វិបត្តិ​នយោបាយ​ប៉ះពាល់​ទេសចរណ៍​នៅ​កម្ពុជា

ផ្ទៃក្នុង​ដ៏​វឹកវរ​របស់​ប្រទេស​ថៃ​ កំពុង​ទាញ​ទម្លាក់​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ហូរ​ចូល​មក​ប្រទេស​កម្ពុជា។​ ដោយ​មើល​ឃើញ​ពី​សភាព​ការណ៍​នេះ​ ​ ប្រទេស​កម្ពុជា​បាន​ពង្រឹង​យុទ្ធ​សាស្ត្រ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ ដើម្បី​កាត់​បន្ថយ​លំហូរ​ទេសចរ​បរទេស​ ដោយ​ពឹង​ផ្អែក​ប្រទេស​ថៃ។

នាង​ រស់ សុធា ​ជូន​សេចក្តី​រាយ​ការណ៍​ពិស្តារ​អំពី​រឿង​នេះ​ដូច​ត​ទៅ៖

រដ្ឋាភិបាល​របស់​ប្រទេស​កម្ពុជា​ នៅ​ទីបំផុត​បាន​អនុម័ត​នូវ​យុទ្ធ​សាស្រ្ដ​ថ្មីៗ​ មួយ​ចំនួន​ថែម​ទៀត​ ប្រយោជន៍​ ដើម្បី​ព្យាយាម​ គេចវេស​ពី​ការ​ពឹងផ្អែក​លំហូរ​ទេសចរ​បរទេស​តាម​ច្រក​ប្រទេស​ថៃ​ដែល​ កំពុង​តែ​គ្រប​ដណ្ដប់​ដោយ​វិបត្តិ​នយោបាយ​ដ៏ច្រួល​ច្របល់។

ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ប្រទេស​កម្ពុជា​បាន​ដក​ដង្ហើម​តាម​ប្រទេស​ថៃ ​ដើម្បី​ស្រូប​យក​ទេសចរ​បរទេស​ ប្រមាណ​ជា​៤០%​ ក្នុង​ចំណោម​ទេសចរ​បរទេស​សរុប​ ដែល​ចូល​មក​កម្សាន្ត​នៅ​កម្ពុជា។

លោក​ ថោង ​ខុន​ រដ្ឋមន្រ្ដី​ក្រសួង​ទេសចរណ៍​ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នោះ​ បាន​ទាញ​ទម្លាក់​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ឆ្លងកាត់​ប្រទេស​ថៃ​មក​កម្ពុជា​ ប្រហែល​ជា​ជិត​១០%។​ ដូច្នេះ​ហើយ​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ពេល​នេះ​កំពុង​រៀបចំ​យុទ្ធ​វិធី​ដើម្បី​ពង្វាង​ការ​ប្រើប្រាស់​ច្រក​ប្រទេស​ថៃ​ទាំង​ផ្លូវគោក​ និង​ផ្លូវ​អាកាស។

«ដោយសារតែ​សភាព​ការណ៍​ថៃ​អញ្ចឹង​ យើង​ផ្សព្វផ្សាយ​ ដូរ​ច្រក​ចូល។​ ពីមុន​យើង​ផ្សព្វផ្សាយ​តែ​តាម​ CNN ​អឺរ៉ុប​ និង​CNN ​អាស៊ី​ទេ។​ ខាង​មុខ​ហ្នឹង​ គឺ​យើង​ផ្សាយ​ទៅ​ខាង​ អាមេរិក​ផង​ដែរ។​ ហើយ​គឺ​ត្រូវ​ជំរុញ​ឲ្យ​មាន​ការ​ហោះ​ហើរ​ត្រង់​ពី​ចម្ងាយ​មក​ស្រុក​យើង​ ហើយ​ពង្រឹង​គុណភាព​សេវា​បដិសណ្ឋារ​កិច្ច​ ម្ហូប​អាហារ ​និង​សេវា​ស្នាក់នៅ»។

