តៃវ៉ាន់​សង្ឃឹម​អាច​កែប្រែ​ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​រឿង​ដាក់​បញ្ចូល​ទិន្នផល​នេសាទ​របស់​ខ្លួន​ទៅ​ក្នុង​បញ្ជី​ការងារ​ដោយ​បង្ខំ

រូបឯកសារ៖ អ្នកនេសាទម្នាក់កំពុងដឹកជញ្ជូនត្រីដែលចាប់បាន នៅកំពង់ផែ Suao ភាគខាងកើតកោះតៃវ៉ាន់ កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៥។

ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ — កាលពី​ពាក់​កណ្តាល​ខែតុលា និយតករ​ផ្នែក​នេសាទ​របស់​កោះ​តៃវ៉ាន់ ​បាន​រិះគន់​ខ្លាំងៗ​លើ​ការ​ដាក់​បញ្ចូល​ជា​លើក​ដំបូង​របស់​សហរដ្ឋអាមេរិក​ កាល​ពី​ខែ​កញ្ញា​ នូវ​ទិន្នផល​ត្រី​ដែល​នេសាទ​បាន​ដោយ​តៃវ៉ាន់​ ទៅ​ក្នុង​បញ្ជី​ទំនិញ​ជាប់​ពាក់ព័ន្ធ​នឹង​ការងារ​ដោយ​បង្ខំ។

និយតករ​តៃវ៉ាន់​បាន​និយាយ​ថា ការ​ធ្វើ​បែប​នេះ​ធ្វើ​ឱ្យ​មាន​ផលប៉ះពាល់ «មិន​ស្មើ​ភាព» ដល់​អ្នក​នេសាទ​ដែល​គោរព​ច្បាប់ ទោះបីជា​ក្រុម​តស៊ូ​មតិ​សម្រាប់​អ្នក​នេសាទ ​មិន​យល់ស្រប​ចំពោះ​ការ​លើក​ឡើង​នេះ​ក៏ដោយ។

ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃ​ទី ៣០ ខែ​កញ្ញា បាន​ដាក់​បញ្ចូល​ទិន្នផល​នេសាទ​បាន​ពី​កោះ​តៃវ៉ាន់​ទៅ​ក្នុង​បញ្ជី​ចុងក្រោយ​បង្អស់​នៃ «ទំនិញ​ជាប់​ពាក់ព័ន្ធ​នឹង​ពលកម្ម​កុមារ ឬ​ការងារ​ដោយ​បង្ខំ» ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ឆ្នាំ ២០០៥ របស់​សហរដ្ឋអាមេរិក។

តៃវ៉ាន់​មាន​នាវា​នេសាទ​នៅ​តាម​ដែន​សមុទ្រ​ឆ្ងាយៗ​ជាង ១.‌១០០ នាវា ដែល​នេះ​ជា​ចំនួន​ច្រើន​បំផុត​ទី ២ នៅ​លើ​ពិភពលោក បន្ទាប់ពី​ប្រទេស​ចិន ហើយ​អាច​នេសាទ​បាន​ទិន្នផល​ប្រចាំ​ឆ្នាំ​ដែល​មាន​ទឹក​ប្រាក់ ១ ពាន់ ៤ រយ​លាន​ដុល្លារ។

តួលេខ​របស់​ទីភ្នាក់ងារ​នេសាទ​តៃវ៉ាន់​បាន​បង្ហាញ​ថា កោះ​តៃវ៉ាន់​មាន​ពលករ​នេសាទ​ចំណាក​ស្រុក​ប្រមាណ ៣២.០០០ នាក់ ដែល​ភាគច្រើន​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ហើយ​ពលករ​នេសាទ​ចំនួន ២០.០០០ នាក់​ក្នុង​ចំណោម​នោះ ធ្វើ​ការ​នៅ​លើ​នាវា​នៅ​តាម​ដែន​សមុទ្រ​ឆ្ងាយៗ​ដែល​ដាក់​ទង់ជាតិ​តៃវ៉ាន់។

