តុលាការក្រុងស្វាយរៀងសម្រេចមិនឃុំខ្លួនប្រជាពលរដ្ឋចំនួន៤នាក់បន្ទាប់ពីមានការស្នើសុំពីអាជ្ញាធរ និងមេធាវីការពារជនជាប់ចោទ។ ក៏ប៉ុន្តែតុលាការបង្គាប់ឱ្យពលរដ្ឋកុំប្រព្រឹត្តខុសឆ្គងតទៅទៀត បើមិនដូច្នេះទេ ពួកគេនឹងត្រូវចាប់យកមកឃុំឃាំងវិញ។
លោក ហេង រស្មី ជូនសេចក្កីរាយការណ៍ជូនដូចតទៅ៖
លោកប៉ិច ឈឿត ចៅក្រមស៊ើបអង្កេតនៃតុលាការក្រុងស្វាយរៀងនៅថ្ងៃអង្គារនេះ បានបញ្ជាក់ថា តុលាការបានសម្រេចមិនឃុំខ្លួនប្រជាពលរដ្ឋចំនួន៤រូប ក្រោមបទចោទប្រកាន់ថា បានរារាំងអ្នក កាន់កាប់អចលនទ្រព្យស្របច្បាប់។ ក៏ប៉ុន្តែតុលាការបានបង្គាប់ឲ្យខ្លួនគេ កុំប្រព្រឹត្តអំពើខុសឆ្គងតទៅ ទៀត បើពុំនោះទេ ពួកគេនឹងត្រូវចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។
"ឲ្យត្រឡប់ទៅវិញ។ សាកសួររួច ដាក់ក្រោមការត្រួតពិនិត្យ។ ឲ្យគាត់អញ្ជើញទៅផ្ទះវិញ តែប៉ុណ្តឹង"។
ប្រជាជនទាំង៤រូប ដែលត្រូវបានតុលាការក្រុងស្វាយរៀងបានកោះហៅនោះ រួមមានលោកទិត្យ ម៉ាប់ លោកទិត្យ សំអាន លោកឈឹម សារ៉ាន និងលោកចាន់ ហឿន។ ចំណែកលោកប៊ូ សុខា ប្រជាជនមួយរូបផ្សេងទៀត ដែលមានឈ្មោះនៅក្នុងកោះហៅរបស់តុលាការដែរនោះ ពុំមានវត្តមាន នៅក្នុងបន្ទប់សវនាការជាបឋមរបស់តុលាការទេ។
ប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីកោះហៅនោះ បន្ទាប់ពីមានពាក្យបណ្តឹងមួយនៅក្នុង រឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនអានមារ៉ាឌីគ្រុបដែល ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ចំនួនប្រមាណ៣៩៦០ហិកតា សម្រាប់ធ្វើការអភិវឌ្ឍន៍ដាំដើមកៅស៊ូ នៅស្រុករមាសហែក ខេត្តស្វាយរៀង។
លោកហង្ស សំអន មេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៅកម្ពុជាដែលការពារជនជាប់ចោទ បាន និយាយថា ការសម្រេចរបស់តុលាការនេះគឺបានផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោក។
«ចំនួនសេចក្តីសម្រេចហ្នឹង តាមនីតិវិធី ដូចថា ការសម្រេចមួយដោយត្រឹមត្រូវដែរ ដែលយើងអាចទទួលយកបានដែរណា៎។ អាហ្នឹងយើងអាចសម្រេចមិនឃុំខ្លួន។ ក៏ប៉ុន្តែបើសិនជាសាច់រឿងសួរទៅ ត្រូវករណីហ្នឹងវាធ្ងន់ធ្ងរដែលបង្កអសន្តិសុខខ្លាំងទៅដល់សង្គម អាហ្នឹងគេអាចសម្រេចឃុំខ្លួនភ្លាមៗ»។
ចំណែកលោកចាន់ សាវ៉េត មន្រ្តីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្ស ADHOC វិញ បាន និយាយថា វាមានចំណុចខ្លះដែលមិនយុត្តិធម៌ចំពោះការសម្រេចរបស់តុលាការ។
លោកបានមានប្រសាសន៍ទៀតថា តុលាការគួរតែលើកលែងការចោទប្រកាន់ទាំងស្រុងចំពោះប្រជាពលរដ្ឋ ដើម្បីជៀសវាង កុំឲ្យពួកគេរស់នៅដោយមានការភ័យខ្លាច។
«គឺត្រូវលើកលែងការចោទប្រកាន់ ហើយយើងខ្ញុំគ្រាន់តែឃើញដីកាហ្នឹងមកដាក់គំនាបអញ្ចឹងមានន័យថា ជាការគំរាមកំហែងស្មារតីដល់ប្រជាពលរដ្ឋទាំងអស់នោះហើយ មិនឲ្យប្រជាពលរដ្ឋទាំងអស់នោះ អាចចេញមុខទៅធ្វើការតវ៉ាដើម្បីការពាររឿងដីធ្លី ដែលត្រូវបានក្រុមហ៊ុនគេកំពុងរំលោភបំពាន»។
កាលពីថ្ងៃច័ន្ទអាជ្ញាធរក្រុងស្វាយរៀងបានរារាំងប្រជាពលរដ្ឋមិនឲ្យមកតវ៉ានៅចំពោះមុខតុលាការ ដើម្បីសុំឲ្យដោះលែងលោកយា យ៉េង អាយុ៣០ ដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ ក្រោម បទចោទប្រកាន់ថា បានបង្ខាំងមនុស្សខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។
កាលដើមខែឧសភា ឆ្នាំ២០១០នេះ ប្រជាពលដ្ឋចំនួន៥ភូមិ ប្រមាណ៧៣៥គ្រួសារបានធ្វើការ តវ៉ាប្រឆាំងជំទាស់ជាមួយក្រុមហ៊ុនអានមារ៉ាឌីគ្រុប ដោយបានចោទប្រកាន់ថា បានរំលោភយកដីរបស់ ពួកគេប្រមាណជា៨០០ហិកតាសម្រាប់ធ្វើការអភិវឌ្ឍដាំដើមកៅស៊ូ ក្រោយពីក្រុមហ៊ុននេះទទួលដី សម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល តាំងពីឆ្នាំ២០០៤។
លោកពៅ ឆ័ត្រ អាយុ៣៨ឆ្នាំ ប្រជាពលរដ្ឋមួយរូបនៅភូមិតាសួស បាននិយាយថា ក្រុមហ៊ុន បានរំលោភដីប្រជាពលរដ្ឋ ព្រមទាំងចាប់ប្រជាពលរដ្ឋដាក់ឃុំទៀត។
តំណាងក្រុមហ៊ុនអានមារ៉ាឌីគ្រុប ពុំអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ។ ក៏ប៉ុន្តែកាលពីថ្ងៃច័ន្ទ លោកជៀង អំ អភិបាលក្រុងស្វាយរៀង បានប្រាប់VOA សំឡេងសហរដ្ឋអាមេរិកថា ប្រជាពលរដ្ឋបានរំលោភយកដីរបស់រដ្ឋដែលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន។
ពីទីក្រុងភ្នំពេញ ខ្ញុំ ហេង រស្មី VOA សំឡេងសហរដ្ឋអាមេរិក៕