មណ្ឌល​សុខភាព​ខេត្ត​តាកែវ​ផ្តោត​លើ​ប្រវត្តិ​ធ្វើ​ដំណើរ​ ទោះ​ពលរដ្ឋ​មាន​អាការៈ​ស្រដៀង​វីរុស​កូរ៉ូណា

មណ្ឌល​សុខភាព​រវៀង​ក្នុង​ស្រុក​បាទី​ខេត្ត​តាកែវ​ បាន​ពិនិត្យ​អ្នក​ជំងឺ​ដែល​មាន​រោគសញ្ញា​ផ្តាសាយ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ជំងឺ​មិនមាន​ប្រវត្តិ​ធ្វើ​ដំណើរ​ចុះឡើង​នោះ​ទេ រោគសញ្ញា​នោះ​ត្រូវ​បាន​ចាត់ទុក​ថា​ជា «ជំងឺ​ផ្តាសាយ​ធម្មតា»។ (Ananth Baliga/VOA)

មណ្ឌល​សុខភាព​មួយ​ក្នុង​ស្រុក​បាទី​ ខេត្ត​តាកែវ​ ស្ថិត​នៅ​ពី​ក្រោយ​សាខា​ធនាគារ​អេស៊ីលីដា​ ទល់​មុខ​សាលា​បឋម​សិក្សា​មួយ។​ មាន​បន្ទប់​មួយ​នៅ​កណ្តាល​អគារ​ បើក​ទ្វារ​ចំហ​ទាំង​ពីរ។​ ចំណែក​បន្ទប់​សង​ខាង​ផ្សេង​ទៀត​ បិទ​ទ្វារ​ចាក់​សោ រស្ងាត់ឈឹង​ និង​ពុំ​មាន​អ្នក​ជំងឺ​សម្រាក​ក្នុង​បន្ទប់​នោះ​ទេ។​

អគារ​មួយ​នៅ​កណ្តាល​ដី​ មាន​សភាព​ចាស់​និង​តូច​ចង្អៀត ​ប៉ុន្តែ​នៅ​ច្រក​ក្លោង​ទ្វារ​មាន​ផ្លាក​សញ្ញា​ធំ​មួយ​សរសេរ​ថា «មណ្ឌល​សុខភាព​សំរោង​» ដែល​ហាក់​បង្ហាញ​ថា នៅ​តែ​ដំណើរ​ការ។​ នៅ​ក្នុង​បន្ទប់​ប្រឹក្សា​ មាន​ផ្លាក​សញ្ញា​ជូន​ដំណឹង​មួយ ​ដែល​មាន​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ អំពី​វិធាន​ការ​សុវត្ថិភាព ​និង​ការ​បង្ការ​វីរុស​កូរ៉ូណា។​

លោក ​យី ​ឆេងលី ​ដែល​ជា​ប្រធាន​មណ្ឌល​សុខភាព​សំរោង​ ក្នុង​ឃុំ​សំរោង​ កំពុង​អង្គុយ​ម្នាក់​ឯង ហើយ​ដៃ​ចុច​ទូរស័ព្ទ​របស់​គាត់​ នៅ​ក្នុង​បន្ទប់​ដែល​មាន​ទូរ​មួយ​ដាក់​ឯកសារ និង​គ្រែ​ដែក​មួយ​ គ្មាន​កម្រាល​ និង​មាន​ខ្នើយ​មួយ​លើ​គ្រែ​នៅ​ក្បែរ​ច្រក​ទ្វារ។​ លោក​ចាប់​អារម្មណ៍​ចង់​និយាយ​អំពី​ជំងឺ​រាតត្បាត​កូវីដ១៩​ ដែល​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣០​ ខែ​មេសា​ ប្រទេស​កម្ពុជា​មាន​ករណី​ឆ្លង​សរុប ​ចំនួន​ ១២២​ និង​ជា​សះស្បើយ​ចំនួន​ ១១៩​ នាក់។​