ទោះបីជា​ខ្លួន​បាន​សន្យា​ថា ​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ការ​ចោទ​ប្រកាន់ ដែល​លើកឡើង​ដោយ​ក្រុម​អង្គការ​បរិស្ថាន​ក៏​ដោយ ក៏​ទីភ្នាក់ងារ​នេសាទ​តៃវ៉ាន់​ បាន​និយាយ​ថា ខ្លួន​សង្ឃឹម​ថា នឹង​អាច​កែប្រែ​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ តាម​រយៈ​ការ​បង្ហាញ​ភស្តុតាង​ដែល​បញ្ជាក់​ថា នាវា​នេសាទ​សមុទ្រ​នៅ​តាម​ដែន​សមុទ្រ​ឆ្ងាយៗ​ដែល​ដាក់​ទង់ជាតិ​តៃវ៉ាន់ គឺ​គោរព​តាម​អនុសញ្ញា​ស្តីពី​ការ​នេសាទ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ILO។

កេរ្តិ៍ឈ្មោះ​មិន​ល្អ

លោក Lin Ding-rong នាយក​ផ្នែក​នេសាទ​សមុទ្រ​ទឹក​ជ្រៅ​របស់​ទីភ្នាក់ងារ​នេសាទ​តៃវ៉ាន់ បាន​ប្រាប់​ VOA ថា ការ​ដាក់​បញ្ចូល​នេះ​បាន​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​អ្នក​ផ្គត់ផ្គង់​តៃវ៉ាន់ និង​ទិន្នផល​ដែល​នេសាទ​បាន​របស់​ពួកគេ​នៅ​ក្នុង​ដែន​សមុទ្រ​ឆ្ងាយៗ ទោះបីជា​ការ​នាំ​ចេញ​របស់​ពួកគេ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នឹង​មិន​រង​ផល​ប៉ះពាល់​ភ្លាមៗ​ក៏ដោយ។

លោក Lin បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា៖ «ករណី​នេះ​បាន​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់ [ទំនុកចិត្ត] របស់​អ្នក​ទិញ​នៅ​សហរដ្ឋ​អាមេរិក​ចំពោះ​ទិន្នផល​នេសាទ [មក​ពី​តៃវ៉ាន់]។ និយាយ​ឱ្យ​ស្មោះត្រង់​ទៅ យើង​មិន​យល់ស្រប​ជាមួយ​នឹង​ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក ដែល​ផ្អែក​លើ​បទល្មើស​ដែល​បង្ក​ឡើង​ដោយ​នាវា​មួយ ឬ​ក៏​មួយ​ចំនួន​តូច​នោះ​ទេ ប៉ុន្តែ​វា​នឹង​ប៉ះពាល់​ខ្លាំង​ដល់​ផល​ប្រយោជន៍​របស់​អ្នក​នេសាទ​ដែល​គោរព​ច្បាប់​ភាគច្រើន​នៅ​ទីនេះ»។

អ្នក​តំណាង​ផ្នែក​នេសាទ​ចំនួន ២ នាក់​ក៏​បាន​រៀបរាប់​ប្រាប់ VOA ថា ការ​ដាក់​បញ្ចូល​នេះ​បាន​ធ្វើ​ឱ្យ​មាន​រូបភាព​អាក្រក់​ដល់​ឧស្សាហកម្ម​នេសាទ​របស់​តៃវ៉ាន់​ទាំង​មូល ដែល​វា​ដូចជា​ពាក្យ​ដែល​គេ​និយាយ​ថា «ត្រី​មួយ​ស្អុយ ស្អុយ​មួយ​កន្ត្រក» អញ្ចឹង​ដែរ។