កាល​ពី​ឆ្នាំ​២០០៩​ ប្រទេស​កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​សរុប​ចំនួន​២,២លាន​នាក់​ ដែល​កើន​ឡើង​តិច​ជាង​២%​ ធៀប​នឹង​ឆ្នាំ​២០០៨។ ​ក្នុង​នោះ​ទេសចរ​បរទេស​ជិត​មួយ​លាន​នាក់​ បាន​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​តាម​រយៈ​ប្រទេស​ថៃ​ ជាពិសេស​តាម​ការ​ហោះហើរ​ផ្ទាល់​ និង​ តាម​ព្រំដែន​គោក​ ដូចជា​ច្រក​ព្រំដែន​អន្តរជាតិ​កោះកុង​ និង​ច្រក​ប៉ោយប៉ែត។​ ប៉ុន្តែ​ចាប់​តំាងពី​ដើម​ខែ​មីនា​មក​ បន្ទាប់​ ពី​ការ​ងើប​ឡើង​ធ្វើ​បាតុកម្ម​តវ៉ា​តាម​ដងផ្លូវ ​ក្រុង​បាងកក​ នៅ​ក្នុង​ប្រទេស​ថៃ​ របស់​ក្រុម​អាវក្រហម ​ដែល​គាំទ្រ​អតីត​នាយក​រដ្ឋ​មន្ដ្រី​ថៃ​ ថាក់ស៊ីន​ ស៊ីណាវ៉ាត់​ បានពុះ​កញ្ជ្រោល​យ៉ាង​ខ្លំាង​ នោះ​ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ឆ្លងកាត់​តាម​ច្រក​ប៉ោយប៉ែត​ចូល​មក​កម្ពុជា​ បាន​ធ្លាក់​ចុះ​ ពី​ជិត​៩០០​នាក់​ក្នុង​មួយ​ថ្ងៃ​មក​ត្រឹម​៦០០​នាក់​ក្នុង​មួយ​ថ្ងៃ​វិញ​ ​នេះ​បើ​យោង​តាម​មន្ត្រី​ផ្លូវការ​ ប្រចាំ​ច្រក​ព្រំដែន​អន្តរ​ជាតិ​ប៉ោយប៉ែត។​ ​ច្រក​ប៉ោយប៉ែត​ ដែល​តំណាង​ឲ្យ​១០%​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​៤០%​ ដែល​ឆ្លង​កាត់​តាម​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ លោកលូ ម៉េង​ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា ​មាន​ប្រសាសន៍​ថា ចំនួន​កក់​សណ្ឋាគារ​នៅ​ទូទំាង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ពី​១០%​ទៅ​១៥%​ ​ ក្នុងនោះ​សណ្ឋាគារ​នៅ​ខេត្ត​ សៀមរាប​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ។

ហើយ​យុទ្ធ​សាស្ត្រ​ថ្មី​ដែល​រដ្ឋាភិបាល​បាន​រៀបចំ ​មិន​ទាន់​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ​បាន​ភ្លាមៗ​នោះ​ទេ​ ​ដូច្នេះ​ក្នុងកាលៈទេសៈ​នេះ​ ការ​ងើប​រួច​ពី​ការ​ខាត​បង់​ក្នុង​វិស័យ​ទេសចរណ៍​ ត្រូវ​ពឹង​ផ្អែក​ជា​ចម្បង​ទៅ​លើ​ស្ថាន​ការណ៍​នៅ​ប្រទេស​ថៃ​ ទោះជា​យ៉ាងណា​ ​ រហូត​មក​ដល់​ពេល​នេះ​ ពុំទាន់​មាន​ការ​វាយ​តម្លៃ​ពី​ចំនួន​សាច់ប្រាក់​រួម​ដែល​កម្ពុជា​បាន​បាត់​បង់​ក្នុង​វិស័យ​ទេសចរណ៍​ ដោយ​សារ​ផល​ប៉ះពាល់​ពី​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ឡើយ​ទេ។

