ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ថៃ​វិល​ត្រឡប់​មក​វិញ​ដើម្បី​«ជំរុញ​បន្ថែម»​នូវ​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ

រូបឯកសារ៖ ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នាំ​គ្នា​លើក​បដា​ឡើង ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​ទាមទារ​​ឲ្យ​ដោះលែង​មេដឹកនាំ​បាតុករ និង​ទាមទារ​ឲ្យ​លុបចោល​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

នៅ​ពេល​ថ្ងៃ​រៀប​លិច​កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី២៤ ខែ​មិថុនា មនុស្ស​រាប់ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ជុំវិញ​បរិវេណ​រដ្ឋសភា​ ហើយ​ស្រែក​ថា «លោកPrayuth ចុះចេញ​ទៅ!» ដោយសំដៅ​ទៅ​លើ​នាយក​រដ្ឋមន្រ្តី​លោក Prayuth Chan-O-Cha ជា​អតីត​មេដឹកនាំ​យោធា​មិន​មាន​ប្រជាប្រិយភាព​មួយ​រូប​ ដែល​បាន​ចូល​កាន់​អំណាច​កាល​ពីឆ្នាំ ២០១៤ ដោយ​មាន​ការ​គាំទ្រ​ពី​ក្រោយ​ដោយ​ព្រះបិតា​របស់​ព្រះមហាក្សត្រ​នា​ពេល​បច្ចុប្បន្ន។ ​

បាតុករ​នៅ​ក្នុង​បាតុកម្មលើក​ទីពីរនេះ​បាន​បិទ​ផ្លូវ​ប្រសព្វ​មួយ​កន្លែង​នៅ​ទីប្រជុំជន​ក្នុង​ទីក្រុង​បាងកក ស្រប​ពេល​ប៉ូលិស​បាន​ឈរមើល។ បាតុកម្ម​នានា​ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​ប្រទេស​ថៃកំពុង​ប្រឈម​មុខ​នឹង​ការ​កើនឡើង​វិញ​នូវ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ដែល​មាន​ករណី​ស្លាប់​ច្រើន​បំផុត​មក​ទល់​ពេល​នេះ។

នា​ពេល​បច្ចុប្បន្ន​នេះ ថៃ​មាន​ករណីឆ្លង​ជំងឺ​កូវីដ១៩ ចំនួន​ជាង ២២៨.៥៣០ និង​ករណី​ស្លាប់​ចំនួន​ ១.៧៤០។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins នៅ​សហរដ្ឋអាមេរិក។ បាតុករ​ក៏​បាន​បង្ហាញ​ភាព​មិន​ពេញ​ចិត្ត​ចំពោះ​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​លើ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ការ​ចែកចាយ​វ៉ាក់សាំង ក៏ដូចជា​ការ​ព្រួយបារម្ភ​ពី​សេដ្ឋកិច្ច​របស់​ប្រទេស ដែលបាន​រួម​តូច​ប្រមាណ​ ៦,១ ភាគរយ​កាល​ពី​ឆ្នាំ២០២០​ផង​ដែរ។ យ៉ាង​ណា​ក្តី មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ព្យាករណ៍​ថា សេដ្ឋកិច្ច​ថៃ ដែល​បាន​រង​ការ​ប៉ះពាល់ខ្លាំង​ដោយសារការ​រាតត្បាតជំងឺ​កូវីដ១៩ នឹង​ទទួល​បាន​កំណើន​ ២,៦​ភាគរយ​វិញ​នៅ​ឆ្នាំ​នេះ។

បាតុកម្ម​នានា​ត្រូវ​បាន​ដឹកនាំ​ដោយ​ក្រុម​មួយ​ឈ្មោះ​ថា Ratsadon ដែល​មាន​ន័យ​ថា «ចលនា​ប្រជាជន»។ បាតុកម្ម​នៅ​តាម​ដងផ្លូវ​កាល​ពី​គ្រា​មុន​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ដោយ​ផ្នែក​ ពីព្រោះ​តែ​ការ​ប្រេះស្រាំ​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ បញ្ហា​ផ្លូវ​ច្បាប់ និង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

