ចៅក្រម​តុលាការ​កំពូល​លោកស្រី Ruth Bader Ginsburg ទទួល​មរណភាព​ក្នុង​អាយុ ៨៧ ឆ្នាំ

រូបឯកសារ៖ អ្នកស្រី Ruth Bader Ginsburg ចៅក្រម​តុលាការ​កំពូល​សហរដ្ឋអាមេរិក​លើក​ដៃ​ទៅ​កាន់​ទស្សនិកជន បន្ទាប់​ពី​ថ្លែង​សុន្ទរកថា​នៅ​បណ្ណាល័យ​សភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៩។

លោកស្រី Ruth Bader Ginsburg ដែល​ជា​ចៅក្រម​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ជា​យូរ​មក​ហើយ​និង​ជា​ស្ត្រី​ទី​ពីរ​បម្រើការ​ក្នុង​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​នេះ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​សុក្រ​ទី ១៨ ខែ​កញ្ញា ដោយសារ​ជំងឺ​មហារីក។

លោកស្រី Ginsburg ដែល​ជា​អ្នក​សេរី​និយម​ដ៏​មុតមាំ​ម្នាក់ និង​ជា​ជើងឯក​ខាង​សិទ្ធិ​ស្ត្រី បាន​ទទួល​មរណភាព​ក្នុង​អាយុ ៨៧ ឆ្នាំ នៅ​ឯ​គេហដ្ឋាន​របស់​លោកស្រី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដោយ​មាន​គ្រួសារ​លោកស្រី​នៅ​ក្បែរ។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​របស់​តុលាការ​កំពូល។

លោក John Roberts ប្រធាន​ចៅក្រម​តុលាការ​កំពូល បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា៖ «ប្រទេស​ជាតិ​យើង​បាន​បាត់បង់​ចៅក្រម​ម្នាក់​ដែល​មាន​កេរ្តិ៍ឈ្មោះ​ជា​ប្រវត្តិសាស្ត្រ»។

លោកស្រី Ginsburg បាន​បម្រើការ​ក្នុង​តុលាការ​កំពូល​ចាប់តាំង​ពី​ឆ្នាំ ១៩៩៣ មក។ តុលាការ​កំពូល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​របស់​ខ្លួន​ថា លោកស្រី​បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​លំពែង។

លោកស្រី Ginsburg បាន​ប្រកាស​កាល​ពី​ខែ​កក្កដា​ថា លោកស្រី​បាន​ទទួល​ការ​ព្យាបាល​ថ្លើម​ដោយ​ប្រើ​ថ្នាំ​គីមី​សម្រាប់​ជំងឺ​មហារីក ដែល​ជា​បញ្ហា​សុខភាព​ថ្មី​ចុងក្រោយ​បំផុត​ក្នុង​បណ្តា​បញ្ហា​សុខភាព​មួយ​ចំនួន ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​មហារីក​ផង​ដែរ។

មនុស្សម្នា​នាំ​គ្នា​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​តុលាការ​កំពូល​ ក្រោយ​អ្នកស្រី Ginsburg ទទួល​មរណភាព។

ការ​ខ្វែង​គំនិត​គ្នា​រឿង​ជំនួស​តំណែង​លោកស្រី Ginsburg

មរណភាព​របស់​លោកស្រី Ginsburg ផ្តល់​ឱ្យ​លោក​ប្រធានាធិបតី Donald Trump នូវ​លទ្ធភាព​បង្កើន​ចំនួន​ចៅក្រម​អភិរក្ស​និយម​ឲ្យ​បាន​ភាគ​ច្រើន​ក្នុង​តុលាការ​កំពូល ដោយសារតែ​ការ​តែងតាំង​ចៅក្រម​ជំនួស​តំណែង​លោកស្រី Ginsburg នេះ មាន​រយៈពេល​មិន​ដល់ ៧ សប្ដាហ៍​ផង មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​ចូល​មក​ដល់។ ការ​តែងតាំង​លើក​នេះ​ប្រសិនបើ​ធ្វើ​ឡើង គឺ​ជា​ការ​តែងតាំង​ចៅក្រម​តុលាការ​កំពូល​លើក​ទី ៣ របស់​លោក Trump។

