​អ្នក​នាំ​ពាក្យ​យោធាថៃ​នៅ​តំបន់​នោះ។ ​លោក​ឈិនណាកាច​និយាយ​ថា​ គេ​មាន​ការ​ចរចា ​និង​យល់​ព្រម​ឈប់​បាញ់។ ​ដើម្បី​ជៀស​វាង​អំពើ​ហិង្សា​ ​ភាគី​ទាំង​ពីរ​នឹង​គិត​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ មុន​ពេល​ធ្វើ​សកម្មភាព​ណា​មួយ។​ លោក​និយាយ​ថា​ ​មុន​នឹង​ធ្វើ​អ្វី​មួយ​ គេ​នឹង​សុំ​ប្រឹក្សា​ និង​សម្រប​សម្រួល​ជា​មួយ​អ្នក​មើល​ការ​ខុស​ត្រូវ​គ្រប់​ជាន់​ថ្នាក់។ ​អាជ្ញាធរ​កម្ពុជាមិន​អាច​សុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​ទេ។

វរសេនីយ៍​ឯក​ឈិនណាកាច​បន្ថែម​ថា​ ក្រៅ​ពី​អ្វី​ដែល​គាត់​ហៅ​ថា​ ​ការ​ព្រម​ព្រៀង​ផ្ទាល់​មាត់​នៃ​បទ​ឈប់​បាញ់​គ្នា​នេះ​ មិនមាន​បទ​ឈប់​បាញ់​គ្នា​ផ្លូវ​ការ​ណា​មួយ​ត្រូវ​បានធ្វើ​ឡើង​ទេ។

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ ​ទាហានកម្ពុជា​និង​ថៃ​បាន​បាញ់​កាំភ្លើង​ធំ​នៅ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះ​វិហារ​ដែល​មាន​អាយុ​៩០០​ឆ្នាំ។​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៧​នាក់​បាន​បាត់​បង់​ជីវិត​ ហើយ​បណ្តាល​ឲ្យរង​របួស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ការ​ប្រយុទ្ធ​ដ៏​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ។​ ភាគី​ទាំង​ពីរ​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ ​គូ​បដិបក្ខរបស់​ខ្លួន​ជា​អ្នក​ចាប់ផ្តើម​បាញ់​មុន។

ខ្សែ​បន្ទាប់​ព្រំដែន​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​ ហើយ​ទាំង​កម្ពុជា​ និង​ថៃ​ទាមទារ​ថា​ ​តំបន់​ជុំវិញ​ប្រាសាទ​គឺ​ជា​របស់​ខ្លួន​ ហើយ​ដាក់​កង​ទ័ព​ឲ្យ​ប្រចាំ​ការ​នៅ​ក្បែរ​នោះ​ ដែល​ជា​ហេតុធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ម្តង​ម្កាល។

អាជ្ញាធរ​កម្ពុជា​ឲ្យ​ដឹង​ថា​ ប្រាសាទ​ដែល​ជា​បេតិកភណ្ឌពិភព​លោក​របស់​អង្គការ​សហប្រជាតិ​រងការ​ខូច​ខាត​ដោយសារ​ការ​បាញ់ផ្លោង​របស់​ថៃ។ ​ការ​ផ្លោង​កាំភ្លើង​ធំ​ទៅ​វិញ​ទៅ​មក​បណ្តាល​ឲ្យ​ខូច​ខាត​លំនៅដ្ឋាន​ និង​សាលារៀន​ក្បែរ​ព្រំដែន​ ហើយ​ជម្លៀស​ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​ចេញ​ដើម្បី​សុវត្ថិភាព។

នៅ​ទី​ចាត់ការ​ស្រុក​កានថារ៉ាឡាក​ (Kantharalak)​ ជំរំ​មួយ​ត្រូវ​បាន​ស្ថាបនា​ឡើង​សម្រាប់​អ្នក​ភូមិ​ដែល​គេច​ចេញ​ពី​ការ​ប្រយុទ្ធ​គា្ន​នោះ។

អ្នក​ស្រី​ ជុនទី ផាថាភីន​ (Juntee Patthapin)​ អាយុ​៥៨ឆ្នាំ​ ​និយាយ​ថា​ ​គាត់​ និង​កូនៗ​របស់​គាត់​មក​នៅ​ក្នុង​ជំរំ​នេះ​តាំង​ពី​ថ្ងៃ​សុក្រ​ម្ល៉េះ​ គឺ​នៅ​ពេល​ដែល​អំបែង​គ្រាប់​រោយ​ចុះ​មក​លើ​ភូមិ​របស់​គាត់​ ​ដែល​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​លំនៅដ្ឋាន​ និង​ឆេះ​ចម្ការ​កៅស៊ូ​មួយ។

គាត់​និយាយ​ថា​ ស្វាមី​របស់​គាត់​ត្រឡប់​ទៅ​ភូមិវិញ​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ឲ្យ​ចំណី​ត្រី​ និង​មាន់ ​និង​យាម​ផ្ទះ​របស់​គាត់​ ​ប៉ុន្តែ​គាត់​ និង​កូនៗ​របស់​គាត់​នឹង​ត្រឡប់​ទៅ​វិញ​នៅ​ពេល​ដែល​អាជ្ញាធរ​ថៃ​ប្រាប់​ថា​ ​មាន​សុវត្ថិភាព។

គាត់​និយាយ​ថា​ វា​ប្រថុយ​ប្រថាន​ណាស់​ ​បើ​ត្រឡប់​ទៅ​វិញ​ ​ពីព្រោះ​គេ​មិន​ដឹង​ថា​ ​នៅ​ពេល​ណា​កងទ័ពកម្ពុជា​នឹង​ចាប់​ផ្តើម​បាញ់​ម្តង​ទៀត​ទេ។

ដូច​អ្នក​ភូមិ​ថៃ​ជាច្រើន​ទៀត​ដែរ​ ​គាត់​គាំទ្រ​ការ​ទាមទារ​របស់​ថៃ​ដែល​ថា​ ​ដែន​ដី​នោះ​ជា​របស់​ថៃ​ ​ប៉ុន្តែ​ក៏​ចង់​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ដែរ។

សម្រាប់​ពេល​នេះ​ អ្នក​ភូមិ​មួយ​ចំនួន​ស្វាគមន៍​ភាព​ស្ងប់ស្ងាត់​មិន​ជាក់​លាក់​នេះ​ ហើយ​សម្តែង​ក្តី​សង្ឃឹម​ថា​ ​ការស្ងប់​ស្ងាត់​នេះ​នឹង​មាន​ជារៀង​រហូត​ដើម្បី​ឲ្យ​គេ​បាន​វិល​ត្រឡប់​ទៅ​រក​ជីវិត​ធម្មតា​របស់​គេ​វិញ៕

ប្រែ​សម្រួល​ដោយ​ អ៊ឹម សុធារិទ្ធ