រោងចក្រកាត់ដេរមិថុនា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌ័សែនសុខ ស្ទើរតែត្រូវបំផ្លាញទាំងស្រុងរហូតមកទល់នឹងថ្ងៃសុក្រនេះ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះអស់រយ:ពេល១៨ម៉ោង។ នៅពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុ ហើយក៏មិនទាន់មានការវាយតម្លៃលើការខូចខាតនៅឡើយ។
សាក្សី និងមន្ដ្រីអគ្គីភ័យបាននិយាយថា អណ្ដាតភ្លើងបានចាប់ផ្ដើមលេបត្របាក់ឃ្លាំងផ្ទុក ទំនិញមួយរបស់រោងចក្រដែលមានកម្មករចំនួន៤០០០ នាក់មួយនេះ នៅវេលាម៉ោងប្រមាណជា ៤ល្ងាចថ្ងៃព្រហស្បតិ៍ ហើយបានរាលដាលយ៉ាងឆាប់រហស័មុននឹងរថយន្ដអគ្គីភ័យបានមកដល់។ រថយន្ដបាញ់ទឹកជាច្រើនរបស់អង្គភាពពន្លត់អគ្គីភ័យក្រុងភ្នំពេញរួមទាំងមានជំនួយពីរថយន្ដពន្លត់អគ្គីភ័យធន់ធំចំនួនពីរគ្រឿងពីអាកាសយានដ្ឋានអន្តជាតិក្រុងភ្នំពេញផងដែរបានចេញចូលបណ្ដាក់គ្នាបាញ់បង្រ្កាបអគ្គីភ័យដ៏ធំនេះ។ ក៏ប៉ុន្ដែទោះជាយ៉ាងណា រហូតមកទល់នឹងរសៀលថ្ងៃនេះ នៅតែមានផ្សែងហុយចេញពីកន្លែងឆេះនៅឡើយ។
លោក ណេត វ៉ាន់ថា ប្រធានការិយាល័យអង្គភាពពន្លត់អគ្គីភ័យរាជធានីភ្នំពេញបានឲ្យដឹងថា ក្រុមសមត្ថកិច្ចកំពង់ស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់នេះ។ លោកបានប្រាប់វីអូអេខ្មែរថា៖
«គណៈកម្មការក្រុមចម្រុះកំពុងតែស្រាវជ្រាវ។ គេយកតាំងពីម៉ាស៊ីនកុំព្យូទ័រអ្វីដែលពាក់ព័ន្ធនិងកាម៉េរ៉ាថតគឺយកទៅឆែកមើលនៅកន្លែងកោសល្យវិច្ច័យ។ អគារនេះវាមិនអាចប្រើប្រាស់ បានទៅមុខទៀតទេ ពីព្រោះវាប្រេះសាំគ្រប់តំបន់គ្រប់ចំណុច ហើយអញ្ចឹងបើប្រើប្រាស់អាចគ្រោះ ថ្នាក់។ គណៈកម្មការចម្រុះរបស់ក្រសួងមហាផ្ទៃដែលបានបង្កើតនោះ គឺចូលលុកលុយចូលថតចូលរុករកជាមួយម្ចាស់ទីតាំងនោះ ហើយគឺអត់មានអ្នករងគ្រោះស្លាប់នោះគឺអត់មានទេ»។
មានប្រជាពលរដ្ឋមួយចំនួនបានរើឥវ៉ាន់ និងភៀសខ្លួនទៅក្រៅផ្ទះកាលពីម្សិលមិញដោយ ការភ័យខ្លាចការរីករាលដាលនៃអគ្គីភ័យ។
លោក ហន វិចិត្រ កម្មករម្នាក់នៃរោងចក្រ មិថុនា បាននិយាយរៀបរាប់ថា ក្រុមកម្មករបាន នាំគ្នាសម្រុករត់ចេញនៅពេលដែលភ្លើងឆេះពេញបន្ទុក ដោយពុំមានក្រុមសង្រ្គោះនាំផ្លូវនោះទេ។ លោក វិចិត្របានប្រាប់វីអូអេខ្មែរថា៖
«ម្សិលមិញគឺមានផ្សែងហុយខ្លាំងមែនទែន បាននាំគ្នាចុះ។ មួយៗអត់ដឹងខ្លួនផងហ្នឹង ថាភ្លើងឆេះពីក្រោម។ និយាយឲ្យចំទៅ ពេលខ្ញុំរត់ ផ្សេងឡើងងងឹតមើលអ្វីលែងចង់ឃើញ បានពួកខ្ញុំ ដឹងរត់ចុះមក»។
រោងចក្រកាត់ដេរមិថុនា បានដំណើរការនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣។ រោងចក្រនេះ ជារោងចក្រកាត់ដេរដ៏ធំមួយក្នុងចំណោមរោងចក្រកាត់ដេរសរុបនៅកម្ពុជាចំនួនជាង៣០០រោងចក្រ។
នៅព្រឹកថ្ងៃសុក្រនេះ មានកម្មករជាច្រើនរយនាក់បានមកប្រមូលផ្តុំគ្នានៅមុខរោងចក្រដើម្បីចង់ដឹងពីដំណោះស្រាយសម្រាប់ពួកគេក្នុងការបើកប្រាក់បៀរវត្ស និងការងាររបស់ពួកគេ។
លោក ម៉េងទ្រី ប្រធានរដ្ឋាបាលរោងចក្រមិថុនា បានឲ្យដឹងថា រោងចក្រនឹងធ្វើការទូទាត់បើកប្រាក់បៀរវត្សដល់កម្មករទាំងអស់ដែលសម្រាប់ខែ មីនា។ លោក ថ្លែងដូច្នេះថា៖
«ក្រុមហ៊ុននឹងព្យាយាមបើកប្រាក់ឈ្នួលជូនគាត់។ ប្រាក់ឈ្នួលដែលគាត់ធ្វើបាន គាត់នឹងទទួលបាន។ មិនដឹងជាបើកនៅពេលណា ពីព្រោះឯកសារអត់ទាន់ហើយផង ឆេះអស់ហើយ»៕