ប្រធាន​មណ្ឌល​សុខភាព​រូប​នេះ​បាន​រៀប​រាប់​ថា​ មាន​ពលករ​ចំណាក​ស្រុក​ ១១​ នាក់​ដែល​បាន​វិល​ត្រឡប់​មក​ឃុំ​របស់​ពួក​គេ​វិញ ​និង​មាន​ពលករ​ចំណាក​ស្រុក ​៨​ នាក់​បាន​បញ្ចប់​ការ​រស់​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល ​១៤ ​ថ្ងៃ​របស់​ពួក​គេ​នៅ​ផ្ទះ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ។​

កាល​ពីដើម​សប្តាហ៍​មុន ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ប្រមាណ​ ៩ ​ម៉ឺន​នាក់​ បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ចាប់​តាំង​ពី​ចុង​ខែ​មីនា​ នៅ​ពេល​ប្រទេស​ថៃ​បិទ​ច្រក​ព្រំដែន​ ហើយ​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​ត្រូវ​ត្រឡប់​មក​ចូល​ឆ្នាំ​នៅ​ក្នុង​ប្រទេស។ ​ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​មន្រ្តី​សុខាភិបាល​តាម​ដាន​សុខភាព​ថា​ តើ​មាន​រោគ​សញ្ញា​នៃ​វីរុស​កូរ៉ូណា ​ឬ​យ៉ាង​ណា​ និង​ណែនាំ​ឲ្យ​រស់​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល ​១៤ ​ថ្ងៃ។​

លោក​ យី ឆេងលី​ ថ្លែង​ប្រាប់​ VOA ​នៅ​មណ្ឌល​សុខភាព​ក្នុង​ស្រុក​បាទី​ថា៖ ​«យើង​ចុះ​ពិនិត្យ​សុខ​ភាព​គាត់។​វាស់​កម្តៅ​តាម​លទ្ធភាព​ MVA​ (ការ​ពិនិត្យ​រក​រោគ​ផ្តាសាយ)។ ​យើង​បាន​អប់រំ​គាត់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​ក្រុម​គ្រួសារ ​១៤​ថ្ងៃ​ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល។​ យើង​រវល់​ណាស់​រាល់​ថ្ងៃ»។​

លោក​បន្ថែម​ថា ​រូប​លោក​ផ្ទាល់​បាន​ចុះ​អប់រំ​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​ផ្ទាល់​តែ​ម្តង។​

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​បាន​ធ្វើ​ដំណើរ​ចុះ​តាម​ភូមិ​ផ្ទាល់​ហ្មង​ជាមួយ​ប្រជាជន​ផ្ទាល់​តែ​ម្តង។​ ពេល​យើង​ចុះ​ទៅ​ យើង​មាន​ឧបករណ៍​ប៉ុន្មាន​យើង​ ប្រើ​ដែល​យើង​មាន​តាម​លទ្ធភាព។​ យើង​អប់រំ​ពលរដ្ឋ​ថា​ពេល​មាន​រោគ​សញ្ញា ​ដូច​ក្តៅ​ឈឺ​ក ​ ក្អក ​ក្នុង​អំឡុង​ពេល​ ១៤​ថ្ងៃ ​ យើង​គួរ​ទៅ​ពេទ្យ​ហើយ​ខ្ញុំ​រាយ​ការណ៍​ជូន​មន្ទីរ​សុខាភិបាល»។​

ទោះ​ជា​យ៉ាង​ណា​លោក ​ឆេងលី ​និយាយ​ថា​ លទ្ធភាព​នៃ​ការ​ធ្វើ​តេស្ត​សំណាក​យក​ទៅ​ពិនិត្យ​រក​វីរុស​កូរ៉ូណា​របស់​មណ្ឌល​សុខភាព​ នៅ​មាន​កម្រិត​ដោយ​ផ្តោត​សំខាន់​លើ​ពលករ​ចំណាក​ស្រុក ​ដែល​បាន​វិល​ត្រឡប់​ពី​ក្រៅ​ប្រទេស ​និង​បុគ្គល​ដែល​មាន​ប្រវត្តិ​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស ​ដែល​កំណត់​ដោយ​ក្រសួង​សុខាភិបាល។​

បុគ្គលិក​សុខាភិបាល​ដដែល​ក៏​បាន​បញ្ជាក់​ថា​ ប្រជា​ពល​រដ្ឋ​ក្នុង​ស្រុក​ដែល​ចូល​មក​ពិនិត្យ​ក្នុង​មណ្ឌល​សុខភាព ​ហើយ​មាន​អាការៈ​ក្អក​និង​រោគ​សញ្ញា​ ដូច​ជា​ផ្តាសាយ​ ប៉ុន្តែ​មិន​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ថ្មីៗ​ត្រូវ​បាន​គេ​សន្មត់​ថា​ «ធម្មតា» ​មិន​ពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា​នោះ​ទេ។​

លោក​ឆេងលី​បញ្ជាក់​ថា៖​ «ប៉ុន្តែ​អាហ្នឹង​ទាល់តែ​មាន​ប្រវត្តិ​ជំងឺ​ទៀត​មិនមែន​ចេះ​តែ​រាយ​ការណ៍​ទេ។ ​អា​ខ្លះ ​គ្នា​នៅ​ក្នុង​ស្រុក​អញ្ចេះ​សោះ​ យើង​រាយ​ការណ៍​ទៅ​ វា​ពិបាក។​ គ្នា​មាន​មក​ពី​ណា​បើ​គ្នា​នៅ​តែ​ក្នុង​ស្រុក​ដូច​ថា​ យើង​ផ្តាសាយ​អី​ធម្មតា។ ​អ៊ីចឹង​យើង​រាយ​ការណ៍​តាមប្រវត្តិ​ជំងឺ»។​

លោក​ទទួល​ស្គាល់​ថា ​វា​ពិបាក​ក្នុង​ការ​វាយ​តម្លៃ​ថា​តើ​ជា​ករណី​ជំងឺ​គ្រុន​ផ្តាសាយ​ធម្មតា​ ឬ​ជា​ជំងឺ​កូវីដ១៩​ ប៉ុន្តែ​លោក​បញ្ជាក់​ថា​វិធី​សាស្ត្រ​ដែល​កំពុង​អនុវត្ត​មាន​ប្រសិទ្ធភាព​ដោយ​ខេត្ត​នេះ ​មិន​ទាន់​មាន​ករណី​វិជ្ជមាន​នៃ​វីរុស​កូរ៉ូណា​នៅ​ឡើយ​ទេ។​

ការ​អះអាង​របស់​លោក ​ឆេងលី​ ស្រប​តាម​រដ្ឋាភិបាល​ដែល​តែង​តែ​អះអាង​ថា​ ករណី​វិជ្ជមាន​នៃ​ជំងឺ​កូវី១៩​ក្នុង​ប្រទេស​កម្ពុជា​ គឺ​តាម​រយៈ​ជន​បរទេស​ ឬ​ជនជាតិ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស។​ក្រសួង​សុខាភិបាល​កម្ពុជា​លើក​ឡើង​ថា ពុំ​មាន​ការ​ឆ្លង​តាម​សហគមន៍​នៅ​ឡើយ​ទេ។​

ខណៈ​ពេល​ដែល​ប្រទេស​នានា​កាល​ពី​សប្តាហ៍​ថ្មីៗ​នេះ​ បាន​ព្យាយាម​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​បើក​សេដ្ឋ​កិច្ច​របស់​ពួក​គេ​ឡើង​វិញ​នោះ​ ​ពួកគេ​ពិនិត្យ​លទ្ធភាព​នៃ​កម្រិត​ការ​ធ្វើ​តេស្ត​បច្ចុប្បន្ន​ និង​ការ​ធ្វើ​តេស្ត​ដែល​ត្រូវ​ការ​ចាំបាច់​ជាក់​ស្តែង។​ បញ្ហា​នេះ​កំពុង​ត្រូវ​បាន​គេ​ពិភាក្សា។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកស្រី​វេជ្ជបណ្ឌិត​ Li Ailan ​តំណាង​អង្គការ​សុខភាព​ពិភព​លោក ​(WHO)​ ប្រចាំ​នៅ​កម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដនៅកម្ពុជា កាលពីថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)

