ប្រាសាទបុរាណមួយដែលនៅតាមបណ្តោយព្រំដែនរវាងប្រទេសកម្ពុជានិងថៃស្ថិតនៅចំចំណុចកណ្តាលនៃជម្លោះស្លាប់រស់រវាងប្រទេសទាំងពីរ។ ការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែននៅឆ្នាំនេះបានសម្លាប់មនុស្សអស់ប្រមាណ៣០នាក់និងបង្ខំអ្នកភូមិរាប់ម៉ឺននាក់ឱ្យរត់ភៀសខ្លួនចេញពីលំនៅដ្ឋាន។ រដ្ឋាភិបាលនៃប្រទេសទាំងពីរនិយាយថាជម្លោះនេះបង្កឡើងដោយសារបញ្ហាកម្មសិទ្ធិដីនៅជាប់ប្រាសាទ ប៉ុន្តែក៏មានការលើកឡើងថាស្មារតីជាតិនិយមនិងនយោបាយផ្ទៃក្នុងនៅក្នុងប្រទេសទាំងពីរក៏ដើរតួនាទីសំខាន់មួយជំរុញឱ្យមានជម្លោះនេះដែរ។
ជម្លោះព្រំដែនបានគ្របដណ្តប់លើរបៀបវារៈនៃកិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ ហើយកិច្ចខិតខំប្រឹងប្រែងដោយប្រទេសឥណ្ឌូនេស៊ីដែលជាអ្នករៀបចំបានបរាជ័យក្នុងការរកដំណោះស្រាយលើការខ្វែងគំនិតគ្នាដ៏ធំរវាងភាគីទាំងពីរ។
នៅពេលដែលលោកនាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត វីចាជីវ៉ានិងលោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែនបានជួបគ្នានៅឯកិច្ចប្រជុំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យ មេដឹកនាំទាំងពីរបានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមកទៅលើបញ្ហាថាតើប្រទេសណាមួយជាអ្នកទទួលខុសត្រូវចំពោះជម្លោះដែលបានអូសបន្លាយរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្រ្តី ថៃបានអះអាងថាប្រទេសកម្ពុជាបានបង្កឱ្យមានការវាយប្រយុទ្ធគ្នាដោយសារបានដាក់ពង្រាយកងទ័ពនៅតំបន់ដែលមានជម្លោះ។ លោកបានបន្ថែមទៀតថាចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជាបានព្យាយាមម្តងហើយម្តងទៀតនាំយកជម្លោះនេះ ទៅឆាកអន្តរជាតិដោយនាំឱ្យមានការចូលពាក់ព័ន្ធពីក្រុមខាងក្រៅ ដូចជាសមាគមអាស៊ាន និងអង្គការសហប្រជាជាតិជាដើម។
លោក ធីទីណាន់ ពង្សុទ្ធីរ៉ាក់ (Thitinan Pongsudhirak) នាយកនៃវិទ្យាស្ថានសិក្សាសន្តិសុខនិងកិច្ចការអន្តរជាតិនៅឯសាកលវិទ្យាល័យជូឡាឡុងកនក្នុងទីក្រុងបាងកកបាននិយាយថា៖
«អាស៊ានបានព្យាយាមជួយសម្របសម្រួល។ កាលពីខែកុម្ភៈ មានការព្រមព្រៀងគ្នាមួយថានឹងបញ្ជូនអ្នកសង្កេតការណ៍សន្តិភាពឥណ្ឌូនេស៊ីមកប្រទេសកម្ពុជានិងថៃហើយភាគីថៃបានយល់ព្រម។ ប៉ុន្តែវិបត្តិផ្ទៃក្នុងរបស់ថៃដែលនាំឱ្យក្រុមយោធាបដិសេធចោលការព្រមព្រៀងរបស់រដ្ឋាភិបាលស៊ីវិលរបស់លោកអាប់ភីស៊ីត។ ហើយតាមពិតទៅកិច្ចព្រមព្រៀងនេះគឺភាគីថៃទេជាអ្នកបដិសេធចោល»។
នៅប្រទេសថៃ ការវាយប្រយុទ្ធគ្នានៅតាមបណ្តោយព្រំដែនបានកើតមានឡើងស្របពេលដែលរដ្ឋាភិបាលត្រៀមរៀបចំការបោះឆ្នោតជាតិនៅដើមខែកក្កដា ហេតុនេះបាននាំឱ្យមានការមន្ទិលសង្ស័យថានយោបាយផ្ទៃក្នុងដែលកំពុងបែកបាក់របស់ប្រទេសនេះអាចមានចំណែកខ្លះនៅក្នុងជម្លោះនោះ។
