បាតុករ​ថៃ​ដែល​បំពាន​នឹង​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩ ប៉ះទង្គិច​ជាមួយ​ប៉ូលិស

រូបឯកសារ៖ បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ឈរ​នៅ​មុខ​រូប​ថត​របស់​ព្រះមហាក្សត្រ​ថៃ ព្រះអង្គ Maha Vajiralongkorn នៅ​ខាង​ក្រៅ​អគារ​រដ្ឋាភិបាល ក្នុង​អំឡុងពេល​នៃ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​ចាប់​ខ្លួន ខណៈ​ដែល​បាតុកម្ម​មិន​ត្រូវ​បាន​រំពឹង​ទុក​មួយ​ចំនួន​កាល​ពី​ថ្ងៃ​សៅរ៍​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​បាងកក​ដើម្បី​ប្រឆាំង​នឹង​ច្បាប់​ប្រមាថ​ព្រះ​មហាក្សត្រ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ប្រឆាំង​នឹង​ពួកគេ។ បាតុកម្ម​ទាំង​នោះ​បំពាន​ទៅ​នឹង​ច្បាប់​គ្រា​អាសន្ន ដែល​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ក្នុង​អំឡុងពេល​ដែល​មាន​ការ​ផ្ទុះ​ឡើង​ថ្មីៗ​នូវ​ជំងឺ​កូវីដ១៩ ក្នុង​ប្រទេស​នេះ។

ក្រុម​បាតុកម្ម​ធំៗ​ដែល​បង្កើត​បាន​ជា​ចលនា Rasadorn ដែល​មាន​ន័យ​ថា​ចលនា​ប្រជាជន កន្លង​មក បាន​ប្រកាស​ជា​ផ្លូវការ​ឲ្យ​មាន​ការ​ផ្អាក​មួយ​រយៈ​នូវ​ការ​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​ធំៗ​នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ។ បាតុកម្ម​កន្លង​មក​មាន​បំណង​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ខ្លាំងក្លា​លើ​នយោបាយ​ថៃ និង​លើ​របប​រាជាធិបតេយ្យ​ដែល​មិន​ធា្លប់​ត្រូវ​បាន​គេ​ប៉ះពាល់។

ក៏​ប៉ុន្តែ ក្រុម​បាតុករ​មួយ​ចំនួន​បាន​ប្ដូរ​ពី​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ទៅជា​ការ​ប្រមូល​ផ្ដុំ​គ្នា​ទ្រង់ទ្រាយ​តូច និង​ព្រឹត្តិការណ៍​ទាក់ទាញ​ចំណាប់អារម្មណ៍​សាធារណជន​វិញ ដោយ​ផ្ដោត​លើ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ នៅ​ត្រង់​មាត្រា​ទី ១១២ នៃ​ច្បាប់​ព្រហ្មទណ្ឌ​ថៃ។

ច្បាប់​នេះ​អាច​អនុញ្ញាត​ឲ្យ​ដាក់​ទោស​ចន្លោះ​ពី ៣ ទៅ ១៥ ឆ្នាំ​សម្រាប់​បទល្មើស​មួយ ចំពោះ​ការ «ប្រមាថ បរិហារកេរ្តិ៍ ឬ​គំរាមកំហែង» រាជវង្សានុវង្ស។ ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ថៃ​មិន​ចូលចិត្ត​ច្បាប់​នេះ​ទេ ដោយសារ​តែ​ពួកគេ​មើលឃើញ​ថា ច្បាប់​នេះ​គឺ​ជា​អាវុធ​នយោបាយ។ មក​ទល់​នឹង​ពេល​នេះ បាតុករ​ជាង ៤០ នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ច្បាប់​នេះ។

ដោយ​ឡែក បាតុកម្ម​កាល​ពី​ថ្ងៃ​សៅរ៍​បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិចគ្នា​រវាង​បាតុករ​ជាមួយ​នឹង​ប៉ូលិស ហើយ​រូបភាព​ពី​វីដេអូ​បាន​បង្ហាញ​ថា មាន​ការ​ផ្ទុះ​តូច​មួយ​ពី​គ្រាប់បែក​មួយ​ប្រភេទ​ដែល​គេ​ហៅ​ថា គ្រាប់បែក​ប៉េងប៉ុង ដែល​ទំនង​ជា​ត្រូវ​បាន​គប់​ទៅ​លើ​ក្រុម​ប៉ូលិស​បង្ក្រាប​កុបកម្ម​មួយ​ក្រុម។

បាតុករ​ចំនួន ៥ នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន។ នេះ​បើ​យោង​តាម​ក្រុម​តស៊ូ​មតិ iLaw៕