លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅថ្ងៃច័ន្ទនេះថា លោកអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra) នឹងចាប់ផ្តើមមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃសុក្រនេះ។
ដំណើរទស្សនកិច្ចរបស់លោកថាក់ស៊ីន ស៊ីនណាវ៉ាត់ បានធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីនណាវ៉ាត់ (Yingluck Shinawatra) ដែលនឹងធ្វើទស្សនកិច្ចរយៈពេលមួយថ្ងៃនៅថ្ងៃទី១៥។
កាលពីថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាប័ត្រក្នុងទីក្រុងភ្នំពេញថា លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ នឹងស្នាក់នៅកម្ពុជាចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែកញ្ញា និងចូលរួមសន្និសីទស្តីពីអនាគតសេដ្ឋកិច្ចអាស៊ីដែលបានរៀបចំដោយរាជបណ្ឌិតសភាកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា លោកនឹងមិននិយាយជាមួយលោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ អំពីផលប្រយោជន៍នៃប្រទេសទាំងពីរទេ ហើយក៏គ្មានការចរចាអំពីបញ្ហាប្រេង និងឧស្ម័នរវាងលោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ និងកម្ពុជានោះដែរ។
«ខ្ញុំសូមបញ្ជាក់ថា លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ គ្មានភារកិច្ចនឹងចរចាលើករណីអ្វីទាំងអស់ក្នុងផលប្រយោជន៍រឿងទំនាក់ទំនងរវាងកម្ពុជា ថៃ ព្រោះនេះជាតួនាទីរបស់រាជរដ្ឋាភិបាលថៃ មិនមែនជាតួនាទីរបស់លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ ទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា គ្មានកិច្ចព្រមព្រៀងត្រូវបានសម្រេចអំពីបញ្ហាប្រេងនេះទេ។ ទោះបីជាការចរចារវាងកម្ពុជា និងថៃបានធ្វើឡើងជាសម្ងាត់ និងចំហក្តី ការចរចាទាំងអស់មិនទាន់បានចេញលទ្ធផលណាមួយទេ ហើយក៏មិនអាចមានរឿងផលប្រយោជន៍អាថ៌កំបាំងណាមួយទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកនឹងទទួលលោក ថាក់ស៊ីន ជាផ្លូវការនៅទីស្តីការគណៈរដ្ឋមន្ត្រី និងនិយាយអំពីការអភិវឌ្ឍសេដ្ឋកិច្ច។
«នៅថ្ងៃទី១៦ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ មកដល់កម្ពុជា។ ខ្ញុំទទួលលោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ នៅទីស្តីការគណៈរដ្ឋមន្ត្រី និងបាយនៅទីស្តីការគណៈរដ្ឋមន្ត្រី លោកឯងថាអ្វីខ្ញុំ។ ប្រទេសខ្ញុំ ទីស្តីការគណៈរដ្ឋមន្ត្រីខ្ញុំ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ក្នុងអំឡុងពេលស្នាក់នៅកម្ពុជាពីថ្ងៃទី១៦ដល់ថ្ងៃទី២៤ លោក ថាក់ស៊ីន នឹងធ្វើបទឧទេ្ទសនាមនៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចនៅថ្ងៃទី១៧។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងលេងកូនហ្គោលជាមួយលោក ថាក់ស៊ីន នៅថ្ងៃទី១៨។ លោក ថាក់ស៊ីន ធ្វើឧទ្ទេសនាមនៅសិក្ខាសាលាស្តីពីអនាគតសេដ្ឋកិច្ចអាស៊ីនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៩។ នៅថ្ងៃទី២០ លោក ថាក់ស៊ីន ជិះយន្តហោះទៅកាន់ខេត្តសៀមរាបដើម្បីជួបជាមួយក្រុមមេដឹកនាំចលនាអាវក្រហម និងអ្នកគាំទ្រ។ សមាជិកសភាកម្ពុជា និងថៃ និងមន្ត្រីជាន់ខ្ពស់នឹងលេងបាល់ទាត់នៅពហុកីឡាដ្ឋានជាតិអូឡាំពិកក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី២៤។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានថ្លែងថា កម្ពុជាត្រូវតែមានការប្រុងប្រយ័ត្នចំពោះដំណើរទស្សនកិច្ចរបស់លោក ថាក់ស៊ីន ដើម្បីជៀសវាងជម្លោះដែលអាចកើតមានរវាងកម្ពុជា និងថៃ។
«ថៃមិនដែលនៅក្រោមយើងទេ ច្រើនតែកេងពីយើង។ ខ្ញុំសុំឲ្យគាត់ ប្រយ័ត្នចាញ់កល់ល្បិចគេយកចំណេញសេដ្ឋកិច្ចពីយើង»។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្សី បានថ្លែងថា កម្ពុជាគួរតែទទួលបានការយល់ព្រម ឬការស្រុះស្រួលជាមួយថៃមុននឹងអនុញ្ញាតឲ្យលោកថាក់ស៊ីន មកកម្ពុជា។
«យើងសង្កេតឃើញថា មានរដ្ឋាភិបាលថ្មីដែលមានប្អូនស្រីរបស់លោក ថាក់ស៊ីន ជានាយករដ្ឋមន្ត្រីនេះ ហាក់ដូចជាយើងអាចនឹងមានការស្រុះស្រួលគ្នាជាងមុខក៏ពិតមែន ក៏ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាត្រូវតែគោរពសេចក្តីសម្រេចរបស់តុលាការប្រទេសថៃ និងមិនត្រូវធ្វើឲ្យមានការប៉ះពាល់ទៅលើច្បាប់ទម្លាប់ប្រទេសគេ ជាពិសេសប្រទេសជិតខាងយើងនោះទេ»។
ក្នុងរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី អាភីស៊ីត វីចាជីវៈ (Abhisit Vejjajiva) បានទាមទារឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញចាប់បញ្ជូនខ្លួនលោក ថាក់ស៊ីន ទៅប្រទេសថៃដើម្បីប្រឈមនឹងតុលាការ ប៉ុន្តែទីក្រុងភ្នំពេញបានបដិសេធ៕