ខណៈ​ដែល​មិនបាន​ចុះ​បញ្ជី​ជា​គណបក្ស​នយោបាយ ចលនា Ratsadon នេះ​បាន​យក​ឈ្មោះ​តាម​ក្រុម​មួយ​ឈ្មោះថា Khana Ratsadon ដែល​ប្រែ​ថា «គណបក្សរបស់​ប្រជាជន»។ ក្រុម Khana Ratsadon ​នេះ​បានធ្វើ​រដ្ឋប្រហារ​មិន​មាន​ការ​បង្ហូរ​ឈាម​មួយ​ ប្រឆាំង​នឹង​ស្ថាប័ន​ព្រះមហាក្សត្រ​ ​កាល​ពី​ពេល​ព្រឹក​ព្រហាម​ថ្ងៃ​ទី២៤ ខែ​មិថុនា ឆ្នាំ​១៩៣២។

ក្រុម​អ្នក​រៀបចំបាតុកម្ម​ចង់​បង្ហាញ​ថា ចលនា​ដឹកនាំ​ដោយ​យុវជន​ដើម្បី​កំណែទម្រង់​នយោបាយ​គឺ​មិន​ទាន់​ចប់​នោះ​ទេ ទោះបីជា​មាន​បទចោទប្រកាន់​ជា​ច្រើន​ប្រឆាំង​នឹង​មេដឹកនាំបាតុកម្ម​សំខាន់ៗ​មួយ​ចំនួន រួម​មាន​បទចោទ​ប្រកាន់​ពី​ការ​បរិហារកេរ្តិ៍​ស្ថាប័ន​រាជវង្ស​ដ៏​មាន​អំណាច​ជា​ដើម។

លោក Pasarawalee Thanakitwibulpol ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា Mind ​បាន​ថ្លែង​ប្រាប់​ VOAថា៖ «[បាតុកម្ម]កាល​ពី​ឆ្នាំ​មុន​គឺ​ដើម្បី​ធ្វើ​ឲ្យ​មាន​សំឡេង​ផុស​ចេញ​ពី​ភាព​ស្ងប់ស្ងាត់ ដោយ​លាតត្រដាងនូវ​បញ្ហា​ដែល​មិនធ្លាប់​ត្រូវ​បានយក​មក​និយាយ​កាល​ពី​មុន»។

មេដឹកនាំ​បាតុករ​ថៃ លោក Parit Chiwarak ហៅ Penguin (ពាក់​ម្កុដ) លើក​ម្រាម​ដៃ​បី​ឡើង ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​ដើម្បី​ប្រារព្ធ​ខួប​ទី៨៩ នៃ​ការ​បញ្ចប់​ការ​គ្រប់គ្រង​ផ្តាច់ការ​ពី​ស្ថាប័ន​រាជវង្ស​នៅ​ថៃ ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

លោក​បាន​បន្ត​ថា៖ «[បាតុកម្ម​]ឆ្នាំ​នេះ​គឺ​ដើម្បី​លាតត្រដាង​ពី​បញ្ហា​នានា ដោយ​បន្ថែម​នូវ​ការ​ពិត​ និង​សេចក្តី​លម្អិត។ បន្ទាប់​ពី​នេះ​ ការ​ផ្លាស់ប្តូរ​ពិតប្រាកដ​នឹង​មាន​លទ្ធភាពសម្រេច​បាន​ប្រសើរជាង​មុន។ កំសួល​នៃ​ចលនា​បាតុកម្ម​នៅ​តែ​មាន.... ប្រជាជនទ្រាំ​លែង​បាន​ទៀត​ហើយ»។

បទចោទប្រកាន់​ក្រោម​មាត្រា​ទី១១២ ​ក្រោម​ច្បាប់​ព្រហ្មទណ្ឌនៅ​ថៃ មាន​ស្ថាន​ទម្ងន់​ទោស​ជាប់ពន្ធនាគារ​រហូត​ដល់ ១៥​ឆ្នាំ​ ប្រសិន​រក​ឃើញ​ថា មាន​ទោស​ពី​បទ​ប្រមាថ បរិហារ​កេរ្តិ៍ ឬ​គំរាមកំហែង​ដល់​ស្ថាប័ន​រាជវង្ស​ដែល​ជាស្ថាប័ន​កំពូល​របស់​ថៃ។

