ការប្រយុទ្ធគ្នា​តាម​ព្រំដែន​មិន​បាន​ផ្អាក​ការ​តាំង​ពិព័រណ៍​ពាណិជ្ជ​កម្ម​ខ្មែរ-ថៃ​ទេ

ផលិតផល​ក្នុង​ស្រុក​របស់​ប្រទេស​ថៃ។​

ភ្នំពេញ៖ បើ​ទោះបី​ជា​មាន​ការ​ប្រយុទ្ធគ្នា​នៅតាម​បណ្ដាយ​ព្រំដែន​ ​ក៏​ប៉ុន្ដែ​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​ថៃ​មិន​បាន​ផ្អាក​ការ​តាំង​ពិព័រណ៍​ពាណិជ្ជ​កម្ម​រយៈ​ពេល​បួន​រួមគ្នា​នោះ​ទេ។ ​មន្ដ្រី​រដ្ឋាភិបាល​នៃ​ប្រទេស ​ទាំងពីរ​បាន​ជំរុញ​ការ​ពង្រឹង​បណ្ដូរ​ពាណិជ្ជ​កម្ម​រវាង​គ្នា​បន្ថែម​ទៀត។

ក្រុមហ៊ុន​មកពី​ប្រទេស​ថៃ​ ​សរុប​ចំនួន​៥៣​ ​បាន​បើក​ការ​តាំង​ពិព័រណ៍​ពាណិជ្ជ​កម្ម​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​បរិបថ​ដែល​ប្រទេស​កម្ពុជា​ និង​ថៃ​កំពុង​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​តាន​តឹង​ ​បន្ទាប់ពី​ការ​បាញ់​គ្នា​មួយ​ឈុត​អស់​រយៈ​ពេល​ពីរ​សប្ដាហ៍​កន្លងមក​ ​នៅ​តាម​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ។

ពិព័រណ៍​ពាណិជ្ជ​កម្ម​ដែល​មាន​រយៈ​ពេល​បួន​ថ្ងៃ​នេះ​នឹង​បន្ដ​រហូត​ដល់​ថ្ងៃ​អាទិត្យ​ទី២០​ ខែ​កុម្ភៈ​នេះ។

លោក​ចម ប្រសិទ្ធ​ ​ទេសរដ្ឋមន្រ្តី ​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​បាន​មាន​ប្រសាសន៍​ថា​ ​ជម្លោះ​ព្រំ ដែន​មិនមែន​ជា​ឧបសគ្គ​នៃ​ការ​ធ្វើ​សេដ្ឋកិច្ច​នោះ​ទេ។

«ជម្លោះ​នៅ​កន្លែង​ព្រំដែន​គឺ​មួយ​ចំណែក​តូច​នៃ​ព្រំដែនប៉ុណ្ណោះ​ ​មិនមែន​ជម្លោះ​ក្នុង​៨០០​គីឡូ​ម៉ែត្រ​ទាំងអស់​ទេ។ ​អញ្ចឹង​គឺ​យើង​ធ្វើ​ដូចម្តេច​ឲ្យ​ជម្លោះ​នោះ​ឋិត​តែ​ក្នុង​តំបន់​នោះ​គឺ​ក្រៅពី​នោះ​គឺអ្វីៗ​ទាំងអស់​ ​វិស័យ​ពាណិជ្ជ​កម្ម​ សេដ្ឋកិច្ច​ វប្បធម៌​ទេសចរណ៍​ គឺ​យើង​នៅតែ​ទៅមក​រកស៊ី​ជាមួយ​គ្នា។​អញ្ចឹង​វា​បញ្ជាក់​ហើយ​ថា​ ​ពាណិជ្ជកម្ម​យើង​ត្រូវតែ​ទៅវិញ​ទៅមក​ជាមួយ​គ្នា​ ​បំរើ​ផល​ប្រយោជន៍​ពិត​បា្រកដ​របស់​ប្រជាជន​ទាំង​សងខាង»។

‌មាន​ស្តង់​សរុប​ចំនួន​១៧៨​ ​ក្នុងនោះ​កម្ពុជា​មាន​ស្តង់​ចំនួន​២៥​ ​ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​ចំនួន​២៥​ របស់​កម្ពុជា​ចូលរួម​សហការ​ក្នុងការ​តាំង​ពិព័រណ៍​ពាណិជ្ជ​កម្ម​នេះ។

ផលិតផល​ដែល​ត្រូវ​បាន​យក​មក​ដាក់​តាំង​បង្ហាញ​នោះ ​មាន​ជាអាទិ៍​ ​ដូចជា​ទំនិញ​ ​ម្ហូប​អាហារ​និង​ភេសជ្ជៈ ​សម្ភារៈ​សំណង់​ សម្ភារៈ​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ ផលិត​ផល​ស្បែក ​សម្ភារៈសិក្សា​ និង​គ្រឿង​សម្អាង​ជាដើម»។

យោងតាម​លោក​ចម ប្រសិទ្ធ​ឲ្យ​ដឹង​ថា ​ប្រទេស​ថៃ​គឺជា​ប្រទេស​ដែល​ឈរ​នៅ​លំដាប់​ទីមួយ​ដែល​មាន​បណ្ដូរ​ពាណិជ្ជ​កម្ម​ច្រើន​ជាងគេ​ជាមួយ​ប្រទេស​កម្ពុជា​ក្នុងចំណោម​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ ទាំង​១០។

តួលេខ​នៃ​បណ្ដូរ​ពាណិជ្ជ​កម្ម​កម្ពុជា ​និង​ថៃ​កាលពី​ឆ្នាំ​២០១០​បាន​កើន​ដល់​ជាង​២១៤៤​លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​បាន​ធ្វើការ​នាំចេញ​ទៅ​កាន់​ប្រទេស​ថៃ​មាន​ទឹកប្រាក់​ចំនួន​ជាង​១៤៧​លាន​ដុល្លារ។

