បុរសវ័យ៦២ឆ្នាំម្នាក់ដែលត្រូវបានរងការចោទប្រកាន់ថា បានបាញ់ប្រហារទៅលើមនុស្ស១០នាក់ នៅក្នុងស្ថានីយរថភ្លើងក្រោមដីក្នុងទីក្រុង New York នោះ ត្រូវបានចាប់ឃុំនៅថ្ងៃពុធម្សិលមិញ ហើយកំពុងប្រឈមនឹងការចោទប្រកាន់ពីបទភេរវកម្មមួយ បន្ទាប់ពីត្រូវបានក្រុមអាជ្ញាធរតាមចាប់ខ្លួនអស់រយៈពេលមួយថ្ងៃមក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Frank James ដែលត្រូវបានគេសង្ស័យថា ជាអ្នកបំផ្ទុះកំប៉ុងផ្សែង២នៅពេលដែលរថភ្លើងក្រោមដីនៅស្ថានីយ Brooklyn ក្រុងទីក្រុង New York បានបើកមកដល់ ហើយបានបើកការបាញ់រះទៅលើអ្នកដំណើរតែម្តង។ បុរសរូបនេះ ត្រូវបានចាប់ខ្លួនដោយមន្ត្រីប៉ូលិសនៅលើផ្លូវក្នុងសង្កាត់ Manhattan ក្នុងទីក្រុង New York ដោយពុំមានការតដៃនោះឡើយ។
អភិបាលក្រុង New York លោក Eric Adams បានប្រាប់សន្និសីទកាសែតថា «ពលរដ្ឋក្នុងទីក្រុង New York ទាំងអស់សូមជា្រប! យើងចាប់បានបុរសដែលជាជនសង្ស័យនេះហើយ»។
ដោយឡែកប្រធានស្នងការបូលិសក្រុង New York លោក Keechant Sewell បាននិយាយថា «បុរសរូបនេះអស់កន្លែងត្រូវរត់ទៀតហើយ»។ មន្ត្រីប៉ូលិសបានចាប់ខ្លួនបុរសរូបនេះ ក្រោយពីមានការខ្សុចប្រាប់មួយ។
ដោយប្រកាសពីបទចោទប្រកាន់លើជនសង្ស័យនេះ មេធាវីអាមេរិកក្នុងទីក្រុង New York លោក Breon Peace បាននិយាយថា ជនសង្ស័យរូបនេះ អាចប្រឈមនឹងការជាប់ទោសមួយជីវិត ប្រសិនបើមានទោសពីការបំពានបម្រាមរបស់រដ្ឋាភិបាលសហព័ន្ធស្តីពីអំពើភេរវកម្ម និងការវាយប្រហារដោយហិង្សាលើប្រព័ន្ធដឹកជញ្ជូនសាធារណៈនោះ។
ដោយឡែកលោក Michael J. Driscoll ដែលជាជំនួយការនាយកទទួលបន្ទុកការិយាល័យស៊ើបអង្គេតសហព័ន្ធ FBI ក្នុងទីក្រុង New York ក៏បានចាត់ទុកការបាញ់ប្រហារនោះថា ជា«ការវាយប្រហារភេរវកម្មមួយទៅលើការដឹកជញ្ជូនសាធារណៈ»។
ការបាញ់ប្រហារកាលពីថ្ងៃអង្គារកន្លងទៅនេះ មិនបណ្តាលឲ្យនរណាម្នាក់បានស្លាប់នោះឡើយ ប៉ុន្តែមនុស្ស១៣នាក់បានរងរបួស ខណៈពេលដែលពួកគេកំពុងរត់ចេញពីស្ថានីយរថភ្លើងនោះ។
បើតាមកំណត់ហេតុប៉ូលិសបានឲ្យដឹងថា ជនសង្ស័យនេះបានពាក់ម៉ាស់ការពារផ្សែងមុនពេលរថភ្លើងមកដល់កាលពីព្រឹកថ្ងៃអង្គារ គឺចំម៉ោងដែលកំពុងមានមនុស្សច្រើន ហើយក៏បានបើកកំប៉ុងផ្សែងដែលខ្លួនមាន និងបានបាញ់ចំនួន៣៣គ្រាប់ទៅលើក្រុមអ្នកដំណើរដែលកំពុងរៀបចេញពីរថភ្លើងនោះ៕