តុលាការកំពូលបានលើកពេលប្រកាសសាលក្រមជនជាប់ចោទដែលជាប់ពាក់ព័ន្ធនឹងការ បាញ់សម្លាប់លោក រស់ សុវណ្ណារ៉េត ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រទ្រីណុងហ្កាល់កុមារា ទៅ ថ្ងៃទី២ខែមិនាខាងមុខនេះ។
ការលើកពេលប្រកាសសាលក្រមនេះបានធ្វើឡើងនៅថ្ងៃពុធនេះហើយស្របពេលដែលលោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិមានវត្តមាននៅក្នុងតុលាការកំពូលដែលជាផ្នែកមួយនៃបេសកម្មរបស់លោកចំនួន១០ថ្ងៃនៅកម្ពុជាដើម្បីឃ្លាំមើលកំណែទម្រង់ប្រព័ន្ធតុលាការ។
តុលាការកំពូលបានបើកសវនាការជំនុំជម្រះរឿងក្តីនេះ កាលពីថ្ងៃទី០៩កុម្ភៈកន្លងទៅនេះ ក៏ប៉ុន្តែមិនទាន់បានសម្រេចប្រកាសសាលក្រមទេ ដោយលោកឃឹម ប៉ុណ្ណ ប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូលបានប្រកាសថាសាលក្រមនេះនឹងប្រកាសជាផ្លូវការនៅថ្ងៃទី១៦ខែកុម្ភៈនេះ។ ក៏ប៉ុន្តែក្រោយមកតុលាការកំពូលបានសម្រេចលើកពេលប្រកាសសាលក្រមម្តងទៀត។
លោកស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី នៅថ្ងៃពុធនេះបានទៅដល់ខ្លោងទ្វាររបងរបស់តុលាការកំពូលដើម្បីចូលរួមស្តាប់ការប្រកាសសាលក្រមរបស់តុលាការ។ ក៏ប៉ុន្តែក្រោយមកត្រូវបានមន្រ្តីតុលាការប្រាប់ថាបានលើកពេលប្រកាសសាលក្រមហើយ។
លោកស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី បានមកធ្វើទស្សនកិច្ចប្រទេសកម្ពុជាដើម្បីស្វែងយល់អំពីកំណែទម្រង់ប្រព័ន្ធតុលាការ និងការគោរពសិទ្ធិមនុស្ស។
លោកជា មុន្នី ប្រធានសហជីពសេរីកម្មកររបស់ប្រទេសកម្ពុជាបានមានប្រសាសន៍ថាការលើកពេលប្រកាសសាលក្រមរបស់តុលាការកំពូលបានបង្ហាញឲ្យឃើញថាតុលាការមិនឯករាជ្យ។
«នេះ បញ្ជាក់ថា តុលាការក្នុងប្រទេសកម្ពុជាមិនមានភាពឯករាជ្យ មិនមានភាពច្បាស់លាស់ មិនអាចយកវិជ្ជាជីវៈរបស់ខ្លួនទៅប្រើប្រាស់បានទេ។ អញ្ចឹងករណីហ្នឹងហើយដែលយើងឃើញថារាល់ការដែលកាត់សេចក្តីកន្លងមកធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ដែលមិនបានប្រព្រឹត្តនូវបទល្មើសទទួលនូវបទល្មើសជំនួសអ្នកដែលបង្កបទល្មើស»។
លោកឃឹម ប៉ុណ្ណ ប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូល មិនអាចស្នើសុំអត្ថាធិប្បាយបានទេ នៅថ្ងៃពុធនេះ។ ក៏ប៉ុន្តែបើតាមការបញ្ជាក់របស់លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានច្រានចោលការលើកឡើងនេះ។
លោកផៃ ស៊ីផាន បានមានប្រសាសន៍ថាតុលាការមានឯករាជ្យភាពគ្រប់គ្រាន់ក្នុងការសម្រេចប្រកាស សាលក្រម ឬមិនប្រកាសសាលក្រម។
លោកបានមានប្រសាសន៍ទៀតថា វត្តមានរបស់មន្រ្តីអង្គការសហប្រជាជាតិគ្មានប្រយោជន៍អ្វីដល់តុលាការកម្ពុជាទេ។
«អ្នកដទៃទៀត ទោះជាឥស្សរជនមកពីខាងណាក៏មិនអាចមានឥទ្ធិពលជះទៅលើការសម្រេចរបស់តុលាការដែរនេះចំណុចទីមួយ។ ចំណុចទីពីរ តុលាការមានឯករាជ្យគ្រប់គ្រាន់សម្រាប់ខ្លួនគេក្នុងការងារប្រកាសឬ មិនប្រកាស។ នេះជាឆន្ទានុសិទ្ធិរបស់តុលាការ»។
លោករស់ សុវណ្ណារ៉េត ប្រធានសហជីពសេរីកម្មកររបស់ប្រទេសកម្ពុជា ប្រចាំរោងចក្រទ្រីណុងហ្គាល កុមារា ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០០៤ នៅជិតម្តុំតោពីរ សង្កាត់ទឹកល្អក់ ក្រុងភ្នំពេញ។
អាជ្ញាធរប៉ូលីស បានចាប់ខ្លួនលោកថាច់ សាវ៉េត ហៅចាន់ សុភ័ក្រ ដែលសង្ស័យថា ជាប់ពាក់ព័ន្ធទៅនឹងករណីឃាតកម្មខាងលើនេះ។
លោកថាច់ សាវ៉េត អាយុ២៨ ឆ្នាំ ត្រូវបានតុលាការក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍បានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ និងពិន័យជាប្រាក់ជិត២.០០០ដុល្លារសហរដ្ឋអាមេរិក។
អ្នកស្រីហួន ផល្លា អាយុ៤៩ឆ្នាំ ម្តាយបង្កើតរបស់លោកថាច់ សាវ៉េត បានមានប្រសាសន៍ថា កូនប្រុសរបស់អ្នកស្រីមិនជាប់ពាក់ព័ន្ធទៅនឹងករណីឃាតកម្មនេះទេ។
អ្នកស្រីបាននិយាយទាំងអួលដើមកនៅក្នុងបរិវេណរបស់តុលាការកំពូលថា អ្នកស្រីចង់ឲ្យតុលាការកំពូលប្រកាសសាលក្រមឲ្យបានឆាប់ៗដើម្បីបញ្ចប់នូវមន្ទិលសង្ស័យចំពោះករណីឃាតកម្មនេះ។
«ខ្ញុំចង់ដឹង អាឃាតករ ដែលបាញ់ រស់ សុណ្ណារ៉េត មិនមែនកូនខ្ញុំអ្នកបាញ់។ ហើយតាមសាម៉ីខ្លួនវានិយាយថា ដែលគេប្តឹង។ អាប៉ូលីសវាថា មិនមែនប្តឹងកូនខ្ញុំឯណា។ តែអាប៉ូលីសតើវាមកចាប់កូនខ្ញុំ។ ឥឡូវអាប៉ូលីសខណ្ឌទួលគោកជាប់គុកអស់ហើយនៅតែកូនខ្ញុំអត់រួចទៀត»។
លោកសំ ចំរើន មេធាវីការពារក្តីជនជាប់ចោទ បានមានប្រសាសន៍ថា រយៈពេលមួយសប្តាហ៍មក ហើយ តុលាការមានពេលគ្រប់គ្រាន់ក្នុងការប្រកាសសាលក្រមនេះ។ ក៏ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយក៏ លោកបានមានប្រសាសន៍ថា ការពន្យារពេល គឺជាឆន្ទានុសិទ្ធិរបស់តុលាការ៕