បើ​តាម​ក្រសួង​សុខាភិបាលការ​ធ្វើ​តេស្ត​សំណាក​នៅ​កម្ពុជា​សរុប​មាន​ចំនួន ​១១.៥៧៦ ​គិត​ចាប់​ពី​ខែ​មករា​ មក​ដល់​ថ្ងៃ​ទី ​២៦ ​ខែ​មេសា។ ​ កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន ​ក្រសួង​សុខាភិបាល​ប្រកាស​ថា​សំណាក​ដែល​បាន​ធ្វើ​តេស្ត​សរុប​មាន​ជាង ​៩.៧៩២។​ ដូច្នេះ​ប្រមាណ​មួយ​សប្តាហ៍​នេះ​ ក្រសួង​សុខាភិបាល​បាន​ធ្វើ​តេស្ត​សំណាក​ប្រមាណ​ ១.៧៨០។​ ក្នុង​ចំណោម​នោះ​មាន​មនុស្ស​ប្រមាណ​ ២.០០០​ នាក់​ជា​អ្នក​ដំណើរ​តាម​នាវា​ទេសចរណ៍​អន្តរជាតិ​ MS Westerdam​ និង​ World Dream​ ដែល​សុំ​ចូល​ចត​នៅ​ប្រទេស​កម្ពុជា។​

កាល​ពី​ថ្ងៃច័ន្ទ​សប្តាហ៍​មុន​ ​ក្រសួង​សុខា​ភិបាល​លើក​ឡើង​ថា​ក្នុង​រយៈ​ពេល ​៧​ថ្ងៃ​ ប្រទេស​កម្ពុជា​បាន​ធ្វើ​តេស្ត​ចំនួន​ ៨៨៣​ នាក់​ទោះ​បី​ជា​កម្ពុជា​មាន​លទ្ធភាព​ធ្វើ​តេស្ត​សំណាក​រហូត​ដល់ ៦០០ ​ក្នុង​មួយ​ថ្ងៃ​នៅ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ និង​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ក៏​ដោយ។​

លោកស្រី​វេជ្ជបណ្ឌិត​ Li Ailan ​តំណាង​អង្គការ​សុខភាព​ពិភព​លោក​ (WHO) ​ប្រចាំ​នៅ​កម្ពុជាថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ ១៣ ​ខែ​មេសា​ថា ​អ្វី​ដែល​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា​នេះ​ គឺ​ការ​ធ្វើ​តេស្ត​ហើយ​ធ្វើ​តេស្ត​ទៀត។​

ទោះ​បី​ជា​យ៉ាង​ណា​ លោកស្រី​បាន​លើក​សរសើរ​ការ​ខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ឆ្លង​ចំនួន​ ១២២ ​ករណី។​ លោក​ស្រី​ក៏​បាន​និយាយ​ផង​ដែរ​ថា​ ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​បង្កើត​យុទ្ធ​សាស្ត្រ​ធ្វើ​តេស្ត​ខ្លួន​ឯង​ទៅ​មុខ​ទៀត​ ហើយ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដដែល​ ​ទោះ​មិន​មាន​ករណី​ឆ្លង​ថ្មី​ក្នុង​រយៈ​ពេល​ជាង ​២​ សប្តាហ៍​ចុង​ក្រោយ​នេះ​ក៏​ដោយ។​

