សិស្សានុសិស្ស​និង​គ្រូ​បង្រៀន​សាទរ​និង​ជំរុញ​ឱ្យ​ពង្រឹង​វិធានការ​ត្រួតពិនិត្យ​ចំណី​អាហារ​តាម​សាលារៀន

សិស្សម្នាក់​កំពុង​ហូប​អាហារ​របស់​គេ​ នៅ​វិទ្យាល័យ ជាស៊ីមចំរើនរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ភ្នំពេញ — នៅតាម​សាលារៀន​គេ​តែង​ឃើញ​មាន​អាហារដ្ឋាន​ដែលលក់​នំចំណី​ និង​ម្ហូប​អាហារ​សម្បូរ​បែប​សម្រាប់​សិស្សា​នុសិស្ស។ ក៏​ប៉ុន្តែ​នំចំណី​ខ្លះ​ហាក់​មិន​ទទួលបានការ​ពិនិត្យ​ត្រឹមត្រូវ ​មុន​នឹង​ត្រូវបាន​យក​មក​ដាក់​លក់​នោះ​ទេ។

សម្រាប់​សិស្សានុសិស្ស​ ការ​សិក្សា​ជា​រឿង​ចម្បង​ ​ប៉ុន្តែ​ការ​បរិភោគ​ចំណី​អាហារ​ដែល​មិនមាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ គ្មាន​អនាម័យ​និង​គុណភាព​ដែល​ប៉ះពាល់​ដល់​សុខភាព​ ក៏ជា​ហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​ការ​សិក្សា​របស់​សិស្ស​មាន​ការ​អន់ថយ​ផងដែរ។

ជាក់ស្តែង យុវតី​ លៀប សុខគាង វ័យ ១៨ ឆ្នាំ​ជា​សិស្ស​ថ្នាក់ទី​ ១២​ នៃ​វិទ្យាល័យ​ជាស៊ីម​ចំរើនរដ្ឋ ​ធ្លាប់​ពុល​ចំណី​ដែល​បាន​ញុំា​នៅ​សាលា ដោយសារ​តែ​បរិភោគ​នំកញ្ចប់។ នាង​បាន​រៀបរាប់​ថា នៅពេល​ដែល​នាង​បាន​ញុំារួច ក៏ស្រាប់​តែមាន​អាការៈ​មិនស្រួល​ខ្លួន​ហើយ​ឈឺក្បាល​ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​នាង​ខាត​ពេលវេលា​សិក្សា។

កញ្ញា​ថ្លែង​ថា៖ «ធ្លាប់​ញុំា​បែប​នំ​កញ្ចប់ៗ​អានំ​ចង្កឹះ ដូចនំ​របស់​វៀតណាម​ហើយ​កញ្ចប់​ពណ៌ខ្មៅ។ កាលហ្នឹង​ញុំា​ច្រើន ព្រោះ​ចូលចិត្ត​ញុំា​អាហ្នឹង។ ពេលហ្នឹង​គិតថា​ផលិតផល​ហ្នឹង​បែប​ម៉េច​ទេ ​ដឹង​តែទំនង ក្លិនឆ្ងាញ់ រសជាតិ​ឆ្ងាញ់ ដឹង​តែ​ចង់ញុំា។ តែ​ពេល​ញុំា​ហើយ របៀប​ដូច​ឈឺក្បាល ហើយ​រាង​ចុកពោះ។ ហើយ​តាំងពី​ពេល​ហ្នឹង ក៏ខ្ញុំ​ឈប់​ញុំានំ​ហ្នឹង​រហូត​ដល់​ឥឡូវ ព្រោះ​ដោយសារ​តែ​ខ្ញុំ​ដូច​អត់​ស្រួល​ខ្លួន ហើយ​ឈឺក្បាល​តែម្តង ​អត់បាន​រៀន​ទេ។ ខ្ញុំ​មក​ផ្ទះ​អ៊ីចឹង​បង»។

គេ​តែង​ឃើញ​នំ​ចំណី​ប្រភេទ​កញ្ចប់​បែបនេះ​ជាច្រើន​ប្រភេទមាន​ដាក់​លក់​ជា​ហូរហែ​ នៅតាម​សាលារៀន​សាធារណៈ និង​ឯកជន​មួយចំនួន​ធំ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ហើយ​ករណី​ពុល​ចំណី​អាហារ​នៅ​តាម​សាលារៀន ដូច​ជា​បទពិសោធន៍​ផ្ទាល់​របស់​យុវតី​ លៀប សុខគាង ក៏​កំពុង​កើត​មាន​ឡើង​ជា​ញឹកញាប់​ផងដែរ ក្នុង​ចំណោម​សិស្សានុសិស្ស​កម្ពុជា ដោយ​បង្ក​ជា​ក្តី​បារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​សុខមាលភាព​របស់​សិស្ស និង​ជំរុញ​ឱ្យ​មាន​កិច្ចប្រឹងប្រែង​លើ​ការ​ត្រួតពិនិត្យ​ប្រភេទ​និង​គុណភាព​ចំណី​អាហារ​ ដែល​ត្រូវបាន​ដាក់លក់​នៅ​តាម​សាលារៀន។