វិស័យ​ទេសចរណ៍​ គឺ​ជាទម្រ​មួយ​ក្នុង​ចំណោម​ទម្រ​ទំាង​បួន​ ដែល​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ ​ ក្នុង​នោះ​មាន​វិស័យ​កសិកម្ម ​វាយន​ភ័ណ្ឌ ​និង​វិស័យ​សំណង់។​ វិស័យ​ទេសចរណ៍​ រួម​នឹង​វិស័យ​កាត់​ដេរ​ និង​វិស័យ​សំណង់​ផង​តំណាង​ឲ្យ​១ភាគ៣​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ​ឬ ​GDP​របស់​ប្រទេស​កម្ពុជា។​ GDP​របស់​ប្រទេស​កម្ពុជា​ ដែល​មាន​តម្លៃ​ប្រមាណ​១០​ពាន់​លាន​ដុល្លារ។ ​ប៉ុន្តែ ​បើ​ធៀប​នឹង​ប្រទេស​ក្បែរ​ខាង​ ដូចជា​ប្រទេស​ថៃ ​និង​វៀតណាម​ ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​ ១០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ​វិស័យ​ទេសចរ​របស់​ប្រទេស​កម្ពុជា​នៅ​មាន​លក្ខណៈ​ តូច​ចង្អៀត​នៅ​ឡើយ។​ ដូច្នេះ​ភាព​ទន់​ជ្រាយ​នៃ​វិស័យ​ទេសចរ​នឹង​ទាញ​ទម្លាក់​កំណើន​សេដ្ឋកិច្ច​ របស់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​ ​ខណៈ​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​សេដ្ឋកិច្ច ​សាកល​លោក ​រួចទៅ​ហើយ​នោះ។

នៅ​ក្នុង​ពេល​នេះ​ ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​បង្កើន​យុទ្ធសាស្ត្រ​ពង្វាង​ការ​ធ្វើ​ដំណើរ​របស់​ក្រុម​អ្នក​ទេសចរ​ ភ្ញៀវ​ទេសចរ​បរទេស​មួយ​ចំនួន​ បាន​ប្តូរ​ទិស​ដៅ​ធ្វើ​ដំណើរ​របស់​ពួក​គេ​រួច​ជា​ស្រេច​ទៅ​ហើយ​ ដើម្បី​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា។​ នោះ​គឺ​ការ​ប្តូរ​ពី​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ថៃ​ទៅ​ធ្វើការ​ហោះ​ត្រង់​ពី​ប្រទេស​ម៉ាឡេស៊ី ​និង​សិង្ហ​បុរី​ និង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​ដោយ​ឆ្លង​កាត់​ព្រំដែន​នៃ​ប្រទេស​វៀតណាម​វិញ។

លោក​ ម៉ម ​យ៉យ​ អនុប្រធាន​ប៉ុស្តិ៍​នគរ​បាល​អន្តោ​ប្រវេសន៍​ច្រក​ព្រំដែន​អន្តរជាតិបាវិត​នៃ​ខេត្ត​ស្វាយ​រៀង បាន​ឲ្យ​ដឹង​ថា​ ចំនួន​ភ្ញៀវ​ទេចរ​បរទេស​ដែល​ឆ្លង​កាត់​ច្រក​ព្រំដែន​របស់​លោក​ ចូល​មក​កាន់​ទីក្រុង​ភ្នំពេញ​ បាន​កើន​ឡើង​ពី​ជាង​២ម៉ឺន​៧ពាន់​នាក់​ នៅ​ក្នុង​ខែ​មិនា​ ទៅ​ជាង​៣ម៉ឺន១​ពាន់​នាក់​ នៅ​ក្នុង​ខែ​មេសា ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ទាំង​នោះ​ មាន​ទេសចរ​មក​ពី​សហ​រដ្ឋ​អាមេរិក​ និង​មក​ពី​ទ្វីប​អឺរ៉ុប​ផង​ដែរ។

