បេក្ខជន​នាយករដ្ឋមន្ត្រី​ថៃ​ស្វះស្វែង​បញ្ចប់​វដ្ត​រដ្ឋប្រហារ​ក្នុង​ប្រទេស

រូបឯកសារ៖ លោក Pita Limjaroenrat មេដឹកនាំនិងបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្ស Move Forward ថ្លែងសុន្ទរកថា អំឡុងធ្វើយុទ្ធនាការនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣។

រូបឯកសារ៖ លោក Pita Limjaroenrat មេដឹកនាំនិងបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្ស Move Forward ថ្លែងសុន្ទរកថា អំឡុងធ្វើយុទ្ធនាការនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣។

ទីក្រុងបាងកក ប្រទេសថៃ — លោក Pita Limjaroenrat បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ Thai Airways ពី​ទី​ក្រុង New York (ញូវយ៉ក) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ ១៩ ខែ​កញ្ញា​ ឆ្នាំ​ ២០០៦ ឆ្ពោះ​មក​កាន់​ក្រុង​បាងកក​ ប្រទេស​ថៃ ដើម្បី​ចូលរួម​ពិធី​បុណ្យ​សព​របស់​ឪពុក​លោក។ តាម​ផ្លូវ​ហោះហើរ យន្តហោះ​នេះ​ក៏​បាន​ឈប់​នៅ​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

នា​ថ្ងៃ​នោះ ​នៅ​លើ​យន្តហោះ​ដូចគ្នា​នេះ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោក Thaksin Shinawatra កំពុង​តែ​ប្រឈម​នឹង​អ្វី​មួយ​ដែល​នឹង​បញ្ចប់​អាណត្តិដឹកនាំ​របស់​លោក​យ៉ាង​តក់ក្រហល់​ នោះ​គឺ អគ្គមេបញ្ជាការ​យោធា​ថៃមួយ​រូប​បាន​ធ្វើ​រដ្ឋប្រហារ​នៅ​ក្រុង​បាងកក ដោយ​ដណ្តើម​អំណាច​ពី​អ្នក​នយោបាយ​ដែល​ជា​មហាសេដ្ឋី​រូប​នេះ ដែល​លោក​ទើប​នឹង​បានចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង New York។

លោក​ Pita មិន​បាន​ចាប់អារម្មណ៍​លើ​ភាព​តានតឹង​នេះ​នោះ​ទេ ស្រប​ពេល​លោក Thaksin ដែល​ប្តេជ្ញា​តទល់​នឹង​របប​សឹក​យោធា​ពី​ចម្ងាយ បាន​ត្រៀម​ចុះ​ពី​យន្តហោះ​នៅ​ព្រលាន​យន្តហោះ​ Gatwick ក្នុង​ក្រុង​ឡុងដ៍។

លោកថ្លែងថា៖ «ពួកគាត់​[ពេលនោះ]​ប្រហែល​ជាប់​រវល់​ខ្លាំង​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​អាច​បាន​ដឹង​នោះ​ទេ។ [ព្រោះ]​ឪពុក​របស់​ខ្ញុំ​ទើប​ទទួល​មរណភាព»។

នេះ​ជា​ការ​លើកឡើង​របស់​លោក Pita ពី​អ្វី​ដែល​បាន​កើតឡើង​នៅ​លើ​យន្តហោះ​រវាង​លោក Thaksin និង​មន្ត្រី​រដ្ឋាភិបាល​ ដែល​មន្ត្រី​ខ្លះ​ក្នុង​ចំណោម​នោះ​ធ្លាប់​ជា​ចៅហ្វាយ​នាយ​របស់​លោក​ មុន​ពេល​លោក​ចូលរៀនថ្នាក់​អនុបណ្ឌិត​ផ្នែក​គោលនយោបាយ​សាធារណៈ​នៅ​សាលា Kennedy School នៃ​សាកលវិទ្យាល័យ Harvard នៅ​សហរដ្ឋ​អាមេរិក ប៉ុន្មាន​សប្តាហ៍​មុន​នោះ។

