បងស្រី​សកម្មជន​ថៃ​បាត់​ខ្លួន​មក​ដល់​​កម្ពុជា ដើម្បី​ស្វែង​រក​ការ​ពិត

អ្នកស្រី Sitanun Satsaksit (ពាក់អាវ​ពណ៌​ត្រួយចេក) បងស្រី​របស់​សកម្មជន​ថៃ​ដែល​បាន​បាត់ខ្លួន​គឺ​លោក Sitanun Satsaksit ឈរ​ថតរូប​ជាមួយ​នឹង​ក្រុមការងារ​ផ្នែក​ច្បាប់​របស់​អ្នកស្រី​ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ក្នុង​សវនាការ​មួយ​អំពី​ក

ចាប់​តាំង​ពី​លោក Wanchalearm Satsaksit ត្រូវ​ចាក​ចេញ​ពី​មាតុភូមិ​កំណើត​ក្នុង​ប្រទេស​ថៃ មក​រស់នៅ​ប្រទេស​កម្ពុជា ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​របប​សឹក​ថៃ ដែល​ចូល​កាន់​អំណាច​ដោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ លោក​តែង​រក្សា​ទំនាក់​ទំនង​ជា​ប្រចាំ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ខេត្ត​ឧប្បល​រាជធានី​ (Ubon Ratchathani) ជា​ពិសេស​ជាមួយ​បង​ស្រី គឺ​អ្នកស្រី Sitanun Satsaksit។

បងប្អូន​បង្កើត​ទាំង​ពីរ​នាក់​ផ្ដោះផ្ដង​គ្នា​តាម​ទូរស័ព្ទ​ជា​រៀង​រាល់​ថ្ងៃ មួយ​ថ្ងៃៗ​មិន​ដឹង​ជា​និយាយ​ទូរស័ព្ទ​ប៉ុន្មាន​ដង​ទេ ដែល​សូម្បី​តែ​អ្នកស្រី Sitanun ក៏​មិន​អាច​រាប់​បាន​ផង។

តែ​ខ្សែ​ទូរស័ព្ទ​ចុង​ក្រោយ​ដែល​អ្នក​ទាំង​ពីរ​និយាយ​គ្នា នា​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២០ បាន​បញ្ចប់​ដោយ​ក្ដី​តក់ស្លុត។

វេលា​ម៉ោង​ជាង​៤​រសៀល​ថ្ងៃ​នោះ ខណៈ​អ្នក​ទាំង​ពីរ​ជជែក​គ្នា ស្រាប់​តែ​មាន​សំឡេងប្រតាយប្រតប់​គ្នា​លាន់​ឮ​ពី​ខាង​លោក Wanchalearm ដែល​លោក​ស្រែក​ដង្ហោយ«ដក​ដង្ហើម​មិន​រួច​ទេ! ដក​ដង្ហើម​មិន​រួច​ទេ!» ជា​ភាសា​ថៃ ហាក់​ដូច​ជា​មាន​អ្នក​ណា​ចាប់​លោក​ទៅ។

ទូរស័ព្ទ​ក៏​ដាច់​ត្រឹម​នោះ។ អ្នកស្រី Sitanun ក៏​ទាក់​ទង​ប្អូន​ប្រុស​លែង​បាន។ លោក Wanchalearm ក៏​បាត់​ខ្លួន​បាត់​ដំណឹង ចាប់​ពី​ពេល​នោះ​មក។

ជាង​៥​ខែ​កន្លង​មក​ហើយ ដំណឹង​អំពី​ជោគ​វាសនា​លោក Wanchalearm ក៏​មិន​មាន​តម្រុយ​ តែ​ការ​តស៊ូ​ផ្លូវ​ច្បាប់​ក្នុង​តុលាការ​កម្ពុជា បាន​នាំ​អ្នកស្រី Sitanunមក​កម្ពុជា​នៅ​ដើម​ខែ​វិច្ឆិកា​នេះ ដើម្បី​ចូល​ខ្លួន​បំភ្លឺ​នៅ​មុខ​លោក​ចៅក្រម​ស៊ើបសួរ​ ស៊ិន សុវណ្ណរ័ត្ន នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