កាល​ពី​ថ្ងៃទី ១៦​ ខែកុម្ភៈ ឆ្នាំ ២០២៣ ​នេះ​ ក្រសួងអប់រំ យុវជន និងកីឡា​ បាន​ចេញ​សេចក្តី​ណែនាំ​ស្តី​ពី​ការ​ពង្រឹង​វិធានការ​អនុវត្ត​ការ​លើក​កម្ពស់​សុវត្ថិភាព​ និង​សុខុមាលភាព​ចំណី​អាហារ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ចំណេះទូទៅ​សាធារណៈ​ និង​ឯកជន​ ដោយ​ក្រសួង​សង្កេត​ឃើញ​ថា​ សិស្សានុសិស្ស​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​មួយ​ចំនួន នៅ​តែ​មាន​អាការៈ​ពុល​ចំណី​អាហារ ទន់​ដៃ​ទន់​ជើង និង​ឈាន​ដល់​ការ​សន្លប់​ជាដើម។ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ក្រសួង​អប់រំ​បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​រូបភាព​ចំណី​អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន​ដែលប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​សិស្សានុសិស្ស។

កំពុង​អង្គុយ​លើ​បង់​សរសេរ​មេរៀន​ យុវជន ឈួន ឫទ្ធី ជា​សិស្ស​ថ្នាក់ទី​ ១២ នៃ​វិទ្យាល័យ​ជាស៊ីម​ចំរើនរដ្ឋ​ បាន​ប្រាប់​វីអូអេ​ថា​ ខ្លួន​ធ្លាប់​បាន​បរិភោគ​នំចំណី​ដែល​មិនមាន​ប្រភព ឬ​កាលបរិច្ឆេទ​មិន​ច្បាស់លាស់​នៅ​សាលារៀន។ ហើយ​វា​បាន​បង្ក​ឱ្យ​យុវជន​រូបនេះ​មាន​ជំងឺ​ផ្សេងៗ ដូចជា​ឈឺ​បំពង់ក ឬ​គ្រុន​ពោះវៀន​ជាដើម។ ឫទ្ធី បាន​រៀបរាប់​ទៀត​ថា ពេល​មាន​ជំងឺ​ម្តងៗ វា​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ និង​ជីវភាព​របស់​គ្រួសារ ដោយសារតែ​ការ​ចំណាយ​ទៅលើ​ការ​ព្យាបាល​សុខភាព​របស់​ខ្លួន។

លោក​ថ្លែងថា៖ «ចាប់តាំង​ពី​ពេល​ហ្នឹង​មក ខ្ញុំ​កាត់បន្ថយ​ច្រើន ដូចនំ​កញ្ចប់​អ៊ីចឹងៗ គឺ​អត់ញុំា​សូវ​ញុំា​ទៀតទេ។ ហើយ​ភាគច្រើន​ដែល​ញុំា គឺ​ត្រូវមើល​កាលបរិចេ្ឆទសិន​ថា វា​ជិត​ហួស​កំណត់​នៅ ហើយ​បរិមាណ​ជាតិស្ករ​ដែល​គេដាក់​នៅក្នុង​សារធាតុផ្សំ​សិន​ថា នៅក្នុង​ហ្នឹង​មាន​សារធាតុ​ផ្សំអី​ខ្លះ»។

សិស្ស​ថ្នាក់ទី ១២​ រូប​នេះ​ បាន​រៀបរាប់​បន្ថែម​ថា ចំណី​អាហារ​ខ្លះ​ដែល​ត្រូវបាន​ដាក់​លក់​នៅ​សាលារៀន​មិន​មាន​អនាម័យ​នោះទេ ខណៈ​អាជីវករ​ខ្លះ​មិន​សូវ​យក​ចិត្ត​ទុកដាក់​លើ​គុណភាព​ចំណី​អាហារ​ដែល​លក់​ឱ្យ​សិស្សានុសិស្ស​ឡើយ​ នៅ​ពេល​ដែល​ពួកគេ​យក​នំ​ចំណី​ទាំង​នោះ​មក​លក់ដូរ។ យុវជន ឈួន ឫទ្ធី ក៏​បញ្ជាក់​ថា អាហារ​ដែល​ខ្លួន​បរិភោគ​នៅ​ផ្ទះ​ មាន​អនាម័យ​ជាង​នៅ​សាលា​ ពីព្រោះ​អ្នក​លក់​ខ្លះ​មិន​បាន​រក្សា​អនាម័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ឡើយ​ នៅពេល​ដែល​ធ្វើ​អាហារ​លក់។

