វ៉ាស៊ីនតោន៖ ប្រទេសកម្ពុជា បង្ហាញឲ្យឃើញពីការចាប់ផ្តើមងើបផុតពីវិបត្តិសេដ្ឋកិច្ចសកល។ មន្ត្រីជាន់ខ្ពស់នៃប្រទេសកម្ពុជាយល់ស្របទៅនឹងការទស្សទាយពីកំណើន សេដ្ឋកិច្ចរបស់អង្គការរូបិយវត្ថុអន្តរជាតិ IMF ដែលបានចង្អុលបង្ហាញឲ្យឃើញថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងពី៦ ទៅ៧ភាគរយវិញនៅឆ្នាំខាងមុខ បន្ទាប់ពីត្រូវរងការប៉ះទង្គិចដោយវិបត្តិសេដ្ឋកិច្ចពិភពលោក។
ការកើនឡើងវិញផ្នែកសេដ្ឋកិច្ចនេះ ត្រូវមន្ត្រីរដ្ឋាភិបាលបញ្ជាក់ឲ្យដឹងថា គឺផ្អែកទៅលើកំណើននាំចេញផ្នែកវាយនភ័ណ្ឌទៅកាន់ទីផ្សារស.រ.អ. និងទីផ្សារអឺរ៉ុប កើនឡើង២១ភាគរយក្នុងរយៈពេល៩ ឬ១០ខែដើមឆ្នាំ និងកំណើនភ្ញៀវទេសចរណ៍ចំនួន១៥ភាគរយ ដែលភាគច្រើនមកពីតំបន់អាស៊ី ហើយកំណើននាំចេញផ្នែកវិស័យកសិកម្មកើនឡើង ៥ភាគរយ នេះបើតាមការអះអាងរបស់លោកហង្ស ជួនណារ៉ុន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានថ្លែងប្រាប់ VOA ផ្នែកខេមរៈភាសាកាលពីថ្ងៃពុធ។
«កត្តាទាំងអស់នេះបង្ហាញឲ្យឃើញថា សេដ្ឋកិច្ចកម្ពុជាងើបចេញពីវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលពិភពលោកបានឆ្លងកាត់ក្នុងឆ្នាំ២០០៨ និងឆ្នាំ២០០៩»។
ទោះជាយ៉ាងណាក៏ដោយ គេឃើញមានការទស្សទាយខុសគ្នាពីកំណើនសេដ្ឋកិច្ចឆ្នាំ២០១០ រវាងកម្ពុជានិង IMF ។ លោក ហង្ស ជួនណារ៉ុន បានអះអាងថា៖
«នៅក្នុងឆ្នាំ២០១០នេះ បើគិតជាទស្សនៈទានរួមគឺថា ទាំងរាជរដ្ឋាភិបាលកម្ពុជា និងទាំងអង្គការរូបិយវត្ថុអន្តរជាតិIMFគឺថា មានទស្សនៈទានដូចគ្នា ក៏ប៉ុន្តែគ្រាន់ តែខុសគ្នាត្រង់ចំណុចដែលរាជរដ្ឋាភិបាលបានធ្វើការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចឆ្នាំ២០១០មានចំនួន៥,៥ភាគរយ ហើយIMFធ្វើការព្យាករណ៍ទាបជាងហ្នឹងបន្តិច។ ដោយឡែក នៅក្នុងឆ្នាំ២០១១គឺ យើងមានការឯកភាពគ្នាថា កំណើនសេដ្ឋកិច្ចមានប្រហាក់ប្រហែល ៦ភាគរយ ហើយអតិផរណាប្រហែលជាសម្រេចបាន៤ភាគរយ»។
របាយការណ៍វិភាគសេដ្ឋកិច្ចរបស់អង្គការIMFបានបញ្ជាក់ឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានចំនួន៤,៨ភាគរយនៅឆ្នាំ២០១០ នៅពេលថ្លឹងថ្លែងជាមួយនឹងផលិតផលសរុបក្នុងស្រុក GDP ដែលកើនចំនួន៤ភាគរយ ក្នុងតារាងសន្ទស្សន៍ថ្លៃទំនិញរបស់ប្រទេស។
ក្នុងចំណោមកត្តាទាំង៤ដែលទ្រទ្រង់សេដ្ឋកិច្ច មានផ្នែកសំណង់ដែលគេមើលឃើញថា នៅមានឱនភាពជាងគេ ខណៈដែលវិស័យកសិកម្ម ទេសចរណ៍ និងវិស័យកាត់ដេរ មានការងើបឡើងយ៉ាងឆាប់រហ័ស។ ដោយឡែក ការវិនិយោគជាច្រើនពីប្រទេសចិន និងវៀតណាម បានកើតប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាដំណាំកៅស៊ូលើដីសម្បទាន ប្រព័ន្ធទូរគមនាគមន៍ ការជីករ៉ែ អគ្គិសនីជាដើមដែលកម្ពុជា អាចរកចំណូលបានបន្ថែមពីលើការពឹងពាក់លើទីផ្សារអាមេរិក និងអឺរ៉ុបលើការនាំចេញសម្លៀកបំពាក់កាត់ដេរនោះ។
ប្រទេសកម្ពុជាជាប្រទេសក្រីក្រមួយ ដែលនៅត្រូវការជំនួយនិងកម្ចីពីបរទេស យ៉ាងតិចពាក់កណ្តាលនៃចំណូលថវិការដ្ឋជារៀងរាល់ឆ្នាំ៕