សកម្មជនជនជាតិថៃលោក Wanchalearm Satsaksit បានរិះគន់នាយករដ្ឋមន្រ្តីថៃតាមហ្វេសប៊ុក ដែល​ឥឡូវ​នេះ​កំពុង​បាត់ខ្លួន។ (រូបថតពីហ្វេសប៊ុករបស់ Wanchalearm Satsaksit)

ក្នុង​បទ​សម្ភាស​ន៍ជាមួយ VOA ​ពី​ទីស្នាក់​ធ្វើ​ចត្តាឡីស័ក​មួយ​កន្លែង​នៅ​រាជ​ធានី​ភ្នំពេញ អ្នកស្រី Sitanun ​បាន​រៀបរាប់​ថា៖

«ខ្ញុំ​ចង់​ស្វែងរក​ការ​ពិត​ថា​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​ប្អូន​ប្រុស​របស់​ខ្ញុំ​គឺ​លោក Wanchalearm»។

អ្នកស្រី Sitanun បាន​ធ្វើ​ដំណើរ​មក​ដល់​ភ្នំពេញ​ជាមួយ​នឹង​ក្រុម​ពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ជន​ជាតិ​ថៃ​ចំនួន​បី​នាក់ កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ហើយ​ត្រូវ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ពីរ​សប្ដាហ៍ ស្រប​តាម​វិធាន​របស់​អាជ្ញាធរ​កម្ពុជា​ប្រឆាំង​នឹង​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

ក្រុម​គ្រួសារ​ត្រកូល Satsaksit បាន​ដាក់​ពាក្យ​បណ្ដឹង​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​កក្កដា អំពី​ករណី​ចាប់​ពង្រត់ និង​បាត់​ខ្លួន​នៃ​លោក Wanchalearm វ័យ​៣៧​ឆ្នាំ។

ក្នុង​ដីកា​ចុះ​ថ្ងៃ​ទី​២៧ ខែ​តុលា ដែល​VOAទទួល​បាន លោក​ចៅក្រម​ស៊ើបសួរ ស៊ិន សុវណ្ណរ័ត្ន បាន​កោះ​ហៅ​អ្នក​ស្រី Sitanun មក​បំភ្លឺ​ក្នុង​ដំណើរ​រឿង«ចាប់​ឃុំឃាំង​ និង​បង្ខាំង​ខុស​ច្បាប់» និង«កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត» ក្នុង​ករណី​លោក Wanchalearm។ អ្នកស្រី​ត្រូវ​បង្ហាញ​ខ្លួន​នៅ​សាលា​ដំបូង​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ខាង​មុខ​នេះ។

អំពី​ការ​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅក្រម​កម្ពុជា​នៅ​ខែ​ក្រោយ អ្នកស្រី Sitanun ​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​ពិត​ជា​មិន​ដឹង​ថា​ត្រូវ​រំពឹង​អ្វី​ជា​អ្វី​នោះ​ទេ»។

ប្រាំ​ខែ​មក​នេះ នគរបាល​កម្ពុជា​បាន​ប្រកែក​ថា​ខ្លួន​មិន​អាច​រក​ឃើញ​ឡើយ​វត្តមាន​របស់​លោក Wanchalearm នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​មិថុនា នៃ​ការ​បាត់​ខ្លួន ដោយ​ថា​ទិដ្ឋាការ​របស់​លោក​បាន​ផុត​កំណត់​តាំង​ពី​ថ្ងៃ​ទី​៣១ ​ខែ​ធ្នូ ឆ្នាំ​២០១៧ ហើយ​តាំង​ពី​ថ្ងៃ​នោះ​មក​ លោក​ក៏​មិន​បាន​ស្នើ​សុំ​បន្ត​សុពលភាព​ទិដ្ឋាការ​របស់​លោក​ដែរ។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ បាន​ផ្ញើ​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​ទៅ​ឱ្យ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ ដោយ​លើក​ឡើង​ថា​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៥ មក ពុំ​មាន​ឡើយ​កំណត់​ត្រា​ដែល​ថា​លោក Wanchalearm ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ថៃ​របស់​លោក ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។

