រស់​នៅ​១០​ថ្ងៃ​​ក្នុង​បន្ទប់​កញ្ចក់ ពលរដ្ឋ​កម្ពុជា​រៀបរាប់​ក្រោយ​ជា​សះស្បើយ​ពី​វីរុស​កូរ៉ូណា​

រូបឯកសារ៖ យុវតី​៣នាក់​ពាក់ម៉ាស់​ ​នៅច្រាំង​ទន្លេ​ចតុមុខ ខាង​មុខ​ព្រះបរមរាជវាំង​នៅ​ខាងមុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណា ​Covid-19 កំពុង​ផ្ទុះ​ជុំវិញពិភពលោក។ (ទុំ ម្លិះ/VOA)

ភ្នំពេញ — ក្នុង​រយៈ​ពេល​១០​ថ្ងៃ​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ខេត្ត​បាត់​ដំបង​ លោក​ អែល ម៉ាត់លី ​មិន​មាន​សេរីភាព​ដើរ​ហើរ​នោះ​ទេ។ ​លោក​ត្រូវ​បាន​ដាក់​ក្នុង​បន្ទប់​កញ្ចក់​ដែល​អាច​មើល​ឃើញ​ពី​ខាង​ក្រៅ ​ដើម្បី​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​១៩។​

ជា​រៀង​រាល់​ថ្ងៃ​ លោក​ទាក់ទង​ជាមួយ​គ្រូពេទ្យ​តាម​ទូរស័ព្ទ​ ដែល​ប្រាប់​ឲ្យ​លោកវាស់​កម្តៅ ​វាស់​ចង្វាក់​បេះដូង ​និង​វាស់​កម្រិត​ឈាម​ជាដើម។​

លោក​ ម៉ាត់លី ​អាយុ​៤១​ឆ្នាំ ​ត្រូវ​បាន​គ្រូពេទ្យ​បញ្ជាក់​ថា​ លោក​បាន​ជា​សះ​ស្បើយ ​លែង​មាន​វីរុស​កូរ៉ូណា​ត​ទៅ​ទៀត​ហើយ។ លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅផ្ទះ​វិញ​ក្នុង​ភូមិ​សំភី​២​ សង្កាត់រតនៈ ​ក្រុង​បាត់​ដំបង ​កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​មីនា​ ​ប៉ុន្តែ​លោក​ត្រូវ​ធ្វើ​តេស្ត​ម្តង​ទៀត​នៅ​ខែ​ក្រោយ​នេះ។​

លោក​ ម៉ាត់លី ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា៧៩​នាក់ ​ដែល​បាន​ទៅ​ចូលរួម​ពិធី​សាសនាមួយ​នៅ​ប្រទេស​ម៉ាឡេស៊ី ​កាល​ពី​ចុង​ខែ​កុម្ភៈ។​ លោកបាន​ឆ្លង​វីរុស​កូរ៉ូណា​នេះ។​

លោក​បាន​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ីវិញ ​កាល​ពី​ថ្ងៃទី​៣ ​ខែមីនា ​ហើយ​ជាង​មួយ​សប្តាហ៍​ក្រោយ​មក​ លោក​ត្រូវ​បាន​ស្វែង​រក​ដោយ​អាជ្ញាធរ ​និង​ត្រូវ​បាន​ធ្វើ​តេស្ត​ ហើយ​ក៏​រក​ឃើញ​ថា​ មាន​ផ្ទុក​វីរុស​នោះ ​កាល​ពី​ថ្ងៃទី​១៤ ​ខែ​មីនា។​