លោក​ថ្លែង​ថា៖ «ខុសគ្នា​ច្រើន​ដោយសារ​តែ​នៅ​ពេល​ដែល​យើង​ញុំាបាយ​នៅ​ផ្ទះ​ទៅ​ យើង​ធ្វើ​ខ្លួនឯង​ទៅ​ វា​អនាម័យ​ជាង​នៅ​សាលា​ ពេលខ្លះ​យើង​ឃើញ​អ្នកលក់​ ធ្វើ​លក់ៗ​តែ​យើង​អត់ដឹងថា​នៅ​ពី​ក្រោយ​ខ្នង​របស់​អ្នក​លក់​ហ្នឹង​ គេ​មាន​អនាម័យ​ឬ​ក៏​អត់​ទេ»។

​ស្ថិត​នៅ​បរិវេណ​នៃ​វិទ្យាល័យ ជាស៊ីមចំរើនរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ តូប​លក់​ចំណី​អាហារ​ប្រមាណ​ជាង ១០ តូប មាន​លក់​ម្ហូប​អាហារ ដូចជា​បាយស្រូប ស៊ុបមី​គុយទាវ ប្រហិត ម្ជូរស្វាយ និង​ភេសជ្ជៈ​ផ្សេងៗ ​ដូចជាទឹកសុទ្ធ តែ​បៃតង និង​តែ​ក្រូចឆ្មារ​ជាដើម។ គេ​ក៏​ឃើញ​មាន​នំកញ្ចប់ និង​ស្ករគ្រាប់​ផ្សេងៗ ដែល​ត្រូវបាន​ដាក់លក់​នៅតាម​តូប​លក់​ចំណីអាហារ​ក្នុង​វិទ្យាល័យ​នេះ​ផង​ដែរ។

យុវតី លៀប សុខគាង សិស្សថ្នាក់ទី ១២ នៃវិទ្យាល័យ ជាស៊ីមចំរើនរដ្ឋ ផ្តល់​កិច្ច​សម្ភាសន៍​ឱ្យ​វីអូអេ នៅក្នុង​បរិវេណសាលា ក្នុង​រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

យុវតី គង់ សុបញ្ញា កំពុង​មើល​សៀវភៅ​ជាមួយ​មិត្តភកិ្ត​ក្រោយ​ម៉ោង​សម្រាក ក្នុង​វិទ្យាល័យ ជាស៊ីមចំរើនរដ្ឋ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ក្នុង​អំឡុង​ពេល​អ្នក​សារព័ត៌មាន​វីអូអេ​បាន​ចុះ​ទៅ​វិទ្យាល័យ ជាស៊ីមចំរើនរដ្ឋ ជា​រៀងរាល់​ម៉ោង​សម្រាក សិស្សានុសិស្ស​ក្នុងវិទ្យាល័យ​នេះ​បាន​នាំគ្នា​ទៅតូប​លក់​នំ​ចំណី​អាហារ ដោយ​ភាគច្រើន​ពួកគេ​ចូលចិត្ត​ញុំា​ស៊ុបមីគុយទាវ បាយស្រូប និង​តែបៃតង​ជាដើម។ ហើយ​សិស្ស​ខ្លះទៀត​បាន​ទិញ​ម្ជូរស្វាយ​សម្រាប់​ញុំា ក្រោយ​ពួកគេ​បាន​បរិភោគ​អាហារ​ថ្ងៃត្រង់​រួច។ ក្នុង​ចំណោម​ភេសជ្ជៈ​ដែល​មាន​លក់​នៅ​វិទ្យាល័យ​នេះ ក៏​រួមមានភេសជ្ជៈ​ប៉ូវកម្លាំង និង​ភេសជ្ជៈផ្អែម​មួយ​ចំនួន​ដូច​ជា​កូកាកូឡា​ជាដើម។

កំពុង​អង្គុយ​លើ​បង់​រំលឹក​មេរៀន​ជាមួយ​មិត្តភក្តិ​ក្រោម​ដើមឈើ​ក្នុង​សាលា យុវតី គង់ សុបញ្ញា​ ជា​សិស្ស​ថ្នាក់ទី៩​ នៃ​វិទ្យាល័យ​ជាស៊ីម​ចំរើនរដ្ឋ​ ​ បាន​ប្រាប់វីអូអេ​ថា នាង​មិន​សូវ​ចូលចិត្ត​ផឹក​ភេសជ្ជៈ​កំប៉ុង​នោះ​ទេ​ ពីព្រោះ​វា​អាច​នឹង​នាំឱ្យ​មាន​ជំងឺ​ផ្សេងៗ។ យុវសិស្ស​រូបនេះ​បន្តថា​ លោកគ្រូ អ្នកគ្រូ នៅក្នុង​ថ្នាក់​តែង​ណែនាំសិស្ស​ចៀសវាង​ផឹក​ភេសជ្ជៈ​ប៉ូវកម្លាំង​ ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​។

យុវតី​រូបនេះ​ថ្លែង​ថា៖ «[លោកគ្រូ អ្នកគ្រូ] គាត់​អត់​ឱ្យ​ញុំា​របៀប​ស្ទីង​ កូកា​ របៀប​ដែល​មាន​ជាតិ​ហ្គោស​ខ្លាំង​ ហើយ​ផ្អែម​ខ្លំាង​ ច្រើន​តែ​ឱ្យ​ញុំា​ទឹកសុទ្ធ»។

លោក ព្រាប ប៊ុនណា ដែល​ជា​គ្រូបង្រៀន​គីមីវិទ្យា​ថ្នាក់ទី ១២​ នៃ​វិទ្យាល័យ​ជាស៊ីម​ចំរើនរដ្ឋ​ បាន​លើកឡើង​ថា​ ការ​ណែនាំ​របស់​ក្រសួង​អប់រំ​ស្តី​ពី​សុខភាព​ចំណី​អាហារ​ និង​ការ​លក់ដូរ​នំ​ចំណី​ផ្សេងៗ​សម្រាប់​សិស្សា​នុសិស្ស​ ជា​កិច្ចការ​ល្អ​ ពីព្រោះ​វា​ជំរុញ​ឱ្យ​អ្នកលក់​ចៀស​វាង​លក់​ចំណី​អាហារ​ណា ​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​សិស្ស​នៅ​ក្នុង​សាលា។ លោក​បន្ថែម​ថា​ លោក​តែងតែ​ណែនាំ​សិស្សានុសិស្សឱ្យ​បាន​ដឹង​ពី​ប្រភេទ​ចំណី​អាហារ​ដែល​គួរ​ញុំា​ និង​មិន​គួរ​ញុំា​ ដើម្បី​កុំ​ឱ្យប៉ះពាល់​ដល់​សុខភាព​របស់​សិស្ស។

លោក​ថ្លែង​ថា៖ «បាទ​ណែនាំ​តើស៎​កូន​ ព្រោះ​អី​ធម្មតា​ទាក់ទង​ជាមួយ​អាហារ​ខ្លះ ​វា​អត់​ត្រូវ​នឹង​វ័យ​គាត់​ញុំា​ តែ​គាត់​ញុំា​ទៅ​ នាំ​ឱ្យ​គាត់​មាន​ផល​ប៉ះពាល់​អ៊ីចឹង​ ប៉ុន្តែ​ណែនាំ​ហើយ​រឿង​គាត់​ទៅ​ទិញ​ មិន​ទៅ​ទិញ​ ក៏​អត់ដឹង​ដែរ​ ប៉ុន្តែ​សំខាន់​ បើ​ក្នុង​សាលា​វា​អត់​លក់​ ក៏​ជា​ការ​ល្អ​មួយ​ដែរ»។

គ្រូបង្រៀន​គីមីវិទ្យា​រូបនេះ​ ក៏​បញ្ជាក់​ដែរ​ថា​ សិស្សានុសិស្ស​គួរ​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​ ក្នុង​នោះ​មាន​ដូចជា​បន្លែ​ សាច់​ និង​ផ្លែឈើ​ដែល​គ្មាន​ជាតិ​គីមី​ជាដើម។

លោក​ថ្លែង​ថា​៖ «ប៉ុន្តែ​គ្រាន់​ថា​ បើ​បន្លែ​អីៗ​ហ្នឹង​គឺ​វា​ល្អ​ហើយ​ ប៉ុន្តែ​វា​ក៏​ត្រូវការ​សាច់​ទាក់ទង​ជាមួយ​បំប៉ន​រាងកាយ​ដែរ​ ហ្នឹង​បើ​យើង​និយាយ​តាម​ត្រឹមត្រូវ​ ប៉ុន្តែ​បើ​បន្លែ​ និង​សាច់​របស់​យើង​សម្បូរ​ទៅ​ដោយ​ជាតិ​គីមី​អាហ្នឹង​ក៏​វា​អត់​ល្អ​ដែរ»។

អ្នកស្រី​ កង សុជាតា ​គ្រូបង្រៀន​គីមីវិទ្យា​ថ្នាក់ទី ១១ ​ម្នាក់​នៃ​វិទ្យាល័យ​ជាស៊ីម​ចំរើនរដ្ឋ ក៏​បាន​គាំទ្រ​វិធានការ​ណែនាំ​របស់​ក្រសួង​អប់រំ ហើយ​ជំរុញ​ឱ្យ​មាន​ការ​យកចិត្ត​ទុកដាក់​បន្ថែម​លើប្រភេទ​ចំណីអាហារ​ណា​ដែល​ល្អ​ដល់​សុខុមាលភាព​របស់​សិស្សានុសិស្ស ដូចជា​ផ្លែឈើ ឬ​នំ​ខ្មែរ​ជាដើម។

អ្នកស្រី​ថ្លែង​ថា​៖ «សម្រាប់​អ្នកគ្រូ​ ប្រសិន​បើ​មាន​លក់​ចំណី​អាហារ​អ៊ឹចឹង​ សម្រាប់​អាហារ​ដូចជា​ Snack [អាហារសម្រន់] អ៊ីចឹង​អាច​ជា​ផ្លែឈើ​អ៊ីចឹង​ទៅ។ អ៊ីចឹង​ផ្លែឈើ​មាន​ច្រើន​ អាច​ចិត​ជា​ចំណិតៗ​ដោត​ចង្កាក់​លក់​ ឬ​អាច​ជា​នំខ្មែរ​ នំអ៊ីចឹង​ទៅ»។

