នាយករដ្ឋមន្ត្រី​ថៃ​ត្រូវ​បាន​រក​ឃើញ​ថា​មិន​មាន​ទោស ខណៈ​ដែល​ក្រុម​អ្នក​តវ៉ា​ថ្កោលទោស​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​នេះ

រូបថតរបស់នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha ត្រូវបានគេបង្ហាញក្នុងពេលតវ៉ា បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញលើករណីទំនាស់ផលប្រយោជន៍របស់នាយករដ្ឋមន្រ្តីនៅទីក្រុងបាងកកប្រទេសថៃនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។ (REUTERS/Soe Zeya Tun)

ទីក្រុងបាងកក ប្រទេសថៃ – តុលាការ​កំពូល​របស់​ប្រទេស​ថៃ​កាលពី​ថ្ងៃទី២ ខែធ្នូ​បាន​សម្រេច​ទម្លាក់​ការ​ចោទប្រកាន់​លើ​លោក​នាយករដ្ឋមន្ត្រី Prayuth Chan-Ocha ចំពោះ​ទង្វើ​ខុស​ឆ្គង​របស់​លោក​ពាក់ព័ន្ធ​ការ​ស្នាក់នៅ​ក្នុង​ផ្ទះ​យោធា​យ៉ាង​យូរ ​ក្រោយ​លោក​បាន​ចូលនិវត្តន៍​ពី​តំណែង​យោធា។ ប្រសិន​បើ​លោក​ត្រូវ​បាន​រកឃើញ​ថា​មាន​ទោស​ ការ​ចោទប្រកាន់​នេះ​អាច​ធ្វើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង​និង​អាច​ជា​ច្រក​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ថៃ។

ក្រុម​អ្នក​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​បាន​ធ្វើ​បាតុកម្ម​រាប់​ម៉ឺន​នាក់​ដើម្បី​គាបសង្កត់​ឱ្យ​លោក Prayuth ចុះ​ចេញ​ពី​តំណែង បាន​ប្រមូលផ្តុំ​គ្នា​ភ្លាមៗ​នៅ​ផ្លូវ​បំបែក​ដ៏​ធំ​មួយ​នៅ​ក្នុង​ក្រុង​បាងកក​បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញ​បាន​ធ្វើ​ការ​សម្រេច​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក​នាយករដ្ឋមន្ត្រី។​

អង្គ​ចៅក្រម​ទាំង​៩​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ថា ការ​ស្នាក់នៅ​ដ៏​យូរ​របស់​លោក Prayuth នៅ​ក្នុង​និវេសដ្ឋាន​យោធា​ ដែល​ប្រើប្រាស់​ថវិកា​របស់​អ្នក​បង់ពន្ធ បន្ទាប់​ពី​លោក​បាន​ចូល​និវត្តន៍​ពី​តួនាទី​ជា​មេបញ្ជាការ​យោធា​នៅចុង​ឆ្នាំ២០១៤​ មិន​មែន​ជា​ទំនាស់​ផលប្រយោជន៍ ហើយ​ក៏​មិន​បាន​បំពាន «ច្បាប់​ណា​មួយ» ដែរ។ ដូច្នេះ​ហើយ «លោក​នឹង​នៅ​តែ​ជា​នាយករដ្ឋមន្ត្រី»។

លោក Prayuth អតីត​មេបញ្ជាការ​យោធា​ដែល​ជា​គោលដៅ​នៃ​ការ​ខឹងសម្បា​របស់​ក្រុម​អ្នក​តវ៉ា បាន​កាន់​អំណាច​នៅ​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ២០១៤ ដោយ​បាន​សន្យា​ថា នឹង​ការពារ​រាជវង្ស​និង​នាំ​យក​សន្តិភាព​និង​សាមគ្គីភាព​មក​ឱ្យ​ប្រទេស​ជាតិ​ដែល​មាន​ការ​បែកបាក់​គ្នា​នេះ។

៦ឆ្នាំ​ក្រោយ​មក ប្រទេស​ថៃ​បាន​បែកបាក់​គ្នា​មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក។​ រាជវង្ស​ដែល​មិន​មាន​អ្នកណា​អាច​ប៉ះពាល់​បាន ឥឡូវ​នេះ​ក្លាយជា​គោលដៅ​នៃ​ការ​អំពាវនាវ​ឱ្យ​មាន​កំណែទម្រង់។

