សិស្ស​យល់​ថា​ការប្រឡង​បាក់ឌុប​តឹងរ៉ឹង​ តែ​វិញ្ញាសារ​ធូរ​ជាង​មុន

អនុរក្សកំពុងពិនិត្យ​មើល​សំណៅ​ឯកសារ​នៅ​លើ​ខ្លួន​បេក្ខ​ជន​​ប្រលង​មធ្យម​សិក្សា​ទុតិយភូមិ​​ នៅ​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ២០១៥​ នៅ​មណ្ឌល​ប្រលង​​សាលាបឋម​សិក្សារ​ចតុមុខ​។ (ស៊ូ​ ពិសែន/VOA)

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ (បាក់​ឌុប​) ឆ្នាំ​នេះ​ មាន​ភាព​តឹង​រឹង​ និង​ប្រសើរ​ជាង​មុន​ខណៈ​ពេល​ដែល​បេក្ខជន​ប្រឡង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ជា​ស្រេច​សម្រាប់​ទទួល​លទ្ធផល។​ នេះ​បើតាមការ​សន្និដ្ឋាន​របស់​មន្ត្រី​រដ្ឋាភិបាល​ និង​អ្នក​តាម​ដាន។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ (បាក់​ឌុប​) ឆ្នាំ​នេះ​ មាន​ភាព​តឹង​រឹង​ និង​ប្រសើរ​ជាង​មុន​ខណៈ​ពេល​ដែល​បេក្ខជន​ប្រឡង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ជា​ស្រេច​សម្រាប់​ទទួល​លទ្ធផល។​ នេះ​បើតាមការ​សន្និដ្ឋាន​របស់​មន្ត្រី​រដ្ឋាភិបាល​ និង​អ្នក​តាម​ដាន។​

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​២៤ ​និង​២៥​ ខែ​សីហា​ ឆ្នាំ​២០១៥​ ដោយ​មាន​ការ​រឹត​បន្តឹង​លើ​វិន័យ​ បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​សណ្តាប់​ធ្នាប់​ទាំង​ក្នុង ​និង​ក្រៅ​មណ្ឌល​ប្រឡង។

នៅ​តាម​មណ្ឌល​ប្រឡង​នីមួយ​ៗ​ មាន​ការ​ការ​ពារ ​និង​ពង្រឹង​សណ្តាប់​ធ្នាប់​ពី​សំណាក់​សមត្ថកិច្ច​ និង​ប្រជា​ការពារ​ ខណៈ​ដែលមាន​ការ​អង្គុយ​រង់​ចាំ​ពី​អាណា​ព្យាបាល​បេក្ខជន​ជាច្រើន​នៅ​ខាង​មុខ​មណ្ឌល​ក្នុង​ទឹកមុខ​ព្រួយបារម្ភ។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​កាត់បើកវិញ្ញាសារ​ប្រឡង​នៅឯ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ លោក ហង់ ជួនណារុន ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ថ្លែង​ថា​ ការ​ប្រឡង​ឆ្នាំ​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ ទាំង​របៀប​រៀប​រយ​ និង​សណ្តាប់​ធ្នាប់​៖

«របៀប​រៀបរយ​ក៏​ល្អ​ជាង​ឆ្នាំ​មុន​ដែរ​ ថ្វី​ត្បិត​តែ​ជា​រួម​នៅ​មាន​នៅ​ជុំ​វិញ​មណ្ឌល​ហ្នឹង​អាច​ថា​មាន​កន្លែង​ខ្លះ​មិន​ទាន់​មាន​នេះ​ទាំង​ស្រុង​ ប៉ុន្តែ​ជា​រួម​គឺ​សណ្តាប់​ធ្នាប់​បាន​ល្អ​ជាង​ឆ្នាំ​មុន​»​។

