ខណៈពេលមានការព្យាយាមពីអាស៊ានដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃមែន តែអ្នកវិភាគរបស់ប្រទេសថៃម្នាក់អះអាងថាដំណោះស្រាយមួយអាចកើតមានឡើងគឺពឹងផ្អែកលើនយោបាយផ្ទៃក្នុងថៃ។ នេះបើតាមការអះអាងរបស់លោកបណ្ឌិត ធីទីណាន់ ពង្សុធីរក្ស (Thitinan Pongsudhirak) សាស្ត្រាចារ្យមួយរយៈពេលខ្លីនៃសាលាសិក្សាកិច្ចការអន្តរជាតិជាន់ខ្ពស់ SAIS នៃសាកលវិទ្យាល័យ John Hopkins ស.រ.អា ដែលបានថ្លែងប្រាប់ក្រុមនិស្សិតបញ្ញវ័ន្ត សាស្ត្រាចារ្យ អ្នកមានមុខមាត់ផ្សេងៗទៀត ក្នុងរដ្ឋធានី Washington កាលពីថ្ងៃសុក្រ ដោយមានការចែកគំនូសផែនទីដែលប្រទេសទាំងពីរខ្វែងគំនិតគ្នានោះផងដែរ។
«ខ្ញុំគិតថាអ្វីដែលជាការផ្តោតការយកចិត្តទុកដាក់នោះគឺជាបញ្ហាបែកបាក់ក្នុងទី ក្រុងបាងកក។ មានការព្យាយាមខ្លះដោយប្រទេសឥណ្ឌូនេស៊ី ក៏ប៉ុន្តែកិច្ចប្រឹង ប្រែងរបស់ឥណ្ឌូនេស៊ីឥឡូវនេះត្រូវរារាំងដោយសម្ព័នប្រជារាស្រ្តដើម្បីប្រជាធិប តេយ្យ PAD, ដោយសន្លឹកបៀអ្នកជាតិនិយម ដែលក្រុម PAD កំពុងលេង»។
សម្ព័ន្ធប្រជារាស្រ្តដើម្បីប្រជាធិបតេយ្យ PAD ត្រូវគេស្គាល់ថាជាក្រុមដែលគាំទ្រ រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត វីចាជីវ៉ាបច្ចុប្បន្ន តែក្រោយមកត្រូវគេ ដឹងថាបែរជាងាកទៅរិៈគន់ រដ្ឋាភិបាលខ្លួនទៅវិញនៅពេលកម្ពុជាមានប្រៀបរឿងជម្លោះព្រំដែន លើឆាកអន្តរជាតិនិងនៅពេលដែលថៃជិតរៀបចំការបោះឆ្នោត
ដែលអ្នកវិភាគចាត់ទុកថាគណបក្សប្រឆាំងភឿថៃដែលគាំទ្រលោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រូវគេទម្លាក់ពីអំណាចដោយរដ្ឋប្រហារមួយកាលពី ឆ្នាំ២០០៦ មានប្រជាប្រិយភាពខ្ពស់អាចទទួលជ័យជម្នះក្នុងពេលបោះឆ្នោតខាងមុខ។
លោក ធីទីណាន ទស្សន៍ទាយថា បញ្ហាជម្លោះរវាងកម្ពុជានិងថៃមិនអាចមាន ដំណោះស្រាយបានមុនពេលបោះឆ្នោតដែលគេគ្រោងនឹងដំណើការប៉ុន្មានខែខាងមុខនេះបានទេ ក្រោយពីសភាថៃត្រូវចប់អាណត្តិនៅខែធ្នូខាងមុខ។ ម្យ៉ាងទៀតលោក ធីទីណាន ក៏បានបន្ថែមដែរថាថៃក៏ទំនងជាគ្មានការបោះឆ្នោតតែជា ជំនួសអាចនឹងមានរដ្ឋាភិបាលបង្រួបបង្រួមជាតិមួយ។ ហើយក្រុមទាហានថៃ ដែលមានអំណាចនិងអាចមានតួនាទីអន្តរាគមន៍ដែល លោកអះអាងថានឹង «ច្របូកច្របល់» ខ្លាំងក្នុងប្រទេសថៃពេលនោះ។
«ដូច្នេះមុនពេលបោះឆ្នោតគ្មានដំណោះស្រាយ បើគ្មានដំណោះស្រាយអ្វីកើត ឡើងបន្ទាប់ទៀត? ពីព្រោះពេលនោះអាចមានរដ្ឋប្រហារ។ ប្រសិនបើគ្មានការ បោះឆ្នោតនឹងមានរដ្ឋាភិបាលបែបណាមួយ។ វាអាចជារដ្ឋាភិបាលបង្រួបបង្រួមជាតិ ឬ ទម្រង់ណាមួយ ក៏ប៉ុន្តែបន្ទាប់ទៅគេត្រូវតែកែរដ្ឋធម្មនុញ្ញឬព្យួរមាត្រាមួយ ដើម្បីឲ្យរដ្ឋាភិបាលបង្រួបបង្រួមជាតិនេះអាចបង្កើតបានក្រៅក្របខណ្ឌរដ្ឋធម្មនុញ្ញ»។