«ថៃ​កើត​បញ្ហា​អសន្ដិសុខ​អញ្ចឹង​ទៅ​ អញ្ចឹ​វា​ប្ដូរ​ទិស​ ចូល​មក​តាម​រយៈ​វៀតណាម​ មក​ទស្សន​កិច្ច​ខ្មែរ​យើង​ ព្រោះ​វា​សុវត្ថិភាព»។

ជាមួយ​គ្នា​នោះ​ដែរ​ អ្នកស្រី ​ហូ ប៉ូឡែន​ អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​លក់​សំបុត្រ​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរ​ ម៉ាឡេស៊ី​អៀរ ​បាន​និយាយ​ថា ​អ្នក​ដំណើរ​ដែល​ធ្វើ​ដំណើរ​តាម​អាកាសចរ​របស់​លោកស្រី​ មាន​កំណើន​ជា​បន្ត​បន្ទាប់​ចាប់​តំាង​ពី​ប្រទេស​ថៃ​មានបញ្ហា​មក។​ ដូច្នេះ​ហើយ​ ក្រុមហ៊ុន​លោកស្រី​ដែល​បច្ចុប្បន្ន​មាន​ការ​ហោះហើរ​ត្រង់​ពី​ទីក្រុង​កូឡាឡាំពួ ​មក​កាន់​ប្រទេស​កម្ពុជា​ចំនួន១​ជើង​ ក្នុង​មួយ​ថ្ងៃ ​មាន​គម្រោង​បង្កើន​ការ​ហោះហើរ​បន្ថែម​ពី​មួយ​ទៅ​ពីរ​ជើង​ ទៀត​ក្នុង​មួយ​ថ្ងៃ​ ដោយ​ផ្អែក​ទៅ​តាម​កំណើន​នៃ​ចំនួន​អ្នក​ដំណើរ ​នា​ពេល​ខាង​មុខ។

«តាំង​ពី​ថៃ​មាន​បញ្ហា ​ទាំង​ទៅ​ ទាំង​មក​ ការ​ហោះហើរ​ពួក​ខ្ញុំ​ពេញៗ។​ កាល​ពី​មុន​ ដូច​យើង​បាន​ត្រឹមតែ​ ៥០- ៦០%​ អញ្ចឹង​ ប៉ុន្ដែ​ឥឡូវ​អាច​ឡើង​ដល់៩០%។ ​មេ​និយាយ​ថា ​យើង​ចង់គ្រោង​ថែម (ជើង​ហោះហើរ)។​ បើ​តម្លើង​ប្រហែល​ជា​មិន​ហួស​ពីរជើង​ ប៉ុន្ដែ​មិន​មែន​ពីរ​ជើង​រាល់​ថ្ងៃ​ទេ​ យើង​មើល​តាម​ទីផ្សារ»។

បើ​ទោះជា​យ៉ាង​នេះ​ក្តី ​អាង គឹមអ៊ាង​ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​លើក​ឡើង​ថា ​តម្លៃ​ហោះហើរ​នៅតែ​ជា​បញ្ហា​កង្វល់​ ត្បិត​ការ​បង្វែរ​ការ​ហោះហើរ​តាម​ជើង​ហោះហើរ​ម៉ាឡេស៊ី​ សិង្ហបុរី​ និង​ហុងកុង ​មាន​តម្លៃ​ខ្ពស់​ជាង​ការ​ហោះហើរ​តាម​ប្រទេស​ថៃ​ ដែល​អាច​បង្អាក់​ទឹក​ចិត្ត​ភ្ញៀវ​ទេសចរ​ដែល​ធ្លាប់​ឆ្លង​កាត់​តាម​ច្រក​ប្រទេស​ថៃ​មក​កាន់​កម្ពុជា។

