ចិន​ត្រូវបាន​សង្ស័យ​ថា​លួច​ចូល​ប្រព័ន្ធ​ទូរគមនាគមន៍​អាមេរិក

ដៃចុចកុំព្យូទ័រដែលត្រូវបានដាក់បង្ហាញនៅពីមុខទង់ជាតិចិននៅក្នុងរូបភាពដែលបានថតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

ការ​លួច​ចូល​ប្រព័ន្ធ​ទូរគមនាគមន៍​អាមេរិក ដែល​មាន​ទំនាក់​ទំនាក់​ជាមួយ​ប្រទេស​ចិន ដែល​ពី​ដំបូង​ហាក់​ដូចជា​ផ្ដោត​លើ​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក មាន​ភាព​ស៊ីជម្រៅ​ជាង​នេះ។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ស៊ើបអង្កេត។ ការ​លួច​ចូល​នេះ​ទំនង​ជា​ផ្នែក​មួយ​នៃ​ការ​ខំប្រឹង​ឈ្លប​យក​ការណ៍​លើ​សហរដ្ឋ​អាមេរិក​ពី​សំណាក់​ចិន។

​ទីភ្នាក់ងារ FBI និង​ទីភ្នាក់ងារ​សន្តិសុខ​ហេដ្ឋា​រចនាសម្ព័ន្ធ​និង​សន្តិសុខ​អ៊ីនធឺណិត CISA បាន​ព្រមាន​កាល​ពី​ថ្ងៃ​ពុធ​ថា​ការ​លួច​ចូល ដែល​ត្រូវ​ចាប់​សញ្ញា​បាន​លើក​ទី១​កាល​ពី​ចុង​ខែ​មុន ឥឡូវ​«‍លាត​ត្រដាង​ឱ្យឃើញ​ពី​យុទ្ធនាការ​ចារកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដ៏​សំខាន់​និង​ទ្រង់ទ្រាយ​ធំ»។

​ទីភ្នាក់ងារ​ទាំង​ពីរ​បាន​ឱ្យដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​ ការ​ស៊ើបអង្កេត​របស់​ពួកគេ​បាន​បញ្ជាក់​ថា ​ក្រុមលួច​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ចិន បាន​ធ្វើ​ឱ្យរអាក់រអួល​បណ្ដាញ​ក្រុមហ៊ុន​ទូរគមនាគមន៍​ជាច្រើន​របស់​អាមេរិក ហើយ​បាន​លួច​ចូល​ទៅ​ដល់​កន្លែង​ផ្ទុក​ព័ត៌មាន​យ៉ាង​ច្រើន។

ទីភ្នាក់ងារ​ទាំង​ពីរ​ថា​ក្រុម​លួច​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំង​នោះ បាន​ចូល​ទៅ​មើល​កំណត់​ត្រា​អតិថិជន​និង​ជ្រៀតចូល​ក្នុង​បណ្តាញ​ទំនាក់ទំនងឯកជន​របស់​មន្ត្រី​រដ្ឋាភិបាល​និង​អ្នក​នយោបាយ​មួយ​ចំនួន។

លើស​ពី​នេះ ​ក្រុម​លួច​ចូល​ប្រព័ន្ធ​អ៊ីនធឺណិតទាំង​នោះ​ហាក់ដូចជា​បាន​ថតចម្លង​ព័ត៌មាន​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​អាមេរិក បាន​ស្នើ​សុំ​តាម​បញ្ជា​របស់​តុលាការ​ផង​ដែរ។

ទីភ្នាក់ងារ FBI និង​ CISA ថា«‍យើង​រំពឹង​ថា​ការ​លួច​ចូល​ទាំង​នេះ នឹង​មាន​ច្រើន​ថែម​ទៀត​ពេល​ដែល​ការ​ស៊ើបអង្កេត​កំពុង​បន្ត»។​

ទីភ្នាក់ងារ​ទាំង​ពីរ​បន្ថែម​ថា«‍យើង​សូម​លើកទឹកចិត្ត​ដល់​អង្គការ​ណា​ដែល​ជឿ​ថា​ខ្លួន​ប្រហែល​ជា​ជនរងគ្រោះ​ ឱ្យទាក់ទង​ការិយាល័យ​នៅ​មូលដ្ឋាន​របស់ FBI ឬ CISA​»។

ទីភ្នាក់ងារ​ទាំងពីរ បាន​ប្រកាស​លើកដំបូង​ថា​ពួកគេ​កំពុង​ស៊ើបអង្កេត​ការ​លួច​ចូល​ប្រព័ន្ធ​ទូរគមនាគមន៍​អាមេរិក​នៅ​ចុង​ខែ​តុលា​ គឺ​មិន​ដល់​ពីរ​សប្ដាហ៍​ផង​មុន​ការបោះឆ្នោត​សកល​នៅ​អាមេរិក‍»។

កាសែត The New York Times រាយការណ៍​មុន​គេ​ថា ​ក្រុម​លួចចូល​ប្រព័ន្ធបច្ចេកវិទ្យា​ចិន ត្រូវ​បាន​គេ​ជឿ​ថា​បាន​លួច​ចូល​ក្នុង​បណ្ដាញ​ទូរគមនាគមន៍ ដើម្បីដាក់ទី​ដៅ​លើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Donald Trump រួម​ទាំង​ទូរសព្ទ​ដែល​លោក Trump និង​អនុប្រធានាធិបតី​ជាប់ឆ្នោត​លោក JD Vance ប្រើ​ផងដែរ។​

យុទ្ធនាការ​របស់លោក​ Trump បាន​បញ្ជាក់តាម​សេចក្តី​ថ្លែងការណ៍​មួយ​មក​កាន់​វីអូអេ​ថា ​ពិត​ជា​មាន​ការ​លួច​ចូល​នេះ​មែន។ ដោយឡែក អ្នក​ស្និទ្ធ​នឹង​ការ​ស៊ើបអង្កេត​នេះ​ម្នាក់ បាន​ប្រាប់​វីអូអ​ថា ​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​បោះឆ្នោត​របស់​អនុប្រធានាធិបតី​អ្នកស្រី Kamala Harris ក៏​ជា​ទីដៅ​នៃ​ការ​លួច​ចូល​នេះ​ដែរ។

ប៉ុន្តែ​ស្ថានទូត​ចិន​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ច្រាលចោល​ការ​ចោទប្រកាន់​របស់​អាមេរិក​ទាក់ទង​នឹង​ការ​លួច​ចូល​នេះ ដោយ​ចាត់ទុក​ថា ​វា​ជា​ព័ត៌មាន​មិន​ពិត​និង​ថា​អាមេរិក​ជា​«‍ប្រភព​និង​ជា​អ្នក​ប្រព្រឹត្ត​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​ដ៏​ធំ​ជាង​គេ»៕