ភាព​ក្រៀមក្រំ​អំពី​ការ​បាត់បង់​ឪពុក​របស់​លោក ដែល​ជា​មន្ត្រី​ធនាគារ​ប្រែផ្លាស់​ជា​សហគ្រិន​មួយ​រូប ប្រហែល​ធ្វើ​ឱ្យ​លោក​ Pita មិន​សូវ​ចាំ​ច្បាស់​ពី​អ្វី​ដែល​បាន​កើតឡើង​នៅ​ឆ្នាំ​ ២០០៦។ ប៉ុន្តែ​អន្តរាគមន៍​សាជាថ្មី​ពី​សំណាក់​យោធានៅ​ក្នុង​ឆាក​នយោបាយ​ថៃ​នៅ​ឆ្នាំ ២០១៤ បាន​ធ្វើ​ឱ្យ​លោក​ចាប់​ផ្តើម​មានប្រជាប្រិយ​ខ្ពស់​ផ្នែក​នយោបាយ​ ស្រប​ពេល​លោក​ដឹកនាំ​គណបក្ស​ Move Forward Party ឬ​ហៅ​ជា​ភាសា​ថៃថា Gao Glai (កាវក្លៃ) គាំទ្រ​ដោយ​យុវជន ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី ១៤ ខែ​ឧសភា​ខាង​មុខ។

នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​បោះឆ្នោតនេះ​ លោក Pita បាន​ផ្តល់​ជា​គំនិត​នៃ​ការ​ផ្លាស់ប្តូរ ស្រប​តាម​ពាក្យ​ស្លោក​របស់​គណបក្ស៖ «បោះឆ្នោត​ឱ្យ​គណបក្ស​ Move Forward ​ប្រទេស​ថៃ​នឹង​លែងដូច​មុនទៀត​ទេ»។ លោក​បាន​ប្រមើល​មើល​ពី​ជ័យជម្នះ​ដែលបញ្ចប់​នូវ​វដ្ត​រដ្ឋប្រហារ​ដោយ​យោធា​ ដែល​បាន​បង្អាក់​នយោបាយ​ថៃ​រាល់​ប្រាំពីរ​ឆ្នាំ​ម្តង ចាប់​តាំង​ពី​ពេល​ដែល​ថៃ​បាន​ចាត់​ទុក​ខ្លួនជា​ប្រទេស​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​កាល​ពី​ឆ្នាំ ១៩៣២។

នៅ​ក្នុង​បទសម្ភាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ជាមួយ​វីអូអេ​ភាសា​ថៃ​ លោក Pita វ័យ​ ៤២​ឆ្នាំ បាន​និយាយ​ថា៖ «ដំបូង​ អ្នក​ត្រូវ​បន្ថយ​អំណាច​យោធា ហើយ​ត្រូវ​ធានា​ថា អំណាច​និង​ហិរញ្ញប្បទាន​លើ​យោធា​ត្រូវ​បាន​ត្រួតពិនិត្យ និង​មាន​តុល្យភាព»។

រូបឯកសារ៖ លោក Pita Limjaroenrat មេដឹកនាំនិងបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្ស Move Forward លើកដៃស្វាគមន៍ក្រុមអ្នកគាំទ្រ អំឡុងធ្វើយុទ្ធនាការនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣។

រូបឯកសារ៖ លោក Pita Limjaroenrat មេដឹកនាំនិងបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្ស Move Forward លើកដៃស្វាគមន៍ក្រុមអ្នកគាំទ្រ អំឡុងធ្វើយុទ្ធនាការនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣។

រូបឯកសារ៖ លោក Pita Limjaroenrat មេដឹកនាំនិងបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្ស Move Forward ចូលរួមក្នុងព្រឹត្តិការណ៍ចាប់លេខរៀងគណបក្ស នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣។