លោក ​ហ៊ូ វណ្ណឌី ​សហ​ប្រធាន​ក្រុម​ការងារ​ទេសចរ​ផ្នែក​ឯកជន​ ជួយ​បន្ថែម​ថា​ ទន្ទឹម​នឹង​ការ​ទទួល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នយោបាយ​វ៉ឹកវរ​របស់​ប្រទេស​ថៃ​ហើយ​នោះ​ ​វិស័យ ទេសចរ​កម្ពុជា​នៅ​ខ្វះ​ធនធាន​មនុស្ស ​និង​ខ្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ដើម្បី​ទាក់​ទាញ​អ្នក​ទេសចរ​បរទេស​ឲ្យ​ចូល​មក​ទស្សនា​ ដូច​ជា​កង្វះ​ភាព​សម្បូរ​បែប​នៃ​មណ្ឌល​កម្សាន្ត​ជា​ដើម។

លោក​ថោង ខុន ​បាន​ទទួល​ស្គាល់​នូវ​ចំណុច​ខ្វះខាត​ទំាងនេះ​ ហើយ​លោក​លើក​ឡើង​ថា​ ដោយ​សារ​មាន​បញ្ហា​ប្រឈម​ខ្លំាង​បង្ក​ពី​ប្រទេស​ថៃ​ ​លោក​រំពឹង​ថា​ ​ ចំនួន​ភ្ញៀវ​ទេសចរ​ចូល​មក​ប្រទេស​កម្ពុជា​នឹង​មាន​កំណើន​ត្រឹម​តែ​១០%​ប៉ុណ្ណោះ​ នៅ​ឆ្នាំ​២០១០​នេះ​ គឺ​ខុស​ពី​ឆ្នាំ​មុនៗ​ មុន​ពេល​វិបត្តិ​សេដ្ឋ​កិច្ច​សកល​លោក​ផ្ទុះ​ឡើង​ ដែល​កម្ពុជា​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ក្នុង​រង្វង់២៥%​ ក្នុង​មួយ​ឆ្នាំៗ។​ ប៉ុន្តែ​លោក​ជឿ​ថា​ ​ចំនួន​ភ្ញៀវ​នឹង​កើន​ខ្ពស់​ជាង​នេះ​នៅ​ពេល​ដែល​យុទ្ធ​សាស្ត្រ​ថ្មី​ៗ​ដើម្បី​ជំរុញ​កំណើន​ទេសចរ​ត្រូវ​បាន​អនុវត្ត ​និង​បញ្ជ្រាប​ដល់​ក្រុម​អ្នក​ទេសចរ​បរទេស។

សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​ការ​ហោះហើរ​ត្រង់​ពី​ប្រទេសថៃ ​វៀតណាម​ ឡាវ​ ម៉ាឡេស៊ី ​កូរ៉េ​ខាងត្បូង​ សិង្ហបុរី ​កោះ​តៃវ៉ាន់​ និង​កោះ​ហុងកុង។​ ថ្វី​ត្បិតតែ​ក្នុង​ពេល​បច្ចុប្បន្ន​ ខ្លួន​កំពុង​ទទួល​រង​ឥទ្ធិពល​ពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​ថៃ​ ​ប្រទេស​កម្ពុជា​រំពឹង​ថា នឹង​អាច​ស្រូប​យក​ចំហាយ​ពី​កំណើន​ទេសចរ​បរទេស​នៅ​ប្រទេស​ចិន​ និង​ប្រទេស​ឥណ្ឌា​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត។​ ប្រទេស​ចិនត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា ​នឹង​មាន​កំណើន​ភ្ញៀវ​ទេសចរ​រហូត​ទៅ​ដល់​ចំនួន​១០០​លាន​នាក់​នៅ​ឆ្នាំ​២០២០​ រីឯ​ប្រទេស​ឥណ្ឌា​អាច​ទាក់ទាញ​ទេសចរ​បរទេស​ បាន​ប្រមាណ​ជា​៥០​លាន​នាក់​នៅ​ឆ្នាំ​២០២០៕