កន្លង​ទៅ​ក្រសួង សុខាភិបាល​លើក​ឡើង​ថា​ ករណី​វិជ្ជមាន​ភាគ​ច្រើន​ជា​ករណី​នាំចូល​និង​ត្រូវ​ធ្វើ​តេស្ត​ចំពោះ​អ្នក​ដែល​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ពី​បរទេស​ និង​អ្នក​ជាប់​ទាក់​ទង​ស្និទ្ធ​បំផុត​របស់​ពួក​គេ។ ​បន្ទាប់​មក​ទៀត​ក៏​មាន​ករណី​កើន​ឡើង​ បន្ទាប់​ពី​ប្រជាជន​កម្ពុជា​បាន​វិល​ត្រឡប់​មក​ពី​ការ​ជួបជុំ​ពិធី​សាសនា​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​និង​ករណី​មួយ​ទៀត​ គឺ​ក្រុម​ទេសចរ​បារាំង​មួយ​ក្រុម​ ដែល​មាន​គ្នា​ជាង ​៣០​ នាក់​បាន​ធ្វើ​តេស្ត​វិជ្ជមាន​នៅ​ក្រុង​ព្រះ​សីហនុ​ បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប​ បាត់​ដំបង ​និង​ភ្នំពេញ។​

បន្ទាប់​ពី​មាន​ករណី​ថ្មី​ផ្សេងៗ​ទៀត​នៅ​ រាជធានីភ្នំពេញ​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ប៊ុនហេង​ បាន​លើក​ឡើង​ថា ​វា​ទំនង​ជា​មាន​ការ​ឆ្លង​តិចតួច​តាម​សហគមន៍​នៅ​ភ្នំពេញ។​ ប្រជាជន​ប្រមាណ​ ៤០​ នាក់​រស់​នៅ​សង្កាត់​បឹងកេងកង​១​ ត្រូវ​បាន​ធ្វើ​តេស្ត​ដែល​មាន​ការ​ទាក់ទង​ផ្ទាល់​ជាមួយ​ប្តី​ប្រពន្ធ​ ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​វីរុស​កូរ៉ូណា។​

កាល​ពី​ដើម​សប្តាហ៍​កន្លង​ទៅ​ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​លោក​ លី សូវ៉ាន់​ មាន​ប្រសាសន៍​ថា​ ការ​ធ្វើ​តេស្ត​ប្រចាំ​សប្តាហ៍​បាន​ធ្លាក់​ចុះ​ ដោយសារ​តែ​ប្រទេស​កម្ពុជា​មិន​មាន​ករណី​ថ្មី​ទៀត។​

ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក​ប្រមាណ ​៩ ​ម៉ឺន​នាក់​ដែល​បាន​វិល​ត្រឡប់​មក​វិញ​មាន​តែ ​៤១០​ នាក់​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​រក​វីរុសកូរ៉ូណា​ ហើយ​ពួក​គេ​មាន​លទ្ធផល​អវិជ្ជមាន។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ លី សូវ៉ាន់​ ក្នុង​សន្និសីទ​សារព័ត៌​មាន​មួយ ​កាល​ពី​ថ្ងៃ​ច័ន្ទ។​

បន្ថែម​ពី​នេះ​ទៀត​ ក្រសួង​សុខាភិបាល និង​ក្រសួង​ការ​ងារ​បាន​ពិនិត្យ​សុខភាព​កម្មករ​កាត់​ដេរ​ជាង ​៥​ពាន់​នាក់ ហើយ​មាន​តែ​ ១១២​ នាក់​ប៉ុណ្ណោះ ត្រូវ​បាន​យក​សំណាក​ទៅ​ពិនិត្យ​រក​វីរុស​កូរ៉ូណា។ នេះ​បើ​តាម​មន្រ្តី​សុខាភិបាល។

ក្រសួង​សុខាភិបាល​នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ទោះ​មិន​មាន​ករណី​ឆ្លង​ថ្មី​ក៏​ដោយ ខណៈ​ពលរដ្ឋ​ចាប់​ផ្តើម​ចេញ​ក្រៅធ្វើ​ដំណើរ​ ហើយ​ការ​រកស៊ី​មួយ​ចំនួន​ចាប់​ផ្តើម​បើក​ឡើង​វិញ។​

មណ្ឌល​សុខភាព​សំរោង​បាន​ត្រួតពិនិត្យ​លទ្ធភាព​កើត​មាន​វីរុស​កូរ៉ូណា​ក្នុង​ចំណោម​ពលករ​ដែល​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ។ (Ananth Baliga/VOA)