ការបោះឆ្នោតនេះត្រូវបានគេមើលឃើញថាជាការបង្ហាញសាច់ដុំរវាងក្រុមថ្នាក់ខ្ពស់ឬក្រុមវរជនដែលមានការគាំទ្រពីក្រុមយោធាទល់នឹងក្រុមគណបក្សប្រឆាំងដែលគាំទ្រដោយអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលធ្លាប់មានទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជាពេលដែលលោក នៅកាន់អំណាច។
ក្រុមយោធាបានទម្លាក់លោកថាក់ស៊ីននៅក្នុងរដ្ឋប្រហារមួយកាលពីឆ្នាំ២០០៦ដោយមានការគាំទ្រពីក្រុមបាតុករជាតិនិយមដែលគេស្គាល់ថាជាក្រុមអាវលឿង។ អ្នកគាំទ្ររបស់លោកត្រូវបានគេដកចេញពីជួរកងទ័ពនិងរដ្ឋាភិបាលហើយលោកបានរស់នៅនិរទេសខ្លួន ដើម្បីគេចចេញពីការចោទប្រកាន់ពីបទពុករលួយ។
ចាប់តាំងពីពេលនោះមក នយោបាយក្នុងប្រទេសនេះបានបែងចែកគ្នាយ៉ាងជូរចត់ហើយការស្ទង់មតិបង្ហាញថាការបោះឆ្នោតក្នុងខែកក្កដានេះនឹងមានលក្ខណៈប្រកៀកប្រកិតគ្នា។
លោក វីលៀម ខេស (William Case) សាស្ត្រាចារ្យនៃការសិក្សាពីអាស៊ីនិងកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ City នៅទីក្រុងហុងកុង មានប្រសាសន៍ថាក្រុមអ្នកប្រឆាំងនឹងលោកថាក់ស៊ីន ប្រហែលជាសង្ឃឹមថា វិបត្តិព្រំដែននឹងជួយប្រមូលផ្តុំជាតិទាំងមូលឱ្យងាកមកគាំទ្រពួកគេឬក៏ប្រើប្រាស់វាជាលេសដើម្បីពន្យាពេលបោះឆ្នោត។
«មានក្រុមខ្លះដែលរួមទាំងក្រុមយោធានិងចលនាក្រុមអាវលឿងដែលប្រហែលជាមិនចង់ឱ្យមានការបោះឆ្នោតទេដោយសារតែខ្លាចលទ្ធផលបោះឆ្នោតចេញមកយ៉ាងណានោះ»។
កាលពីខែធ្នូមានក្រុមមួយក្នុងចំណោមពួកអាវលឿងបានបំផុសស្មារតីជាតិនិយមនៅ ភាគីទាំងពីរដោយធ្វើដំណើរទៅតំបន់ដែលមានជម្លោះហើយត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនពីបទចារកម្ម។
ចាប់តាំងពីពេលនោះមកក្រុមអាវលឿងបានតវ៉ានៅក្រៅអាគារដ្ឋាភិបាលប្រឆាំងនឹងលោកអាប់ភីស៊ីត ដោយចោទថាលោកប្រកាន់ជំហរទន់ខ្សោយពេកចំពោះប្រទេសកម្ពុជា។
ការតានតឹងបានកើតមានឡើងជាលើកដំបូងនៅតាមបណ្តោយព្រំដែនក្នុងឆ្នាំ២០០៨នៅពេលដែលអង្គការសហប្រជាជាតិបានចុះបញ្ជីប្រាសាទបុរាណខ្មែរមួយដែលមានទីតាំងក្នុងប្រទេសកម្ពុជាជាបេតិកភណ្ឌពិភពលោក។ នៅពេលនោះ រដ្ឋាភិបាលថៃដែលមានទំនាក់ទំនងជាមួយនឹងលោកថាក់ស៊ីន បានគាំទ្រពាក្យស្នើសុំរបស់ប្រទេសកម្ពុជា។
លោក ម៉ៃឃើល ម៉ុងតេសាណូ (Michael Montesano) គឺជាអ្នកស្រាវជ្រាវមួយរយៈខ្លីស្តីពីប្រវត្តិសាស្រ្តថៃនិងកិច្ចការក្នុងតំបន់នៃវិទ្យាស្ថានសម្រាប់ការសិក្សាអាស៊ីអាគ្នេយ៍នៅ ប្រទេសសឹង្ហបូរីបានបញ្ជាក់ថាគូប្រឆាំងនយោបាយរបស់លោកអតីតនាយករដ្ឋមន្រ្តីបានចាប់យកការចុះបញ្ជីប្រាសាទនេះដើម្បី ទាញរឿងទំនាស់ព្រំដែនមកជារឿងនយោបាយ។
