សម្ព័ន្ធភាព​គណបក្ស​ថៃ បាន​ពង្រីក​នៅ​ក្នុង​ការ​ខំប្រឹងប្រែង​ថ្មី​ដើម្បី​បង្កើត​រដ្ឋាភិបាល

  • ​Reuters

ប្រធាន​គណបក្ស Bhumjaithai លោក Anutin Charnvirakul (ទី​២​ពី​ឆ្វេង) និង​លោក Chonlanan Srikaew ប្រធាន​គណបក្សភឿថៃ (Pheu Thai) (ទី២​ពី​ស្តាំ) ចាប់​ដៃ​គ្នា​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​អំពី​ការ​ចង​សម្ពន្ធភាព​រវាង​គណបក្ស​ទាំង​ពីរ នៅ​ទី​ក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ២០២៣។

គណបក្ស​ភឿថៃ​ (Pheu Thai) របស់​ថៃ​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ខ្លួន​មាន​ការ​គាំទ្រ​ពី​គណបក្ស​ចំនួន៦​ថែម​ទៀត​នៅ​ក្នុង​ការប៉ុនប៉ង​របស់​ខ្លួន​ដើម្បី​បង្កើត​រដ្ឋាភិបាល​មួយ ​ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​បាន​ការគាំទ្រ​គ្រប់​ចំនួន នៅពេល​ប្រទេស​នេះ​ស្ថិត​នៅ​ភាព​ជាប់គាំង​ខាង​នយោបាយ​ជិត៣ខែ​បន្ទាប់ពី​ការបោះឆ្នោត។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ប្រទេស​ថៃ​បាន​ស្ថិត​នៅ​ក្រោម​រដ្ឋាភិបាល​ចាំផ្ទះ​អស់​រយៈ​ពេល១៤២ថ្ងៃ​ ហើយ​បាន​ប្រឈម​ភាព​មិន​ប្រាកដ​ប្រជា​យូរ​បន្ទាប់ពី​គណបក្ស​ទទួល​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​គឺ​គណបក្ស Move Forward បាន​ត្រូវ​រារាំង​មិន​ឱ្យ​បង្កើត​រដ្ឋាភិបាល​ដោយ​ពួក​សមាជិក​រដ្ឋសភា​អភិរក្ស​និយម​ដែល​ចង​សម្ព័ន្ធភាព​ជាមួយ​ពួក​យោធា​គាំទ្រ​របប​រាជានិយម។

គណបក្ស​ភឿថៃ​ដែល​ស្ថិត​នៅ​លំដាប់​ទី២​ដែល​មាន​ឥទ្ធិពល​ខាង​នយោបាយ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​នៅ​ឆ្នាំ២០០៦​និង​២០១៤បានដក​ការគាំទ្រ​របស់​ខ្លួន​ដល់​គណបក្ស Move Forward កាលពី​សប្តាហ៍​មុន ក៏ប៉ុន្តែ ប្រឈម​ការប្រយុទ្ធ​យ៉ាង​ខ្លាំងក្លា​ដើម្បី​ឱ្យ​បាន​ទទួល​ការគាំទ្រ​ពី​សភា​ដែល​ពួក​យោធា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង។

មេដឹកនាំ​គណបក្ស​ភឿថៃ​លោកChonlanan Srikaew បាន​ប្រាប់​សន្និសីទ​កាសែត​ថា៖ ​«គណបក្ស​ភឿថៃ​សង្ឃឹមនឹង​បន្ធូរបន្ថយ​ការបែកបាក់​ខាង​នយោបាយ​និង​ទទួល​បាន​ការគាំទ្រ​មកពី​សមាជិក​រដ្ឋសភា គណបក្ស​នយោបាយ​និង​សមាជិក​ព្រឹទ្ធសភា​ទាំង​អស់»។

ការប្រកាស​នេះ​កើត​មាន​ឡើង​បន្ទាប់ពី​គណបក្ស​ភឿថៃ​បាន​ទទួល​ការគាំទ្រ​មកពី​គណបក្ស Bhumjaithaiដែល​ស្ថិត​នៅ​ក្នុង​លំដាប់​ទី៣ដែល​បាន​បដិសេធ​មិន​គាំទ្រ​គណបក្ស Move Forward អំពី​ផែនការ​ចម្រូង​ចម្រាស​របស់​ខ្លួន​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​ការពាររបប​រាជា​និយម​មិន​ឲ្យ​រង​ការរិះគន់។

គណបក្ស​ភឿថៃ​ដែល​ត្រូវ​បានបង្កើត​ដោយ​ក្រុម​គ្រួសារ​មហា​សេដ្ឋី Shinawatraបាន​ទទួល​ការគាំទ្រ​ពី​គណបក្ស​ចំនួន៧ផ្សេង​ទៀត ក៏ប៉ុន្តែ គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា​តើ​គណបក្ស​នេះ​អាច​ទទួល​បាន​ការគាំទ្រ​ពី​ព្រឹទ្ធសភា​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ពួក​យោធា​ដែល​បាន​បង្ខំ​រដ្ឋាភិបាល​ចុងក្រោយ​របស់​គណបក្ស​នោះ​ចេញ​ពី​តំណែង។

នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​ដែល​សរសេរ​ដោយ​ពួក​យោធា​ហើយ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ការពារ​អំណាច​នយោបាយ​របស់​ខ្លួន​នោះ ពួក​សមាជិក​រដ្ឋសភា​និង​ព្រឹទ្ធសភាត្រូវ​បោះឆ្នោត​ដើម្បី​ធ្វើការ​សម្រេច​បង្កើត​រដ្ឋាភិបាល​ដែល​តម្រូវ​ឱ្យ​មាន​ការគាំទ្រ​ពី​សមាជិក​សភា​ជាង​ចំនួន​ពាក់​កណ្តាល៕