អ្នកគ្រូ​បង្រៀន​វ័យ​ ៣១ ឆ្នាំ​រូប​នេះ​ ក៏​បាន​សង្កេត​ឃើញ​ថា​ ករណី​ដែល​សិស្ស​ពុល​ចំណី​អាហារ​នៅក្នុង​ម៉ោង​រៀន​មាន​ច្រើន។ ហើយ​ភាគច្រើន​វា​បង្ក​ទៅជា​ជំងឺ​ក្រពះ និង​ពោះវៀន ដែល​ជា​ហេតុ​ធ្វើឱ្យ​សិស្សានុសិស្ស​ត្រូវ​ឈប់​សម្រាក​ពី​ការ​សិក្សា​ជាច្រើន​ថ្ងៃ ដែល​អាច​ធ្វើ​ឱ្យ​ការ​សិក្សា​របស់​ពួកគេ​អន់ថយ។

អ្នកគ្រូ កង សុជាតា ថ្លែង​ថា៖ «ទាក់ទង​នឹង​សិស្ស​គាត់​ឈប់​សម្រាក​អត់​មក​រៀន ដោយសារ​ពុលចំណី​ហ្នឹង គឺ​អ្នកគ្រូ​បាន​ជួប​ច្រើន។ អ៊ីចឹង​ករណីខ្លះ​និយាយ​ឱ្យចំ​ទៅ គាត់​ចូលចិត្ត​ញុំាំមី អ៊ីចឹង​នៅពេល​ដែល​គាត់​ញុំា​មី​អ៊ីចឹង​ទៅ ធ្វើឱ្យ​គាត់​មាន​បញ្ហា​ពោះវៀន និង​ក្រពះ ជួនកាល​ទៅ​មក​រៀន​គាត់​ញុំា ញុំា​ហើយ​បាន​ប្រហែល​កន្លះ​ម៉ោង ១ ម៉ោង​អី គាត់​ចាប់​ផ្តើម​ចុកពោះ​អ៊ីចឹង សុំ​ច្បាប់​ទៅ​ផ្ទះ។ អ៊ីចឹង​ក្រោយពី​គាត់​សុំច្បាប់​ទៅ​ផ្ទះ ហ្នឹង ៣-៤ ថ្ងៃ បាន​គាត់​បាន​ធូរ បាន​គាត់បាន​មក​រៀន»។

សិស្សានុសិស្ស​កំពុង​ឈរ​ដាក់​គ្រឿងទេស​ក្នុង​ស៊ុប​ដែល​ពួកគេ​បាន​ទិញ នៅ​វិទ្យាល័យ ជាស៊ីមចំរើនរដ្ឋ ក្នុង​រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

អ្នកស្រី សេង ចន្ថា អាជីករ​លក់ដូរ​ក្នុង​សាលា នៃវិទ្យាល័យ ជាស៊ីមចំរើនរដ្ឋ ឈរ​នៅពី​មុខ​តូប​របស់​អ្នកស្រី ផ្តល់​កិច្ចសម្ភាសន៍​ឱ្យ​វីអូអេ ក្នុង​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

សម្រាប់​អាជីវករ​នៅ​តាម​សាលារៀន​វិញ ពួកគេ​ក៏​បាន​សាទរ​វិធានការ​របស់​ក្រសួង​អប់រំ​ ក្នុង​ការ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​គុណភាព​ចំណីអាហារ​ ដែល​ដាក់​លក់​ឱ្យ​សិស្ស ទោះបីជា​ពួកគេ​បារម្ភ​ថា សិស្ស​នៅតែ​អាច​មាន​ជម្រើស​ទិញ​ចំណីអាហារ​មិនល្អ​ពី​ក្រៅ​សាលារៀនក្តី។

កំពុង​ឈរ​រៀបចំ​កន្លែង​លក់​នំចំណី​ក្នុង​តូប​របស់​ខ្លួន​ អ្នកស្រី សេង ចន្ថា បាន​ប្រាប់​វីអូអេ​ថា​ អ្នកស្រី​បាន​ធ្វើ​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង ក៏​ដូចជា​មាន​ការ​ណែនាំ​ពី​នាយក​សាលា​ ដោយ​មិន​ឱ្យ​មាន​លក់​ភេសជ្ជៈ​ប៉ូវកម្លាំង​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​នោះ​ទេ។ អាជីវករវ័យ ​៤៦ ឆ្នាំ​រូបនេះបន្ត​ថា​ បើទោះបីជា​នៅ​ក្នុង​សាលា​មិន​មាន​លក់​ភេសជ្ជៈ​កំប៉ុង​ក្តី​ ក៏​នៅ​តែ​មាន​សិស្ស​ខ្លះ​លួច​ទិញ​ភេសជ្ជៈ​ទាំងនោះ​ពី​ខាងក្រៅ​មក​ដែរ។​