អស់​រយៈ​ពេល​១០​ថ្ងៃ​ លោក​បាន​សម្រាក​នៅ​មន្ទីរ​ពេទ្យ ​ហើយ​ភរិយា​និង​កូន​របស់​លោក​ពីរ​នាក់ ​ដែល​មិន​ឆ្លង​វីរុស​នេះ​ ​សម្រាក​នៅផ្ទះ។ ​លោក​មាន​ប្រសាសន៍​ថា ​លោក​បច្ចុប្បន្ន​នេះ​កំពុង​ស្នាក់​នៅ​ផ្ទះ​របស់​លោក​ ក្រោយ​លោក​ត្រូវ​បាន​បញ្ជាក់​ពី​គ្រូ​ពេទ្យ​ថា លែង​មាន​វីរុស​កូរ៉ូណា​ត​ទៅ​ទៀត។​

លោក​បាន​ថ្លែង​ប្រាប់ ​VOA ​តាម​ទូរស័ព្ទនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖​ «ការ​ពិនិត្យ​ហ្នឹង​គឺ​ឃើញ​អវិជ្ជមាន​ពីរ​ដង។​ គេ​តេស្ត​កំហាក​របស់​យើង។ ​ហើយ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ គេ​ចេញ​លទ្ធផល​អវិជ្ជមាន។ ហើយ​ក្រោយ​មក​គេពិនិត្យ​ម្តង​ទៀត ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ ​គេ​ពិនិត្យ​ឃើញ​អវិជ្ជមាន​ទៀត»។​

បើ​តាម​លោក ​ម៉ាត់​លី ​ដែល​ជា​អ្នក​រក​ស៊ី​លក់​ដូរ​ទូរ​ស័ព្ទ​ដៃ ស្ថានភាព​សុខភាព​របស់​លោក​បាន​ប្រែ​ប្រួល ​ដោយ​សារ​ពី​មុន​មកលោក​ផ្តាសាយ​ធំ​ ហើយ​អស់​កម្លាំង​រាល់​ពេល។​

លោក​បន្ត​ថា៖​ «សំខាន់​ដូច​ពេល​ហ្នឹង​ ខ្ញុំ​រាង​ដូច​ស្រស់ស្រាយ។ ​សុខភាព​រាង​ល្អ​ ដោយសារ​ពី​មុន​ហ្នឹង ​ខ្ញុំ​ចូល​លក្ខណៈ​ដូច​ផ្តាសាយ​ធំ ​ដល់​ពេល​ឥឡូវ​ហ្នឹង វា​ដូច​ជា​អត់ ​មាន​ស្អី​ទាំង​អស់។ សុខភាព​យើង​ធម្មតា​វិញ»។​

លោក​រៀបរាប់​ទៀត​ថា ការ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ម្តងៗ​គឺ​ជា​រឿង​លំបាក​មួយ​សម្រាប់​រូប​លោក​ ដែល​ធ្វើ​ឲ្យ​លោក​ពិបាក​ទ្រាំ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«គេ​យក​សំឡី​រាង​វែង​បន្តិច​ទៅ។ ​គេ​រុក​ចូល​អា​ច្រមុះ​ស្តាំ​យើង​ទៅ​ រុក​ឲ្យ​ផុត ​ចូល​ក្នុង​រហូត​ដល់​យើង​ដង្ហក់។ ​ព្រោះ​អាហ្នឹង​ គេ​មើល​ដល់​ក្នុង។ ​ហើយ​កំហាក​ក៏​ដោយ​ គេរុក​បុក​ដល់​ក្នុង​ហ្នឹង​ដែរ​ ដល់​ពេល​យើង​ឡើងឈ្លក់»។

លោក​ជឿ​ថា​ ​លោក​មាន​វីរុស​កូរ៉ូណា​នេះ​ តែ​លោក​ថា​ ​ដោយសារ​លោក​មាន​អង់ទីករ​ខ្លាំងដូច្នេះ​ហើយ​ទើប​លោក​អាច​ជា​សះ​ស្បើយ​បាន​លឿន​ ហើយ​វីរុស​នេះប្រហែល​ស្ថិត​នៅ​ក្នុង​ខ្លួន​របស់​លោក ​តាំង​ពី​ថ្ងៃ​ទី​៣ ​ខែមីនា ​ពេលលោក​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី​វិញ។​

នៅ​ក្នុង​បន្ទប់​កញ្ចក់​ លោក​ស្នាក់​នៅ​ក្បែរអ្នក​ជំងឺ​ម្នាក់​ទៀត ​តែ​កន្លែង​គេង​របស់​ពួកគេ​ស្ថិត​នៅ​ចម្ងាយ​១ម៉ែត្រ​កន្លះ​ពី​គ្នា។ ​នេះ​បើ​តាម​លោក​ ម៉ាត់លី។ ​អ្នក​ជំងឺនៅ​ក្បែរ​នោះមិន​ទាន់​ជា​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩​នៅ​ឡើយ​ទេ។​

លោក ​ម៉ាត់លី ​មាន​ប្រសាសន៍​ថា​ ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រូពេទ្យ​ដែល​ចាំ​ព្យាបាល​ត្រូវ​ធ្វើ​ឡើង​តាម​ទូរស័ព្ទ ​ដោយ​សារ​កុំ​ឲ្យ​មាន​ការ​ឆ្លង​ទៅ​ពេទ្យ។ ​ក្នុង​មួយ​ថ្ងៃ​ ​គ្រូពេទ្យ​បាន​ហៅ​ទូរស័ព្ទ​មក​លោក​ពីរបី​ដង​ ហើយ​លោក​ត្រូវ​បង្ហាញ​ការ​វាស់​កម្តៅ ​បេះ​ដូង ​កម្រិត​ឈាម​ ទៅ​ពេទ្យ​តាម​កញ្ចក់។ ​លោក​ត្រូវ​បាន​បង្រៀន​ឲ្យ​ចេះ​ប្រើប្រាស់​ឧបករណ៍​នៅ​ក្នុង​បន្ទប់​ដែល​លោក​សម្រាក​ព្យាបាល​នោះ។​

លោក​បន្ត​ថា​ ​លោក​ត្រូវ​បាន​ណែនាំ​ឲ្យ​លេប​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់ ​និង​ហូប​ទឹក​ឲ្យ​បាន​ច្រើន​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ដូច​ជា​អ្នក​ផ្តាសាយ ​គាត់​ឲ្យ[ថ្នាំ]​ផ្តាសាយ​ទៅ។ ​ដូច​ជា​រោគ​ក្រពេះ ​គេ​ឲ្យ​ថ្នាំ​ក្រពះ។ ​គេ​ឲ្យ​យើង​ព្យាយាម​លេប​ឲ្យ​ទៀងទាត់ ​និង​ញាំ​ទឹក​ឲ្យ​បាន​ច្រើន»។​

ក្រៅ​ពី​ថ្វាយ​បង្គំ​ព្រះ​មួយ​ថ្ងៃ​៥​ដង​ ដែល​មួយ​ដង​មាន​រយៈ​ពេល​ពី​៥​ទៅ​១០​នាទី លោក ​ម៉ាត់លី​ មាន​ប្រសាសន៍​ថា​ ​លោក​មាន​ភាព​អផ្សុក​ក្នុង​ពេល​សម្រាក​ព្យាបាល​ តែ​លោក​បាន​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក ​ដើម្បី​បំបាត់​ការ​គិត​ច្រើន​អំពី​វីរុស​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ភាគ​ច្រើន​ខ្ញុំ​មើល​រឿង​កំប្លែងៗ ​ធ្វើ​ឲ្យ​សប្បាយៗ ​ដូច​ជា​អាពែក​មី ​អី​កំប្លែងៗ ​ដូច​ជា​បញ្ចូល​រឿង​អាក្លូ​អី ​កំប្លែងៗ។ ​ចេះ​តែ​មើល​សប្បាយ​ក្នុង​អារម្មណ៍ ​កុំ​ឲ្យ​យើង​គិត»។​