អាជ្ញាធរ​កម្ពុជា​ក៏​មិន​អាច​បញ្ជាក់​ផ្ទៀងផ្ទាត់​អំពី​ការ​បាត់​ខ្លួន​របស់​លោក Wanchalearm ព្រម​ទាំង​ថា​គ្មាន​ឈ្មោះ​រូប​លោក​រស់នៅ​ក្នុង​អគារ​ខុនដូ Mekong Gardens ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ​នោះ​ដែរ។

ក្នុង​បទ​សម្ភាសន៍ជាមួយ​VOA អ្នកស្រី Sitanun បាន​បញ្ជាក់​ថា៖

«ក្រុម​គ្រួសារ​យើង​ទាំង​មូល​បាន​ដឹង​ថា គាត់(Wanchalearm) រស់​នៅ​ប្រទេស​កម្ពុជា​ពេញ​មួយ​អំឡុង​ពេល​នេះ»។

អ្នកស្រី Sitanun Satsaksit បងស្រី​របស់​សកម្មជន​ថៃ​ដែល​បាន​បាត់ខ្លួន​គឺ​លោក Sitanun Satsaksit បាន​មក​ដល់​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បី​ចូលរួម​ក្នុង​សវនាការ​មួយ​អំពី​ការ​បាត់ខ្លួន​ប្អូនប្រុស​របស់​អ្នកស្រី។ (រូបថត​ផ្ដល់​ឲ្យ)

ខណៈ​អ្នកស្រី​ចោទប្រកាន់​ដោយ​ត្រង់ៗ​ថា រដ្ឋ​អំណាច​ថៃ​ជា​អ្នក​នៅ​ពី​ក្រោយ​ករណី​ចាប់​ពង្រត់​និង​បាត់​ខ្លួន​របស់​លោក​ Wanchalearm អ្នកស្រី Sitanun ជា​បងស្រី​បាន​លើក​ឡើង​ថា នៅ​ពេល​ការ​ធ្វើ​ចត្តាឡីស័ក​នៅ​កម្ពុជា ​ត្រូវ​បញ្ចប់​ជា​ស្ថាពរ អ្នកស្រី និង​ក្រុម​ពិគ្រោះ​យោបល់​ផ្លូវ​ច្បាប់ នឹង​ចេញ​ទៅ​រក​ភស្ដុតាង​បន្ថែម​ដោយ​ផ្ទាល់​អំពី​ករណី​បាត់​ខ្លួន​ប្អូន​ប្រុស​របស់​អ្នក​ស្រី។

ស្ថានទូត​ថៃ​មិន​ទាន់​ឆ្លើយ​តប​អ្វី​នឹង​សំណើ​របស់​VOA សុំ​សេចក្ដី​អធិប្បាយ ឆ្លើយ​តប​នឹង​ការ​លើកឡើង​របស់​អ្នកស្រី Sitanun នៅ​ឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​នេះ។

លោក សំ ចំរើន មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នក​ស្រី Sitanun បាន​លើក​ឡើង​ថា តំណាង​អយ្យការ​នៅ​សាលា​ដំបូង​រាជធានី បាន​ចោទ​ប្រកាន់​ទៅ​លើ​អញ្ញត្រ​ជន​ ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ និង​ភិន​ភាគ ទាក់​ទិន​នឹង​រឿង​បាត់ខ្លួន​របស់​លោក Wanchalearm​នេះ។

«ដើម​បណ្ដឹង​យើង​នេះ យើង​អត់​បាន​ដាក់​ចូល​ជាមួយ​សមត្ថកិច្ច​[នគរបាល]​ទេ យើង​ដាក់​ចូល​ព្រះរាជអាជ្ញា​តែ​ម្ដង ហើយ​ព្រះរាជអាជ្ញា​គេ​ចោទ​ប្រកាន់​លើ​អញ្ញត្រជន​ណា​មួយ បាន​ជា​បញ្ជូន​ទៅ​ឱ្យ​ចៅក្រម​ស៊ើប​ហ្នឹង​ណា បាន​ន័យ​ថា​ព្រះរាជ​អាជ្ញា​គេ​សម្រេច​ចោទ​ប្រកាន់​ហើយ បាន​ដល់​ចៅក្រម​ស៊ើប»។

