មេដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ព្រមទាំងប្រជាពលរដ្ឋនិងមន្ត្រីរាជការជាច្រើនពាន់នាក់ នៅថ្ងៃពុធនេះ បានមកចូលរួមពិធីខួបលើកទី១០ឆ្នាំនៃព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ។
អ្នកដឹកនាំពិធីស្រែកថា៖ «ជយោ! ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា!»
ក្រុមអ្នកចូលរួមបានកាន់បាច់ផ្កា ទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ស្លៀកពាក់សម្លៀកបំពាក់សិស្សសាលា និស្សិត និងមន្ត្រីរាជការ ព្រមទាំងឯកសណ្ឋានជាកងយោធពលខេមរភូមិន្ទបានឈរតម្រៀបគ្នាជាជួរយ៉ាងមានរបៀបរាបរយនៅពីមុខព្រះបរមរាជវាំង ខណៈពេលដែលព្រះអង្គ និងមេដឹកនាំជាន់ខ្ពស់របស់ រដ្ឋាភិបាលអង្គុយនៅរានមុខនៃព្រះបរមរាជវាំង។
ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តមសីហមុនីមានបន្ទូលទៅកាន់ប្រជាពលរដ្ឋថា ការដឹកនាំរបស់រដ្ឋាភិបាលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សាមគ្គីភាព ឯកភាពជាតិ និងមាតុភូមិយ៉ាងល្អប្រសើរដែលយើងកំពុងទទួលស្គាល់ជាវិជ្ជមាន។
ព្រះអង្គក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់រួបរួមគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញដើម្បីការពារមាតុភូមិ។
ព្រះអង្គមានបន្ទូលថា៖ «នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីគ្នាជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញនិងច្បាប់រដ្ឋដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិជាទីស្នេហារបស់យើងលើគ្រប់វិស័យ»។
ព្រះមហាក្សត្របានឡើងគ្រងរាជ្យសម្បត្តិជំនួសព្រះបិតារបស់ព្រះអង្គគឺព្រះបរមរតនកោដ្ឋសម្តេចឪនរោត្តមសីហនុ កាលពីថ្ងៃទី២៩ខែតុលា ឆ្នាំ២០០៤។
រដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរាជការទូទាំងប្រទេសបានឈប់សម្រាកមួយថ្ងៃនៅថ្ងៃនេះដើម្បីចូលរួមព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ។
លោកប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ បានថ្លែងរាយការណ៍ពីការអភិវឌ្ឍយ៉ាងច្រើន និងគ្រប់វិស័យក្នុងរយៈពេលនៃការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ។
លោកមានប្រសាសន៍ថា ព្រះអង្គបានដឹកនាំប្រជារាស្ត្រក្នុងព្រះរាជកិច្ចកសាងជាតិមាតុភូមិយ៉ាងសកម្មជាទីបំផុត និងបានគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ និងប្រជារាស្ត្ររបស់ព្រះអង្គ។
លោកនិយាយថា៖ «ព្រះអង្គតែងតែសព្វព្រះរាជហរទ័យបំពេញនូវព្រះរាជសកម្មភាពប្រកបដោយព្រះរាជគុណធម៌ដ៏ថ្លៃថ្លាបំផុតក្នុងវិស័យសង្គមកិច្ចសុខុមាលភាព អប់រំសិក្សាធិការ ព្រះពុទ្ធសាសនា រួមចំណែកយ៉ាងធំធេងក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ»។
លោកសម រង្ស៊ី អ្នកតំណាងរាស្ត្រ និងជាប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ប្រាប់អ្នកកាសែតនៅព្រះបរមរាជវាំងថា លោកអបអរសារទរ និងថ្វាយព្រះពរដល់ព្រះអង្គ ឲ្យព្រះអង្គគង់ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរដើម្បីជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រខ្មែរ។
លោកនិយាយថា៖ «លោកជានិមិត្តរូបនៃឯកភាពជាតិ នៃការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ ហើយធ្វើយ៉ាងណាឲ្យប្រទេសយើងមានស្ថិរភាពដើម្បីឈានទៅរកវឌ្ឍនភាព»។
កំពុងឈរកាន់ប៉េងប៉ោងដើម្បីបង្ហោះទៅលើអាកាស ប្អូនប្រុសខេង ឆេងហ៊ាង អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១១នៃវិទ្យាល័យជា ស៊ីម សន្ធរម៉ុក មានប្រសាសន៍ថា វត្តមានរបស់ព្រះមហាក្សត្រមានសារៈសំខាន់ខ្លាំងណាស់ដើម្បីជំរុញឲ្យកម្ពុជាមានការវិវឌ្ឍទៅមុខ។
លោកនិយាយថា៖ «មើលទៅដូចជាមានការរីកចម្រើនច្រើនដែរនៅពេលព្រះមហាក្សត្រឡើងគ្រងរាជ្យ។ ប៉ុន្តែហាក់បីដូចជាមិនដូចសម្តេចឪរបស់យើងពីមុន។ ដូចជាការដោះស្រាយនយោបាយមិនដូចសម្តេចឪដែលបានសោយទិវង្គត់ទៅហ្នឹង»។
ព្រះរាជពិធីឡើងគ្រងរាជ្យសម្បតិ្តរបស់ព្រះមហាក្សត្រមិនមានព្រះរាជវត្តមានសម្តេចម៉ែនរោត្តមមុន្នីនាថសីហនុ និងលោកជា ស៊ីម ប្រធានព្រឹទ្ធសភាទេ ពោលគឺមានវត្តមានតែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកហេង សំរិន ប្រធានរដ្ឋសភា និងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលសំខាន់ៗជាច្រើននាក់តែប៉ុណ្ណោះ៕