លោក Edward Huang អគ្គ​លេខាធិការ​នៃ​សមាគម​អ្នក​នេសាទ​ នៅ​ក្នុង​ក្រុង​កំពង់ផែ Kaohsiung នៅ​ភាគ​ខាង​ត្បូង​នៃ​កោះ​តៃវ៉ាន់ បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា៖ «ប្រសិនបើ​ពួកយើង​រហូត​ទៅ​ដល់​ទៅ ៩៨% ឬ ៩៩% មាន​ការ​វិវឌ្ឍ​យ៉ាង​ល្អ​នោះ មិន​គួរ​ណា​មាន​រូបភាព​អាក្រក់​បែប​នេះ​ដាក់​មក​លើ​ពួកយើង​នោះ​ទេ។ ខ្ញុំ​គិត​ថា វា​មិន​យុត្តិធម៌​នោះ​ទ ​សម្រាប់​ពួកយើង ហើយ​រដ្ឋាភិបាល [តៃវ៉ាន់] គួរតែ​ហ៊ាន​និយាយ​ក្នុង​នាម​ពួកយើង»។

ការ​ដាក់​បញ្ចូល​តៃវ៉ាន់​ទៅ​ក្នុង​បញ្ជី​នេះ​អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​ដែល​ទទួល​ទិន្នផល​ត្រី​ពី​តៃវ៉ាន់ ត្រូវ​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​ពន្ធគយ​របស់​សហរដ្ឋ​អាមេរិក​យ៉ាង​ហ្មត់ចត់។

លោក Lin បាន​លើក​ឡើង​អំពី​ច្បាប់​ថ្មី​មួយ​ដែល​មាន​មាត្រា​ចែង​អំពី​ការ​កម្រិត​ម៉ោង​ធ្វើ​ការ ការ​ការពារ​ប្រាក់​ឈ្នួល និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​រស់នៅ​សម្រាប់​កម្មករ ក៏​ដូចជា​ការ​ចាប់ផ្ដើម​អនុវត្ត​នូវ​លក្ខខណ្ឌ​ដែល​តម្រូវ​ឱ្យ​មន្ត្រី​អធិការកិច្ច​ធ្វើ​ការ​បង្ក្រាប​លើ​ការ​នេសាទ​ខុសច្បាប់ និង​ការងារ​ដោយ​បង្ខំ​ផងដែរ។

លោក Lin ក៏​និយាយ​ផង​ដែរ​ថា ទីភ្នាក់ងារ​របស់​លោក​កំពុង​ធ្វើ​ការ​ដើម្បី​ជម្នះ​ភាព​លំបាក​ផ្នែក​បច្ចេកទេស​នៅ​ក្នុង​ការ​ដំឡើង​ប្រព័ន្ធ​តាមដាន​អេឡិចត្រូនិក ឬ​បណ្តាញ​ឥត​ខ្សែ​នៅ​លើ​នាវា​ដើម្បី​អនុញ្ញាត​ឱ្យ​ទីភ្នាក់ងារ​នេះ​អាច​តាមដាន​ពី​ស្ថានភាព​នៅ​លើ​នាវា​បាន។

រូបឯកសារ៖ អ្នកនេសាទតៃវ៉ាន់ចាប់ត្រីដោយច្រើនអណ្តាតភ្លើងតាមរបៀបនេសាទបែបបុរាណនៅទីក្រុង New Taipei កោះតៃវ៉ាន់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។

ការ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​នេះ​ត្រូវ​បាន​គេ​យល់​ថា​សមហេតុ​សមផល

ទោះ​ជា​យ៉ាង​នេះ​ក្តី អង្គការ​ចំនួន ៧ ដែល​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​ពលករ​នេសាទ​ចំណាក​ស្រុក​នៅ​តៃវ៉ាន់ នៅ​តែ​ទទូច​ថា ទង្វើ​មិន​គប្បី​ទៅ​លើ​ពលករ​របស់​នាវា​នេសាទ​សមុទ្រ​ទឹក​ជ្រៅ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​តៃវ៉ាន់ ដូចជា​ការ​ដកហូត​យក​ឯកសារ ការ​ធ្វើ​ការ​លើស​ម៉ោង​ហួស​កម្រិត ការ​បំពាន​ដោយ​កាយវិការ​និង​ពាក្យសម្តី និង​ការ​បើក​ប្រាក់​ឈ្នួល​មិន​គ្រប់គ្រាន់ ជា​មូលហេតុ​សមរម្យ​សម្រាប់​ការ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​នេះ។

អ្នកស្រី Chiu Shao-chi នៃ​អង្គការ​មូលនិធិ​យុត្តិធម៌​បរិស្ថាន (Environmental Justice Foundation) បាន​ស្វាគមន៍​វិធានការ​របស់​ទីភ្នាក់ងារ​នេសាទ​តៃវ៉ាន់​ នៅ​ក្នុង​ការ​ចាប់ផ្ដើម​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​ ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​បន្ថែម​ទៀត ប៉ុន្តែ​អ្នកស្រី​បាន​និយាយ​ថា ការ​រក​ឃើញ​ថ្មីៗ​នៃ​ការ​សម្ភាសន៍​របស់​អង្គការ​អ្នកស្រី​ជាមួយ​នឹង​ពលករ​នេសាទ​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ គឺ​ស្រប​ទៅ​នឹង​ការ​រកឃើញ​របស់​អង្គការ Greenpeace East Asia អំពី​ការ​នេសាទ​ខុស​ច្បាប់ និង​ការងារ​ដោយ​បង្ខំ​ក្នុង​ចំណោម​ពលករ​នៅ​លើ​នាវា​ចំនួន ៣ ដែល​ដាក់​ទង់ជាតិ ឬ​ជាប់​ពាក់ព័ន្ធ​នឹង​កោះ​តៃវ៉ាន់ និង​ការ​សន្និដ្ឋាន​ នៅ​ក្នុង​របាយការណ៍​ពីរ​ឆ្នាំ​ម្តង​របស់​ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ពី​ពលករ​ម្នាក់​ដែល​បាន​និយាយ​ថា លោក​ទទួល​បាន​ប្រាក់​ឈ្នួល​ចំនួន ៥០ ដុល្លារ​ក្នុង​មួយ​ខែ បន្ទាប់​ពី​កាត់កង​ថ្លៃ​សេវា​ជាច្រើន​ពី​ប្រាក់​ខែ​របស់​លោក​ដែល​ចំនួន ៤៥០ ដុល្លារ។ ពលករ​ម្នាក់​ទៀត​បាន​និយាយ​ថា លោក​ត្រូវ​បាន​បង្ខំ​ឱ្យ​នេសាទ​ពី ១៦ ទៅ ១៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ជួនកាល​រហូត​ដល់ ៣៤ ម៉ោង​ជាប់ៗ​គ្នា ប្រសិនបើ​មិន​នេសាទ​បាន​ត្រី។

អង្គការ Greenpeace East Asia បាន​បញ្ជាក់​ថា ហានិភ័យ​នៃ​ការ​រំលោភ​បំពាន និង​ការងារ​ដោយ​បង្ខំ​ដែល​នៅតែ​មាន​ជា​បន្ត​នៅ​លើ​នាវា​នេសាទ​តៃវ៉ាន់ គឺ​ដោយសារ​កង្វះ​នៃ​ការ​ត្រួតពិនិត្យ។

អ្នកស្រី Chiu Shao-chi បាន​យល់ស្រប​ដោយ​និយាយ​ថា៖ «បើ​យើង​និយាយ​ពី​នាវា​នេសាទ មិន​មាន​នាយកដ្ឋាន​ការងារ​ណា​មួយ​នៅ​តៃវ៉ាន់ [ត្រូវ​បាន​ចាត់​តាំង] ឱ្យ​ត្រួត​ពិនិត្យ ឬ​អនុវត្ត​អធិការកិច្ច​ការងារ​ជា​ចាំបាច់​នៅ​លើ​នាវា​ឱ្យ​បាន​ទៀងទាត់​នោះ​ទេ»។

អ្នកស្រី​ក៏​បាន​យល់ស្រប​ជាមួយ​នឹង​ការ​សន្និដ្ឋាន​របស់​អង្គការ Greenpeace East Asia ផង​ដែរ ដែល​ថា ពលករ​នេសាទ​ចំណាក​ស្រុក​នៅ​តៃវ៉ាន់​នៅតែ​ត្រូវ​បាន​គេ​រើសអើង​ តាម​រយៈ​ការ​ជ្រើសរើស​ឱ្យ​ធ្វើ​ការ។ នៅ​ក្នុង​ប្រព័ន្ធ​នេះ អ្នក​នេសាទ​ចំណាក​ស្រុក​ដែល​ត្រូវ​បាន​ជ្រើសរើស​នៅ​ក្រៅ​ប្រទេស ជា​ទូទៅ​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​ការ​ការពារ​ផ្នែក​ការងារ ដែល​រួម​មាន​ដូចជា​ប្រាក់​ឈ្នួល​អប្បរមា ដូច​ទៅ​នឹង​អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើ​ការ​នៅ​កោះ​តៃវ៉ាន់​ផ្ទាល់​នោះ​ទេ។

អ្នកស្រី​និយាយ​ថា ទោះ​ជា​យ៉ាង​នេះក្តី វា​មិន​ច្បាស់​នោះ​ទេ​ថា ​តើ​ទីភ្នាក់ងារ​ជ្រើសរើស​បុគ្គលិក​នៅ​តៃវ៉ាន់ ឬ​ទីភ្នាក់ងារ​នៅ​ប្រទេស​ដើម​ ដែល​បាន​កេងប្រវ័ញ្ច​ពី​ពលករ​តាមរយៈ​ការ​កាត់​ប្រាក់​ឈ្នួល​របស់​ពួកគេ​នោះ ដែល​នេះ​ជា​ការ​អនុវត្ត​ដែល​ត្រូវ​បាន​ហាមឃាត់​នៅ​តៃវ៉ាន់។

រូបឯកសារ៖ អ្នកនេសាទកំពុងសំចតកាណូតនេសាទរបស់ពួកគេ នៅខេត្ត Keelung ភាគឦសាននៃកោះតៃវ៉ាន់ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។

មិន​មាន​អាហារ​សមុទ្រ​ពី​កន្លែង​ធ្វើ​ការ​មិន​មាន​លក្ខខណ្ឌ​ការងារ​ល្អ

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នកស្រី Chiu Shao-chi បាន​លើក​ទឹក​ចិត្ត​ក្រុមហ៊ុន​នេសាទ​តៃវ៉ាន់​ឱ្យ​ធ្វើ​ការ​ជាមួយ​នឹង​រដ្ឋាភិបាល​ ដើម្បី​បង្កើត​យន្តការ​ផ្តល់​ប្រាក់​ធ្វើ​ការ​បន្ថែម​ម៉ោង ឬ​ធានា​ថា តៃវ៉ាន់​មិន​មាន​នាំ​ចេញ​អាហារ​សមុទ្រ​ពី​កន្លែង​ធ្វើ​ការ​មិន​មាន​លក្ខខណ្ឌ​ការងារ​ល្អ​នោះ​ទេ។

ក្រុមហ៊ុន Fong Chun Fishery Co. ដែល​មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់ គឺជា​ក្រុមហ៊ុន​ត្រី​ធូណា​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​ទាំង ៣ នៅ​ក្នុង​ពិភពលោក និង​មាន​ទីផ្សារ​ខ្លាំង​ចូល​ទៅ​កាន់​ប្រទេស​ជប៉ុន សហរដ្ឋ​អាមេរិក និង​អឺរ៉ុប។

