ខេត្តស៊ីសាកេត ប្រទេសថៃ៖ ព្រំដែនខ្មែរ ថៃ កំពុងស្ថិតនៅក្នុងភាពស្ងប់ស្ងៀមមិនប្រក្រតីមួយ នៅក្រោយការវាយប្រយុទ្ធគ្នាដ៏សាហាវក្នុងពេលថ្មីៗនេះ ដែលបណ្តាលឲ្យមនុស្សច្រើននាក់ស្លាប់និងរាប់សិបនាក់ទៀតត្រូវរបួស នៅជិតទឹកដីដែលមានជម្លោះ។ មនុស្សច្រើនពាន់នាក់នៅសងខាងព្រំដែនបានរត់ភៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នា។ ការវាយប្រយុទ្ធគ្នាបានកាត់បន្ថយទេសចរ និងពាណិជ្ជករឆ្លងព្រំដែនដោយចំនួនច្រើន។
នៅផ្សារ ចុងចោម នៅលើព្រំដែនខ្មែរ-ថៃ កៅ យ៉ុងអូន កំពុងច្របាច់ថ្នាំ ប៉ូលា (ខាត់) រថយន្តដាក់លើក្រណាត់សំពត់មួយ។ គាត់បង្ហាញថ្នាំរបស់គាត់ដល់អ្នកសារព័ត៌មាន និងអ្នកឈរមើលពីរបីនាក់ ដោយប៉ូលា (ខាត់) លើបំណែកគំរូមួយនៃគម្របម៉ាស៊ីនឡាន។
នៅពេលកំពុងខាត់បំណែកគំរូនោះ កៅ យ៉ុងអូន និយាយថា ជួនកាលលោកអ្នកត្រូវដាក់ទឹកថ្នាំសពីរជាន់ ដែលមានតម្លៃ ៦ ដុល្លារក្នុងមួយដប។ តែឥឡូវគាត់បង្ហាញថា ថ្នាំនេះអាចបំបាត់ឆ្នូតតូចៗខ្លះបានផង។
តែជារឿងអាភ័ព្វ ទីផ្សារដែលធម្មតាមានពាណិជ្ជករខ្មែរ និងថៃលក់ដូរកុះករ ឥឡូវស្ទើរតែនៅស្ងាត់ជ្រងំ ហើយកៅ យ៉ុងអូន ក៏គ្មានភ្ញៀវដែរ។
នៅពេលដែលការវាយប្រយុទ្ធគ្នារវាងកងទ័ពថៃ និងខ្មែរបានផ្ទុះឡើងកាលពីថ្ងៃសុក្រមុន មនុស្សនាំគ្នារត់ចោលហាងជាច្រើនរយហាង ទៅរកសុវត្ថិភាព។ មកដល់ថ្ងៃពុធនេះ ហាងភាគច្រើននៅបិទទ្វារនៅឡើយ។ គាត់និយាយថាគាត់ចង់ឲ្យភាគីទាំងសងខាងចរចាគ្នា ដើម្បីឲ្យគាត់អាចត្រឡប់ទៅធ្វើការរកស៊ីវិញឲ្យបានឆាប់។
នៅកន្លែងឆែកអន្តោប្រវេសន៍ ជាំ ស្រងាំ មនុស្សឆ្លងព្រំដែនបានចុះថយពី ៥០ នាក់មកនៅមិនដល់ ១០ នាក់ផងក្នុងមួយថ្ងៃ។
លោក ប៉ាន់សាក់ កាសិមស៊ុន (Pansak Kasemsant) ស្នងការរងនៃការិយាល័យអន្តោប្រវេសន៍និយាយថា គ្មានទេសចរទេ ចាប់តាំងពីថ្ងៃសុក្រ។ លោកនិយាយថាចំនួនទេសចរបានចុះថយ ដោយមកពីស្ថានការណ៍នៅមិនច្បាស់លាស់។ ក៏ប៉ុន្តែលោកពោលថា តាមពិតទៅ ឥតមានការវាយប្រយុទ្ធគ្នានៅទីនេះទេ។ កន្លែងដែលមានបញ្ហាកើតឡើង គឺនៅចម្ងាយ ៩០ គីឡូម៉ែត្រពីកន្លែងឆែកឆេរ។
ការវាយប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងទឹកដីដែលមានជម្លោះនៅជុំវិញប្រាសាទបូរាណអាយុ ៩០០ ឆ្នាំ ដែលគេស្គាល់ថាព្រះវិហារនៅក្នុងប្រទេសខ្មែរ និង«ប្រះវិហាន» នៅក្នុងប្រទេសថៃ។
ប្រទេសខ្មែរ និងថៃមានទាហានដាក់ពង្រាយនៅជិតប្រាសាទនេះ ដែលបណ្តាលឲ្យមានការបាញ់តគ្នាម្តងម្កាល។ ការវាយប្រយុទ្ធកាលពីដំណាច់សប្តាហ៍មុននេះ ជាការវាយប្រយុទ្ធដ៏ខ្លាំងបំផុតក្នុងពេលជាច្រើនឆ្នាំមកហើយ ដោយភាគីទាំងសងខាងបានប្រើកាំភ្លើងធំ និងកាំភ្លើងយន្ត។ មានមនុស្សជាច្រើននាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀតត្រូវរបួស ហើយអ្នកស្រុកអ្នកភូមិជាច្រើនពាន់នាក់បានរត់ចេញពីព្រំដែន។
ក្នុងឆ្នាំ ១៩៦២ តុលាការអន្តរជាតិ បានកាត់សេចក្តីថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីខ្មែរ ក៏ប៉ុន្តែផ្លូវចូលសំខាន់មួយស្ថិតនៅក្នុងទឹកដីថៃ។ ជម្លោះអំពីរឿងព្រំដែននៅជិតផ្លូវចូលនេះ បាននៅស្ងប់ស្ងៀមជាច្រើនទសវត្សរ៍មកហើយ រហូតមកដល់ឆ្នាំ ២០០៨ នៅពេលដែលអសបផ្តល់ឋានៈជាសម្បត្តិបេតិកភណ្ឌពិភពលោកដល់ប្រាសាទនេះតាមសេចក្តីសុំរបស់ប្រទេសកម្ពុជា។
ការផ្តល់កិត្តិយសនេះបានធ្វើឲ្យអ្នកជាតិនិយមថៃខ្លះមានកំហឹង ហើយតាំងពីពេលនោះមក ក៏មានការវាយប្រយុទ្ធគ្នាម្តងម្កាលរវាងយោធាទាំងពីរនៅជុំវិញតំបន់នោះ។ រួចជម្លោះនៅតំបន់ដទៃទៀតនៃព្រំដែនក៏ចាប់ផ្ទុះឡើងដែរ។
នៅទីក្រុងបាំងកក អ្នកជាតិនិយមមួយក្រុមបានធ្វើបាតុកម្មនៅជុំវិញការិយាល័យធំៗរបស់រដ្ឋាភិបាល ដើម្បីទាមទារឲ្យប្រទេសថៃបោះបង់ចោលអនុស្សរណៈនៃការយោគយល់គ្នាមួយដែលថៃបានចុះហត្ថលេខាជាមួយកម្ពុជាក្នុងឆ្នាំ ២០០០ ដើម្បីដោះស្រាយជម្លោះព្រំដែន។
ទោះបីនៅមានភាពតានតឹងនេះក៏ដោយ ក៏មានទេសចរថៃយ៉ាងតិចមួយក្រុមបានឆ្លងដែនចូលទៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃពុធ។ លោក ធូវីស៊ិន ស៊ូវាត់ថាណា (Thaveesilp Suvwattana) ជាសាស្រ្តាចារ្យប្រវត្តិសាស្រ្តម្នាក់នៅសាកលវិទ្យាល័យ មហាសារ៉ាខាំ (Mahasarakham) នៃប្រទេសថៃ។ លោកបាននាំនិស្សិតបរិញ្ញាប័ត្រជាន់ខ្ពស់របស់លោកឲ្យទៅរៀនអំពីវប្បធម៌និងប្រវត្តិសាស្រ្តរួមគ្នារវាងប្រទេសថៃនិងកម្ពុជា។
«បើលោកអ្នកចង់ដឹងអំពីប្រវត្តិសាស្រ្តរបស់ថៃ ជាផ្នែកមួយនៃប្រវត្តិសាស្រ្តនេះ លោកអ្នកគួរដឹងអំពីប្រទេសកម្ពុជា គឺខ្មែរ។ ខ្ញុំក៏អាចនិយាយថាជាប្រវត្តិសាស្រ្តខ្មែរបានដែរ ពីព្រោះ លោកអ្នកដឹងទេ ពួកគេធ្លាប់ត្រួតត្រាទឹកដីយើងក្នុងប្រទេសថៃ កាលពីពេលមុន។ ហើយលោកអ្នកដឹងទេ វត្ថុជាច្រើន ដូចជា បូរាណវត្ថុ វត្ថុដទៃទៀត គឺមានចេញមកពីវប្បធម៌ខ្មែរ»។
លោក ធូវីស៊ិន ពោលថា ជម្លោះព្រំដែន គឺជារឿងនយោបាយនិងរឿងជាតិនិយម ដោយប្រជាពលរដ្ឋនៃភាគីទាំងសងខាងយកប្រវត្តិសាស្រ្តទៅបកស្រាយដើម្បីគោលបំណងនយោបាយលាក់បាំងផ្ទាល់របស់ខ្លួន។
លោក ធូវីស៊ិន បន្ថែមថា ប្រទេសថៃនិងកម្ពុជាគួរទទួលយករឿងពីអតីតកាល ដោយបោះបង់ចោលជម្លោះក្នុងប្រវត្តិសាស្រ្ត ហើយធ្វើការចរចាគ្នា ដើម្បីស្ថាបនាអនាគតមួយប្រកបដោយសន្តិភាព ក្នុងឋានៈជាប្រទេសជិតខាងនឹងគ្នា៕
ប្រែសម្រួលដោយ កែរ យ៉ាន