សូម​ទស្សនាវីដេអូ​អំពី​មតិ​ឪពុក​ម្តាយ​ចំពេាះ​ថ្ងៃ​ប្រឡង​ទី​១៖

កាលពី​ឆ្នាំ​កន្លង​ទៅ ​ក្រសួង​អប់​រំ ​យុវជន​ និង​កីឡា​ បាន​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ ជា​ពិសេស​ទៅ​លើ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយ​ភូមិ​ ដោយ​សហការ​ជាមួយ​នឹង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដើម្បី​រឹត​បន្តឹង​ការ​ស៊ី​សំណូក​សូក​ប៉ាន់​ក្នុង​បន្ទប់​ប្រឡង​រវាង​អនុរក្ស ​និង​បេក្ខជន​ ក៏​ដូច​ជា​ការ​លួច​ប្រើ​គ្រឿង​អេឡិក​ត្រូនិក​ និង​ការ​យក​សំណៅ​ឯកសារ​ចូល​បន្ទប់​ប្រឡង​ជា​ដើម​។

ការណ៍​នេះ ​បាន​ធ្វើ​ឱ្យអត្រា​ជាប់​របស់​បេក្ខជន​មាន​ត្រឹម​តែ​៤០,៦៧​ភាគរយ បន្ទាប់ពីមាន​ការ​ប្រឡង​ចំនួន​ពីរ​លើក។​

លោក កុយ សេដា ​នាយក​វិទ្យាល័យ​ទួលទំពូង​ ដែល​មាន​តួនាទី​ជា​អនុ​ប្រធាន​មណ្ឌល​ប្រឡង​ជាស៊ីម​សន្ធរម៉ុក​ បាន​ឱ្យដឹង​ថា​ ដំណើរ​ការ​ប្រឡង​ក្នុង​មណ្ឌល​របស់​លោក​ គឺ​មាន​ដំណើរ​ការ​ល្អ​ ដោយ​ហេតុ​ថា ​បេក្ខជន​ អនុរក្ស​ អ្នក​អង្កេត​ការណ៍​ ​និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ៗទៀតមាន​ការ​យល់​ដឹង​ច្រើន​ជាង​មុន។

«​ក្នុង​រយៈ​ពេល​ពេញ​១​ថ្ងៃ​នៅ​ក្នុង​មណ្ឌល​ជាស៊ីម​សន្ធរម៉ុក​របស់​ខ្ញុំ​បាទ​និយាយ​រួម​ គឺ​មិន​មាន​បញ្ហា​ មិន​ប្រក្រតី​កើត​មាន​ឡើង​ទេ​ គឺ​ការ​អនុវត្ត​ការ​ងារ​ប្រឡង​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​»។​

នាយក​សាលា​រូប​នេះ ​គូសបញ្ជាក់​ទៀតថា​ បេក្ខជន​គិត​តែ​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការ​ប្រឡង​តែប៉ុណ្ណោះ។​

​ «​គាត់​ខំ​ប្រឹង​ប្រែង​ធ្វើ​នូវ​កិច្ចការ​នៃ​ការ​ងារ​ប្រឡង​របស់​គាត់​តាម​មុខវិជ្ជា​នីមួយ​ៗ ​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​គាត់​»។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំនេះ​ធ្វើ​ឡើង​ក្នុង​មណ្ឌល​ប្រឡង​ចំនួន​១៥០​មណ្ឌល​ ដែល​ស្មើ​នឹង​៣.៥៧៦​បន្ទប់ ដោយ​មាន​បេក្ខជន​មាន​ឈ្មោះ​ប្រឡង​ចំនួន​ជាង​៨ម៉ឺននាក់​ ក្នុង​នោះ​មាន​បេក្ខជន​ជា​នារី​ជាង​៤​ម៉ឺន​នាក់។​

សិស្ស​វិទ្យាល័យ​ចាក​ចេញ​ពី​មណ្ឌល​ប្រលង​វិទ្យាល័យ​សន្ធរ​ម៉ុក​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១៥។​ នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ ដែល​ការប្រលង​មធ្យម​សិក្សា​ទុតិយ​ភូមិ ដែល​ក្រសួង​អប់រំ​បាន​រឹតបន្តឹង​លើ​ការប្រលង។ (ប៉ាង​ ចំណាន/VOA)

