បេក្ខជនប្រជែងយកបេក្ខភាពប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យប្រឈមនឹងការសាកល្បងនៅក្នុងការបោះឆ្នោត Super Tuesday
Your browser doesn’t support HTML5
សមាជិកព្រឹទ្ធសភារដ្ឋមីនីសូតាអ្នកស្រី Amy Klobuchar បានបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតដើម្បីឲ្យបានការជ្រើសតាំងជាបេក្ខជនប្រធានាធិបតីកាលពីថ្ងៃចន្ទ ហើយអ្នកស្រីបានផ្តល់ការគាំទ្រដល់អតីតអនុប្រធានាធិបតីលោក Joe Biden។ អតីតអភិបាលក្រុង South Bend រដ្ឋ Indiana លោក Pete Buttigieg ក៏ជាអ្នកគាំទ្រលោក Biden ផងដែរ បន្ទាប់ពីលោកបានដកខ្លួនចេញពីការប្រកួតប្រជែងកាលពីថ្ងៃអាទិត្យ កន្លងទៅនេះ។ ការផ្លាស់ប្តូរសម្ព័ន្ធភាពនេះ កើតឡើងនៅពេលដែលការប្រកួតប្រជែងដើម្បីឲ្យបានការតែងតាំងបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យឈានដល់កម្រិតតានតឹងថ្មីមួយកាលពីថ្ងៃអង្គារទី៣ ខែមីនានេះ នៅពេលរដ្ឋចំនួន ១៤ នៅទូទាំងសហរដ្ឋអាមេរិកធ្វើការបោះឆ្នោតបឋម។ សមាជិកព្រឹទ្ធសភារដ្ឋ Vermont លោក Bernie Sanders ត្រូវបានគេមើលឃើញថា បានទទួលការគាំទ្រនៅក្នុងរដ្ឋមួយចំនួនក្នុងចំណោមរដ្ឋទាំង១៤ ដែលធ្វើការបោះឆ្នោត Super Tuesday។ ក៏ប៉ុន្តែ លោក Biden សង្ឃឹមថា ជ័យជំនះរបស់លោកនៅរដ្ឋ South Carolina កាលពីថ្ងៃសៅរ៍នឹងផ្តល់ឱកាសឲ្យយុទ្ធនាការឃោសនារបស់លោកនូវសន្ទុះមួយឆ្ពោះទៅការបោះឆ្នោតSuper Tuesday។ លោក Jim Malone នៃ VOA រាយការណ៍អំពីរឿងនេះ ពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