លោក​ក៏​បាន​ស្នើ​ឡើង​ពី​ការ​តម្រូវ​ឱ្យ​មាន​ចន្លោះ​ពេល​ប្រាំពីរ​ឆ្នាំ មុន​ពេល​មន្ត្រី​យោធា​អាច​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ ក្រោយ​ពី​ចាកចេញ​ពី​ការ​បម្រើការ​ជា​យោធា។ លោក Pita បាន​បន្ថែម​ថា រដ្ឋធម្មនុញ្ញ​ថ្មី​គួរ​តែ​ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ប្រជាជន​ ដោយ​មាន​មាត្រា​ផ្សេងៗ​ដែល​រារាំងមន្រ្តី​រាជការ​ពី​ការ​គាំទ្រ​រដ្ឋប្រហារ និង​មិន​ឱ្យ​មាន​និទណ្ឌភាព​ចំពោះ​មេដឹកនាំ​រដ្ឋប្រហារ។

គោលនយោបាយរបស់​គណបក្ស Move Forward ផ្តោត​លើការ​ផ្តល់​ជាអត្ថប្រយោជន៍​ផ្នែក​សុខុមាលភាព​ផ្សេងៗ ​ដែល​រួម​មានប្រាក់ជំនួយ​ឧបត្ថម្ភ​ថែទាំ​កុមារ និង​ប្រាក់​ជំនួយ​ឧបត្ថម្ភ​ដល់​មនុស្ស​ចាស់ជរា ដែល​មាន​សរុប​ជិត ២០​ពាន់​លាន​ដុល្លារ។ ហើយ​ប្រមាណ ៧,៧​ភាគរយ​នៃ​ទំហំ​ទឹកប្រាក់​នេះ​គឺ​ មក​ពី​ការ​បន្ថយ​ទំហំ​យោធា។

នៅ​ក្នុង​ការ​ស្ទង់​មតិ​ដោយ​សារព័ត៌មាន Matichon និង​សារព័ត៌មាន Daily News ធ្វើ​ឡើង​ចន្លោះថ្ងៃទី​ ២២ និង​ថ្ងៃ​ទី ​២៨ ខែ​មេសា លោក Pita បាន​នាំ​មុខ​នៅ​ក្នុង​លទ្ធផល​ចំពោះ​សំណួរ​អំពី​ជម្រើស​សម្រាប់​នាយករដ្ឋមន្ត្រី​ ដោយ​មានការ​គាំទ្រ​ ៤៩.១៧​ភាគរយ បន្ត​ដោយ​អ្នកស្រី Paetongtarn Shinawatra ចំនួន ១៩.៥៩​ភាគរយ និង​មហាសេដ្ឋី​ផ្នែក​អចលនទ្រព្យ​ប្រែ​ផ្លាស់​ជា​អ្នក​នយោបាយ​លោក Srettha Thavisin ចំនួន ១៥.៥៤​ភាគរយ។ អ្នក​ទាំង​ពីរ​គឺ​ មក​ពី​គណបក្ស​ Pheu Thai ហើយ​គណបក្ស​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​ទទួល​បាន​អាសនៈមួយ​ភាគ​ធំ​នៅ​សភា។ ការ​ស្ទង់មតិ​នេះ​មាន​អ្នក​ចូលរួមតាម​អនឡាញ​ចំនួន​ ៧៨.៥៨៣នាក់។

នៅ​ក្នុង​ការ​ស្ទង់​មតិ​មុនៗ​ គណបក្ស​ Pheu Thai មាន​ប្រៀប​ជាង​គណបក្សលោក Pita ក្នុង​នោះ​រួម​មាន​ការ​ស្ទង់​មតិ​មួយ​ដោយ​អង្គភាព​ស្រាវជ្រាវ​នៃ​វិទ្យាស្ថានរ​ជាតិ​រដ្ឋបាល​អភិវឌ្ឍន៍ (NIDA) អំឡុង​ពី​ថ្ងៃ​ទី៣ ដល់​ថ្ងៃ​ទី៧ ខែ​មេសា។

