ភាពតានតឹងរវាងចក្រភពអង់គ្លេស និងប្រទេសបារាំង អំពីសិទ្ធិនេសាទត្រីបានធូរស្រាល កាលពីយប់ថ្ងៃព្រសហ្បតិ៍ ស្របពេលដែលភាគីអង់គ្លេសដកនាវាទ័ពជើងទឹកពីរគ្រឿងវិញចេញពីកោះ Jersey របស់ចក្រភពអង់គ្លេស ជាទីតំាងដែលអ្នកនេសាទបារំាងផ្ដុំគ្នាធ្វើការតវ៉ា។
នាវានេសាទបារាំងប្រមាណជាង ២០ គ្រឿងបានធ្វើដំណើរទៅកាន់កោះនោះដើម្បីធ្វើបាតុកម្មនៅព្រឹកថ្ងៃព្រហស្បតិ៍ និងបានដុតភ្លើង និងលើកបដាទាមទារចូលនេសាទក្នុងដែនទឹកនៃកោះ Jersey។ អ្នកនេសាទបារំាងបាននិយាយថា ពួកគេត្រូវបានរារាំងមិនឲ្យចូលនេសាទក្នុងដែនទឹកជុំវិញទឹកដីរបស់ចក្រភពអង់គ្លេស ដែលស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងជើងប្រទេសបារំាង ក្រោយពីចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប នៅក្រោមកិចព្រមព្រៀងដែលគេតែងហៅថា Brexit។
លោក Ludovic Lazaro អ្នកនេសាទជនជាតិបារំាងដែលចូលរួមបាតុកម្ម បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «យើងមកកាន់ទីនេះថ្ងៃនេះព្រោះ ពីមុនយើងតែងតែនេសោទនៅទីនោះ។ យើងតែងតែនេសាទនៅទីនេះ ហើយស្រាប់តែភ្លាមៗ ពួកគេដកសិទ្ធិនេសោទរបស់ពួកយើង»។
នាវាបារំាងមួយគ្រឿងបានចូលចតរយ:ខ្លីនៅកំពុងផែនៅលើកោះ Jersey ដែលមានស្វ័យភាពគ្រប់គ្រងខ្លួនឯង ប៉ុន្តែត្រូវការពារខាងយោធាដោយចក្រភពអង់គ្លេស។
ចក្រភពអង់គ្លេសបានបញ្ជូននាវាជើងទឹក ២គ្រឿង ដើម្បី «ត្រួតពិនិត្យស្ថានភាព» នៅតំបន់នោះ ស្របពេលដែលបារាំងដាក់ពង្រាយនាវាល្បាតចំនួនពីរគ្រឿងជុំវិញកោះ Jersey។ នាវាយោធារបស់ចក្រភពអង់គ្លេស និងបារំាងបានស្ថិតនៅចម្ងាយ ២០ គីឡូម៉ែត្រពីគ្នា
អ្នកវិភាគថា ភាពតានតឹងខាងដែននេសាទនេះទំនងនឹងមានបន្តទៀត ស្របពេលដែលចក្រភពអង់គ្លេសព្យាយាមអនុវត្តតាមការសន្យារបស់ខ្លួនក្នុងការ«យកមកវិញនូវការគ្រប់គ្រង»ដែនទឹកនិងតំបន់ព្រំដែនរបស់ខ្លួនក្រោយពីចាកចេញពីសហភាពអឺរ៉ុប៕