ត្រឡប់​មក​ស្រុក​បាទី​វិញ​ មណ្ឌល​សុខភាព​រវៀង​ មាន​អ្នក​ជំងឺ​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​បន្ទប់​ដែល​ពុំ​ឃើញ​មាន​គ្រូពេទ្យ​ ឬ​គិលានុបដ្ឋាយិកា​នោះ​ទេ។​ នៅ​អគារ​ខាង​ក្រោយ​នៃ​មណ្ឌល​សុខភាព​ នៅ​ច្រក​ចូល​មាន​ស្លាក​មួយ​ចង​នឹង​ខ្សែ​សរសេរ​ ដោយ​ដៃ​លើ​ក្រដាស​ស​ថា​ «ត្រូវពាក់​ម៉ាស​មុន​ចូល​ក្នុង​បរិវេណ​ខាង​ក្នុង»។​

លោក ​ជា ​ស្រេង ​ជា​ប្រធាន​មណ្ឌល​សុខភាព​នៅ​តាម​ផ្លូវ​ជាតិ​នេះ។​ លោក​ពាក់​ម៉ាស ​និង​កំពុង​អង្គុយ​ម្នាក់​ឯង​ក្នុង​បន្ទប់។​ លោក​ផ្តោត​លើ​គោល​ការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ មិន​ខុស​ពី​មិត្ត​រួមការងារ​របស់​គាត់​ នៅ​មណ្ឌល​សុខភាព​សំរោង​ទេ។​

លោក​បាន​ឈរ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ VOA​ នៅ​ខាង​ក្រៅ​បន្ទប់​ថា៖​ «យើង​មាន​គោល​ការណ៍​ណែនាំ​ដោយ​ក្រសួង​សុខា​ភិបាល​សម្រាប់​កូវីដ១៩។​ យើង​ពិនិត្យ​កម្តៅ​យើង​មើល​ថា គាត់​មាន​ឈឺ​បំពង់​ក​ឈឺ​ខ្លួន​ប្រាណ​ និង​ក្អក​កណ្តាស់» ឬ​ទេ។

ទោះ​ប្រជា​ពលរដ្ឋមាន​រោគ​សញ្ញា​ទាំង​នេះ​ក៏ដោយ​ ក៏​លោក ​ជា ​ស្រេង​ ប្រធាន​មណ្ឌល​សុខភាព​នេះ​ មាន​ប្រសាសន៍​ថា ​មណ្ឌល​សុខភាព​មិន​បាន​រាយ​ការណ៍​ទៅ​មន្ទីរ​សុខាភិបាល​ក្នុង​ខេត្ត​នោះ​ទេ​ ដោយសារ​ការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ធ្វើ​សម្រាប់​តែ​អ្នក​ដែល​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ ជា​ពិសេស​ពលករ​ចំណាក​ស្រុក​ដែល​បាន​ត្រឡប់​ចូល​ប្រទេស​វិញ។​

លោក​បញ្ជាក់ថា៖​ «អ្នក​ក្នុង​ស្រុក​អត់​មាន​ការ​បម្លាស់​ទី​អី​ពី​បរទេស​ ឬ​ក៏​អី​ហ្នឹង​អា​ហ្នឹង​អត់​អី​ទេ ​គឺ​ផ្តាសាយ​ធម្មតា។​ បើ​អ្នក​ចំណាក​ស្រុក​មក​ ហើយ​សង្ស័យ​អាហ្នឹង​គួរ​តែ​ធ្វើ​តេស្ត​ដែរ។​ យើង​មិន​គួរ​ពិនិត្យ​ទេ​អ្នក​ស្រុក​ ដែល​គ្រាន់​តែ​ផ្តាសាយ​ធម្មតា​ទេ»។​