កម្ពុជានិងថៃមានជម្លោះព្រំដែនជាមួយគ្នាឈានដល់ការវាយប្រយុទ្ធគ្នាដោយ កងទ័ពជាច្រើនលើកដោយសារការចោទប្រកាន់គ្នាទៅវិញទៅមករឿងរំលោភ បំពាន បូរណភាពទឹកដី ជាពិសេសដីក្បែរតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា ដែល ជាបេតិកភណ្ឌពិភពលោក។ ការវាយប្រយុទ្ធគ្នាដ៏ធ្ងន់ធ្ងរចុងក្រោយចំនួន៤ ថ្ងៃ កាល ពីខែដើមខែកុម្ភៈ ដែលបានបង្កឲ្យមានស្លាប់របួសទាំងសងខាង ខូចខាត ដល់ប្រាសាទព្រះវិហារនិងប៉ះពាល់ដល់ពលរដ្ឋទាំងពីរប្រទេសរស់នៅ តាម ព្រំដែន នោះ បាននាំឲ្យមានអន្តរាគមន៍ជាបន្ទាន់ពីក្រុមប្រឹក្សាសន្តិសុខអ.ស.ប និង អាស៊ាន ដើម្បីបញ្ឈប់ការវាយប្រយុទ្ធគ្នា និងដោះស្រាយតាមយន្តការអាស៊ាន។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានដែលប្រទេសឥណ្ឌូនេស៊ីឆ្នាំនេះជាប្រធានបានព្យាយាមស្វះស្វែងរកដំណោះស្រាយដល់ប្រទេសទាំងពីរតាម រយៈតួនាទីជាអ្នកសម្របសម្រួលឲ្យមានការចរចានៅឥណ្ឌូនេស៊ី ក៏ប៉ុន្តែកិច្ច ចរចា ដែលរដ្ឋាភិបាលថៃ និងកម្ពុជាបានព្រមព្រៀងទៅហើយនោះ ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដោយសារក្រុមយោធាដ៏មានអំណាចខ្លាំងក្នុងប្រទេសថៃ បានបដិសេធមិនព្រមទៅចរចាដូចការគ្រោងទុក តែចង់ចរចាទ្វេភាគីជាមួយ
ភាគីយោធាកម្ពុជា លើទឹកដីប្រទេសទាំងពីរក្រៅពីការបញ្ជាក់ថាមិនត្រូវការតួនាទីអាស៊ាននិងអ្នកសង្កេតការណ៍អាស៊ានមកកាន់តំបន់ជម្លោះដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នារួចហើយដែរនោះ។
ថ្លែងក្នុងកិច្ចពិភាក្សាដែលរៀបចំដោយអង្គការស្រាវជ្រាវ East-West Center ដដែលស្តីពីបញ្ហាជម្លោះកម្ពុជា-ថៃដ៏រសើប ដែលគ្មានភាគីកម្ពុជាឬអាស៊ានចូលរួម លោកធីទីណានជាសាស្ត្រាចារ្យជំនួយនៃសាកលវិទ្យាល័យថៃ Chulalongkorn និងជា នាយកវិទ្យាស្ថានស្រាវជ្រាវសន្តិសុខនិងកិច្ចការអន្តរជាតិ (Institute of Security and International Studies) បានអះអាងថាជាការប្រថុយប្រថានសម្រាប់សមាគមអាស៊ាន ពេលរកដំណោះស្រាយមិនបាន ហើយការវាយប្រយុទ្ធគ្នានៅបន្ត។
