អាជ្ញាធរ​រកឃើញ​បំណែក​យន្តហោះ​ធ្លាក់​ក្បែរ​តំបន់​ជម្លោះ

អាជ្ញធរ​​ក្នុង​ខេត្ត​ព្រះវិហារ​ពិនិត្យ​មើល​បន្ទះ​លោហៈ​ដែល​សល់​ពី​ការ​ផ្ទុះ​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៦​ខែ​សីហា​ឆ្នាំ​២០១១​ ក្នុង​ស្រុក​គូលេន នៅ​ចម្ងាយ​ប្រមាណ​​៩០​គីឡូម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ។ អាជ្ញាធរ​សង្ស័យ​ថា​​បន្ទះ​នេះ​ជា​បំណែក​នៃ​យន្តហោះ​ដែល

ក្រុមអាជ្ញាធរ​ខេត្ត​ព្រះវិហារ​និយាយ​ថា​ពួកគេ​បាន​ប្រទះ​ឃើញ​និង​ប្រមូល​បាន​បន្ទះ​លោហៈធាតុ​ជា​ច្រើន​ បំណែក​ពី​ក្នុង​ព្រៃ​នៅ​ក្នុង​ភូមិសាស្រ្ត​ឃុំ​គូលេន​ត្បូង​ ស្រុក​គូលេន​ ចម្ងាយ​ប្រហែល​ជាង​៩០​គីឡូម៉ែត្រ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​ ដែល​កំពុង​មាន​ជម្លោះ​ជា​មួយ​ប្រទេស​ថៃ។

ក្រោយពី​បាន​ឮ​សំឡេង​ផ្ទុះ​ពី​លើ​អាកាស​ដ៏​កក្រើក​មួយ​កាល​ពី​ព្រឹក​ម៉ោង​៦ថ្ងៃ​អង្គារ​ទី​១៦ខែ​សីហា​ នេះ។​ បន្ទះ​លោហៈធាតុជាង​២០​ដុំ​ ដែល​មាន​កម្រាស់​ចាប់​ពី​ បួន​លី​ ដល់​ប្រាំពីរ​លី​ ព្រម​ទាំង​ប្រអប់​អេឡិចត្រូនិក​ មួយ​ផង​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ រាយប៉ាយ​នៅ​ក្បែរ​ផ្ទះ​អ្នកភូមិ​ និង​ជាប់​នៅ​តាម​ដើម​ឈើ។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ។

អាជ្ញាធរក្នុង​ខេត្ត​ព្រះវិហារ​ពិនិត្យ​មើល​បន្ទះ​លោហៈ​ដែល​សល់​ពី​ការ​ផ្ទុះ​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៦​ខែ​សីហា​ឆ្នាំ​២០១១​ ក្នុង​ស្រុក​គូលេន នៅ​ចម្ងាយ​ប្រមាណ៩០​គីឡូម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ។ អាជ្ញាធរ​សង្ស័យ​ថាបន្ទះ​នេះ​ជា​បំណែក​នៃ​យន្តហោះ​ដែល​មិន​មាន​អ្នក​បើក​បរ។ (វង់ ដារ៉ា វីអូអេ ខ្មែរ)

អាជ្ញាធរក្នុង​ខេត្ត​ព្រះវិហារ​ពិនិត្យនិង​ធ្វើ​កំណត់​ហេតុអំពី​បន្ទះ​លោហៈ​ដែល​សល់​ពី​ការ​ផ្ទុះ​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៦​ខែ​សីហា​ឆ្នាំ​២០១១​ ហើយ​ដែល​សង្ស័យ​ថា​ជា​បំណែក​នៃ​យន្តហោះ​ដែល​មិន​មាន​អ្នក​បើក​បរ។ (វង់ ដារ៉ា វីអូអេ ខ្មែរ)

លោក​ស​ ថាវី​ អភិបាល​រង​ខេត្ត​ព្រះវិហារ​បាន​ថ្លែង​ថា​ ជា​បឋម​ យើង​បាន​ដាក់​ការ​សង្ស័យ​ថា​ វា​ជា​ប្រភេទ​យន្តហោះ​យកការណ៍​គ្មាន​មនុស្ស​បើក​ តែ​យើង​មិន​ទាន់​ដឹង​ថា​ វា​មក​ពី​ប្រភព​ណា​នោះ​ទេ។

«យើង​ក៏​បាន​យក​អាហ្នឹង​មក​ហើយ​ បាន​សុំ​គោលការណ៍​ដឹក​នាំ​ពី​ឯកឧត្តម​អភិបាល​ខេត្ត​ថា​ បាន​រក​ឃើញ​ហើយ​ អញ្ចឹង​គាត់​ក៏​បាន​ផ្តល់​គោលការណ៍​បន្ត​ទៀត​ថា​ ឲ្យ​អញ្ជើញ​ក្រុមជំនាញ​ខាង​ស៊ីម៉ាក់​ បាន​ចូលរួម​និង​ក្រុម​សង្កេតការណ៍​ពី​បទ​ឈប់​បាញ់​ បាន​ចូលរួម​ផង​ ដើម្បី​មក​ពិនិត្យ​ថា​តើ​ អំបែង​នេះ​ជា​ប្រភេទ​អ្វី​ ហើយ​វា​មក​ពី​ប្រភព​ណា​ អញ្ចឹង​វត្ថុតាង​ទាំង​អស់​បាន​យក​មក​រក្សា​ទុក​ ហើយ​មក​នៅ​ឃើញ​ចំពោះ​មុខ​ កន្លែង​អធិការ​ស្រុក​គូលេន​នេះ​តែ​ម្តង។ ក្រោយ​ពី​បាន​ពិនិត្យ​រួចរាល់​អស់​ហើយ​ វត្ថុតាង​ទាំងអស់​នេះ​នឹង​ប្រគល់​ជូន​ក្រុម​សង្កេតការណ៍​បទ​ឈប់​បាញ់​ ដើម្បី​យក​ទៅ​សិក្សា​ស្រាវជ្រាវ​បន្ត»។

លោក​ស​ ថាវី​ បាន​ឲ្យ​ដឹង​ទៀត​ថា​ មិន​មាន​សេចក្តី​រាយការណ៍​អំពី​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ទេ​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ទុះ​ធ្លាក់​យន្ត​នោះ​ហើយ​ប្រជាពលរដ្ឋ​ត្រូវ​បាន​គេ​ជូន​ដំណឹង​ឲ្យ​រាយការណ៍​ជូន​សមត្ថកិច្ច​ប្រសិន​បើ​ពួកគេ​ប្រទះ​ឃើញ​បំណែក​បន្ទះ​លោហៈធាតុ​ទាំង​នោះ៕