ការ​សម្រេច​របស់​តុលាការ​បាន​បង្ក​ឱ្យ​មាន​ការ​ខឹងសម្បា​ពី​ប្រជាជន​រាប់​ម៉ឺន​នាក់​ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ជាយ​ទីក្រុង​បាងកក​កាលពី​យប់​ថ្ងៃពុធ ទី២ ខែធ្នូ​ ដោយ​ស្រែក​ថា «អំណាច​ផ្តាច់​ការ​ចុះ​ចេញ គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ» និង​មាន​ការ​ស្តាប់​សុន្ទរកថា​ពី​លើ​ឆាក​ដែល​មាន​ផ្ទាំង​ដ៏​ធំ​មួយ​បង្ហាញ​ពី​វីដេអូ​ដែល​ជា​រូប​សត្វ​ទា​ពាក់សក់​ពាក់​របស់​ចៅក្រម»។​

លោក Piraya អាយុ​២៥ឆ្នាំ បាន​ប្រាប់ VOA ថា «តុលាការ​មិន​ខ្វល់​ពី​អ្នក​ណា​នោះ​ទេ ក្រៅពី​ក្រុម​របស់​ខ្លួន។ ពួកគេ​គ្រាន់​តែ​ខ្វល់​ថា ក្រុម​របស់​ពួកគេ​នៅ​កាន់​អំណាច​ឬ​អត់។ តើ​យុត្តិធម៌​មាន​នៅ​ទីណា?»។ តុលាការ​ធម្មនុញ្ញ​បាន​ដើរ​តួ​ជា​អាជ្ញាកណ្តាល​នៅ​ក្នុង​ភាពចលាចល​នយោបាយ​ថៃ​រយៈពេល​១៤ឆ្នាំ​ចុងក្រោយ ដែល​ក្នុង​រយៈ​ពេល​នេះ មាន​រដ្ឋប្រហារ​ចំនួន​២ដង​និង​ការ​តវ៉ា​នៅ​តាម​ផ្លូវ​ពី​សំណាក់​គូ​ប្រជែង​ជាច្រើន​ដង។​

រូបឯកសារ៖ បាតុករ​នាំ​គ្នា​លើ​បដា​មួយបង្ហាញ​រូប​លោកនាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-Ocha ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចុះចេញ​ពី​តំណែង ក្នុង​រាជធានី​បាងកក​ ប្រទេស​ថៃ ថ្ងៃ​ទី​ ១៨ ខែកក្កដា ឆ្នាំ​២០២០។

អ្នក​រិះគន់​និយាយ​ថា ការ​កាន់កាប់​អំណាច​របស់​រដ្ឋាភិបាល​មាន​តែ​មួយ​ភាគី ដោយ​បាន​ដក​នាយករដ្ឋមន្ត្រី​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ចំនួន៣​នាក់​នៅ​ក្នុង​រយៈពេល​នោះ ព្រមទាំង​គណបក្ស​វឌ្ឍនភាព​របស់​វីរបុរស​នៃ​ចលនា​ប្រជាធិបតេយ្យ​គឺ​លោក Thanathorn Juangroongruangkit ខណៈ​ពេល​បន្ធូរ​បន្ថយ​លើ​បុគ្គល​ល្បីៗ​របស់​គណបក្ស​ផ្សេង​ដែល​ស្ថិត​នៅ​ក្នុង​សវនាការ​របស់​អង្គចៅក្រម។

លោក Parit Chiwarak ហៅ «Penguin» មេដឹកនាំ​អ្នក​តវ៉ា​បាន​ប្រាប់​ហ្វូង​មនុស្ស​ថា «ក្នុង​រយៈពេល​១០ឆ្នាំ​ចុងក្រោយ​នេះ តុលាការ​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ជាច្រើន​ដង»។ នៅ​ក្នុង​ហ្វូង​មនុស្ស​គេ​ឃើញ​មាន​កូនទា​ជ័រ​យក្ស​មួយ​ដែល​តំណាង​ឱ្យ​ចលនា​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ការពារ​ពី​ការ​បាញ់​ទឹក​របស់​ប៉ូលិស​ខណៈ​មានការ​ចាក់​បទ​ភ្លេង​ជាតិ។​

ការ​កើន​ឡើង​នៃ​ភាព​តានតឹង

បន្ថែម​លើ​ការ​ទាមទារ​ឱ្យ​មាន​ការ​ចុះ​ចេញ​ពី​តំណែង​របស់​លោក Prayuth ដែល​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន​នោះ ក្រុម​អ្នក​តវ៉ា​ចង់​ឱ្យ​មាន​ការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី ដោយ​ដក​អំណាច​ពី​យោធា​និង​ព្រះមហាក្សត្រ​ Maha Vajiralongkorn។