​គូប្រជែង​ប្រកៀក​ប្រកិត​បំផុត​របស់​លោក Pita នៅ​ក្នុង​ការ​ស្ទង់មតិ​តាម​សារព័ត៌មាន​គឺ ​មក​ពី​ត្រកូល​គ្រួសារ​ល្បី​ឈ្មោះ​ក្នុង​ឆាក​នយោបាយ​ថៃ។ អ្នកស្រី Paetongtarn វ័យ ៣៦​ឆ្នាំ គឺ​ជា កូនស្រី​របស់​លោក Thaksin Shinawatra និង​បេក្ខភាព​ទាំង​ពីរ​រូប​បាន​ស្គាល់​គ្នា​ ចាប់តាំង​ពី​ពេល​រៀន​នៅ​អនុវិទ្យាល័យ ដោយសារ​ឪពុកមា​របស់​លោក Pita ជិតដិត​នឹង​គ្រួសារ​លោក Thaksin។

ការ​ស្តារ​គណបក្ស​ឡើង​វិញ

កាល​ពី​ឆ្នាំ​ ២០១៤ មេដឹកនាំ​យោធា​មួយរូប​ទៀត​ គឺ​លោក​ឧត្តមសេនីយ៍​ Prayut Chan-o-cha បាន​ទម្លាក់អតីត​នាយករដ្ឋមន្ត្រី​ថៃ​ អ្នកស្រី Yingluck Shinawatra ដែល​ជា​ប្អូនស្រី​របស់​លោក Thaksin ចេញ​ពី​អំណាច​ ដោយ​នេះ​បាន​បើក​ផ្លូវ​ឱ្យ​មាន​ការ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​រយៈពេល​ជាង​ប្រាំបី​ឆ្នាំ​របស់​លោក​ Prayut។ នៅ​អំឡុង​ពេល​ដឹកនាំ​របស់​លោក​ Prayut ថៃ​បាន​ធ្វើ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​មីនា ឆ្នាំ​២០១៩។

គណបក្ស​របស់​លោក Pita ដែល​កាល​ពី​ពេល​នោះ​មាន​ឈ្មោះ​ថា Future Forward (ឬ អនាគត​ថ្មី) ត្រូវ​បាន​ដឹកនាំ ដោយ​អ្នកស្នង​ត្រកូល​ម្ចាស់​សហគ្រាស​ផ្គត់ផ្គង់​គ្រឿងបន្លាស់រថយន្ត​ថៃ Summit Group។ មនោគមេវិជ្ជា​ជឿនលឿនរបស់​លោក Thanathorn Juangroongruangkit និង​ភាពជា​យុវវ័យ​របស់​លោក​ បាន​ទាក់ទាញ​ជន​ជំនាន់​ថ្មី ដែល​ភាគច្រើន​ជា​ជន​វ័យក្មេងចូល​ក្នុង​នយោបាយ។

​ក្នុង​រយៈពេល​តែ​ជាង​មួយ​ឆ្នាំ​បន្ទាប់​ពី​ត្រូវ​បាន​បង្កើត​ឡើង គណបក្ស​ Future Forward បាន​ឈ្នះ​អាសនៈ​ចំនួន ៨១ នៅ​ក្នុង​ការ​បោះឆ្នោតឆ្នាំ​ ២០១៩ ហើយ​បាន​ក្លាយ​ជា​គណបក្ស​ធំជាង​គេ​បង្អស់​ទីបី​នៅ​ថៃ។ លោក Pita ដែល​មាន​បទពិសោធន៍​ជា​អ្នក​ប្រឹក្សា​ផ្នែក​គ្រប់គ្រង មុន​ពេលទទួល​បាន​សញ្ញាបត្រ​អនុបណ្ឌិត​ពី​សាកលវិទ្យាល័យ Harvard និង​សាលា​ផ្នែក​គ្រប់គ្រង​ Sloan School of Management នៃ​សាកលវិទ្យាល័យ Massachusetts Institute of Technology (MIT) របស់​អាមេរិក​ បានចូល​កាន់​តំណែង​ជា​តំណារាស្ត្រនៅ​រដ្ឋសភា។

គណបក្ស Future Forward បាន​ទាក់ទាញ​ក្តីស្រមៃ​នៃ​អ្នកបោះឆ្នោត​ និង​ហ៊ាន​តតាំង​ប្រឆាំង​នឹង​រដ្ឋអំណាច​ដែល​ផ្តោត​លើ​ស្ថាប័ន​រាជវង្ស​ដ៏​មាន​ឥទ្ធិពល។

រូបឯកសារ៖ លោក Prayut Chan-o-cha នាយករដ្ឋមន្ត្រីថៃ ស្វាគមន៍សមាជិកនៃគណៈរដ្ឋមន្ត្រីថ្មីរបស់រដ្ឋាភិបាលថៃ នៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៩។

រូបឯកសារ៖ លោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AFP នៅទីក្រុងហុងកុង កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៩។

លោក​ Prayut ដោយ​មាន​ការ​គាំទ្រ​ពី​ព្រឹទ្ធសភា​ដែល​មាន​សមាជិក ២៥០​ នាក់ គ្រប់គ្រង​ដោយ​សម្ព័ន្ធមិត្ត​របស់​លោក​ បាន​បង្កើត​ជា​រដ្ឋាភិបាល​ចម្រុះ​មួយ​កាល​ពី​ឆ្នាំ ២០១៩។ បន្ទាប់​មក​ នៅ​ខែ​កុម្ភៈ ឆ្នាំ​ ២០២០ តុលាការ​ធម្មនុញ្ញ​បាន​ចេញ​សេចក្តី​សម្រេច​រំលាយ​គណបក្ស​ Future Forward ក្រោយ​រក​ឃើញ​ថា គណបក្ស​នេះ​បាន​ទទួល​កម្ចី​ខុសច្បាប់​ចំនួន ៦​លាន​ដុល្លារ​ពី​លោក Thanathorn។

សេចក្តី​សម្រេច​នេះ​ក៏​បាន​ហាមឃាត់​សមាជិក​សំខាន់ៗ​នៃ​គណបក្ស​នេះ​ រួម​ទាំង​លោក Thanathorn ពី​ការ​កាន់​តំណែង​ក្នុង​ផ្នែក​នយោបាយ​ផង​ដែរ។ លោក Pita ដែល​ទទួល​បាន​ការ​កោតសរសើរ​ពី​ភាគី​ទាំងសងខាង​ចំពោះ​ជំនាញ​ក្នុង​ការ​និយាយ​របស់​លោក បាន​លេចឡើងចេញ​ពី​ភាព​ច្របូកច្របល់​នេះក្លាយ​ជា​មេដឹកនាំ​ថ្មី​នៃ​គណបក្ស Move Forward Party ដែល​ជា​គណបក្ស​ថ្មី​កើត​ចេញ​ពី​គណបក្ស​ Future Forward។

លោក Pita បាន​ថ្លែង​ប្រាប់​វីអូអេ​ភាសា​ថៃ​ថា លោក​ចង់​ឱ្យ​គណបក្ស Move Forward ឈ្នះ​អាសនៈ​កាន់តែ​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​នាពេល​ខាង​មុខ គឺ​ច្រើន​ជាងគណបក្ស Future Forward កាល​ពី​ឆ្នាំ ២០១៩​ ទៅ​ទៀត។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ (ព្យាយាម) រៀប​ចំ​គណបក្ស​ក្នុង​រចនាសម្ព័ន្ធស្ថាប័ន ដើម្បី​ធានា​ថា គណបក្ស​នឹង​ជា​ស្ថាប័ន​នយោបាយមួយ ដែល​មាន​រចនាសម្ព័ន្ធ យុទ្ធសាស្រ្ត ដំណើរការ​ផ្សេងៗ។ នៅ​ពេល​យើងធ្វើ​ដូច្នេះ យើង​អាច​យក​តាម​គំរូ​នេះ ហើយ​យើង​អាច​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរនា​ពេល​បន្ត​បន្ទាប់»។

ការ​បញ្ចៀស​ពី «នយោបាយ​បុគ្គលនិយម»