លោក​ ជា​ ស្រេង ​បញ្ជាក់​បន្ថែម​ថា៖​ «បើ​អ្នក​ចំណាក​ស្រុក​មក​ យើង​តាម​ដាន​កម្តៅ​ អ្នក​ក្តៅ​ខ្លួន​ក្អក​ផ្តាសាយ​អី​ពេល​គាត់​មក​មណ្ឌល​សុខភាព​យើង។​ បើ​អ្នក​នៅ​ក្នុង​ស្រុក​ យើង​គ្រាន់​តែ​រាយ​ការណ៍​ប្រចាំ​ខែ​ទេ។​ យើង​អត់​ទាន់​ឆោ​ឡោ​ជូន​មន្ទីរ[សុខាភិបាល​ខេត្ត]​ទេ»។​

ចំណែក​លោក​ ឆេង លី ​ប្រធាន​មណ្ឌល​សុខភាព​សំរោង​ មាន​ប្រសាសន៍​ថា ​គ្រូពេទ្យ​នឹង​ពិនិត្យ​អាការៈ​ពេល​ពលរដ្ឋ​ក្នុង​ស្រុក​ មក​ទទួល​សេវា​ពី​មណ្ឌល។​ ទោះ​ពលរដ្ឋ​ក្នុង​ស្រុក​មាន​អាការៈ​ស្រដៀង​នឹង​ជំងឺ​កូវីដ​ ប៉ុន្តែ​អាការៈ​ទាំង​នោះ​ត្រូវ​ចាត់​ទុក​ថា​ ជា​ជំងឺ​ផ្សេង​ទៀត។​ លោក​ឧទាហរណ៍​ថា ​ពេល​ប្រជា​ពលរដ្ឋ​មាន​អាការៈ​ក្អក​ នេះ​ជា​ជំងឺ​ផ្លូវ​ដង្ហើម​ដូច​ជា​ជំងឺ​របេង។​ លោក​ ឆេង លី ​នឹង​សរសេរ​ជា​របាយ​ការណ៍​ផ្ញើ​ទៅ​មន្ទីរ​សុខាភិបាល​ ចុង​ខែ​នីមួយៗ។​

លោក​បញ្ជាក់​ថា៖ ​«មាន​អ្នក​មក​រាល់​ថ្ងៃ។​ ប្រហែល​៨​ទៅ ​១០​ មករាល់​ថ្ងៃ។​ ជាង ​១០​ ក្នុង​មួយ​ថៃ្ង ក្តៅ​ ក្អក​ ផ្តាសាយ​មក​ពី​គ្រប់​ទិស​ទី។​ គាត់​មិន​មក​ពី​បរទេស​ទេ។​ យើង​សួរ​ប្រវត្តិ​គាត់ ​យើង​សង្ស័យ​ថា​របេង​យើង​វៃថ្នាំ​ហ្នឹង​ទៅ។​ យើង​ធ្វើ​របាយ​ការណ៍​ជូន​ក្រសួង​សុខាភិបាល។​ ករណី​សង្ស័យ​ថា​ កូវីដ​ហ្នឹង​ យើង​មាន​ប្រវិត្ត​ជំងឺ​ច្បាស់​លាស់។ ​ឧបមាថា ​គាត់​មកពី​ម៉ាឡេស៊ី​អ៊ីចឹង​ យើង​សង្ស័យ​ថា​កូវីដ។​ យើង​រាយ​ការណ៍​វឹង​ អ៊ីចឹង​គេ​មក​យក​សំណាក​ដើម្បី​មើល»។​