មរណភាព​របស់​លោកស្រី Ginsburgទំនងជា​នាំ​ឱ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​ខាង​នយោបាយ​អំពី​ថា​តើ​លោក Trump គួរ​តែងតាំង​ចៅក្រម​ថ្មី​ជំនួស​តំណែង​លោកស្រី ដោយ​មាន​សវនាការ​អំពី​ការ​តែងតាំង​នេះ​ដែល​ធ្វើ​ឡើង​ដោយ​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ ឬ​មួយ​ទុក​តំណែង​នេះ​ឱ្យ​នៅ​ទំនេរ​រហូត​ដល់​ក្រោយ​ពេល​ដឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

នៅ​ពេល​បច្ចុប្បន្ន​នេះ តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​មាន​ចៅក្រម​អភិរក្ស​និយម​ចំនួន ៥ រូប ទល់​នឹង​ចៅក្រម​សេរី​និយម​ចំនួន ៤ រូប។ ចៅក្រម​តុលាការ​កំពូល​កាន់​តំណែង​មួយ​ជីវិត។

វិទ្យុ NPR បាន​រាយការណ៍​ថា ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​លោកស្រី​ទទួល​មរណភាព លោកស្រី Ginsburg បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​មួយ​ដែល​ផ្ញើ​ឲ្យ​ចៅ​ស្រី​របស់​លោកស្រី​ឈ្មោះ Clara Spera ថា៖ «សេចក្ដី​ប្រាថ្នា​ដ៏​មុតមាំ​បំផុត​របស់​ខ្ញុំ​គឺ​ថា តំណែង​របស់​ខ្ញុំ​មិន​ត្រូវ​ជំនួស​នោះ​ទេ រហូត​ទាល់តែ​ដល់​ពេល​ដែល​មាន​ប្រធានាធិបតី​អាណត្តិ​ថ្មី​ស្បថចូល​កាន់​តំណែង»។

លោក Mitch McConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា បេក្ខជន​ណា​ម្នាក់​ដែល​តែងតាំង​ដោយ​លោក Trump «នឹង​ទទួល​បាន​ការ​បោះឆ្នោត​គាំទ្រ​នៅ​ព្រឹទ្ធសភា»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ លោក Trump បាន​និយាយ​ថា៖ «លោកស្រី​ចៅក្រម Ginsburg បាន​បង្ហាញ​ថា គេ​អាច​មិន​យល់ស្រប​ដោយ​មិន​ចាំបាច់​ជំទាស់​ទៅ​នឹង​សហសេវិក​របស់​ខ្លួន ឬ​ជំទាស់​ទៅ​នឹង​ទស្សនៈ​ផ្ទុយ​ពី​ខ្លួន​នោះ​ទេ។ ទស្សនៈ​របស់​លោកស្រី ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​សម្រេច​ដ៏​ល្បីល្បាញ​អំពី​សមភាព​ផ្លូវ​ច្បាប់​សម្រាប់​ស្ត្រី​និង​ជន​ពិការ​ផង​នោះ បាន​បំផុស​គំនិត​ពលរដ្ឋ​អាមេរិកាំង​គ្រប់​រូប​និង​ជំនាន់​មនុស្ស​ដែល​មាន​ចិត្ត​គំនិត​អស្ចារ្យ​ផ្នែក​ច្បាប់»។

លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​មាន​ប្រសាសន៍​អំពី​លោកស្រី Ginsburg ថា៖ «លោកស្រី​គឺជា​សំឡេង​ទៀងទាត់​និង​ទុកចិត្ត​បាន​ដែល​ចាក់​ទម្លុះ​ដល់​គ្រប់​បញ្ហា​ទាំង​អស់ ការពារ​សិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ​របស់​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់ ហើយ​មិន​ដែល​បរាជ័យ​នៅ​ក្នុង​ការ​ការពារ​ដោយ​ខ្លាំងក្លា និង​មិន​រាថយ​លើ​សេរីភាព​នោះ​ឡើយ»។

លោក Biden ក៏​បាន​ជំរុញ​ព្រឹទ្ធសភា​ឱ្យ​រង់ចាំ​មុនពេល​ផ្ដល់​ការ​យល់ព្រម​ដល់​ការ​តែងតាំង​ចៅក្រម​ថ្មី​ជំនួស​តំណែង​លោកស្រី Ginsburg នៅ​ក្នុង​តុលាការ​កំពូល។ លោក Bidenបាន​បញ្ជាក់​ថា៖ «ជា​ការពិត ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា អ្នក​បោះឆ្នោត​គួរ​ជ្រើសរើស​ប្រធានាធិបតី ហើយ​ប្រធានាធិបតី​នោះ​គួរ​ជ្រើសតាំង​ចៅក្រម​ម្នាក់​ដើម្បី​ឱ្យ​ព្រឹទ្ធសភា​ពិចារណា»។

លោកស្រី Nancy Pelosi ខាង​គណបក​ប្រជាធិបតេយ្យ ដែល​ជា​ប្រធាន​រដ្ឋសភា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «យើង​ត្រូវតែ​គោរព​អាជីព​ជា​គំរូ​របស់​លោកស្រី​ចៅក្រម Ginsburg និង​ថែរក្សា​កេរដំណែល​ដ៏​អស្ចារ្យ​របស់​លោកស្រី ដោយ​ធ្វើឱ្យ​ប្រាកដ​ថា ចៅក្រម​ដែល​នឹង​ជំនួស​តំណែង​របស់​លោកស្រី​ក្នុង​តុលាការ​កំពូល នឹង​បន្ត​អនុវត្ត​តាម​ការ​ប្តេជ្ញា​របស់​លោកស្រី​ចំពោះ​សមភាព ឱកាស និង​យុត្តិធម៌​សម្រាប់​មនុស្ស​គ្រប់​គ្នា»។

លោកស្រី Ginsburg បាន​ជំទាស់​ទៅ​នឹង​ការ​អំពាវនាវ​របស់​អ្នក​សេរី​និយម​មួយ​ចំនួន​ដែល​ចង់​ឱ្យ​លោកស្រី​ចូល​និវត្តន៍​នៅ​ពេល​លោក​ប្រធានាធិបតី Barack Obama កាន់​តំណែង ដែល​នៅ​ពេល​នោះ គណបក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​ទាំង​សេតវិមាន​និង​ទាំង​ព្រឹទ្ធសភា។

បន្ទាប់មក នៅ​ចុង​អាណត្តិ​របស់​លោក​ប្រធានាធិបតី Obama គណបក្ស​សាធារណរដ្ឋ​ដែល​គ្រប់គ្រង​ព្រឹទ្ធសភា​នៅ​ពេល​នោះ បាន​ប្រកែក​មិន​ព្រម​បើក​សវនាការ​ពិចារណា​អំពី​បេក្ខជន​ដែល​លោក Obama តែងតាំង​ឱ្យ​កាន់​តំណែង​ជំនួស​តំណែង​លោក​ចៅក្រម​អភិរក្ស​និយម Antonin Scalia ដែល​បាន​ទទួល​មរណភាព។ ការ​ធ្វើ​ដូច្នេះ​ដោយ​គណបក្ស​សាធារណរដ្ឋ​បាន​ធ្វើឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​ខឹង​សម្បារ ហើយ​តំណែង​ចៅក្រម​តុលាការ​កំពូល​នោះ​នៅ​ទំនេរ​រហូត​ដល់​ក្រោយ​ពេល​ដែល​លោក Trump ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី។

មនុស្ស​ម្នា​នាំ​គ្នា​យក​ផ្កា​ទៅ​ដាក់​នៅ​មុខ​រូបថត​អ្នកស្រី Ginsburg ក្រោយ​អ្នកស្រី​ទទួល​មរណភាព។

