អង្គការ​ដោះមីន​កម្ពុជា​រកឃើញ​គ្រាប់មីន​មិន​ទាន់​ផ្ទុះ​ច្រើន​តោន​នៅ​បាត​ទន្លេសាប

ក្រុម​ប្រជា​នេសាទ​បាន​រកឃើញ​គ្រាប់​កាំ​ភ្លើង​នៅ​ក្នុង​​ទន្លេ ​ដែល​ពួកគេ​បាន​ធ្វើការ​នេសាទ ​ហើយ​ក្រុម​ប្រជា​នេសាទ​ ក៏បាន​ជូន​ដំណឹង​នេះ​ដល់​មន្ដ្រី​ដោះ​មីន។

ក្រុម​អ្នកដោះមីន​កម្ពុជា​ បាន​រកឃើញ​ទូក​ដឹក​សព្វាវុធ​ធ្វើ​អំពី​ឈើមួយ​គ្រឿង​នៅបាត​ទន្លេ​សាបក្នុង​ ខេត្ត​កំពង់​ឆ្នាំង។ ហើយ​ក្រុម​អ្នកដោះមីន​ បាន​និង​កំពុង​ស្រង់​យក​គ្រាប់​មិនទាន់​ផ្ទុះ​បាន​ចំនួន​ ៤៧៩​ គ្រាប់ ​ឬ​ស្មើនឹង​ជា​ង២,៣៧​តោន នេះ​បើ​ផ្អែកតាម​របាយការណ៍​ពី​មន្ដ្រី​ទទួល​ខុសត្រូវ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ​ហៅ​កាត់ថា ​CMAC ​ ដែល​បាន​ឲ្យដឹង​នៅ​ថ្ងៃ​ចន្ទ័នេះ។

ការ​រកឃើញ​នេះ​ធ្វើឡើង​ក្នុង​ប្រតិបត្តិការណ៍​ចាប់តាំង​ពី​ថ្ងៃទី​៣​ខែ​មិថុនា​មកម្លេះ​ នៅក្នុង​ទន្លេសាប​ក្បែរភ្នំ នាង​កងរី​ដ៏​ល្បីល្បាញ​ក្នុង​ស្រុក​កំពង់​លែង បន្ទាប់ពី​ក្រុម​ប្រជា​នេសាទ​បាន​រកឃើញ​គ្រាប់​កាំភ្លើងនៅ​ក្នុងទន្លេ ​ដែល​ពួកគេ​បាន​ធ្វើការ​នេសាទ​ហើយ​ក្រុម​ប្រជា​នេសាទ​ ក៏បាន​ជូន​ដំណឹង​នេះ​ដល់​មន្ដ្រី​ដោះ​មីន។

លោក​ ហេង រតនា ​អគ្គនាយក​ CMAC ​បាន​ប្រាប់​VOA​ សម្លេង​សហរដ្ឋអាមេរិក​តាម​ទូរស័ព្ទថា ទូក​ដែល​បាន​រកឃើញ​នេះ គឺជា​ប្រភេទ​ទូក​ឈើ​របស់​កងទព័​លោក​សេនា​ប្រមុខ​លន់ ណុល ហើយ​ត្រូវ​បាន​បាញ់​ពន្លិច​ដោយ​កងទព័​កុម្មុយនិស្ដ​ខ្មែរ​ក្រហម​នៅ​ក្នុង​អំឡុង​សង្គ្រាម​ឆ្នាំ ​១៩៧០-១៩៧៥។

«យើង​ឃើញ​ហើយ ​យើង​ច្បាស់​ហើយ ​ ជាទូក​ឈើ​ ទូក​ប្រហែល​ពី​៨​ទៅ​១០​ម៉ែត្រទទឹង បណ្តោយ​ ប្រហែល​២៥ ​ទៅ​៣០ម៉ែត្រ។ ទូក​ហ្នឹង​តាម​ព័ត៌មាន​ជាទូក​របស់​ខាង​ទាហាន​លន់ ណុល ​បាន​ដឹក​ជញ្ជូន​គ្រាប់​ ហើយ​តាម​ប្រភេទ​ក្រាប់​ដែល​យើង​រកឃើញ​នេះ ​ជាគ្រាប់​សម័យ​ លន់ ណុល»។

នៅ​ប្រទេស​កម្ពុជា​ ទទួល​រងគ្រោះ​ដោយ​សង្រ្កាម​ស៊ីវិល​យ៉ាង​ហែកហួរ​អស់​រយៈពេល​បី​ទសវត្ស។ មាន​ជន​រងគ្រោះ​ស្លាប់​បាត់បង់​ជីវិត​ចន្លោះ​ពី៤០ទៅ​៥០នាក់​ជារៀង​រាល់​ឆ្នាំ​ដោយសារ​គ្រាប់​ និង​សព្វាវុធ​មិនទាន់ផ្ទុះ​ដែល​នៅ​សេសសល់​ពី​សង្រ្គាម។ នេះ​បើយោង​តាម​លោក​ ហេង រតនា។

លោក​បញ្ជាក់ថា នៅក្នុង​ចំណោម​គ្រាប់​ដែល​បាន​រកឃើញ​ក្នុង​នៅបាត​ទន្លេ​នៅ​ខេត្ត​កំពង់ឆ្នាំង​នេះ មាន​គ្រាប់ប្រភេទ​១០៥​មម ​ចំនួន ៦៧ ​គ្រាប់​ គ្រាប់​ធុន៨១​មម​ ចំនួន​១៩១​គ្រាប់​ គ្រាប់​ធុន​៧៥​មម ​ចំនួន​បី​គ្រាប់ និង​គ្រាប់​ធុន​៦០មម ​ចំនួន​ជាង​ ២០០គ្រាប់។

លោក​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ​ហេង រតនា ​ប៉ាន់​ប្រមាណ​ថា​ គ្រាប់​ដែល​បាន​រកឃើញ​ក្នុង​នាវា​ឈើ​នោះ​នឹង​កើនដល់​ច្រើន​តោន​ថែម​ទៀត។

«យើង​កំពុង​រកឃើញ​ជាង​៥០គ្រាប់​ទៀត​១០៥​មម​ថ្ងៃនេះ។ យើង​គិតថា ​គ្រាប់​អាច​មាន​ច្រើន​តោន​បន្ត​ទៅ​ទៀត​ ហើយ​យើង​នឹង​បន្តធ្វើ ​ហើយ​ទៅតាម​ការប៉ាន់ស្មាន​ប្រហែល​ជា​ក្នុងរយៈ​ពេល​ជា​មួយ​ខែ ​ប្រហែល​ជា​អាច​ធ្វើ​ហើយ។ »

យោងតាម​តួលេខ​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជាបាន​ឲ្យដឹង​ថា ​មាន​គ្រាប់​មីន​ចង្កោម​ដែល ប្រមាណ​ជា​៥​ទៅ​៦លាន​គ្រាប់​នៅ​រាយប៉ាយ​នៅ​តំបន់​មួយ​ចំនួន​នៅ​កម្ពុជា​ដោយសារ​ការ​ទម្លាក់​គ្រាប់ របស់យន្ដហោះ​បេ​៥២​ ក្នុង​អំឡុង​សង្រ្គាមឆ្នាំ​១៩៧០ ​ដល់​ឆ្នាំ១៩៧៥។ ហើយ​គ្រាប់​ និង​សព្វាវុធ​មិនទាន់​ផ្ទុះជាច្រើន​លាន​គ្រាប់​ទៀត កំពុងតែ​នៅ​សេស​សល់នៅក្នុង​ប្រទេស​កម្ពុជា។

មាន​ផ្ទៃដីដែល​គ្របទៅ​ដោយ​សារ​គ្រាប់មីន​ជាង​៤៥០០​គីឡូម៉ែត្រការ៉េក្នុង​ផ្ទៃ​ប្រទេស ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា៣០០​នាក់ ទទួល​រងគ្រោះ​ថ្នាក់​ដោយសារ​គ្រាប់ ​និង​សព្វាវុធ​មិនទាន់​ ផ្ទុះ​ជារៀង​រាល់ឆ្នាំ ​ចាប់តាំង​ពី​ឆ្នាំ ​២០០៩ ​មក។

ស្រប​ពេល​ជាមួយ​គ្នា​នេះដែរ​ កងទ័ព​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សាសន្ដិភាព​បោស​សំអាត​មីន និង​កាក​សំណល់​សង្រ្គាម​ បាន​រកឃើញ​គ្រាប់​ចំនួន​២១៩គ្រាប់ នៅតាម​ច្រាំង​ទន្លេ​ និង​ក្នុង​បាត​ទន្លេសាប​ក្នុង​នៅក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល នេះ​បើយោង​តាម​លោក​ឧត្តមសេនីយ៍ទោ​ ផល សាមន​ អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​នេះ។ ការរកឃើញ​ក្នុង​ប្រតិបត្តិការ​បោសសំអាត​សម្រាប់​ធ្វើ​ការដ្ឋាន​សាងសង់​ស្ពាន​មួយ​ឆ្លងកាត់​ទន្លេសាប​ចេញពី​ទី​រួម​ខេត្ត​កណ្ដាល​ចាប់តាំង​ពីខែ​មិនា រហូត​ដល់​ខែឧសភា។

លោក​ ហេង រតនា ​អគ្គ​នាយក​មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​មជ្ឈមណ្ឌល​របស់ លោក​បាន​រកឃើញ​គ្រាប់​និង​សព្វាវុធ​មិនទាន់​ផ្ទុះ​ក្នុង​អាង​ទន្លេ​ និង​បឹង​ក្នុង​ខេត្តកណ្ដាល​ និង​ខេត្ត​ព្រៃវែង​ ចំនួន​សរុប​ប្រមាណជា​ ៥០០០ ​គ្រាប់​ចាប់តាំង​ពីឆ្នាំ​២០១០ មក៕