អង្គការ​អ្នក​សល់​ពី​ស្លាប់​នៃ​របប​ខ្មែរ​ក្រហម​មួយ​នៅ​អាមេរិក​រិះគន់​សាលាក្តី​ខ្មែរ​ក្រហម​

  • Robert Carmichael

អ្នកស្រី​សាស្ត្រាចារ្យ​នូ លក្ខិណា ​ប្រធាន​វិទ្យាសា្ថន ​ASRIC​ ពេល​សម្ភាសន៍​ជាមួយ​វីអូអេ ​ខ្មែរ​នៅ​ក្រុង​ឡងប៊ិក ​រដ្ឋ​កាលីហ្វ័រនីញ៉ា។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ អង្គការ​អ្នក​សល់​ពី​ស្លាប់​នៃ​របប​ខ្មែរ​ក្រហម​ឈ្មោះ ASRIC ដែល​មាន​ទី​តាំង​នៅ​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា សាលាក្តី​ខ្មែរ​ក្រហម​នៅ​ភ្នំពេញ​នឹង​មិន​អាច​រក​យុត្តិធម៌​បាន​ទេ ប្រសិន​បើតុលាការ​នេះ​ទម្លាក់​ចោល​រឿង​ក្តី​០០៣ និង​០០៤ ដែល​ត្រូវបាន​ប្រឆាំង​ដោយ​រដ្ឋាភិបាល​កម្ពុជានោះ។

ចៅក្រម​បាន​បញ្ចប់ការស៊ើប​អង្កេត​រឿង​ក្តី​០០៣​កាល​ពី​មួយ​ខែ​កន្លង​ទៅ​នេះ ប៉ុន្តែ​ ក្រោយ​មក​សហ​ព្រះរាជអាជ្ញា​បរទេស​លោកអ៊ែនឌ្រូ ឃែលី (Andrew Cayley) មាន​ប្រសាសន៍ថា ការស៊ើប​អង្កេត​សម្រាប់​រឿង​ក្តី​០០៣ មិន​គ្រប់​គ្រាន់​ទេ​ ហើយ​ថា ត្រូវ​មាន​កិច្ចការ​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។ ចាប់​ពី​ពេល​នោះ​មក​លោក​ឃែលី ត្រូវ​តុលាការបញ្ជាឲ្យ​ដក​ការរិះគន់​របស់​លោក​វិញ ប៉ុន្តែ​លោក​ឃែលី​ថា លោក​នឹង​ប្តឹង​ឧទ្ធរណ៍។ អង្គការ​ASRICឲ្យ​ដឹង​ថា តុលាការ​មិន​អាច​សម្រេច​លើ​អង្គហេតុ​នៃ​រឿង​ក្តី​នេះ​បាន​ទេ​បើ​គ្មាន​ការស៊ើបអង្កេត​ត្រឹម​ត្រូវនោះ។

លោក​ស្រី​ នូ លក្ខិណា ​គឺ​ជា​ស្ថាបនិក​អង្គការ​ASRIC ដែល​ជា​អង្គការ​អ្នក​សល់​ពីស្លាប់​នៃ​របប​ខ្មែរ​ក្រហម​តែ​មួយ​គត់​នៅ​សហរដ្ឋ​អាមេរិក។ លោក​ស្រី​បាន​និយាយ​មក​កាន់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​តាម​Skype ថា៖

«អ្នក​សល់​ពី​ស្លាប់​កម្ពុជា និង​សង្គម​កម្ពុជា​សមនឹង​ទទួល​បាន​ប្រសើរ​ជាង​នេះពីព្រោះ​ពួក​គេ​បាន​ទទួល​រង​ការ​ឈឺ​ចាប់​អស់​រយៈពេល​៣៥​ឆ្នាំ​ហើយ ហើយ​គេ​មិន​ទាន់​បាន​ចូល​រួម​ក្នុង​តុលាការ​នៅ​ឡើយ។ ដូច្នេះ ការកាត់​ទោស​តែ​ជនជាប់​ចោទ​កំពូល​ប្រាំ​នាក់​មិន​គ្រប់​គ្រាន់​ទេ។ ប្រសិន​បើ​មាន​ភស្តុតាង​ដែល​ថា​ មាន​ជន​ដៃដល់​ទៀត​នោះ​ មន្រ្តី​តុលាការ​ត្រូវ​ធ្វើការ​ឲ្យ​បាន​ប្រាកដ​ប្រជា»។

លោក​ស្រី​មាន​ប្រសាសន៍​ថា កាល​ពី​សប្តាហ៍​មុន​មាន​មនុស្ស​៧៥០​នាក់​បាន​ចុះ​ហត្ថលេខា​លើ​ញ្ញតិ្ត​មួយ​អំពាវនាវ​ដល់​តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​នេះ ​ស៊ើប​អង្កេត​រឿង​ក្តី​០០៣ឲ្យ​បាន​ប្រាកដ​ប្រជា។ លោក​ស្រី​ថ្លែង​ថា តុលាការ​ដែល​ភាគច្រើនមិន​បញ្ចេញ​ឲ្យ​ដឹង​នូវ​អ្វីដែល​កំពុង​កើត​ឡើង​នោះ ត្រូវ​ធ្វើ​កិច្ច​ការ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ។

«យើង​ត្រូវការ​តម្លាភាព​ថែម​ទៀត​ពី​តុលាការ។ យើង​ត្រូវការ​ព័ត៌មាន​ប្រកប​ដោយ​បច្ចុប្បន្នភាព​ជាង​នេះ។ ហើយ​យើង​ត្រូវ​ការ​ឲ្យ​តុលាការ​ដោះស្រាយ​ភាព​ខ្វែង​គំនិតគ្នា​ក្នុង​ចំណោម​ភាគីកម្ពុជា និង​ភាគី​អង្គការ​សហប្រជាជាតិ។ ដូច្នេះ​ពួក​គេ​ត្រូវទុកមោទនភាពរបស់​ខ្លួន​ដោយឡែក​ ហើយ​ផ្តោត​លើ​អ្វី​ដែល​ជា​រឿង​ល្អ​បំផុត​សម្រាប់​អ្នកសល់​ពី​ស្លាប់​ ជា​ជាង​ប្រយោជន៍​បុគ្គល»។

សាលាក្តីដែល​គាំ​ទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បើក​សវនាការ​រឿង​ក្តី​ទាំង​ឡាយ​ដែល​ទាក់​ទិន​នឹង​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​ខ្មែរ​ក្រហម​ក្នុង​អំឡុង​ខ្លួន​កាន់​អំណាច​រវាង​ឆ្នាំ​១៩៧៥ និង​១៩៧៩ ដែល​ក្នុង​រយៈពេល​នេះ មាន​មនុស្ស​ប្រហែល​២លាន​នាក់​បាន​បាត់​បង់​ជីវិត​។ ក្នុង​រឿង​ក្តី​សរុប​ទាំង៤ មាន​មនុស្ស​សរុប​១០​នាក់​ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​ត្រូវ​បាន​ស៊ើបអង្កេត។

តុលាការ​បាន​បញ្ចប់​រឿង​ក្តី​០០១ កាល​ពី​ឆ្នាំ​កន្លង​ទៅ​ ហើយ​កាត់​ទោស​អតីត​ប្រធាន​សន្តិសុខនៃ​របប​ខ្មែរ​ក្រហម​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ជន​ជាប់​ចោទបួន​នាក់​ដែល​មាន​វ័យ​ចំណាស់​ទៅ​ហើយ​នោះ​ នឹង​ត្រូវ​បាន​កាត់​ទោស​នៅ​ខែ​ក្រោយ​ក្នុង​រឿង​ក្តី​០០២។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​អំពី​ការប្រឆាំង​ដ៏​ខ្លាំង​ក្លា​ចំពោះ​រឿងក្តី​០០៣ និង​០០៤។ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​និយាយ​ថា ការកាត់​ទោស​បន្ថែម​ទៀត​អាច​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ដល់​សន្តិសុខ​ប្រទេស។

អ្នក​រិះគន់​និយាយថា ដោយសារ​តែ​ភាព​ចម្រុះ​នៃ​សាលាក្តី​ដោយ​មាន​មន្ត្រី​រដ្ឋាភិបាល​ និង​អន្តរជាតិ​មាន​តួនាទី​ស្មើគ្នា​នៅ​គ្រប់​ឋានានុក្រមនោះ ការ​ប្រឆាំង​របស់​រដ្ឋាភិបាល​បង្ក​ឧបសគ្គ​ដ៏ធំ​ដល់​ការ​ស៊ើប​អង្កេត​ដ៏​ត្រឹម​ត្រូវ​មួយ។ ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​រឿង​ក្តី​០០៣ ចៅក្រមស៊ើប​អង្កេត​សម្រេច​មិន​បញ្ចេញ​ព័ត៌មាន​ជាសាធារណៈ​ទេ។ ការរក្សាភាព​សម្ងាត់​នេះ​ធ្វើ​ឲ្យ​ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​នៅកម្ពុជា គ្មាន​វិធី​ណានឹង​បាន​ដឹង​អំពី​ថា​តើ​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​បាន​ស៊ើប​អង្កេត​ទាំង​នោះ​មាន​ផលប៉ះពាល់​ដល់​ពួក​គេ​ឡើយ។

សហព្រះរាជ្ញា​អន្តរជាតិ​លោក​អ៊ែនឌ្រូ ឃែលី បាន​អំពាវនាវ​ដល់​តុលាការ​ឲ្យ​បន្ថែម​ប្រាំមួយ​សប្តាហ៍​ទៀតដល់កាល​បរិច្ឆេទ​កំណត់សម្រាប់ការដាក់​ពាក្យ​សុំ​ធ្វើ​ជា​ដើមបណ្តឹង​រដ្ឋប្បវេណី​ដែល​ត្រូវ​បាន​កំណត់​នៅ​ថ្ងៃ​ទី​១៨ ខែ ឧសភា​នោះ​។ អង្គការ​ASRIC ដែល​បាន​ចុះ​ឈ្មោះ​ដើមបណ្តឹង​រដ្ឋប្បវេណី​ជាច្រើន​សម្រាប់​រឿង​ក្តី​០០២ គាំទ្រ​ជំហរ​នេះ។ ចៅក្រម​ស៊ើប​អង្កេត​ដែល​មាន​អំណាច​លើ​ការសម្រេច​ចិត្ត​មិន​ទាន់​បាន​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​ពន្យា​ពេល​នេះ​ទេ៕

ប្រែស​ម្រួល​ដោយ​អ៊ឹម សុធារិទ្ធ