កាសែតមួយនៅរដ្ឋ Texas ភាគអាគ្នេយ៍សហរដ្ឋអាមេរិកបានបង្ហោះវីដេអូពីកាំមេរ៉ាសុវត្ថិភាពបង្ហាញការឆ្លើយតបរបស់ប៉ូលិសចំពោះការបាញ់ប្រហារនៅសាលាបឋមសិក្សាមួយកាលពីខែឧសភា ដែលសម្លាប់កុមារ១៩នាក់ និងគ្រូបង្រៀនពីរនាក់។
វីដេអូកាត់តដែលបានបង្ហោះកាលពីថ្ងៃអង្គារនៅលើគេហទំព័ររបស់កាសែតAustin American-Statesman បង្ហាញខ្មាន់កាំភ្លើងអាយុ១៨ឆ្នាំឈ្មោះSalvador Ramosបានបើកឡានបុកនៅខាងក្រៅសាលា Robb Elementary School កាលពីថ្ងៃទី២៤ខែឧសភា ហើយបានបាញ់ប្រហារនៅឯសាលារៀនខណៈគ្រូបង្រៀនស្រែកឱ្យកូនសិស្សចូលបន្ទប់អំឡុងមានការហៅទូរស័ព្ទទៅកាន់ប្រតិបត្តិករសង្គ្រោះបន្ទាន់។
បន្ទាប់មក Ramos បានចូលក្នុងសាលារៀន ហើយដើរតាមផ្លូវក្នុងអគាររហូតដល់ចូលថ្នាក់រៀន និងឮសំឡេងកាំភ្លើងបាញ់យ៉ាងញាប់។ ប៉ូលិសចូលទៅក្នុងសាលាប៉ុន្មាននាទីក្រោយមក ដោយមន្ត្រីមួយចំនួនប្រញាប់ប្រញាល់ឆ្ពោះទៅកាន់ថ្នាក់រៀនមុនពេលដកថយ ខណៈឮសំឡេងកាំភ្លើង។
មន្ត្រីជាច្រើនទៀតបានចូលទៅក្នុងសាលា ដោយខ្លះកាន់អាវក្រោះ។ ប៉ុន្តែវីដេអូនោះបង្ហាញថាមន្ត្រីនៅតែប្រមូលផ្តុំគ្នានៅចុងផ្លូវក្នុងអគាររយៈពេល ៧៧នាទី ដោយមិនប្រឹងប្រែងជួយសង្គ្រោះឡើយ សូម្បីតែបន្ទាប់ពីមានសំឡេងកាំភ្លើងច្រើនទៀតក៏ដោយ។ ទីបំផុតមន្ត្រីល្បាតព្រំដែនអាមេរិកពីរនាក់បានសម្រុកចូលថ្នាក់រៀន ហើយបានបាញ់សម្លាប់ Ramos ដើម្បីបញ្ចប់ការសម្លាប់រង្គាលនេះ។
បរាជ័យរបស់ភ្នាក់ងារអនុវត្តច្បាប់នៅ Uvaldeមិនប្រឈមនឹង Ramos ភ្លាមៗ និងការស៊ើបអង្កេតការបាញ់ប្រហារនេះ បានធ្វើឱ្យឪពុកម្តាយ និងសហគមន៍ Uvalde ខឹងសម្បារជាខ្លាំង។ មន្ទីរសុវត្ថិភាពសាធារណៈរដ្ឋ Texas បានចេញរបាយការណ៍មួយកាលពីដើមខែនេះថា មន្ត្រីប៉ូលិស Uvalde ម្នាក់បាត់បង់ឱកាសបាញ់ Ramos មុនពេល Ramos ចូលសាលា ដោយសារតែប៉ូលិសនេះរង់ចាំការអនុញ្ញាតពីថ្នាក់លើ។
កាសែតរដ្ឋTexasនេះនិយាយថា ខ្លួនបានបង្ហោះវីដេអូនេះដើម្បី«បន្តបំភ្លឺអំពីអ្វីដែលបានកើតឡើងនៅសាលា Robb Elementary ដែលក្រុមគ្រួសារ និងមិត្តភក្តិរបស់ជនរងគ្រោះបានស្នើសុំជាយូរមកហើយ»។ ប៉ុន្តែចៅហ្វាយក្រុង Uvalde លោក Don McLaughlin បានរិះគន់កាសែតនេះក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាក្រុងកាលពីថ្ងៃអង្គារដោយហៅការចេញផ្សាយវីដេអូថា«រឿងកំសាកបំផុតដែលខ្ញុំឆ្លាប់ឃើញ»។ លោកអភិបាលក្រុងបានមានប្រសាសន៍ថា វីដេអូមិនគួរត្រូវបានបញ្ចេញទេ រហូតក្រោយពីក្រុមគ្រួសារជនរងគ្រោះឃើញជាមុខសិន៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Press, Reuters និងAgence France-Presse)