ចលនា​បាតុកម្ម​បាន​លេច​ឡើង​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន ដោយ​ធ្វើ​ឲ្យ​រង្គោះរង្គើ​ប្រទេស​ថៃ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ដោយ​មាន​ការ​វាយប្រហារ​ដោយ​ផ្ទាល់​ និង​មិនធ្លាប់​មាន​ពី​មុន​មក​ ទៅ​លើ​ទ្រព្យសម្បត្តិ និង​អំណាច​នយោបាយ​របស់​ព្រះបាទ​ Maha Vajiralongkorn និង​ទាមទារ​ឲ្យ​មាន​ការ​ដាក់​កំហិត​លើ​អំណាច​របស់​ស្ថាប័ន​ព្រះមហាក្សត្រ​ទៀត​ផង។ បាតុករ​ដែល​រួម​មាន​ទាំង​អ្នក​ដែល​រង​ការ​ចោទប្រកាន់​មួយ​ចំនួន​ក្រោម​ច្បាប់​ព្រហ្មទណ្ឌ​បាន​វិលត្រឡប់​មក​ធ្វើ​បាតុកម្ម​ត​ទល់នឹង​ស្ថាប័ន​រាជវង្ស​និង​រដ្ឋសភា​ឡើងវិញ ដើម្បី​ជំរុញឲ្យ​មាន​ការ​អនុម័ត​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី ដើម្បី«កែប្រែ​ស្ថាប័នព្រះមហាក្សត្រ»។

ក្រុមបាតុករ​ទទួល​បាន​ការ​គាំទ្រ​ពី​បណ្តាញ​សង្គម និង​ពី​ក្រុមមនុស្ស​ជំនាន់ «Gen Z»​ ដែល​ភាគច្រើន​បាន​កើត​កាល​ពី​ប្រមាណ ២៥​ ឆ្នាំ​មុន។ ពួកគេ​និយាយ​ថា សម្ព័ន្ធភាព​រវាងស្ថាប័ន​រាជវង្ស ដែល​មនុស្ស​មួយ​ចំនួន​បាន​ប៉ាន់ស្មាន​ថា មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​បំផុតនៅ​លើ​ពិភពលោក​ ជាមួយ​នឹង​ទ្រព្យ​ឯកជន​ចំនួន​ប្រមាណ​ពី ៣០ ទៅ ៦០ ​ពាន់​លាន​ដុល្លារ និង​ក្រុម​យោធា បាន​ប្រែផ្លាស់​ប្រទេស​ថៃទៅ​ជា​សង្គម​វិសមភាព​ជាង​គេ​បំផុត​មួយ ជា​ទីដែល​សេដ្ឋី អ្នកបក្ខពួក​និយម​នៅ​ក្នុង​ស្ថាប័ន​រាជវង្ស និង​យោធា​ក្តោបក្តាប់​មួយ​ផ្នែក​ធំ​នៃ​សេដ្ឋកិច្ច​ជាតិ។

នៅ​ពេល​ថ្លែង​ទៅ​កាន់​ក្រុម​បាតុករ លោក​ Jatuporn Prompan មេដឹកនាំ​ចលនាបាតុកម្ម​អាវ​ក្រហម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បាន​ថ្លែង​ថា៖ «ខ្ញុំ​មិនធ្លាប់​ដែល​ឃើញ​ រដ្ឋាភិបាល​ដែល​ល្ងង់ខ្លៅ និង​ឃោរឃៅ​ដូច​រដ្ឋាភិបាល​មួយ​នេះ​ទេ​នៅ​ក្នុង​ជីវិត​ខ្ញុំ។ របប​ដឹកនាំ​របស់​លោក​ Prayuth ​នឹង​មិន​បញ្ចប់​ទេ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​នឹង​បញ្ចប់​នៅ​ក្នុង​រយៈពេល​បី​ខែ​ខាង​មុខ»។ បាតុករ​អាវ​ក្រហម ដែលភាគច្រើន​ជា​អ្នក​ធ្វើការ​រក​បាន​ចំណូលទាប​នៅ​ទីក្រុង ឬ​ពលរដ្ឋ​រស់​នៅ​ជនបទ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ ២០១០។ ​