នៅ​ប្រទេស​ថៃ​ ជា​ទី​ដែល​មេដឹកនាំ​មួយចំនួន​ចាប់​ពី​ព្រះមហាក្សត្រ​ រហូត​ដល់​ពលរដ្ឋ​ធម្មតា ដែល​ត្រូវ​បាន​ហៅ​ក្រៅ​ផ្លូវ​ការ «លោក​ពុក» និង​ទទួល​បាន​ការ​គោរព ការ​គោរព​បែប​នេះ​តែង​ជំរុញ​ជា​រលក​គាំទ្រដែល​ទាញ​សំឡេង​នៅ​ក្នុង​ការ​បោះឆ្នោត​ ខណៈអ្នក​នយោបាយ​ប្រើប្រាស់​ឈ្មោះ​របស់​ខ្លួនដើម្បី​ទាក់ទាញ​ការ​គាំទ្រ។

បុគ្គល​ល្បីឈ្មោះ​ក្នុង​ឆាក​នយោបាយ​តាមស្រុក​តូច​និង​ធំ​នៃ​ខេត្ត​ទាំង​ ៧៧​នៅ​ថៃ អាច​វាស់ស្ទង់ប្រជាប្រិយភាពរបស់​ខ្លួន​តាមរយៈ​ចំនួន​ផ្កា និង​កន្សែង​បង់​ក​ ​ពាក់​ដោយ​អ្នក​គាំទ្រ​របស់​ពួកគេ ដែល​នេះ​នាំ​ឱ្យមាន​ការ​នឹក​ឃើញពី​របៀប​ដែល​អ្នក​បួងសួង​ផ្តល់​ការ​គោរព​នៅ​កន្លែង​សក្ការៈ​បូជា។

លោក​ Thaksin ដែល​ឥឡូវ​នេះ​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រុង​ Dubai បន្ទាប់​ពី​ត្រូវ​បាន​រកឃើញ​ថា មាន​ទោស​ពាក់ព័ន្ធ​អំពើ​ពុករលួយ ជំរុញ​នូវ​វប្បធម៌​គាំទ្រ​បុគ្គលនិយម​ខាង​លើ​នេះ​ ខណៈ​លោកបង្ហាញ​ការ​គាំទ្រ​បេក្ខជន​ឈរ​ឈ្មោះ​ពី​ចម្ងាយ។ អតីត​មេដឹកនាំ​ ប្រជានិយម​រូបនេះ បាន​ធ្វើ​ឱ្យ​មាន​ការ​មិន​ពេញ​ចិត្ត​ខ្លាំង​ពី​សំណាក់​ក្រុម​អ្នកប្រឆាំង​នឹង​រូប​លោក។ អ្នក​គាំទ្រ​លោក​ Thaksin ចម្អក​អ្នក​មិន​ពេញ​ចិត្ត​នោះថា ​ការណ៍​នេះជា «ការ​ខ្លាចរអា​ខ្មោច​លោក​ Thaksin»។ មិនមាន​មេដឹកនាំថៃ​ច្រើន​នោះទេ​ ដែលជាប់​ឆ្នោតនិង​អាច​កៀរគរ​ការ​គាំទ្រខ្លាំង​តាម​ឈ្មោះ​បុគ្គល​ដូច​លោក Thaksin។

លោក​ Pita ថ្លែង​ថា៖ «ខ្ញុំ​មិន​ជឿខ្លាំង​លើ​ការ​ធ្វើ​នយោបាយ​បុគ្គលនិយម​នោះ​ទេ។ ខ្ញុំ​ជឿ​លើ​នយោបាយ​ជា​រចនាសម្ព័ន្ធ​ស្ថាប័ន ពីព្រោះ​ជា​វា​ត្រូវ​តែ​ជា​... ការងារ​ជា​ក្រុម។ ត្រូវ​តែ​មាន​ប្រព័ន្ធ​មួយ​រៀបចំ​ឡើង»។

លោក​បាន​បន្ត​ថា៖ «ខ្ញុំ​គិត​ថា ការ​ធ្វើ​នយោបាយ​តាម​បុគ្គលនិយម​មិន​សមស្រប​នឹង​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន​នៅ​ថៃ​នោះទេ។ ការ​មាន​បុគ្គលិក​លក្ខណៈ​ដែល​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពលរដ្ឋ​ដោយ​ការ​គោរព និង​ភាព​ស្មោះត្រង់ ប្រហែល​ជា​អ្វី​ល្អ​មួយ ដែល​ពលរដ្ឋ​អាច​ផ្សារភ្ជាប់​ជាមួយ​អ្នក ហើយ​ស្តាប់​អ្វី​ដែល​អ្នក​ស្នើ​ឡើង។ តែ​នយោបាយរៀបចំ​ជាស្ថាប័ន​គឺ​ជា មធ្យោបាយ​ឆ្ពោះ​ទៅ​មុខ»។