អ្នកស្រី​ថ្លែង​ថា​៖ «មាន​អ្នក​ទិញ​មក​អ៊ីចឹង​ទៅ​ មក​ទិញ​ទឹកកក​យើង​ទៅ​ គាត់​យក​មក​ពី​ផ្ទះ​ខ្លួនគាត់​។ គាត់​សួរ​តា៎​ ពេល​ក្មេងៗ​ណា​ដែល​គាត់​យក​មក​ពី​ផ្ទះ​ ឬ​យក​មក​ពី​ក្រៅ​អ៊ីចឹង​ហាស​ ទិញ​ពី​ក្រៅ​ អ្នក​ខាងក្រៅ​មាន​លក់​តែ​អ្នក​ខាងក្នុង​អត់​មាន​លក់​ទេ​ អ្នក​ខាងក្នុង​គេ​បិទ​ហើយ​ស្ទីង​ គេ​អត់​លក់​ទេ​»។

​កន្លង​មក ក្រសួង​អប់រំបាន​ចេញ​លិខិត​ណែនាំ​សាលារៀន​ទូទាំង​ប្រទេស​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​លក់​ចំណី​អាហារ​ ៦​ ប្រភេទ​ ក្នុង​នោះ​មាន​ដូចជា​ ចំណី​អាហារ​គ្រប់​ប្រភេទដែល​ហួសកាល​បរិច្ឆេទ​ប្រើប្រាស់​ គ្រឿង​ស្រវឹង​ និង​ផលិតផល​ថ្នាំ​ជក់​គ្រប់​ប្រភេទ​ ចំណី​អាហារ​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់​ ភេសជ្ជៈ​ប៉ូវកម្លាំង​ ភេសជ្ជៈ​ផ្អែម​ កាហ្វេ​ ការ៉េម​ ទឹក​សេរ៉ូ ស្ករ​សូកូឡា ស្ករគ្រាប់​ ​ស្ករ​កៅស៊ូ ចាហួយ នំ​ដូណាត់​ និង​នំ​ផ្អែមគ្រប់ប្រភេទ​។ នេះ​បើតាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា។

លោក​បន្ថែម​ថា​ ក្រសួង​អប់រំ​បាន​ណែនាំ​ទៅ​គណៈ​គ្រប់គ្រង​សាលា​ ត្រូវ​មាន​កិច្ច​សន្យា​រវាង​អ្នក​លក់ដូរ​ និង​នាយក​សាលា​អំពី​ការ​លក់​ចំណី​អាហារ​ដែល​ត្រូវបាន​ទប់ស្កាត់​នេះ។ ហើយ​ក្នុង​ករណី​មាន​ការ​លក់ដូរ​ផ្ទុយ​ពី​កិច្ចសន្យា​ គណៈ​គ្រប់គ្រង​សាលារៀន​អាច​អនុវត្តន៍​វិធានការ​រដ្ឋបាល​ដែល​មាន​ជា​ធរមាន​បាន។

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​តាម​បណ្តាញ​តេឡេក្រាម​មក​កាន់​វីអូអេ​ថា​៖ «ជា​យន្តការ​រដ្ឋបាល​មន្ទីរអប់រំ យុវជន និង​កីឡា​ជំរុញ​ការ​អនុវត្ត​សេចក្តី​ណែនាំ​ដោយ​សហការ​ជាមួយ​គណ:គ្រប់គ្រង​សាលារៀន។ គណ:​គ្រប់គ្រង​សាលារៀន​ត្រូវ​គ្រប់គ្រង​កិច្ចការ​ទូទៅ​នៅ​ទីតាំង​សាលារៀន​។ ករណី​លក់ដូរ​នៅ​សាលារៀន​ គណៈ​គ្រប់គ្រង​សាលារៀនមាន​កិច្ច​សន្យា​រវាង​អ្នក​លក់ដូរ​ និង​នាយក​សាលា។ ដូចនេះ​ គណៈ​គ្រប់គ្រង​សាលារៀន​ត្រូវ​គ្រប់គ្រង​ការ​លក់ដូរ​ដែល​ត្រូវ​ស្រប​ជាមួយ​កិច្ចសន្យា​លក់ដូរ​លើ​ទីតាំង​សាលារៀន​។ បើ​ការ​លក់ដូរ​ផ្ទុយ​ពី​កិច្ចសន្យា​នេះ​ គណៈ​គ្រប់គ្រង​សាលារៀន​អាច​អនុវត្តន៍​វិធានការ​រដ្ឋបាល​មាន​ជា​ធរមាន​»។

លោក រស់ សុវាចា ក៏​បញ្ជាក់​ផងដែរ​ថា​ ក្រសួង​អប់រំ​កំពុង​បន្ត​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ លើ​ការ​ពិនិត្យ​តាម​ដាន​សុខភាព​សិស្សានុសិស្ស​ និង​បុគ្គលិក​អប់រំ​គ្រប់​កម្រិត​ថ្នាក់​ តាម​យន្តការ​ដែល​មាន​ស្រាប់​ ជា​ពិសេស​តាមរយ:​យន្តកា​ររបស់​នាយកដ្ឋាន​សុខភាព​សិក្សា​របស់​ក្រសួង​ និង​ក្រុម​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​វិស័យ​អប់រំ។ លោក​ថា ក្រសួង​អប់រំ​បាន​នឹង​បន្ត​ជំរុញ​ឱ្យ​គ្រូបង្រៀន​ និង​គណ:គ្រប់គ្រង​សាលារៀន​ទាំងអស់​ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​អំពី​បញ្ហា​សុខភាព​របស់​សិស្ស​ ដែល​ជា​កត្តា​ដ៏​សំខាន់​មួយ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​សិក្សា។