លោក​បាន​និយាយ​ថា៖ «បងប្អូន​ទាំងអស់​គ្នា សូម​សន្យា​នឹង​ខ្ញុំ​ថា បងប្អូន​នឹង​ចេញ​មក​ចូលរួម​ជា​រៀងរាល់​ថ្ងៃ​សៅរ៍។ ប្រសិន​បើ​បងប្អូន​នៅ​សំងំ​នៅ​ផ្ទះ បងប្អូននឹង​ក្លាយ​ជា​ទាសករ​របស់​ពួកគេ​ជា​រៀង​រហូត»។

ទោះ​បី​ជា​មិន​ទទួល​បាន​ប្រជាប្រិយភាព​ពី​ប្រជាជន​ក៏​ដោយ ក៏​លោក Prayuth ​នៅ​តែ​ក្តោប​ក្តាប់​អំណាច​ដោយ​មាន​ការ​គាំទ្រ​ពីស្ថាប័ន​ព្រះមហាក្សត្រ។

លោក Prayuth ក៏​មាន​ការ​គាំទ្រ​ពី​ក្រោយ​ដោយ​ព្រឹទ្ធសភា ដែល​លោក​បាន​តែងតាំង​ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចងក្រង​ឡើង​ដោយ​យោធា​ផង​ដែរ ហើយ​នា​ពេល​ថ្មីៗ​នេះ លោក​កំពុង​តែ​រៀបចំ​ផែនការ​នយោបាយ​សំខាន់ៗ​សម្រាប់​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​ឡើងវិញ​ នៅ​ពេល​ដែល​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ថមថយ។

លោក Prayuth នៅ​តែ​ប្រកាន់​ជំហរ​ថា រដ្ឋាភិបាល​របស់​លោក​នៅ​តែ​អាច​ដោះស្រាយ​បញ្ហា​នយោបាយ​ដែល​កំពុង​រង​ការ​ប្រេះស្រាំ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​បាន និង​បាន​ប្តេជ្ញា​ថា នឹង​បើក​វិស័យ​ទេសចរណ៍​ដ៏​ចម្បង​របស់​ថៃ​ឲ្យ​បាន​ពេញលេញវិញ​នៅ​ដើម​ខែ​តុលា មិន​ថា​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​មាន​ស្ថានភាព​យ៉ាង​ដូចម្តេច​នោះ​ទេ។

ក្រុម​អ្នកសង្កេតការណ៍​និយាយ​ថា ចលនា​បាតុកម្ម​មិន​គួរ​ត្រូវ​បាន​មើលស្រាល​នោះ​ទេ។

លោក Matt Wheeler អ្នក​វិភាគ​ជាន់ខ្ពស់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នៃអង្គការ​ដោះស្រាយ​វិបត្តិ​អន្តរជាតិ​ (International Crisis Group) បាន​និយាយ​ថា៖ «មនុស្ស​ទូទៅ​មិន​គួរ​ភ្លេច​ពី​ការណ៍​ដែល​ចលនា​បាតុកម្ម​បាន​ផ្លាស់ប្តូរ​ប្រទេស​ថៃនោះ​ទេ»។

លោក​បាន​បន្ត​ថា៖ «ចលនា​នេះ​បាន​បង្ហាញ​ថា យុវជន​វ័យក្មេង​ជា​កម្លាំង​វិវត្ត​ទៅ​មុខ​ដ៏​ខ្លាំងក្លា ជា​កម្លាំង​ដែល​បាន​ផ្តល់​ឲ្យ​ពលរដ្ឋ​ថៃ​រាប់ពាន់នាក់​នូវ​ស្មារតី​សាមគ្គីភាព និងប្រសិទ្ធភាព​ផ្នែក​នយោបាយ ដែល​ប្រហែល​ជា​ថមថយ ​ប៉ុន្តែ​មិន​អាច​បាត់បង់​បាន​ទេ ហើយ​កំពុង​តែ​បំបាត់​ចោល​នូវគំនិត​ចាស់​គំរិល​ជុំវិញ​ការ​មិន​ឲ្យ​និយាយ​ពី​តួនាទី​របស់ស្ថាប័ន​ព្រះមហាក្សត្រ​នៅ​ក្នុង​ឆាក​នយោបាយ និង​សង្គម»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា