នៅថ្ងៃអង្គារនេះ តុលាការកំពូលបានច្រានចោលសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ដែលបានធ្វើឱ្យប្រជាពលរដ្ឋជាង៦០០គ្រួសារបាត់បង់ដីធ្លីជាង២៦ហិកតាទៅក្រុមហ៊ុនឯកជន និងបានបញ្ជាឱ្យសាលាឧទ្ធរណ៍ជំនុំជម្រះសុំណុំរឿងនេះឡើងវិញ។
ជម្លោះដីចំនួន២៦១.៨២៥ម៉ែត្រការ៉េរវាងប្រជាពលរដ្ឋជាង៦០០គ្រួសារ និងលោកវរៈ សត្ថា សញ្ជាតិអូស្ត្រាលីដើមកំណើតខ្មែរនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានកើតឡើងនៅក្នុងឆ្នាំ១៩៩៨។
លោកវរៈ សត្ថាមានគម្រោងសម្រាប់បង្កើតទីលានប្រណាំងសេះនៅលើដីជម្លោះជាង២៦ហិកតានេះ។
លោក ឌិត មន្ទីរ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល បានប្រកាសសាលដីកាថា តុលាការកំពូលបានសម្រេចបដិសេធសាលដីការបស់សាលាឧទ្ធរណ៍ និងបានបង្វិលសំណុំរឿងក្តីទៅឱ្យសាលាឧទ្ធរណ៍ធ្វើការជំនុំជម្រះឡើងវិញ។
លោក យ៉ុង ផានិត មេធាវីជនរងគ្រោះ បានថ្លែងថាសេចក្តីសម្រេចរបស់តុលាការកំពូលនេះមានគោលបំណងស្វែងរកយុត្តិធម៌ជូនដល់គូភាគីក្នុងរឿងជម្លោះដីធ្លីនេះ។
«តុលាការកំពូលឃើញថា សាលាឧទ្ធរណ៍មិនទាន់ស៊ើបអង្កេតច្បាស់លាស់ ហើយត្រូវការស៊ើបអង្កេតឡេងវិញ ជាគោលការណ៍ ដើម្បីស្វែងរកយុត្តិធម៌ ដោយសារសាលាឧទ្ធរណ៍សម្រេចក្តីអត់ទាន់ច្បាស់លាស់ទៅលើអង្គច្បាប់។ អង្គច្បាប់នេះបានន័យថាស៊ើបអង្កេតអ្នកដែលបានជាកម្មសិទ្ធិថាតើខាងក្រុមហ៊ុន ឬខាងប្រជាពលរដ្ឋ»។
ប្រជាពលរដ្ឋប្រមាណ៣០០នាក់បានប្រមូលផ្តុំគ្នានៅមុខតុលាការកំពូល ដើម្បីរង់ចាំស្តាប់លទ្ធផលនៃការប្រកាសសាលដីការបស់តុលាការ។
ព្រះតេជគុណ ថាច់ សុវណ្ណារ៉ា គង់នៅវត្តសាមគ្គីរង្សីដែលបាននិមន្តចូលរួមនៅក្នុងការប្រកាសសាលដីការបស់តុលាការកំពូលបានមានសង្ឃដីការថា៖
«តុលាការកំពូលបានបដិសេធចោលអ្វីដែលចោទប្រកាន់ទៅលើប្រជាពលរដ្ឋនៅភូមិទ្រា មិននិយាយការពិត។ អញ្ចឹង តុលាការមិនអាចសម្រេចក្តីបានទេ។ អញ្ចឹងតុលាការត្រូវឱ្យមកខាងប្រជាពលរដ្ឋវិញ»។
លោកជាង ហោ មេភូមិទ្រាបីបាននិយាយថា ប្រជាពលរដ្ឋបានស្វាគមន៍សេចក្តីសម្រេចរបស់តុលាការកំពូលដែលបង្វិលសំណុំរឿងទៅឱ្យសាលាឧទ្ធរណ៍កាត់សេចក្តីឡើងវិញ។
«ខ្ញុំ និងប្រជាពលរដ្ឋទាំងអស់គ្នាឥឡូវនេះសង្ឃឹមទាំងស្រុងថា នៅក្រោយសាលាឧទ្ធរណ៍នឹងផ្តល់ជ័យជម្នះដល់ប្រជាពលរដ្ឋ។ ពួកខ្ញុំសង្ឃឹមទាំងស្រុកថា តុលាការអាចរកនីតិវិធីដើម្បីកាត់ឱ្យប្រជាពលរដ្ឋហើយមិនអាចកាត់ឱ្យនាយទុនទេ»។
អ្នកស្រី ចេវ អេងហាក់ អាយុ៥៨ឆ្នាំ បាននិយាយយ៉ាងដូច្នេះថា៖
«ខ្ញុំសប្បាយចិត្ត ហើយខ្ញុំក៏អរគុណតុលាការ ហើយសុំឱ្យតុលាការរកយុត្តិធម៌ឱ្យពួកយើងប្រជាពលរដ្ឋផង។ ខ្ញុំសូមសំណូមពរសុំឱ្យតុលាការរកយុត្តិធម៌ឱ្យប្រជាពលរដ្ឋ ហើយសុំឱ្យតុលាការជួយឱ្យខ្ញុំមានសិទ្ធិរស់នៅកុំឱ្យដូចកាលប៉ុល ពត តទៅទៀត ហើយខ្ញុំសូមឱ្យសម្តេចតេជោ និងប៊ុន រ៉ានី ហ៊ុន សែនដែលខ្ញុំមានទុក្ខលំបាកបីឆ្នាំប្រាំបីខែរួចមកហើយ។ ទើបតែពេលនេះ សម័យតេជោបានជួយខ្ញុំកុំឱ្យខ្ញុំមានទឹកភ្នែកដូចកាលពីបីឆ្នាំប្រាំខែតទៅទៀត»។
លោកមេធាវី សោម ច័ន្ទឌីណា បានថ្លែងថាលោកធ្លាប់បានធ្វើជាមេធាវីតំណាងឱ្យលោកវរៈ សត្ថាក្នុងជម្លោះដីធ្លីនៅតុលាការក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍ ប៉ុន្តែបន្ទាប់មក លោកបានឈប់ធ្វើជាមេធាវី។
មន្ត្រីតុលាការ និងមេធាវីជនរងគ្រោះបានបញ្ជាក់ថា នៅក្នុងសវនាការ និងការប្រកាសសាលដីការបស់តុលាការកំពូលគ្មានមេធាវីតំណាងឱ្យលោកវរៈ សត្ថាទេ។ លោកវរៈ សត្ថា មិនអាចធ្វើទំនាក់ទំនងដើម្បីសេចក្តីអត្ថាធិប្បាយបានទេ។
តុលាការក្រុងភ្នំពេញបានចេញសាលក្រមកំបាំងមុខនៅក្នុងខែកក្កដា ឆ្នាំ១៩៩៨ ឱ្យប្រជាពលរដ្ឋរុះរើផ្ទះសម្បែងចាកចេញពីដីទំហំ២៦១.៨២៥ម៉ែក្រការ៉េក្នុងរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃជូនដំណឹង។ សាលាឧទ្ធរណ៍បានចេញសាលដីកាកំបាំងមុខតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញនៅក្នុងខែឧសភា ឆ្នាំ១៩៩៩៕