ក្រុម​សង្កេត​ការណ៍​ឯករាជ្យ​មួយ​ចំនួន​ដែល​តាម​ដាន​ការប្រឡង​ឆ្នាំ​នេះ​ រួម​មាន​អង្គការ​ KIND សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា ​និង​សម្ព័ន្ធ​ដើម្បី​សុចរិតភាព​ និង​គណនេយ្យភាព​សង្គម​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​ ដោយ​ទាញ​ការ​សន្និដ្ឋានថា​ ការប្រឡង​នេះ​មិន​មាន​ការ​បែក​ធ្លាយ​វិញ្ញាសា ការ​យក​សំណៅ​ឯកសា ​ឬ​ឧបករណ៍​អេឡិកត្រូនិក​ផ្សេងៗ​ដោយ​បេក្ខជន​ចូល​ក្នុង​មណ្ឌល​ប្រឡង​ឡើយ។ ចំណែក​ឯ​សណ្តាប់​ធ្នាប់​របៀប​រៀបរយ​នៅខាង​ក្រៅ​មណ្ឌល​ប្រឡង​វិញ​ក៏​ឃើញ​ថា​មាន​សភាព​ស្ងប់ស្ងាត់​ធម្មតា​ដែរ។

សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា៖​ «ទោះជា​យ៉ាង​នេះ​ក៏ដោយ​ ក៏​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លំាំ​មើល​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​តែ​អំពាវនាវ និង​ទទូច​ឲ្យ​មាន​ការ​រឹត​បន្តឹង​បន្ថែម​ទៀត​ទៅ​លើ​ដំណើរ​ការ​កែ​វិញ្ញាសា​ ដើម្បី​ធានា​ផ្តល់​យុត្តិធម៌​ដល់​បេក្ខជន ​ដែល​បាន​ចូលរួម​ប្រឡង​សញ្ញាបត្រ​ នៅថ្ងៃទី​២៤ -២៥ ​ខែសីហា ​ឆ្នាំ​២០១៥​នេះ‍»។

នេះ​ជា​ឆ្នាំ​ទីពីរ​ហើយ​ដែល​ក្រសួង​អប់រំ​បាន​ធ្វើការ​រឹត​បន្តឹង​លើ​ការប្រឡង​ថ្នាក់​មធម្យ​សិក្សា​ទុតិយភូមិ។ បេក្ខជន​ប្រឡង​មួយ​ចំនួន​ដែល ​VOA ​បាន​ជួប​សម្ភាសន៍​បាន​ បង្ហាញ​ការ​សាទរ​ចំពោះ​កំណែ​ទម្រង់​ថ្មី​នេះ។

យុវជន​ រ៉េត មាស អាយុ​១៨​ឆ្នាំ​ មក​ពី​វិទ្យាល័យ​ពង​ទឹក ​ជា​បេក្ខជន​មក​ប្រឡង​នៅ​មណ្ឌល​ជាស៊ីម​សន្ធរម៉ុក​ បាន​និយាយ​ថា​ «ការ​ប្រឡង​ឆ្នាំ​នេះ​មាន​ការ​រឹត​បន្តឹង​ខ្លាំង​គឺ​អនុរក្ស​នៅ​តាម​ថ្នាក់​មិន​ឱ្យ​បើក​ចាក់​ មិន​ឱ្យ​យក​សំណុំ​ឯកសារ​ចូល​ក្នុង​បន្ទប់​ប្រឡង​»។

ស្រដៀង​គ្នា​នេះ​ដែរ យុវជន​ លាភ វិសាល ​អាយុ​១៩​ឆ្នាំ​ មក​ពី​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក​ ក៏បាន​ថ្លែង​ពី​ភាព​តឹង​រឹង​ក្នុង​ការ​ប្រឡង​ដែរ។

«ឆ្នាំ​ហ្នឹង​ប្រឡង​ដូច​ជា​តឹង​ជាង​ឆ្នាំ​មុន​ ព្រោះ​ការ​ចូល​រួម​សង្កេត​ការណ៍​ពី​យុវជន​ និង​សិស្ស​រៀម​ច្បង​ចូល​សង្កេត​ការណ៍មើល​ទៅ​ច្រើន​ខ្លាំង​ណាស់​»។​

យុវជន​រូបនេះ​លើក​ឡើង​ថា​ ការ​ត្រួត​ពិនិត្យ​លើ​ការ​លាក់​សំណៅ​ឯកសារ​ក្នុង​មណ្ឌល​ខ្លួន​មាន​ច្រើន​ដំណាក់​កាល។​