«ជាក់ស្តែងចាប់តាំងពីពេលនោះមករឿងរ៉ាវបានកើតឡើងហួសពីការគ្រប់គ្រង ហើយមានហិង្សាប្រដាប់អាវុធរវាងកងកម្លាំងថៃនិងកម្ពុជានៅតាមព្រំដែនកម្ពុជានិងថៃ មាន ឧបទ្ទវហេតុជាបន្តបន្ទាប់អូសបន្លាយជាច្រើនឆ្នាំ អសមត្ថភាពដ៏រ៉ាំរ៉ៃរបស់សមាគមអាស៊ានក្នុងការដោះស្រាយហិង្សារវាងរដ្ឋសមាជិក គឺទាំងអស់នេះផ្តើមចេញមកពីអ្វី ដែលជានយោបាយផ្ទៃក្នុងនៅភាគីខាងថៃ»។
ជម្លោះព្រំដែនក៏មានលក្ខណៈនយោបាយក្នុងប្រទេសកម្ពុជាដែរ ដែលទំនាក់ទំនងជាមួយនឹងប្រទេសថៃនិងប្រទេសវៀតណាមដើរតួនាទីសំខាន់ក្នុងនយោបាយផ្ទៃក្នុង។
លោកហ៊ុន សែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាគឺជាមិត្តភក្តិជិតស្និទ្ធរបស់លោកថាក់ស៊ីនហើយក្នុងឆ្នាំ២០០៩ បានតែងតាំងលោកថាក់ស៊ីនជាទីប្រឹក្សាសេដ្ឋកិច្ចហើយបានបដិសេធធ្វើបត្យាប័នគាត់ទៅប្រទេសថៃវិញ។
លោក Montesano និយាយថាប្រជាជនកម្ពុជាជាច្រើនមើលឃើញប្រទេសថៃថាមានលក្ខណៈក្រអឺតក្រអោងដាក់ប្រទេសជិតខាងតួចតាចរបស់ខ្លួនហើយលោកហ៊ុន សែនទទួលបានពិន្ទុនយោយបាយងាយស្រួលដោយការងើបឡើងតទល់នឹងទីក្រុងបាងកក។
ប៉ុន្តែលោក Montesano និយាយថាបញ្ហានេះក៏ផ្តល់ឱ្យរដ្ឋាភិបាលកម្ពុជានូវការបិទបាំងខាងនយោបាយលើបញ្ហាព្រំដែនដែលខ្លួនមានជាមួយប្រទេសវៀតណាម។ គូបដិបក្ខរបស់លោកហ៊ុន សែនបានចោទប្រកាន់គាត់ថាមានការទន់ខ្សោយក្នុងការចរចាជាមួយក្រុងហាណូយ។
«ខ្ញុំក៏មិនដឹងច្បាស់ថាពួកគេនិយាយត្រូវឬខុសទេ។ ប៉ុន្តែពួកគេនិយាយថាលោកហ៊ុន សែនលេងក្នុងសភាពការណ៍ព្រំដែនជាមួយប្រទេសថៃគឺដើម្បីទាញការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរចេញពីអ្វីដែលជាជំហរទន់ខ្សោយរបស់លោកទល់នឹងប្រទេសវៀតណាមទាក់ទងនឹងព្រំដែនដែលមិនបានបោះបង្គោលត្រឹមត្រូវ»។
ព្រំដែនរវាងប្រទេសកម្ពុជានិងថៃត្រូវបានកំណត់ជាងមួយសតវត្សរ៍មកហើយដោយប្រទេសបារាំងដែលធ្វើអាណានិគមនៅកម្ពុជាជាមួយនឹងប្រទេសថៃដែលពេលនោះ មានឈ្មោះហៅថាព្រះរាជាណាចក្រសៀម។
ភាគីថៃបានទទួលយកផែនទីផលិតដោយប្រទេសបារាំងយ៉ាងស្ងៀមស្ងាត់ប៉ុន្តែមានការអាក់អន់ចិត្តនាពេលក្រោយមកដោយចោទថាផែនទីនោះមិនយុត្តិធម៌ទេ។
តំបន់ទំនាស់សំខាន់គឺលើដីដែលនៅ ក្បែរប្រាសាទព្រះវិហារដែលមានចំណាស់៩០០ឆ្នាំ។
តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចកាលពីឆ្នាំ១៩៦២ថាប្រាសាទនោះជារបស់ប្រទេសកម្ពុជាហើយប្រទេសថៃបានទទួលយល់ព្រម តែបញ្ហានោះនៅងំជាច្រើនទសវត្សរ៍មកទៀត។
ប្រទេសថៃទាមទារយកដីនៅជាប់ប្រាសាទដែលតុលាការមិនបានសម្រេច។
កាលពីដើមខែនេះប្រទេសកម្ពុជាបានស្នើសុំឱ្យតុលាការនោះបកស្រាយសាលក្រមឆ្នាំ១៩៦២ ដើម្បីព្យាយាមដោះស្រាយទំនាស់នេះ។ ប្រទេសថៃនិយាយថាខ្លួនចង់ដោះស្រាយបញ្ហានេះដោយការចរចាផ្ទាល់ជាមួយប្រទេសកម្ពុជា៕
ប្រែសម្រួលដោយ ម៉ែន គឹមសេង