អង្គការ Greenpeace East Asia បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​នេះ «ចាត់​វិធានការ​សកម្ម​ជាមុន និង​កាន់តែ​តឹងរ៉ឹង រួម​ទាំង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ដែល​អាច​តាមដាន​បាន​លើ​សង្វាក់​ផ្គត់ផ្គង់​អាហារ​សមុទ្រ ការ​ទទួល​ទិញ​តែ​ពី​នាវា​ដែល​មិន​ចូលរួម​ក្នុង​ការ​ផ្ទេរ​ទំនិញ​នៅ​សមុទ្រ និង​ការ​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ស្តង់ដារ​អន្តរជាតិ​អំពី​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ និង​វិធី​អនុវត្ត​ល្អ»។

ការ​ផ្ទេរ​ទំនិញ​នៅ​សមុទ្រ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ទេរ​ទិន្នផល​នេសាទ​ទៅ​នាវា​ដឹក​ទំនិញ​កក ដែល​ជួយ​សម្រួល​ដល់​ការ​នេសាទ​លើស​កម្រិត និង​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ពលករ​ធ្ងន់ធ្ងរ​នៅ​តាម​សមុទ្រ ដោយសារ​តែ​នាវា​នៅ​ឆ្ងាយៗ​មិន​សូវ​ចូល​ចត​នៅ​ផែ​នោះ​ទេ ដែល​នេះ​ធ្វើ​ឱ្យ​មិន​សូវ​មាន​ការ​ធ្វើ​អធិការកិច្ច។

យ៉ាង​ហោច​ណាស់​នាវា ២ ក្នុង​ចំណោម​នាវា ៣ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​តៃវ៉ាន់ ដែល​ទិន្នផល​នេសាទ​របស់​ខ្លួន​ត្រូវ​បាន​រឹបអូស​ នៅ​ក្នុង​ខែ​ឧសភា និង​ខែ​សីហា នៅ​ច្រក​គយ​សហរដ្ឋ​អាមេរិក​ក្រោម​ការ​សង្ស័យ​ពី​បញ្ហា​ការងារ​ដោយ​បង្ខំ ការ​កាត់​យក​ព្រុយ​ត្រីឆ្លាម ឬ​ការ​ផ្ទេរ​ទំនិញ​នៅ​សមុទ្រ​ខុស​ច្បាប់ គឺ​ជា​អ្នក​ផ្គត់ផ្គង់​ទៅ​ឱ្យ​ក្រុមហ៊ុន Fong Chun Fishery ដែល​នៅ​ក្នុង​ខែមករា​បាន​ទិញ​យក​ក្រុមហ៊ុន​អាហារ​សមុទ្រ​អាមេរិកាំង Bumble Bee ដែល​បាន​ក្ស័យធន។

នៅ​ក្នុង​ការ​ការពារ​ខ្លួន ក្រុមហ៊ុន Fong Chun Fishery បាន​ប្រាប់ VOA នៅ​ក្នុង​ការ​ឆ្លើយតប​តាម​អ៊ីមែល​ថា ក្រុមហ៊ុន​បាន​គោរព​តាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ទាំងអស់​ទាំង​នៅ​តៃវ៉ាន់ និង​ក្រៅ​តៃវ៉ាន់ ហើយ «ការ​ផ្ទេរ​ទំនិញ​នៅ​សមុទ្រ​ទាំង​អស់​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​មន្ត្រី​អធិការកិច្ច [ដែល​ចាត់តាំង​ដោយ​អង្គភាព​គ្រប់គ្រង​ការ​នេសាទ​ថ្នាក់​តំបន់]។ និយតករ​នេសាទ​នៃ​ប្រទេស​នានា​ដែល​នាវា​ទាំង​នេះ​បាន​ចុះ​បញ្ជី ត្រូវ​បាន​គេ​ជូន​ដំណឹង មុន​ការ​ផ្ទេរ​ទំនិញ​នៅ​សមុទ្រ​ត្រូវ​បាន​ធ្វើ​ឡើង»។

ក្រុមហ៊ុន​នេះ​បន្ត​ថា ខ្លួន​មិន​បាន​ធ្វើ​ការ​ជាមួយ​នឹង​អ្នក​ផ្គត់ផ្គង់​ទៀត​នោះ​ទេ នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​នេសាទ​ខុស​ច្បាប់។

អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​នេះ​ថា មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ

អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​នេះ ដែល​ធ្លាប់​បាន​បម្រើការ​ឲ្យ​និយតករ​នេសាទ​តៃវ៉ាន់ បាន​ប្រាប់ VOA ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា តៃវ៉ាន់​អាច​មាន​ការ​វិវឌ្ឍ​នៅ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​បទប្បញ្ញត្តិ​នេសាទ​របស់​ខ្លួន​ នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​ត្រូវ​ធ្វើ​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កំណត់ត្រា​របស់​ខ្លួន ​ទាក់ទិន​នឹង​ការ​គោរព​សិទ្ធិ​របស់​ពលករ​ចំណាក​ស្រុក។

អ្នក​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នេះ​បាន​បន្ថែម​ថា ដោយសារ​តែ​ស្ថានភាព​ទូទៅ​នៃ​ការ​នេសាទ​នៅ​សមុទ្រ​ទឹក​ជ្រៅ​មាន​លក្ខណៈ​មិន​ល្អ ពលករ​នេសាទ​ក្នុង​ស្រុក​បាន​ព្យាយាម​មិន​ធ្វើ​ការ​នៅ​លើ​នាវា​ទាំង​នោះ ដោយ​ធ្វើ​ឱ្យ​ការងារ​ទាំង​នេះ​នៅ​ទំនេរ​សម្រាប់​ពលករ​ចំណាក​ស្រុក។ លោក​បាន​បញ្ជាក់​ថា បញ្ហា​នេះ​នឹង​មិន​បាត់​នោះ​ទេ ប្រសិន​បើ​មិន​មាន​ការ​ដោះស្រាយ​លើ​បញ្ហា​កេងប្រវ័ញ្ច​ពលកម្ម​នោះ។

ជា​ការ​ចាប់ផ្តើម លោក​បាន​ផ្តល់​យោបល់​ថា ក្រុមហ៊ុន​នេសាទ​ត្រូវ​ផ្តល់​សំណង​ដល់​ពលករ​ធ្វើ​ការ​នៅ​លើ​នាវា​សម្រាប់​ការ​ធ្វើ​ការ​លើស​ម៉ោង ឬ​បន្ថែម​ពលករ​ធ្វើ​ការ​នៅ​ក្នុង​វេន​នីមួយៗ។

លោក Chen Chun-sheng អគ្គ​លេខាធិការ​នៃ​សមាគម​អ្នក​នេសាទ Suao នៅ​ភាគ​ខាង​ជើង​នៃ​កោះ​តៃវ៉ាន់ បាន​និយាយ​ថា ការ​បន្ថែម​ពលករ​ធ្វើ​ការ​នៅ​លើ​នាវា​មិន​អាច​ទៅ​រួច​នោះ​ទេ ដោយសារ​តែ​ទំហំ​នាវា​មាន​កម្រិត និង​ត្រូវការ​ការ​ចំណាយ​បន្ថែម​ទៀត។

លោក Chen Chun-sheng បាន​បន្ត​ថា ទោះជា​យ៉ាង​ណា​ក៏ដោយ សម្រាប់​ការ​ធ្វើ​ការ​លើស​ម៉ោង​គឺ​ជា​រឿង​សមហេតុផល​ក្នុង​លក្ខខណ្ឌ​ថា ក្រុមហ៊ុន​នេសាទ​មាន​ប្រាក់​ចំណេញ​ដើម្បី​ចែក​ទៅ​ឱ្យ​ពលករ។ លោក​បាន​បន្ថែម​ថា គោលការណ៍​ផ្ដល់​ប្រាក់​លើក​ទឹកចិត្ត​ដល់​ពលករ​អាច​ជា​ដំណោះស្រាយ​ឈ្នះ​ឈ្នះ​ សម្រាប់​វិស័យ​នេសាទ​នៅ​ដែន​សមុទ្រ​ឆ្ងាយៗ​របស់​តៃវ៉ាន់៕