អំឡុងពេល​យុទ្ធនាការ​ឃោសនា​នា​ពេល​ថ្មីៗ​នេះ​នៅ​ខេត្ត​ Nong Khai ភាគឦសាន ប្រទេស​ថៃ ឆ្លង​ពី​ទន្លេ​មេគង្គ​ពី​ប្រទេស​ឡាវ អ្នក​គាំទ្រ​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​មក​លើ​លោក Pita ដែល​បាន​លែងលះ​ជាមួយ​ភរិយា​ និង​ទទួល​បាន​សិទ្ធិ​ចិញ្ចឹម​កូនស្រី​របស់​លោក។ អតីត​អ្នក​ប្រឹក្សា​ប្រចាំ​ក្រុមហ៊ុន​ Boston Consulting Groupរូបនេះ​ បាន​ធ្វើ​ការ​ឃោសនា​នៅ​ក្នុង​កម្តៅ​ថ្ងៃ​ដ៏​ក្តៅ ដោយ​មាន​ពាក់កម្រង​ផ្កា​ពណ៌​ទឹកក្រូច​ជា​ច្រើន​រុំ​ជុំវិញ​ក​របស់​លោក។

ពលរដ្ឋ​តាម​ស្រុក​នានា​បាន​ចាត់ទុក​លោក Pita ​ដែល​មាន​បំណង​រៀបចំ​នយោបាយ​ជា​រចនាសម្ព័ន្ធ​ស្ថាប័ន​ ដូច​ជា​អ្នក​នយោបាយ​សម័យថ្មីចេញ​ពី​អ្នក​បច្ចេកទេស​ ធៀប​នឹង​អ្នកនយោបាយ​ជំនាន់​ចាស់​ដែល​ភាគច្រើន​ជាបុរស​សាង​ឈ្មោះពី​ត្រកូល​អ្នក​នយោបាយ។ ​លោក​ Pitaសង្ឃឹម​ថា នឹង​អាច​ដកចេញ​អ្នក​នយោបាយ​បែបនេះ​ពី​ប្រព័ន្ធ​នយោបាយ​ថៃ។

លោក Pita បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​លោក មុន​ពេល​ចេញ​ក្នុង​ឡានវ៉ែន​មួយ​ដែល​មាន​បង្អួច​បិទខ្មៅ​ថា៖ «គណបក្ស Gao Glai យល់​ដឹង​ពី​អ្នក​ជំនាន់​ថ្មី ប៉ុន្តែ​ក៏​យកចិត្ត​ទុកដាក់​ពី​អ្នក​ជំនាន់​ចាស់ផង​ដែរ»។

មាន​ក្រែម​ការពារ​កម្តៅ និង​សៀវភៅ​និពន្ធ​ឡើង​ដោយ​អ្នក​នយោបាយ​អាមេរិកាំង​លោក​ Bernie Sanders ក្រោម​ចំណង​ជើង​ថា៖ «ជា​រឿង​ធម្មតា​ក្នុង​ការ​ខឹង​សម្បាលើ​មូលធននិយម» ស្ថិត​នៅ​ក្នុង​ប្រអប់​ក្បែរ​រូប​លោក។

លោក Pita Limjaroenrat មេដឹកនាំនិងបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្ស Move Forward លើកដៃស្វាគមន៍ក្រុមអ្នកគាំទ្រ អំឡុងធ្វើយុទ្ធនាការនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣។