រស់​នៅ​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​លោក ​ម៉ាត់លី​ លោក ​ហ៊ុន ស្លេម៉ាន ​ដែល​ជា​អ្នក​ជា​សះ​ស្បើយ​ម្នាក់​ទៀត ​បាន​ថ្លែង​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​ថា លោកផ្តាសាយ​ ពេល​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ តែ​ឥឡូវ​នេះ​ វា​បាន​បាត់​ទៅ​ហើយ។​

លោក​ ស្លេម៉ាន​ អាយុ​៤២​ឆ្នាំ​ មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​មិន​ទាន់​ព្យាបាល​សុខភាព​ខ្ញុំ។ វា​រាង​អន់​ដែរ ​ដូច​ជា​ផ្តាសាយ ​ឈឺក្បាល ​តឹង​ច្រមុះ​អី​តិច​ដែរ ​ដល់​ពេល​ឥឡូវ ​វា​បាត់​អស់ហើយ»។​

លោក​ ស្លេម៉ាន​ បច្ចុប្បន្ន​នេះ ​ស្នាក់​នៅ​ផ្ទះ​ម្នាក់​ឯង ​ហើយ​កូនៗ​របស់​លោក​៤​នាក់ ​ស្នាក់​នៅ​ជាមួយ​តាយាយ​ដែល​ផ្ទះ​នៅ​ក្បែរ​នោះ។ ​ចំណែក​ភរិយា​របស់​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដោយ​សារ​អ្នកស្រី​ឆ្លង​វីរុស​កូរ៉ូណា​នេះ​ដែរ​ ហើយ​មិន​ទាន់​ជាសះ​ស្បើយនៅ​ឡើយ។ ​

កម្ពុជា​មិនទាន់​មាន​ករណី​ស្លាប់​ដោយសារ​វីរុស​នេះ​នៅ​ឡើយ​ទេ ​រហូត​មក​ដល់​ថ្ងៃ​នេះ។ ​ជំងឺ​នេះ​ភាគ​ច្រើន​កើត​ឡើង​លើ​មនុស្ស​វ័យ​ចំណាស់ ​ដែល​មាន​សុខភាព​ខ្សោយ ​និង​មាន​ជំងឺ​ផ្សេងៗ។​

ក្នុង​ចំណោមអ្នកឆ្លង​ ៩៦​ករណីនៅ​កម្ពុជា បុរស​ខ្មែរ​ដំបូង​វ័យ​៣៨​ឆ្នាំ​ម្នាក់​ នៅ​ខេត្ត​សៀមរាប ​ត្រូវ​បាន​រក​ឃើញ​ថា​ ​មាន​ឆ្លង​វីរុសកូរ៉ូណា ​កាល​ពី​ថ្ងៃទី​៧ ​ខែមីនា។​ ប៉ុន្តែ​លោក​មិន​ទាន់​ជា​សះ​ស្បើយ​នៅ​ឡើយ​ទេ។​

ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្តដែល​នឹង​ចេញ​ទៅ​ជួយ​ព្យាបាល​អ្នក​ជំងឺ​ដែល​ផ្ទុក​វីរុស​កូរ៉ូណា លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ថ្លែងកាល​ពី​ថ្ងៃ​ពុធ​ថា​ អ្នក​ជា​សះ​ស្បើយ​ហើយ​ត្រូវ​ឲ្យ​ពួកគេ​នៅ​ផ្ទះ។ កុំ​ទាន់​ដើរ​ទៅ​ណា​ដោយ​សេរី។ ​លោក​បន្ត​ថា ​ បុរស​ខ្មែរ​ដែល​ឆ្លង​ដំបូង​គេ​នៅ​ខេត្ត​សៀមរាប​ ហើយ​មិន​ទាន់​ជា​សះ​ស្បើយ ​ដោយសារ​អ្នក​ជំងឺ​នោះ​មាន​បញ្ហា​រលាក​ថ្លើម។​

លោក​មាន​ប្រសាសន៍​ថា៖​ «អ្នក​នៅ​សៀមរាប ​ដូច​ជា​យូរ​ជាង​គេ​បន្តិច!រលាក​ថ្លើម។ ​អ៊ីចឹងក្រៅ​ពី​អា​ឆ្លង​ហ្នឹង​ គាត់​មាន​ជំងឺ​ថ្លើម​ស្រាប់»។​