លោក James Buchanan គ្រូ​ឧទ្ទេស​ជំនាញ​នយោបាយ​ថៃ​នៅ​សាកល​វិទ្យាល័យ Mahidol ប្រទេស​ថៃ បាន​លើក​ឡើង​ថា លោក​មិន​មាន​ក្ដី​រំពឹង​នោះ​ទេ ថា​ការ​ស៊ើបអង្កេត​ក្នុង​តុលាការ​កម្ពុជា និង​ដោយ​អាជ្ញាធរ​កម្ពុជា អាច​ឈាន​ទៅ​ស្វះស្វែង​រក​បាន​នូវ«ការ​ពិត»​អំពី​ជោគ​វាសនា​របស់​លោក Wanchalearm។

អ្នកស្រាវ​ជ្រាវ​រូបនេះ​បាន​ប្រាប់​ VOA ​តាម​សារ​អ៊ីមែល​យ៉ាង​ដូច្នេះ​ថា៖

«កាយ​វិការ​នានា​ដែល​ខាង​ថៃ ​និង​ខាង​កម្ពុជា​ធ្វើ ​ទាក់​ទង​នឹង​ការ​ស៊ើប​អង្កេត​នេះ ទំនង​បំផុត គ្រាន់​តែ​ជា​ឆាក​ល្ខោន ​ដែល​គេ​សម្ដែង ​ដើម្បី​ស្ដារ​សង្គ្រោះ​មុខ​មាត់ និង​ធ្វើ​យ៉ាង​ណា​ឱ្យ​ស្ងប់ស្ងាត់​អស់​ចិត្ត​ពី​សំណាក់​អ្នកស្រី Sitanun និង​ក្រុម​អ្នក​ច្បាប់​ដែល​កំពុង​ផ្ដល់​ជំនួយ​ទាំង​នោះ​ប៉ុណ្ណោះ»។

ការណ៍​ដែល​មាន​ការ​ចោទ​ប្រកាន់​លើ​អញ្ញត្រជន ដោយ​តុលាការ​កម្ពុជា​នេះ លោក Buchanan បាន​លើក​ឡើង​ថា​ជា​តាក់ទិច​មួយ​ក្នុង​រឿង​នេះ​របស់​ភាគី​កម្ពុជា ដើម្បី​រំងាប់​អារម្មណ៍​របស់​ត្រកូលSatsaksit ផង និង​បញ្ចៀស​ភាព​ល្អក់​កករ​ជាមួយភាគី​ថៃ​ផង។

លោក ខៀវ សុភ័គ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កិច្ចការ​តាម​នីតិវិធី​ក្នុង​ករណី​លោក Wanchalearm ដោយ​មិន​ស្ថិត​ក្រោម​សម្ពាធ​នយោបាយ​ឬ​ការ​ទូត​អ្វី​នោះ​ទេ។

«យើង​នៅ​តែ​រក្សា​ជំហរ​ដូច​ដដែល​ទេ គឺ​ថា​រីករាយ​នឹង​ទទួល​បាន​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​ពាក់​ព័ន្ធ​ទៅ​ដល់​ការ​ស្វែង​រក​ឱ្យ​ឃើញ​នូវ​ជនរងគ្រោះ​បាត់​ខ្លួន Wanchalearm ហ្នឹង ព្រោះ​យើង​មិន​ទាន់​មាន​អ្វី​តម្រុយ​អ្វី​ជាក់​លាក់​ក្នុង​ការ​តាម​ដាន​ទេ។ និយាយ​រួម យើង​បាត់ដាន​ហើយ អ្វីៗ​ដែល​បាន​លើកឡើង​ក្នុង​សង្គម​ហ្វេសប៊ុក​ ឬ​អី​ក៏​ដោយ វា​អត់​មាន​អី​ជា​ការ​ពិត»។

លោក ខៀវ សុភ័គ ​មិន​ផ្ដល់​យោបល់​អ្វី​លើ​ដំណើរការ​របស់​តុលាការ​ដែល​ចាត់​ការ​លើ​ករណី​លោក Wanchalearm នេះ​ទេ។