គណបក្ស​គាំទ្រ​ដោយ​យុវជន

អ្នក​បោះឆ្នោត​វ័យ​ក្មេង​ដែល​បាន​ជំរុញ​ឱ្យ​លោក Thanathorn ក្លាយ​ជា​កម្លាំងមួយ​ ឥឡូវ​នេះ​កំពុង​ប្រមូល​ផ្តុំ​នៅ​ពី​ក្រោយ​គណបក្ស Move Forward។ គណបក្ស​នេះ​កំពុង​ធ្វើ​ឱ្យ​ខ្លួន​ខុសប្លែក​ពី​គូ​ប្រជែង​ប្រមាណ​ ៧០ គណបក្ស​ទៀត​ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ១៤ ខែ​ឧសភា ដោយ​ជា​គណបក្ស​ដែល​បញ្ចេញ​សំឡេង​ខ្លាំងស្តី​ពី​ការ​បញ្ចប់​ការ​ដាក់បញ្ចូល​ឈ្មោះកាតព្វកិច្ច​យោធា ការ​ធ្វើ​វិមជ្ឈការ​អំណាច​ទៅ​កាន់​បណ្តា​ខេត្ត ការ​បំបែក​ការគ្រប់គ្រង​ផ្តាច់មុខ​ក្នុង​វិស័យ​គ្រឿងស្រវឹង​ និង​ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ប្រមាថរាជវង្ស​ដ៏​តឹងរ៉ឹង។

ការ​វិភាគ​លើ​បណ្តាញ​សង្គម​និង​ទិន្នន័យនានា​កំពុង​ផ្សារភ្ជាប់​គណបក្ស Move Forward ជាមួយ​នឹង​យុវជន​ថៃ ដែល​ជា​យុទ្ធសាស្រ្ត​មួយ​យកគំរូ​តាម​យុទ្ធសាស្រ្ត​ឈ្នះ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​ ២០០៨ របស់​លោក Barack Obama សម្រាប់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក។ លោក Pita យល់​ដឹង​ពី​សារៈសំខាន់​នៅ​ក្នុង​ការ​បង្កើត​ជា​មូលដ្ឋាន​គាំទ្រ​តាម​ប្រព័ន្ធ​អនឡាញ​ ដោយ​លោក​ធ្លាប់​មាន​បទពិសោធន៍​អម​មិត្ត​រួមថ្នាក់​ជនជាតិ​អាមេរិកាំង ដែល​បាន​បម្រើការ​ដោយ​ស្ម័គ្រចិត្ត​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​លោក​ Obama អំឡុង​ពេល​កំពុង​សិក្សា​នៅ​សាលា​ Kennedy School។

យុទ្ធសាស្រ្ត​តាម​ប្រព័ន្ធ​អនឡាញ​បាន​ទាក់ទាញ​ការ​ចូលរួម​ពី​សំណាក់​អ្នក​បោះឆ្នោត។ កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ TikTok ម្នាក់​ ដែល​មាន​គណនី​ឈ្មោះ misterknp2 បាន​ផលិត​វីដេអូ​ដ៏​ល្បី​មួយ​ ដោយ​បង្ហាញ​ពី​របៀប​នៅ​ក្នុង​ការ​ដាក់​រូប​លោក​ Pita លើ​អាល់ប៊ុម​ក្នុង​ App សម្រាប់​ធ្វើ​ការ​ណាត់​ជួប​រក​គូ​ស្នេហ៍ Tinder ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​កៀរគរ​អ្នកបោះឆ្នោត​ឱ្យ​គណបក្ស Move Forward។

ប៉ុន្តែ​មធ្យោបាយ​ចាស់​ក៏​នៅ​តែ​មាន​សារៈសំខាន់ផង​ដែរ ជាពិសេស​លើ​ខ្នង​ ដៃ និង​ជើង​ខាង​ស្តាំ​របស់​លោក Pita ដែលមាន​រូប​សាក់ ​រួម​មាន​ស្នាមសាក់​បែប​វប្បធម៌​ជនជាតិ Maori របស់​ញូវែលសេឡង់ ដែល​លោក​និយាយ​ថា​ នាំ​ឱ្យ​មាន «សំណាង​ល្អ នៅ​ពេល​អ្នក​ចង់​បាន​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​ប្រកួតប្រជែង»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្ត្របញ្ញា