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យដឹង​ថា​ ​មនុស្ស​សរុប​១០​នាក់​ បាន​ជះស្បើយ​ពី​វីរុស​កូរ៉ូណា ​ក្រោយ​ត្រូវ​បាន​សម្រាក​ព្យាបាល​មួយ​រយៈ។​

បើ​តាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​ពុធ​ ករណី​ជា​សះ​ស្បើយ​ចុង​ក្រោយ​គឺជា​បុរស​៣​នាក់​ អាយុ​៧១​ឆ្នាំ​ អាយុ​៣៨​ឆ្នាំ ​និង​អាយុ​៣៣​ឆ្នាំ ​ដែល​បាន​សម្រាក​នៅមណ្ឌល​សុខភាព​ចាក់អង្រែក្រោម។ ​ពួកគេទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ចំនួន​២​លើក។ ​ចំណែក​នៅ​ខេត្ត​ត្បូង​ឃ្មុំ ​បុរស​ម្នាក់​ អាយុ​៥២​ឆ្នាំ​ បាន​ជា​សះ​ស្បើយ ​ ហើយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ចំនួន​២​លើក​ដែរ។​

នៅ​ពេល​ទៅ​ដល់​សហគមន៍​វិញ​ កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​មីនា នៅវេលា​ម៉ោង​ជិត​៥​ល្ងាច លោក​ ម៉ាត់លី ​មាន​ប្រសាសន៍​ថា​ ​អភិបាល​ខេត្ត​បាត់​ដំបង​បាន​ហៅ​ប្រជាជន​មួយ​ចំនួន​ក្នុង​ភូមិ​ឲ្យចូលរួម​ពិធី​មួយ​ ដោយ​ប្រាប់​ពលរដ្ឋ​ថា​ លោក ​ម៉ាត់លី ​និង​លោក ​ស្លេម៉ាន ​បាន​ជា​សះ​ស្បើយ ​និង​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​រើស​អើង​ពួក​គេ។​

ពួកគេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ណែនាំ​ឲ្យ​នៅ​តែ​ផ្ទះ ​និង​ព្យាយាម​នៅ​ឆ្ងាយ​ពី​ភរិយា​និង​កូនៗ​របស់​ពួក​គេ។ ​ពួកគេនឹង​ត្រូវធ្វើ​តេស្តរក​វីរុ​ស​កូរ៉ូណាម្តង​ទៀត ​នៅ​ថ្ងៃ​ទី​៦ ​ខែ​មេសា​ដើម្បី​ធានា​ថា​ ​ពួកគេគ្មាន​វីរុស​នេះ​ទេ។​

ទោះ​ជា​យ៉ាងណា​ លោក​ ម៉ាត់លី ​មិន​ទាន់​ដឹង​ថា​ លោក​អាច​មាន​សេរីភាព​ពេញ​លេញ​នៅ​ពេល​ណា​ទេ។​ ប៉ុន្តែ​លោក​ថា​ លោក​ត្រូវ​រក្សា​អនាម័យ​ឲ្យ​បាន​ស្អាត​គ្រប់​ពេល​វេលា ​ដើម្បី​កុំ​ឲ្យ​ឆ្លង ​ឬ​កើត​វីរុស​នោះ​ម្តង​ទៀត។​

លោក​មាន​ប្រសាសន៍​ថា៖«យើង​ការពារ​តែ​រហូត​ហ្នឹង​ហើយ​បង​អើយ។​ ការពារ​តែ​រហូត​ហ្នឹង។​ បើ​យើង​ធ្វេស​ប្រហែស​នូវ​ចំណុច​ណា​មួយ​ វា​អាច​ឆ្លង​ ប៉ះពាល់​ទៅ​មុខ​ទៀត»៕