ការ​ឈាន​ដល់​ការ​កាន់​អំណាច

លោកស្រី Ginsburg បាន​ចាប់​អាជីព​ខាង​ច្បាប់​នៅ​ចំ​ពេល​ដែលមាន​អ្នក​ច្បាប់​ជា​ស្ត្រី​តិចតួច​ប៉ុណ្ណោះ ហើយ​លោកស្រី​បាន​ចំណាយ​ពេល​ក្នុង​អាជីព​របស់​ខ្លួន​ដើម្បី​ធ្វើការ​ពង្រីក​សមភាព​របស់​ស្ត្រី។

លោកស្រី​កើត​នៅ​ថ្ងៃ​ទី ១៥ ខែ​មីនា ឆ្នាំ ១៩៣៣ នៅ​ក្នុង​សង្កាត់ Brooklyn ក្នុង​បូរី New Yorkហើយ​លោកស្រី​ដឹង​ថា​ខ្លួន​ចង់​ធ្វើជា​មេធាវី នៅ​ពេល​ដែល​លោកស្រី​រៀន​ឆ្នាំ​ទី​បី​ក្នុង​មហាវិទ្យាល័យ។

បន្ទាប់ពី​ទទួល​បាន​បរិញ្ញាប័ត្រ​ពី​សាកលវិទ្យាល័យ Cornell កាលពី​ឆ្នាំ ១៩៥៤ មក លោកស្រី​ត្រូវបាន​គេ​ទទួល​ឲ្យ​ចូល​សិក្សា​ក្នុង​មហាវិទ្យាល័យ​ច្បាប់​នៃ​សាកលវិទ្យាល័យ Harvard គឺ​ក្នុង​ពេល​តែ ៥ ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់ពី​សាកលវិទ្យាល័យ​នេះ​ចាប់ផ្តើម​ទទួល​ស្ត្រី​ឲ្យ​ចូល​សិក្សា។

លោកស្រី​បាន​ផ្ទេរ​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​ច្បាប់​នៃ​សាកលវិទ្យាល័យ Columbia ដែល​នៅ​ទី​នោះ លោកស្រី​ទទួល​បាន​សញ្ញាប័ត្រ​ក្នុង​ឆ្នាំ ១៩៥៩ គឺ​ក្រោយ​ពេល​ដែល​ស្វាមី​របស់​លោកស្រី​គឺ​លោក Martin Ginsburg ដែល​បាន​ក្លាយជា​មេធាវី​ផ្នែក​ពន្ធដារ​និង​ជា​សាស្ត្រាចារ្យ​ច្បាប់​ល្បី​ឈ្មោះ​មួយ​រូប បាន​ទទួល​ការងារ​មួយ​នៅ​ក្នុង​បូរី New York។

លោកស្រី Ginsburg បាន​មានប្រសាសន៍​ថា វា​ជា​ការ​ពុះពារ​ឧបសគ្គ​ច្រើន​នៅ​ក្នុង​ការ​រក​ការងារ​ធ្វើ​ក្នុង​អាជីព​មួយ​ដែល​គ្រប​ដណ្តប់​ដោយ​បុរស។

លោកស្រី​បាន​និយាយ​ថា៖ «គ្មាន​ក្រុមហ៊ុន​ណា​មួយ​នៅ​ក្នុង​បូរី New York ទាំង​មូល​ដែល​ចង់​ប្រថុយ​យក​ខ្ញុំ​ធ្វើការ​នោះ​ទេ»។

ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សាស្ត្រាចារ្យ​ម្នាក់ លោកស្រី​បាន​ទទួល​ការងារ​ជា​ស្មៀន ហើយ​បន្ទាប់​មក​បាន​ចាប់ផ្តើម​បង្រៀន​នៅ​មហាវិទ្យាល័យ​ច្បាប់​នៃ​សាកលវិទ្យាល័យ Rutgers និង​មហាវិទ្យាល័យ​ច្បាប់​នៃ​សាកលវិទ្យាល័យ Columbia។