លោក​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ «ទន្ទឹម​នេះ​ក្រសួង​បាន​បញ្ចូល​ខ្លឹមសារ​សុខភាព​ទៅ​ក្នុង​កម្មវិធី​សិក្សា​ពី​ថ្នាក់​បឋម​សិក្សា​ដល់​ថ្នាក់ទី​ ១២​ និង​បាន​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ជាពិសេស​គណៈ​គ្រប់គ្រង​តាម​សាលា​ផ្សព្វផ្សាយ​អំពី​សេចក្ដី​ណែនាំ​របស់​ក្រសួង​ឱ្យ​បាន​នៅ​ទូទាំង​ប្រទេស​។ ការងារ​នេះ​ក្រសួង​បាន​នឹង​កំពុង​ធ្វើ​តាំង​ពី​អាណត្តិ​មុន​មក​ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​ ដើម្បី​ជា​បច្ច័យ​ទ្រទ្រង់​សុខភាព​របស់​សិស្សានុសិស្ស​និង​បុគ្គលិក​អប់រំ»។

បច្ចុប្បន្ន​នេះ ក្រសួងអប់រំ​ យុវជន និង​កីឡា​ និង​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម កំពុង​ធ្វើការ​ដោយ​សហការ​ជាមួយ​នឹងអង្គការ​កម្មវិធី​អាហារ​ពិភពលោក ដោយ​ទទួល​ជំនួយ​គាំទ្រ​ពី​ក្រសួង​កសិកម្ម​របស់​សហរដ្ឋអាមេរិក​ ដើម្បី​ពង្រឹង​សុខភាព​ចំណី​អាហារ​នៅ​តាមសាលារៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​នោះ កម្មវិធី​ផ្តល់​អាហារ​ដល់​សិស្សានុសិស្ស​នៅ​កម្រិត​ថ្នាក់​មត្តេយ្យ និង​បឋម​សិក្សា​ កំពុង​ក្លាយ​ជា​គំរូ​មួយ​ដោយ​ប្រើប្រាស់​ប្រភព​គ្រឿងផ្សំ​ពី​កសិករ​ក្នុង​ស្រុកមាន​គុណភាព​ និង​សុវត្ថិភាព ដែល​មិនត្រឹម​តែ​ជួយ​ដល់​សុខុមាលភាព​របស់​សិស្ស តែ​ថែម​ទាំង​លើក​ទឹកចិត្ត​ដល់​ភាព​ជា​ម្ចាស់​ការ​របស់​សហគមន៍​ និង​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ក្នុង​ស្រុក​ថែម​ទៀត​ផង។

គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៧ មក សហរដ្ឋអាមេរិក​បាន​ធ្វើ​គំរោង​តាម​រយៈ​កម្មវិធី​ផ្តល់​អាហារ​ដល់​សាលារៀន​របស់​ក្រសួង​កសិកម្ម​សហរដ្ឋអាមេរិក​ (USDA) បាន​ផ្តល់​ប្រាក់​ចំនួន​ ១២២.៦ លាន​ដុល្លារ​ ដើម្បី​កាត់​បន្ថយ​អសន្តិសុខ​ស្បៀង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ជួយ​ដល់​សិស្ស​សាលា​កម្ពុជា​ឱ្យ​ទទួល​បាន​អាហារ​នៅតាម​សាលារៀន​ដែល​មាន​សុខភាព​ល្អ​ និង​មាន​ជីវជាតិ។ នេះ​បើ​តាម​អ្នកនាំ​ពាក្យ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ កញ្ញា Stephanie Arzate ដែល​បាន​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សារ​អេឡិចត្រូនិច​អ៊ីម៉ែល។

កាលពី​ឆ្នាំ​ ២០២២ ក្រសួង​កសិកម្ម​សហរដ្ឋអាមេរិក​បាន​ប្រកាស​ផ្តល់​ជំនួយ​បន្ត​ដល់​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ ដើម្បី​បន្ត​កម្មវិធី​អាហារ​នៅ​តាម​សាលារៀន​របស់​ខ្លួន​នៅ​តាម​ជនបទ​ក្នុង​ប្រទេស​កម្ពុជា។ កម្មវិធី​នេះ​នឹង​ធានា​ថា​ រដ្ឋាភិបាល​កម្ពុជា​អាច​ទទួល​យក​ការ​ផ្តល់​ជូន​អាហារ​នៅ​តាម​សាលា​ដល់​សិស្សានុសិស្ស​កម្ពុជា​នៅឆ្នាំ ២០២៧។ កញ្ញា Stephanie Arzate អ្នកនាំ​ពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លើក​ឡើង​ថា​ កម្មវិធី​អាហារ​នៅ​តាម​សាលារៀន​នេះ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ឱ្យ​មាន​វិវឌ្ឍនភាព​ ការ​កាត់​បន្ថយ​អត្រា​បោះបង់​ការ​សិក្សា​ និង​ការ​កែ​លម្អ​អក្ខរកម្ម​របស់​សិស្សានុសិស្ស​កម្ពុជា​ផងដែរ។