«គេ​ឆែក​ដល់​៣​ដំណាក់​កាលហ្នឹង​ ឆែក​ពី​ក្លោង​ទ្វារ​ចូល​ទៅ​ក្នុង​សាលា​ហើយ​ក្នុង​ថ្នាក់​ឆែក​ម្តង​ទៀត»​។

ទោះ​បី​ជា​មាន​ភាព​តឹង​រឹង​ក្នុង​ការ​ប្រឡង​យ៉ាងណាក្តី ប៉ុន្តែ​វិញ្ញាសារ​ប្រឡង​ត្រូវ​បាន​បេក្ខជន​ជា​ច្រើនយល់​ថា ​វា​មាន​ភាព​ងាយ​ស្រួល​ជាង​ឆ្នាំ​មុនៗ។​ ដោយ​មាន​ទឹក​មុខ​ស្រស់​ស្រាយ​ ញញឹម​ញញែម​ក្នុង​ពេល​ដើរ​ចេញ​ពី​មណ្ឌល​ប្រឡង​ ​បេក្ខជន​ភាគ​ច្រើន​ហាក់​បង្ហាញ​ពី​ក្តី​សង្ឃឹម​របស់​ខ្លួន​ក្នុង​ការ​ទទួល​បាន​លទ្ធផល​ល្អ​ពី​ការ​ប្រឡង​នេះ​ ដោយ​សមត្ថភាព​ពិតៗ។

យុវតី​ លឹម ស្រីតាល់ ​វ័យ​១៨​ឆ្នាំ ​ជាសិស្សវិទ្យាល័យ​ជម្ពូវ័ន៖​«ខ្ញុំ​ពេញ​ចិត្ត​ការ​រៀប​ចំ​វិញ្ញាសារ​ គាត់​បន្តឹង​ ប៉ុន្តែ​វិញ្ញាសារ​ចេញ​មក​ធូរ​ ហើយ​សិស្សស្រួល​នៅ​ក្នុង​ការ​ធ្វើ​»។​

មិន​ខុស​គ្នា​នោះ​ដែរ​ យុវតី ​រ៉េត សារីតា ​អាយុ​២០​ឆ្នាំ​ មក​ពី​វិទ្យាល័យ​ឥន្ទ្រទេវី​ ក៏​យល់​ថា ​វិញ្ញាសារ​មាន​ភាព​ងាយ​ស្រួល​ ប៉ុន្តែ​បើ​អ្នក​មិន​ចេះ​នៅ​តែ​ធ្វើ​មិន​បាន​ដដែល។​

«ខ្ញុំ​និយាយ​ឱ្យ​អស់​ទៅ​ គឺ​វិញ្ញាសារ​ស្រួល​ជាង​ឆ្នាំ​មុន​ទៀត​ ប៉ុន្តែ​សម្រាប់​អ្នក​ចេះ​គឺ​គេ​ចេះ​តែ​សម្រាប់​អ្នក​អត់​ចេះ​នៅ​តែ​អត់​ចេះ​ចឹង​»​។

​ភាព​តឹង​រឹង​ក្នុង​ការ​ប្រឡង​ ស្រប​ពេល​ដែល​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​ពីរ​នៃ​កំណែ​ទម្រង់​វិស័យ​អប់រំ​របស់​ក្រសួង​ បាន​ធ្វើ​ឱ្យ​បេក្ខជន​មាន​លទ្ធភាព​ក្នុង​ការ​ត្រៀម​លក្ខណៈ​សម្បត្តិ​បាន​ល្អជាង​មុន ទាំង​ផ្លូវ​កាយ ​ផ្លូវ​ចិត្ត ​ព្រម​ទាំងចំណេះដឹង​ទៀត​ផង។

យុវតី ​រតនៈ ​អេលីសា ​អាយុ​១៧​ឆ្នាំ​ មក​ពី​វិទ្យាល័យ​ឥន្ទ្រទេវី​ បង្ហាញ​ពី​ក្តី​សង្ឃឹម​របស់​ខ្លួន​ចំពោះ​ការ​ប្រឡង​ឆ្នាំ​នេះ​ ព្រោះ​តែ​កញ្ញា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច។​