លោក​ត្រៃរ៉ុង សុវណ្ណគីរី ​ឧបនាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​ថៃ​ បាន​មាន​ប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធន៍​ពិព័រណ៍​ពាណិជ្ជ​កម្ម​ថៃ​នេះ​ថា​ ​តួលេខ​នៃ​បណ្ដូរ​ពាណិជ្ជ​កម្ម​នេះ​បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន​យ៉ាងឆាប់​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ និង​វិនិយោគ​របស់​ប្រទេស​កម្ពុជា​ ​ហើយ​ក៏​បង្ហាញ​អំពី​សក្ដានុពល​កិច្ច​សហ​ប្រតិបត្តិការ​នៃ​ព្រះ​រាជាណាចក្រ​ទាំង​ពីរ​នេះ​ដែរ។

លោក​និយាយ​ថា​ រដ្ឋាភិបាល​ថៃ​មាន​ចំណង​ចង់​ឲ្យ​មាន​កិច្ច​សហការ​ផ្នែក​ពាណិជ្ជ​កម្ម​នៃប្រទេស​ទាំងពីរ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត។

«យើង​ចង់​ឃើញ​បណ្ដូរ​ពាណិជ្ជ​កម្ម ​និង​ការ​វិនិយោគ​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​កាន់​តែ​រីក​ចម្រើន​ថែមទៀត​ ​ហើយ​យើង​ដាក់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិត​ខាង​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​យើង»។

ជាមួយ​គ្នានេះ​ដែរ​ ​នៅ​ក្នុង​វេទិកា​ជំនួប​ពាណិជ្ជ​កម្ម​កម្ពុជា ​ថៃ​ឆ្នាំ​២០១១​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ ឧប​នាយក​រដ្ឋមន្រ្តី​គាត ឈន់​ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​បាន​មាន​ប្រសាសន៍​ថា​ ទំនាក់​ទំនង​ពាណិជ្ជ​កម្ម ​និង​វិនិយោគ​រវាង​ប្រទេស​កម្ពុជា​ ថៃ​នឹង​នៅតែ​មាន​ការ​វិវត្ត​ល្អ។

ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​មាន​ជម្លោះ​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​អស់​រយៈ​ពេល​ ជិត​៣ឆ្នាំ​កន្លង​មក​ហើយ។ ​ជម្លោះ​នេះ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ជាខ្លាំង​នៅ​តាម​ព្រំដែន​ ​ហើយ​បាន​បង្ក​ឲ្យ​មាន​ការ​ប្រយុទ្ធគា្ន​ដោយ​ប្រដាប់​អាវុធ​ពី​ថ្ងៃ​ទី៤​រហូត​ដល់​ថ្ងៃ​ទី៧​ ខែកុម្ភៈ។

លោក​គ្រិត មួងវង្ស ​ប្រធាន​ផ្នែក​លក់​និង​ទីផ្សារ ​របស់​ក្រុមហ៊ុន​លក់​សម្ភារៈ​សាងសង់​ SCG ​មក​ពី​ ប្រទេស​ថៃ​ ​ដែល​កំពុង​ធ្វើការ​តាំង​ពិព័រណ៍​ផលិតផល​របស់​ខ្លួន​ក្នុង​ការ​តាំង​ពិព័រណ៍​នេះ ​ក៏​បាន​ឲ្យ​ដឹង​ ដែរ​ថា​ ​លោក​មិនមាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ប្រកប​អាជីវ​កម្ម​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា​នោះ​ ទេ​ បើ​ទោះ​ជា​ប្រទេស​ទាំងពីរ​កំពុង​មាន​ជម្លោះ​ព្រំដែន​ក៏ដោយ។

ជាមួយ​គ្នានេះ​ដែរ ​អ្នកស្រី​សុខ លីនដា​ ជា​ប្រជា​ពលរដ្ឋ​រស់នៅ​ក្រុង​ភ្នំពេញ​ ដែល​កំពុង​ទិញ​ ផលិត​ផល​មួយ​ចំនួន​ក្នុង​ការ​តាំង​ពិព័រណ៍​នេះ​ដើម្បី​យក​ទៅ​ប្រើប្រាស់​ ​បាន​ចាត់​ទុក​ថា​ ជម្លោះ​ព្រំដែន​មិន​ ទាក់ទង​នឹង​ការ​ដើរ​ទិញ​ឥវ៉ាន់​នេះ​ទេ។

«នោះ​ជា​រឿង​មេដឹកនាំ​ដោះស្រាយ​គ្នា​គាត់។ ​យើង​ប្រជាជន​ចេះតែ​ទិញ​ប្រើ​ អត់​ប្រកាន់​អីទេ។​ប្រជាជន​រាប់អាន​គ្នា​ធម្មតា»។

ថ្វី​បើ​ប្រទេស​កម្ពុជា ​និង​ប្រទេស​ថៃ​កំពុង​ឋិត​ក្នុង​សភាព​តានតឹង​ដាក់គ្នា​ជុំវិញ​វិបត្តិ​ព្រំដែន​នៅ​តំបន់ ប្រាសាទ​ព្រះវិហារ​ក៏ដោយ​ ក៏​អ្នកក្រុង​ភ្នំពេញ​ដែល​ចូល​ទស្សនា​ការ​តាំង​ពិព័រណ៍​ពាណិជ្ជ​កម្ម​ថៃ​នេះ មិន​បាន​បង្ហាញ​ប្រតិកម្ម​ណាមួយ​នោះ​ទេ៕