លោក Michael Yahuda អ្នកស្រាវជ្រាវមួយរយៈពេលខ្លីនៃសាកលវិទ្យាល័យ ចច វ៉ាស៊ីនតោន និងជាសាស្ត្រចារ្យដែលចូលនិវត្តន៍នៃសាកលវិទ្យាល័យសេដ្ឋ កិច្ច ទីក្រុងឡុងដ៍បានចូលរួមក្នុងកិច្ចពិភាក្សាអំពីបញ្ហាជម្លោះព្រំដែន កម្ពុជាថៃ កាលពី ថ្ងៃសុក្រដែរ។ លោក បានថ្លែងប្រាប់ VOA ផ្នែកខេមរភាសាបន្ទាប់ពី បញ្ចប់កិច្ចពិភាក្សាក្នុងដំណើរប្រញាប់ថា រឿងជម្លោះកម្ពុជានិងថៃជាជម្លោះប្រវត្តិសាស្ត្រ ហើយមិនមែនជាជម្លោះអត្តសញ្ញាណនយោបាយដូចចិន នឹងកូរ៉េ ខាងជើងទេ។ លោកក៏បង្ហាញការជឿជាក់ផងដែរថារឿងនេះអាចដោះស្រាយ បាន គឺពឹងផ្អែកលើនយោបាយផ្ទៃក្នុងរបស់ថៃ៖
«ខ្ញុំគិតថា វាមិនមែនជាអ្វីដែលអាចដោះស្រាយបានឆាប់ៗនោះទេ។ ខ្ញុំគិតថាវាជារឿងដែលនិងបន្តមួយរយៈពេលទៅមុខទៀត។ ហើយដរាបណាដែលនយោបាយ ថៃនៅតែមានជម្លោះនិងមិនច្បាស់លាស់ នោះបញ្ហានេះនឹងមិនអាចចប់ទេ»។
ប្រទេសកម្ពុជាដែលធ្លាប់ប្រកាសអំពីការអស់ភាពអត់ធ្មត់ជាច្រើនឆ្នាំក្នុងការរក ដំណោះស្រាយព្រំដែនទ្វេភាគីជាមួយថៃមិនបានសម្រេចនោះបច្ចុប្បន្នកំពុងរុញ បញ្ហាទៅលើសមាគមអាស៊ាន និងឥណ្ឌូនេស៊ីជាប្រធាន។ តែក្រុមមន្ត្រីកម្ពុជា អះអាងថ្មីៗថា ខ្លួនកំពុងរៀបចំស្វះស្វែងរកការបកស្រាយពីតុលាការយុត្តិធម៌ អន្តរជាតិដែលបានប្រកាសសាលក្រមកាត់ប្រាសាទព្រះវិហាររបស់ខ្មែរមកឲ្យកម្ពុជាវិញកាលពីឆ្នាំ១៩៦២ ដើម្បីបញ្ជាក់ថាតើដីក្បែរប្រាសាទព្រះវិហារដែលមានវិវាទនោះ ជារបស់នរណា?
លោក Thitinan អះអាងថាប្រទេសកម្ពុជាមានប្រៀបខាងផ្លូវច្បាប់ជាងថៃមែនតែប្រទេសថៃទំនងជានឹងមិននាំយកបញ្ហានេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនោះទេ។ លោកមិនបញ្ជាក់ពីមូលហេតុប្រាប់ក្រុមអ្នកចូលរួមស្តាប់លោកទេ។ ហើយពេល VOA ខេមរភាសាព្យាយាមសួរលោកបន្ថែម លោកបដិសេធធ្វើអត្ថាធិប្បាយលម្អិត។ ក្នុងពេលថ្លែងទៅកាន់អ្នកចូលរួមផងដែរ លោក ធីទីណានពន្យល់ជាច្រើនអំពីបញ្ហាប្រវត្តិសាស្ត្រ បញ្ហាសាវតារនៃការណ៍ដែលនាំឲ្យមានជម្លោះ បញ្ហាប្រទេសថៃមិនព្រមទទួលស្គាល់ផែនទីបារាំង-សៀមឆ្នាំ១៩០៤ បញ្ហាការណ៍ដែលចលនាជាតិនិយមមិនព្រមទទួលស្គាល់អនុស្សារណៈនៃការយោគយល់គ្នា ឬ MOU ឆ្នាំ២០០០ ដែល រដ្ឋាភិបាលថៃនិងកម្ពុជាបានចុះហត្ថលេខា បញ្ហាច្បាប់ រដ្ឋធម្មនុញ្ញថៃ មាត្រា១៩០មិនទទួលស្គាល់ការព្រមព្រៀងណារបស់ រដ្ឋាភិបាលដែលមិនបានឆ្លងកាត់ការអនុម័តដោយសភាជាដើម ក្រៅពីមានបញ្ហាដែលមានការចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថាបានជួយក្រុមមួយដែលប្រឆាំងរដ្ឋាភិបាលថៃបច្ចុប្បន្នឲ្យមានមូលដ្ឋាននៅកម្ពុជា។ មន្ត្រីរដ្ឋាភិបាលកម្ពុជាធ្លាប់បានបដិសេធថាមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ថៃទេ តែធ្លាប់រអ៊ូរទាំថា មានការលំបាកក្នុងការចរចាជាមួយរដ្ឋាភិបាលថៃបច្ចុប្បន្នដោយសារតែគ្មានលំនឹងនយោបាយ៕