កាល​ពី​ថ្ងៃ​ច័ន្ទ ​លោក ​លី សូវ៉ាន់​ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន ​ថ្លែង​ថា​ កម្ពុជា​មាន​ប្រព័ន្ធ​តាម​ដាន​ជា​ប្រចាំ​លើ​ជំងឺ​ផ្តាសាយ​ និង​ជំងឺ​សួត​ដែល​លោក​ថា​មិន​មាន​ការ​កើន​ឡើង​ជំងឺ​សួត​គួរ​ឲ្យ​កត់​សម្គាល់ ​ត្រូវ​បាន​រាយ​ការណ៍​ពី​មណ្ឌល​សុខភាព​ ឬ​មន្ទីរ​ពេទ្យ​នៅ​ទូទាំង​ប្រទេស​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «រហូត​មក​ដល់​ពេល​នេះ​យើង​អត់​ទាន់​ឃើញ​ថា​ ជំងឺ​រលាក​សួត​របស់​យើង​មាន​ការ​កើន​ឡើង​ខុស​ធម្មតា​នៅ​ឡើយ​ទេ។​ តាម​ទិន្នន័យ​ដែល​យើង​ពិគ្រោះ​ជំងឺ​ហ្នឹង​ក៏​អត់​មាន​ឃើញ​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។​ អ៊ីចឹង​មាន​ន័យ​ថា ​ទិន្នន័យ​ដែល​យើង​ប្រមូល​គ្រប់​ជ្រុង​ជ្រោយ​ហ្នឹង​បញ្ជាក់​ថា​ យើង​ពិត​ជា​គ្មាន​ករណី​ហ្នឹង[ឆ្លង​ថ្មី]​ នៅ​ក្នុង​ប្រទេស​របស់​យើង​ទេ»។​

នៅក្នុង​មណ្ឌល​សុខភាព​មួយ​ផ្សេង​ទៀត​ក្នុងខេត្ត​តាកែវ​ លោក​ស្រី ​គង់​ យុទ្ធាវី​ ប្រធាន​មណ្ឌល​សុខភាព​ជាន់​ជុំ​ បាន​ប្រាប់​វីអូអេ​ថា​ លោកស្រី​ស្នើ​ឲ្យ​អ្នក​ជំងឺ​ដែល​មក​ពិនិត្យ ​ហើយ​មាន​ជំងឺ​ផ្តាសាយ​ធម្មតា​ត្រូវ​តាម​ដាន​រោគ​សញ្ញា​របស់​ពួក​គេ ​និង​ត្រឡប់​ទៅ​ជួប​គ្រូពេទ្យ​ម្តង​ទៀត​ ប្រសិន​អាការៈ​នៅ​មិន​ទាន់​ប្រសើរ។​

ទោះជា​យ៉ាង​ណា​ លោក​ស្រី​នៅតែ​យក​ចិត្ត​ទុក​ដាក់​លើ​ករណី​ដែល​ទាក់​ទង​នឹង​ការ​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស​ ហើយ​លោក​ស្រី​ក៏​យល់​ស្រប​ដែល​ថា ​អាច​មាន​ករណី​ឆ្លង​តាម​សហគមន៍​ពី​តំបន់​ងាយ​រងគ្រោះ​ក្នុង​ប្រទេស។​

លោក​ស្រី​ប្រាប់ ​VOA ​តាម​ទូរស័ព្ទ​ថា៖​« គាត់​មក​ ជួន​កាល​ មាន​១​ថ្ងៃ​ដប់​នាក់ ​… បួន​ប្រាំ​នាក់ …​ បួន​ដប់​នាក់​អ៊ីចឹង​ តាម​ដែល​គាត់​មក​ទទួល​សេវា​អ៊ីចឹង។​ ក៏​ប៉ុន្តែ ​គ្រាន់​ថា ​ពេល​ដែល​មក ​គឺ​ខ្ញុំ​សួរ​ទាក់​ទង​តំបន់​ដែល​គាត់​មក​ពី​ខាង​ណា។​ ឧទាហរណ៍​បើ​សិន​ជា​គាត់​នៅ​ស្រុក​ខ្មែរ​យើង ​ប៉ុន្តែ​គាត់​មក​ពី​កំពង់​សោម អាហ្នឹង​ករណី​សង្ស័យ ​អាហ្នឹង​មក​ពី​កំពង់សោម​ ក៏​ជា​តំបន់​ផ្ទុះ​ដែរ​អ៊ីចឹង​ ខ្ញុំ​ជូន ​ខ្ញុំ​ជូន​គាត់​ទៅ​យក​សំណាក​ហ្នឹង​ដែរ​ ដោយ​សារ​មន្ទីរ​ពេទ្យ​របស់​ខ្ញុំ​ជាប់​ហ្នឹង​មន្ទីរ​ពេទ្យ​បង្អែក»៕