«ហ្នឹង​រឿង​តុលាការ​ទេ​ក្មួយ ពូ​មិន​បាន​ដឹង ព្រោះ​ពូ​មិន​ស្ថិត​ក្នុង​សមត្ថកិច្ច​យុត្តការណ៍​របស់​តុលាការ​ទេ ក្មួយ ... អាស្រ័យ​ទៅ​លើ​តុលាការ បើ​តុលាការ​លោក​មាន​អ្វី យើង​រីករាយ​ធ្វើ​តាម​ហ្នឹង​ទៀត ក្មួយ»។

លោក Wanchalearm Satsaksit ជា​សកម្មជន​នយោបាយ​ដែល​ស្មោះស្ម័គ្រ​នឹង​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​លោក Thaksin Shinawatra ដែល​បាត់​បង់​តំណែង​ក្នុង​រដ្ឋ​ប្រហារ​ឆ្នាំ​២០០៦។

រដ្ឋប្រហារ​ឆ្នាំ​២០១៤​ដែល​នាំ​ឱ្យ​លោក Wanchalearm ​ភៀស​ខ្លួន​ចេញ​ពី​ថៃ ដឹកនាំ​ដោយ​ លោក Prayuth Chan-O-Cha ដែល​គ្រា​នោះ​ជា​មេ​បញ្ជាការ​កងទ័ព​ជើង​គោក​ភូមិន្ទ​ថៃ។

មុន​ពេល​បាត់​ខ្លួន លោក Wanchalearm ដែល​មាន​ប្រជា​ប្រិយ​ភាព និង​សកម្ម​បំផុត​លើ​បណ្ដាញ​សង្គម តែង​បង្ហោះ​សារ​ឡកឡឺយ ចំអក​ឱ្យ​លោក Prayuth។

ចុងក្រោយ​បំផុត នៅ​ថ្ងៃ​ទី​១៣​ ខែ​ឧសភា មុន​ពេល​បាត់​ខ្លួន លោក​ចំអក​ឱ្យ​មន្ត្រី​នគរបាល​នៃ​រដ្ឋាភិបាល​លោក Prayuth ដែល​បាន​ទៅ​ឃ្លាំ​មើល​ផ្ទះ​កំណើត​របស់​លោក​នៅ​ខេត្ត​ឧប្បល​រាជធានី។

អ្នកស្រី Sitanun ក៏​បាន​លើក​ឡើង​ថា ប្អូន​ប្រុស​របស់​អ្នក​ស្រី​ ធ្លាប់​បាន​រអ៊ូ​រទាំ​អំពី​ការ​តាម​ដាន​ពី​សំណាក់​ខ្សែ​បណ្ដាញ​នៃ​កង​កម្លាំង​សន្ដិសុខ​ថៃ មុន​ពេល​បាត់​ខ្លួន​ផង​ដែរ។

សាក្សី​ក្បែរ​អគារ​ខុនដូ Mekong Gardensក្នុង​រាជធានី​ភ្នំពេញ បាន​ប្រាប់​VOA​មួយ​ថ្ងៃ​ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​លោក Wanchalearm ទៅ​ថា សកម្មជន​ថៃ​រូប​នេះ កំពុង​អង្គុយ​រង់ចាំ​ទិញ​ប្រហិត​ចៀន​នៅ​មុខ​អគារ​ខុនដូ មុន​នឹង​មាន​បុរស​មិន​ស្គាល់​មុខ​មួយ​ក្រុម ចូល​មក​ក្រៀក​ចាប់​លោក​ញាត់​បញ្ចូល​ក្នុង​រថយន្ត យក​ចេញ​ទៅ​បាត់។

លោក Wanchalearm បាន​ក្លាយ​ជា​សកម្មជន​ថៃ​ចុង​ក្រោយ​បំផុត ​ដែល​ត្រូវបាន​រាយការណ៍​ថា​ ត្រូវ​បាន​ចាប់​ពង្រត់​ និង​បាត់​ខ្លួន​ទាក់​ទិន​នឹង​ភាព​សកម្ម​ខាង​នយោបាយ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​Human Rights Watch បាន​អះ​អាងថា ​មាន​សកម្មជន​ថៃ​៩​នាក់​ហើយ រួម​ទាំង​លោក Wanchalearm ផង ដែល​បាន​បាត់​ខ្លួន​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