សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យឲ្យដឹងនៅថ្ងៃច័ន្ទនេះថា គុណភាពនៃការអប់រំនៅតាមសាលារៀនរដ្ឋនៅកម្ពុជាបានធ្លាក់ចុះដល់កម្រិតប្រកាសអាសន្ន។ របាយការណ៍អង្កេតលើវិស័យអប់រំឆ្នាំ២០១១របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានធ្វើសម្ភាសន៍គ្រូបង្រៀនចំនួន៧២៦នាក់នៅក្នុង១៧ខេត្តក្រុង ដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ចាម សៀមរាប ព្រៃវែង បាត់ដំបង ស្វាយរៀង កណ្តាល បន្ទាយមានជ័យ ពោធិ៍សាត់ជាដើម ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥ខែមិនាឆ្នាំ២០១១។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ថា អ្នកផ្តល់ចម្លើយ៤៥,៥ភាគរយបានឆ្លើយថា ការអប់រំគ្មានការអភិវឌ្ឍ និង៣៩,៤ភាគរយថា ការអប់រំគ្មានគុណភាពទេ។ ប៉ុន្តែជាង១៤ ភាគរយបានឆ្លើយថា ការអប់រំមានការអភិវឌ្ឍច្រើន។ លោករ៉ុង ឈុនថ្លែងថា៖
«យើងមានការព្រួយបារម្ភជុំវិញបញ្ហាគុណភាពនៃការអប់រំនៅកម្ពុជា។ គុណភាពនៃការអប់រំនៅកម្ពុជាបានមកដល់កន្លែងមួយប្រកាសអាសន្នហើយ»។
របាយការណ៍អង្កេតនេះបានបង្ហាញថា អ្នកផ្តល់ចម្លើយ៥២ភាគរយឆ្លើយថា ការដំឡើងប្រាក់បៀវត្សរ៍គឺជាការចាំបាច់ពីព្រោះប្រាក់បៀវត្សរ៍ធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃការអប់រំ។ អ្នកផ្តល់ចម្លើយ១៥ភាគរយថា ត្រូវការតម្លាភាព និងការផ្លាស់ប្តូរនាយកសាលាដែលដឹកនាំមិនល្អ។
របាយការណ៍អង្កេតនេះបានបញ្ជាក់ថា បញ្ហាបីធំៗប៉ះពាល់ដល់ការបង្រៀនរបស់គ្រូគឺ២៤ភាគរយបានបណ្តាលមកពីប្រាក់ខែ ១៧ភាគរយបានបណ្តាលមកពីអំពើពុករលួយ និង១៥ភាគរយបាន បណ្តាលមកពីការខ្វះខាតសម្ភារៈ និងការមិនបានបណ្តុះបណ្តាលគ្រូ។
របាយការណ៍នេះបានរកឃើញថា អ្នកផ្តល់ចម្លើយ៨៥ភាគរយមិនបានចូលរួមធ្វើសេចក្តីសម្រេច ចិត្ត ក្នុងនោះ៣៧ភាគរយបាននិយាយថា នាយកសាលាមិនចង់ធ្វើការប្រឹក្សាជាមួយពួកគេ និង២៥ភាគរយបានលើកឡើងអំពីការរើសអើងប្រឆាំងនឹងពួកគេ។
របាយការណ៍នេះក៏បានបន្ថែមថា អ្នកផ្តល់ចម្លើយជាង៤៣ភាគរយមិនទាន់បានយល់ច្បាស់ និងមិនធ្លាប់ឮអំពីផែនការយុទ្ធសាស្ត្រអប់រំនៅឡើយ និង៥៦ភាគរយបានដឹងអំពីផែនការយុទ្ធសាស្ត្រអប់រំនោះ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងថា លទ្ធផលអង្កេតនេះជា ឯកសារមួយសម្រាប់ឱ្យក្រសួងអប់រំធ្វើជាមូលដ្ឋានក្នុងការកែលំអរបញ្ហាអប់រំនៅកម្ពុជា ហើយរបាយការណ៍នេះត្រូវបានបញ្ជូនទៅក្រសួងអប់រំនៅថ្ងៃនេះ។
លោក អ៊ូ អេង អគ្គនាយកនៃអគ្គនាយកដ្ឋាននៃក្រសួងអប់រំបានបដិសេធការរកឃើញរបស់របាយការណ៍អង្កេតលើវិស័យអប់រំឆ្នាំ២០១១របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ លោកអ៊ូ អេង បានប្រាប់វីអូអេខ្មែរថា៖
«សេចក្តីប្រកាសរបស់គាត់អត់ត្រឹមត្រូវទេ។ អត់ពិតទេ។ ក្រសួងអប់រំអត់ទទួលយកបានទេ ហើយវិស័យអប់រំនៅកម្ពុជាមិនធ្លាក់ចុះដល់ថ្នាក់ដូចគាត់និយាយនោះទេ»៕