ការ​ខឹងសម្បា​កំពុង​តែ​កើន​ឡើង​ដោយ​មិន​មាន​សញ្ញាណ​នៃ​ការ​សម្រុះសម្រួល​ម៉ឺងម៉ាត់​ណា​មួយ​ពី​រដ្ឋាភិបាល​នោះ​ទេ។

ក្រុម​អ្នក​តវ៉ា​បាន​ចោទប្រកាន់​ព្រះមហាក្សត្រ​ដែល​ឡើង​គ្រង​រាជ្យ​នៅក្នុង​ឆ្នាំ២០១៦​ពី​ការ​ឆ្ពោះ​ទៅ​រក​អំណាច​ផ្តាច់ការ ដោយ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រាជវង្ស​ជា​ទ្រព្យសម្បត្តិ​ឯកជន​ផ្ទាល់​ខ្លួន និង​បាន​ផ្លាស់ប្តូរ​អង្គភាព​កងទ័ព​ឱ្យ​មក​ស្ថិត​ក្រោមបញ្ជា​ផ្ទាល់​របស់​ទ្រង់ និង​ផ្លាស់ប្តូរ​កម្មវិធី​នយោបាយ​នៅ​ពី​ក្រោយ​ឆាក។

បន្ទាប់​ពី​ការ​ដឹកនាំ​មិន​ច្បាស់​លាស់​រយៈពេល​៦ឆ្នាំ លោក Prayuth ធ្លាក់​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង សូម្បី​តែ​នៅ​ក្នុង​ចំណោម​អតីត​អ្នក​គាំទ្រ​លោក​នៅ​ក្នុង​ក្រុម​អភិរក្ស​និយម​ក្តី។

ប៉ុន្តែ​លោក​បាន​ច្រានចោល​ការ​អំពាវនាវ​ឱ្យ​ចុះ​ចេញ​ពី​តំណែង​ម្តង​ហើយ​ម្តង​ទៀត។

លោក Khemthong Tonsakulrungruang អ្នក​ស្រាវជ្រាវ​ច្បាប់​រដ្ឋធម្មនុញ្ញ​នៅ​សាកលវិទ្យាល័យ Chulalongkorn បាន​និយាយ​ថា ការ​ព្យាយាម​ពន្យារពេល​របស់​លោក Prayuth «មាន​ន័យ​ថា យើង​នឹង​ឃើញ​មាន​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​នៅ​តាម​ដង​ផ្លូវ​ច្បាស់​ជា​មិន​ខាន»។

ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី​ហាក់​ដូចជា​មិន​អាច​រារាំង​ចលនា​តវ៉ា​ដែល​ដឹកនាំ​ដោយ​យុវជន និង​ចេះ​តែ​កើន​ឡើង​នេះ​នោះ​ទេ ទោះបី​ជា​មាន​ការ​ចោទប្រកាន់​តាម​ផ្លូវ​ច្បាប់ ការ​ប្រើប្រាស់​ឡាន​ទឹក​បាញ់​បំបែក​ហ្វូង​បាតុករ​និង​មាន​ការ​ប្រទាញប្រទង់​ជាមួយ​នឹង​អ្នក​ស្មោះស្ម័គ្រ​នឹង​រាជវង្ស​ក្តី។

ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យអង្គុយលើពងបំប៉ោងរូបទា នៅពេលពួកគេតវ៉ាបន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញលើករណីទំនាស់ផលប្រយោជន៍របស់លោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha នៅទីក្រុងបាងកកប្រទេសថៃនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។ (REUTERS/Soe Zeya Tun)

លោក Khemthong បាន​បន្ថែម​ថា៖ «ដូច្នេះ​ក្រុម​អ្នក​អភិរក្ស​និយម​អាច​ត្រូវ​មាន​មនុស្ស​ថ្មី​ដើម្បី​តំណាង​ពួកគេ និង​គ្រប់គ្រង​ផលប្រយោជន៍​របស់​ពួកគេ ព្រមទាំង​គាប​សង្កត់​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ»។

ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ការ​លាប​ពណ៌​យ៉ាង​ខ្លាំង​នេះ មាន​បុគ្គល​ល្បីៗ​តិច​បំផុត​ដែល​អាច​មាន​ការ​ជឿ​ទុក​ចិត្ត​ទាំង​នៅ​ក្នុង​ក្រុម​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ និង​ក្រុម​អ្នក​គាំទ្រ​យោធា។