«ខ្ញុំ​បាន​ស្រាវ​ជ្រាវ​រក​មេរៀន​ឡើង​អស់​តាំង​ពី​ឆ្នាំ​មុនៗ​ ហើយ​ត្រៀម​ខ្លួន​រៀន​គួរ​រៀន​អ្វី​បន្ថែម​ទាំង​អស់»។

​លោក រស់ សាលីន ​ជា​អ្នក​នាំពាក្យ​ក្រសួង​អប់រំ បាន​កត់​សម្គាល់​នូវ​ចំណុច​ល្អ​ប្រសើរ​៣​ចំណុច​ ទាក់​ទង​នឹង​យុវជន​ និង​មណ្ឌល​ប្រឡង​ក្នុង​ឆ្នាំ​នេះ។ ​

«បេក្ខជន​រូត​រះ​មក​មណ្ឌល​ប្រឡង​ហើយ​ម្នាក់ៗ​សឹង​តែ​គ្មាន​ប៊្រីយ៉ុង​ជាប់​ខ្លួន​ សៀវភៅ​ឯកសារ​ សំណៅ​ ទូរស័ព្ទ​ដៃ​ ឬ​កាស្យូ​ជា​ដើម។​ បេក្ខជន​ភាគ​ច្រើន ​គឺ​ឃើញ​ថា​មាន​ការ​ស្វាហាប់​ ហាក់​ដូច​ជា​ទុក​ចិត្ត​ខ្លួន​ឯង។ ទី​៣​ យើង​ឃើញ​ថា​នៅ​ជុំ​វិញ​មណ្ឌល​ហ្នឹង​គឺ​មាន​ភាព​ស្ងប់​ស្ងាត់​ល្អ​មែន​ទែន​»។​

ចំពោះ​គោលការណ៍​ក្នុង​ការ​ប្រឡង​ ក្រសួង​អប់រំ​បាន​កំណត់​ថា​ អ្នក​ដែល​ល្មើស​នីតិវិធី​ប្រឡង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​ និង​មាន​ការ​ព្យួរ​ការ​ប្រឡង​រយៈ​ពេល​១​ ឬ​២​ឆ្នាំ​អាស្រ័យ​លើ​ប្រភេទ​បទលើ្មស។​

លោក រស់ សាលីន ​បញ្ជាក់​ថា៖​«អ្នក​ធ្លាក់​ស្វ័យ​ប្រវត្តិ​ហ្នឹង​មាន​ អ្នក​បើក​ប៊្រី​យ៉ុង​ យក​ទូរស័ព្ទ​ចូល​ មាន​ការ​បើក​មើល​ យក​សៀវភៅ​ចូល​ យក​Casio​ចូល​។ ហើយ​បើ​សិន​បេក្ខជន​នោះ​ដូរ​លេខ​តុ​គ្នា​អង្គុយ​ក៏​ធ្លាក់​ស្វ័យ​ប្រវត្តិ​ដែរ​ ហើយ​ព្យួរ​ការ​ប្រឡង​មួយ​ឆ្នាំ​ ហើយ​បើ​ឱ្យ​គេ​មក​ជំនួស​ធ្លាក់​ស្វ័យ​ប្រវត្តិ​ ហើយ​ព្យួរ​ការ​ប្រឡង​ពីរ​ឆ្នាំ​»។​

យ៉ាងណា​ក៏​ដោយ ក៏មាន​ករណី​មិន​ប្រក្រតី​មួយ​ចំនួន​ក៏បាន​កើតមានឡើង​ផង​ដែរ ​ជាក់ស្តែង​នៅ​ក្នុង​មណ្ឌល​វត្ត​កោះ​មាន​យុវជន​ម្នាក់​បាន​មក​បន្លំ​ខ្លួន​ប្រឡង​ជំនួស​បងប្រុស​របស់​ខ្លួន។ បេក្ខជន​ដែល​ឱ្យ​គេ​មក​ប្រឡង​ជំនួស​នោះ​ត្រូវបាន​ក្រសួង​អប់រំ​កំណត់​ឱ្យ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ ​រីឯអ្នក​ដែលប្រព្រឹត្ត​ល្មើសនោះ​ត្រូវ​បានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយយក​ទៅ​ធ្វើ​របាយការណ៍​ និង​ណែនាំ​បន្ត៕