ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសថៃនឹងបើកកិច្ចប្រជុំរួមគ្នាដើម្បីអនុម័តគោលការសហប្រតិ្តបត្តិការមួយចំនួន នៅថ្ងៃស្អែកនេះ។ ក៏ប៉ុន្ដែពុំមានកម្មវិធីជជែកអំពីភាពតានតឹងនៅតំបន់ប្រាសាទព្រះវិហារនោះទេ។
រដ្ឋមន្ដ្រីការបរទេសកម្ពុជា និងរដ្ឋមន្ដ្រីការបរទេសថៃនឹងជួបប្រជុំពិភាក្សាគ្នានៅថ្ងៃសុក្រស្អែកនេះក្នុងខេត្តសៀមរាប ប្រយោជន៍ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រទាំងពីរដែលកំពុងមានជម្លោះព្រំដែនយ៉ាងតានតឹងនឹងគ្នា។ នេះគឺជាកិច្ចប្រជុំគណៈកម្មការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការលើកទី៧ រវាងប្រទេសដែលមានព្រំដែនជាប់គ្នាទាំងពីរនេះ។ ក៏ប៉ុន្ដែពុំមានគម្រោងណាមួយស្ដីពីការជជែកដោះស្រាយអំពីអរិភាពជុំវិញតំបន់ប្រាសាទព្រះវិហារត្រូវគេបង្ហាញនោះទេ។
លោកកួយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា លោករដ្ឋមន្រ្តីការបរទេសថៃ កាស៊ីត ភីរម្យ ត្រូវមកដល់ក្រុងសៀមរាបល្ងាចនេះ ដើម្បីជួបពិភាក្សាជាមួយសមភាគីកម្ពុជា គឺលោកហោ ណាំហុង ស្ដីពីកិច្ចសហប្រតិបត្តិការជាទូទៅរវាងប្រទេសទាំងពីរ ក៏ប៉ុន្ដែគ្មានរបៀបវារៈស្ដីពីការជជែកពីបញ្ហាវត្តកែវសិក្ខាគីរីស្វារៈរបស់ខ្មែរដែលប្រទេសថៃទាមទារឲ្យរំលាយចោល និងបញ្ហានៃភាពតានតឹងជាទូទៅនៅតំបន់ប្រាសាទព្រះវិហារនោះទេ។
“ប្រធានបទអត់មានទេ ហើយក៏មិនត្រូវយកបញ្ហាហ្នឹងមកជជែកដែរ ពីព្រោះវត្តកែវសិក្ខាគីរីស្វារៈស្ថិតក្នុងដែនបូរណភាពនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងពេញលេញ និងយ៉ាងស្របច្បាប់"។
កាលពីថ្ងៃច័ន្ទ នាយករដ្ឋមន្ដ្រីថៃ លោកអាភីស៊ីត វិចាជីវ៉ា ចាត់ទុកថា ការប្រើប្រាស់កងកម្លាំងយោធា គឺជាជម្រើសចុងក្រោយដើម្បីទម្លាយការដោះស្រាយជម្លោះដែលកំពុងតែតានតឹងនៅជុំវិញវត្តកែវសិក្ខាគីរីស្វារៈ ជាមួយនឹងប្រទេសកម្ពុជា។ ហើយមួយថ្ងៃក្រោយមក ប្រទេសកម្ពុជាបានព្រមានតបវិញថា "កម្ពុជារក្សាសិទ្ធិការពារអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ខ្លួន ក្នុងពេលដែលនាយករដ្ឋមន្ដ្រី អាភីស៊ីត បានគំរាមធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសកម្ពុជា"នោះ។
ក៏ប៉ុន្ដែនៅថ្ងៃនេះកាសែតបាងកកប៉ុស្ដិ៍របស់ថៃបានឲ្យដឹងថា លោកកាស៊ីត ភីរម្យនឹងនាំសាររបស់រដ្ឋាភិបាលថៃប្រាប់ប្រទេសកម្ពុជាថា ក្រុងបាងកកមិនមានបំណងធ្វើសង្គ្រាមជាមួយប្រទេសកម្ពុជានោះទេ ហើយសារនេះអាចនឹងជួយឲ្យស្ថានភាពនៅតាមព្រំដែននៃប្រទេសទាំងពីរមានភាពស្ងប់ស្ងាត់ឡើងវិញ។
ជាមួយគ្នានេះដែរកាសែតបាងកកប៉ុស្ដិ៍បានរាយការណ៍បន្ថែមថា ឧបនាយករដ្ឋមន្ដ្រីថៃ លោក ស៊ូថេប ថងស៊ូបាន និងលោក Thawil Pliensri អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្ដិសុខជាតិប្រទេសថៃ បានធ្វើដំណើរមកកាន់ក្រុងភ្នំពេញកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះដើម្បីជួបចរចាជាមួយលោកនាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន ដើម្បីពង្រឹទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ។ ក៏ប៉ុន្ដែគ្មានប្រភពណាមួយពីមន្ដ្រីរដ្ឋាភិបាលកម្ពុជាអាចបញ្ជាក់ពីជំនួបនេះទេ។
ប្រទេសជិតខាងគ្នាទាំងពីរ កម្ពុជា និងថៃ បានចាប់ផ្ដើមពាក់មុខយក្ស ដំឡើងសាច់ដុំ ប្រឈមកងកម្លាំងប្រដាប់អាវុធដាក់គ្នា ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០០៨មកម្ល៉េះ បន្ទាប់ពីអង្គការUNESCO បានសម្រេចដាក់ប្រាសាទព្រះវិហារចំណាស់៩០០ឆ្នាំរបស់ខ្មែរជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។ មានការប៉ះទង្គិចគ្នាដោយអាវុធចំនួនបីលើក ដែលបានបណ្ដាលឲ្យមានការស្លាប់ និងរបួសទាំងសងខាង៕