នៅ​ឆ្នាំ ១៩៧២ លោកស្រី Ginsburg បាន​បង្កើត​គម្រោង​សិទ្ធិ​ស្ត្រី ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​សហជីព​សេរីភាព​ពលរដ្ឋ​អាមេរិកាំង (American Civil Liberties Union) ដែល​ធ្វើការ​ដើម្បី​សមភាព​សម្រាប់​ស្ត្រី​និង​កុមារី​នៅ​គ្រប់​ស្រទាប់​ទាំងអស់។

នៅ​ក្នុង​មុខនាទី​នោះ លោកស្រី​បាន​និយាយ​បង្ហាញ​ហេតុផល​អំពី​សំណុំរឿង​ចំនួន ៦ នៅ​ចំពោះ​មុខ​តុលាការ ហើយ​លោកស្រី​បាន​ឈ្នះ​សំណុំរឿង​ចំនួន ៥ ក្នុង​ចំណោម​នោះ។

លោកស្រី Ginsburg ត្រូវ​បាន​តែងតាំង​ជា​ចៅក្រម​តុលាការ​កំពូល​នៅ​ក្នុង​ឆ្នាំ ១៩៩៣ ដោយ​លោក​ប្រធានាធិបតី Bill Clinton ដោយ​ធ្វើ​ឲ្យ​លោកស្រី​ក្លាយជា​ចៅក្រម​តុលាការ​កំពូល​ជា​ស្ត្រី​ទី​ពីរ បន្ទាប់ពី​លោកស្រី Sandra Day O'Conner ដែល​ត្រូវ​បាន​តែងតាំង​ជា​ចៅក្រម​មួយ​រូប​នៅ​ក្នុង​តុលាការ​នេះ ១២ ឆ្នាំ​មុន​លោកស្រី។

ក្នុង​ពេល​កាន់​តំណែង​ក្នុង​តុលាការ​កំពូល​នេះ លោកស្រី Ginsburg ជា​សំឡេង​ដ៏​ក្លៀវក្លា​សម្រាប់​ក្រុម​ចៅក្រម​សេរី​និយម​នៃ​តុលាការ​នេះ។

លោកស្រី​បាន​ថ្លែង​ថា លោកស្រី​តែងតែ​ប្រឹងប្រែង​ធ្វើ​អ្វី​ដែល​លោកស្រី​ជឿ​ថា​ជា​រឿង​ត្រឹមត្រូវ។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សង្ឃឹម​ថា គេ​នឹង​ចងចាំ​ខ្ញុំ​ថា​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​ច្បាប់ ស្រឡាញ់​ប្រទេស​ជាតិ ស្រឡាញ់​មនុស្ស​ជាតិ ផ្តល់​តម្លៃ​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល​គ្រប់​រូប ហើយ​ប្រឹងប្រែង​ធ្វើការ​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ជាមួយ​នឹង​ទេពកោសល្យ​ដែល​មាន ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​មាន​ភាព​ប្រសើរ​ជាង​ពេល​ដែល​ខ្ញុំ​បាន​ចាប់​កំណើត»។

លោកស្រី Ginsburg មាន​ទំនាក់ទំនង​រអាក់រអួល​ជាមួយ​លោក Trump។ លោកស្រី​បាន​រិះគន់​លោក Trump ក្នុង​កិច្ច​សម្ភាសន៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន នៅ​ពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ ២០១៦ ដែល​នាំ​ឱ្យ​លោក Trump អំពាវនាវ​ឲ្យ​លោកស្រី​លាលែង​ពី​តំណែង។

លោក Martin ដែល​ជា​ស្វាមី​របស់​លោកស្រី Ginsburg បាន​ទទួល​មរណភាព​កាលពី​ឆ្នាំ ២០១០។ លោកស្រី​មាន​កូន​ពីរ​នាក់​គឺ​អ្នកស្រី Jane និង​លោក James ព្រម​ទាំង​ចៅ​មួយ​ចំនួន​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