ព្រះមហាក្សត្រ​មិន​ទាន់​មានព្រះរាជបន្ទូល​ដោយ​ផ្ទាល់​ទៅ​កាន់​ក្រុម​អ្នក​តវ៉ា​នៅ​ឡើយ​ទេ ប៉ុន្តែ​បាន​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​របស់​ពួកគេ​ដោយ​បាន​មាន​ព្រះ​បន្ទូល​ថា រាជវង្ស​សព្វ​ព្រះរាជហឫទ័យ «ពួកគេ​ស្មើៗ​គ្នា»។

ចាប់​តាំង​ពី​ពេល​នោះ​មក យ៉ាង​ហោច​ណាស់​មេដឹកនាំ​សំខាន់ៗ​នៃ​ចលនា​នេះ​ចំនួន​៥ នាក់​ត្រូវ​បាន​ចោទប្រកាន់​ក្រោម​ច្បាប់ប្រឆាំង​ការប្រមាថព្រះ​មហាក្សត្រ​ដ៏​តឹងរ៉ឹង​មួយ ដែល​អាច​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៥ ឆ្នាំ សម្រាប់​ការ​កាត់ទោស​មួយ​លើកៗ​សម្រាប់​ការ​ប្រមាថ ការ​បរិហាកេរ្តិ៍ ឬ​ការ​គំរាមកំហែង​ដល់​រាជវង្ស។​

មេដឹកនាំ​ផ្សេង​ទៀត​ត្រូវ​បាន​ប៉ូលិស​កោះ​ហៅ នៅ​ពេល​ដែល​ច្បាប់​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​លុបចោល​ការ​គូរ​រូប​តាម​ជញ្ជាំង ផ្ទាំង​ក្រដាស​និង​ការ​ស្រែក​ហ៊ោ​ដែល​សំដៅ​ដល់​ព្រះមហាក្សត្រ​ដោយ​ចលនា​តាម​ដង​ផ្លូវ​ដែល​មាន​កម្លាំង​ខ្លាំងក្លា ប៉ុន្តែ​ប្រកប​ដោយ​សន្តិវិធី​គិត​មក​ទល់​ពេល​នេះ។

លោក Prayuth បាន​ហៅ​ខ្លួន​លោក​ថា ជា​មេដឹកនាំ​ស៊ីវិល បន្ទាប់​ពី​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ២០១៩ ដែល​ធ្វើ​ឡើង​ក្រោម​ច្បាប់​ដែល​អ្នក​រិះគន់​និយាយ​ថា លំអៀង​ទៅ​ខាងគណបក្ស​ដែល​មាន​ទំនាក់ទំនង​នឹង​យោធា​និង​ប៉ះពាល់​ដល់​ក្រុម​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ។

នៅ​ពេល​លោក​ចូល​កាន់​តំណែង លោក​បាន​តែងតាំង​សមាជិក​ព្រឹទ្ធសភា​ចំនួន ២៥០ រូប។ មាត្រា​គន្លឹះ​មួយ​នៃ​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​តាក់តែង​ដោយ​យោធា​បាន​អនុញ្ញាត​ឱ្យ​លោក​មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា ដែល​មាន​សុទ្ធ​តែ​អតីត​ឧត្តមសេនីយ៍ និង​អ្នក​ស្មោះស្ម័គ្រ​ក្នុង​ជួរ​កងទ័ព​ជា​អ្នក​តាក់តែង​ច្បាប់។

ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​និយាយ​ថា លោក​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​បញ្ហា ជាមួយ​នឹង​ផែនការ​វិនិយោគ​រយៈពេល​២០ឆ្នាំ​ដែល​ចំណាយ​ថវិកា​ជា​ច្រើន ដោយ​មាន​ការ​ចូលរួម​តិចតួច​ពី​សាធារណជន ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ជាប់​ប្រយុទ្ធប្រឆាំង​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដោយសារ​តែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។

នៅ​ក្នុង​ប្រទេស​ដែល​មាន​រដ្ឋប្រហារ​ចំនួន​១៣លើក​ ចាប់​តាំង​ពី​ឆ្នាំ១៩៣២​មក​នេះ មាន​ការ​ភ័យខ្លាច​ថា​អាច​នឹង​មាន​ការ​អន្តរាគមន៍​ពី​យោធា​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​ដើម្បី​បញ្ចប់​ការ​តវ៉ា៕