កញ្ញា​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា​៖ «កម្មវិធី​អាហារ​នៅ​តាម​សាលា​របស់​ USDA នៅ​តែ​ជា​ធាតុ​ផ្សំ​វិជ្ជមាន​នៃ​ទំនាក់ទំនង​ទ្វេ​ភាគី​របស់​យើង។ វា​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​របស់​កុមារ​កម្ពុជា​ តាម​រយៈ​ការ​កាត់​បន្ថយ​អត្រា​បោះបង់​ការ​សិក្សា​ ការ​កែ​លម្អ​អក្ខរកម្ម​ និង​ការ​បង្កើន​ការ​អភិវឌ្ឍ​កា​រយល់​ដឹង​របស់​សិស្ស​»។

លោក ព្រាប ប៊ុនណា គ្រូបង្រៀន​គីមីវិទ្យា នៃវិទ្យាល័យ ជាស៊ីមចំរើនរដ្ឋ ផ្តល់​កិច្ច​សម្ភាសន៍​ឱ្យ​វីអូអេ នៅក្នុង​បរិវេណសាលា ក្នុង​រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

យុវជន ឈួន ឫទ្ធី សិស្សថ្នាក់ទី ១២ នៃវិទ្យាល័យ ជាស៊ីមចំរើនរដ្ឋ ផ្តល់​កិច្ច​សម្ភាសន៍​ឱ្យ​វីអូអេ នៅក្នុង​បរិវេណសាលា ក្នុង​រាជធានីភ្នំពេញ កាលពីថ្ងៃទី​២២ ខែមីនា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

កាលពី​ឆ្នាំ ២០២១ រដ្ឋមន្រ្តី​ក្រសូង​អប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុង បាន​លើកឡើង​អំពី​កម្មវិធី​សុខភាព​សិក្សា​គ្រប់ជ្រុងជ្រោយ​ ដោយ​បង្កើត​និង​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មការ​គ្រប់គ្រង​សាលារៀន គ្រូបង្រៀន តំណាង​អ្នក​លក់ដូរ​ក្នុងសាលា អាណាព្យាបាល​ និង​អាជ្ញាធរ​ លើ​ការ​ត្រួតពិនិត្យ​សុវត្ថិភាព​អនាម័យ ​សុវត្ថិភាព​ចំណីអាហារ និង​សុខភាព​របស់​សិស្សានុសិស្ស។

ហើយ​សម្រាប់​យុវសិស្ស​ដែល​វីអូអេ​បាន​សម្ភាសន៍ ពួកគេ​ភាគច្រើនសង្ឃឹម​ថា​ នា​ពេល​អនាគត​ នៅ​តាម​សាលា​សាធារណៈ​នីមួយៗ​អាច​នឹង​មាន​អាហារដ្ឋាន​ដែល​មាន ​ម្ហូបអាហារ​ ឬ​ក៏​នំចំណី​ដែល​មាន​ជីវជាតិ​ និង​សារធាតុ​បំប៉ន​គ្រប់គ្រាន់។

យុវជន​ ឈួន ឫទ្ធី យល់ថា​ អាហារដ្ឋានដែល​ម្ហូបអាហារ​ត្រូវ​បាន​ដាក់​លក់ទទួល​បាន​ការ​ពិនិត្យ​ត្រឹមត្រូវ​បែបនេះ នឹង​ជួយ​ធ្វើ​ឱ្យ​សិស្ស​មាន​សុខភាព​ល្អ​ប្រសើរ។

យុវជន​រូបនេះ​ថ្លែង​ថា​៖ «ប្រសិន​បើ​ក្រសួង​គាត់​អ៊ីចឹង​ វា​ល្អ​ច្រើន​ ដើម្បី​ឱ្យ​ពួកក្មេងៗ​ ឬ​ក៏​ពួក​សិស្សានុសិស្ស​ហ្នឹង​ទទួល​បាន​សុខភាព​ល្អ​ ដោយសារ​តែ​ពេល​ដែល​ក្រសួង​ដាក់​អ៊ីចឹង​ទៅ​ របស់​ដែល​អាច​លក់​បាន​គឺ​សុទ្ធ​តែ​មាន​ស្តង់ដា​ និងមាន​ប្រភព​ផលិត​ច្បាស់លាស់ ​ដើម្បី​ឱ្យ​អ្នកទិញ​ហ្នឹង​ នៅ​ពេល​ដែល​ញុំា​ទៅ ​ហ្នឹង​គឺ​មាន​សុខភាព​ល្អ»៕