កូវីដ​១៩ ​​​រំខាន​​សិស្ស​តាម​បណ្តា​ខេត្ត​ដែល​មក​រៀន​​​​ថ្នាក់​ឧត្តម​សិក្សា​នៅ​រាជធានី​ភ្នំពេញ

យុវជន អ៊ន ដាណា វ័យ ១៨ឆ្នាំ មកពីខេត្តត្បូងឃ្មុំ រៀនជំនាញគីមីចំណីអាហារ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

ភ្នំពេញ — កាល​ពី​សប្តាហ៍​មុន យុវជន អ៊ន ដាណា​ ដែលមក​ពី​ខេត្ត​ត្បូងឃ្មុំត្រៀម​ខ្លួនចូលរៀន​ថ្នាក់​សាកល​វិទ្យា​ល័យ​នៅ​រាជធានី​ភ្នំពេញ​ ជា​លើក​ដំបូង។ អ៊ន ដាណា​ វ័យ​ ១៨ ​ឆ្នាំ​ រៀន​ផ្នែក​គីមី​ចំណី​អាហារ​ នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ហៅ​សាលា​តិចណូ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី។

ប៉ុន្តែនៅ​ថ្ងៃអង្គារ​សប្តាហ៍​នេះ ​ដាណា​ បាន​ជិះ​រថយន្តឈ្នួល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដើម្បី​រៀន​តាម​អន​ឡាញ​ម្តង​ទៀត​ ដូច​ដែល​ដាណា ធ្លាប់​រៀន​កាល​ពី​ថ្នាក់​ទី​ ១២។ នេះគឺ​ដោយ​សារ​ជំងឺ​កូវីដ​១៩​ បាន​ឆ្លង​ក្នុង​សហ​គមន៍​ទ្រង់​ទ្រាយ​ធំ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១។

ក្រសួង​អប់រំ​បាន​ប្រកាស​បិទជា​បណ្តោះ​អាសន្ន​សាលា​រដ្ឋ​និង​ឯកជន​រយៈពេល​ ២ ​សប្តាហ៍ ​នៅ​ភ្នំពេញ​និង​ខេត្ត​កណ្តាល ​ក្រោយ​ជំងឺ​កូវីដ​១ ៩ឆ្លងជា​សហគមន៍ជា​លើក​ទី​បី ​ក្នុងព្រឹត្តិការណ៍​ «២០​កុម្ភៈ»​ ដែលគេ​មិន​ទាន់​ស្គាល់​ប្រភព​នៅ​ឡើយ និង​មាន​មនុស្សប្រមាណ​ ១៤០ នាក់​ភាគ​ច្រើន​ជា​ជនជាតិ​ចិន ត្រូវ​បាន​រក​ឃើញ​ថា វិជ្ជមាន​ជំងឺ​កូវីដ​១៩ គិតត្រឹម​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។

ក្រោយ​ទទួល​បានព័ត៌មាន​អំពី​ការ​បិទ​សាលា​រៀន​នេះ មិត្ត​រួម​បន្ទប់​របស់​យុវជន ​អ៊ន ដាណា និង​មិត្ត​ដែល​ស្នាក់​នៅ​បន្ទប់​ទល់​មុខ​គ្នាមួយ​ក្រុមទៀត នៅអគារ​មួយ​ក្នុងខណ្ឌ​ទួលគោក ​ចម្ងាយ​ប្រមាណ ​១ ​គីឡូម៉ែត​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​ចាក​ចេញ​ទៅ​ស្រុក​កំណើត​មុន ​ដាណា។

ដាណា ​បាន​រៀបរាប់​ប្រាប់​ VOA​ ថា៖ «ដោយ​សារ​សាលា​គេ​ឲ្យ​រៀន​អន​ឡាញ។ អញ្ចឹង​ខ្ញុំ​គិតថា ​ខ្ញុំ​ទៅ​រក​បរិយាកាស​មួយ​ សម្រួល​ដល់​ខ្ញុំ​ឲ្យ​ខ្ញុំ​ផ្តោត​សំខាន់​ការ​រៀន​របស់​ខ្ញុំ។ នៅ​នេះ បរិយាកាស​អាប់អួរ​ ហើយ​ផ្តាច់​ទំនាក់​ទំនង​នៅ​សង្គម​អញ្ចឹង​ វា​មាន​អារម្មណ៍​ថា​ ធុញ​ថប់ ​អញ្ចឹង​ខ្ញុំ​ចង់​ទៅ​ស្រុក​ ដើម្បី​ស្រូប​យក​បរិយា​កាស​នៅ​ជន​បទ»។

ស្ថានភាព​នេះ​ មិន​បាន​បង្អាក់​ដាណា​ពី​ការ​តស៊ូ​ដើម្បី​ទទួល​បាន​ការ​អប់រំ​នោះ​ទេ ថ្វី​បើ​វា​បន្ថែម​ការ​លំបាកដល់​សិស្ស​ទើប​ចប់​ថ្នាក់​ទី​ ១២​ ដែល​មក​ពី​ជន​បទ ​ដូច​ជា​ ដាណា ដែល​បាន​ព្យាយាម​បញ្ចុះបញ្ចូលឪពុក​ម្តាយ ទម្រាំ​តែ​បានរៀន​បន្តនៅ​រាជធានី​ភ្នំពេញ​ ដោយត្រូវ​ការ​ចំណាយ​ច្រើន​លើ​ការ​សិក្សា ស្នាក់​នៅ និង​ម្ហូប​អាហារ​ជាដើម។

ដាណា​ ស្ថិត​ក្នុង​ចំណោម​សិស្ស​ជាង​ ១២ ​ម៉ឺន​នាក់ ដែល​បាន​ជាប់​បាក់ឌុបដោយ​ស្វ័យ​ប្រវត្តិ​ ដោយមិន​មានការ​ប្រឡង​យក​និទ្ទេស​ ស្រប​ពេល​កម្ពុជា​ជួប​វិបត្តិ​ជំងឺ​កូវីដ​១៩។​ អ្នក​ជំនាញ​លើក​ឡើង​ថា ការ​បញ្ចប់​ថ្នាក់​ទី ​១២ ​គឺជា​ដំណាក់​កាល​ដ៏​សំខាន់​មួយ​សម្រាប់​សិស្ស​នៅ​តាម​ជនបទ។

សិស្ស​មួយ​ចំនួន​រៀន​ចប់​ថ្នាក់​ទី ១២​ មាន​លទ្ធភាព​អាច​បន្ត​ការ​សិក្សា​ថ្នាក់​សាកល​វិទ្យាល័យ​នៅ​ភ្នំពេញ​ ខ្លះ​រៀននៅ​ខេត្ត​ជិត​ស្រុក​កំណើតខ្លួន ខ្លះ​ទៀត​ឈប់​រៀន រួច​រៀបការ និង​ធ្វើ​ការងារស្រែ​ចម្ការ​ បន្ត​ពី​ឪពុក​ម្តាយ។ ចំណែក​មួយចំនួនទៀតទៅ​ធ្វើការ​ជា​កម្មករនៅ​តាម​រោងចក្រ​ក្នុង​ស្រុក​ ឬ​ចំណាក​ស្រុក​ធ្វើ​ជា​ពលករ។

លោក ហេង​ វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា កត់​សម្គាល់ឃើញឥទ្ធិពល​ជំងឺ​កូវីដ​១៩ ​មក​លើ​វិស័យ​អប់រំ ដោយ​ចំនួន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​សាកល​វិទ្យាល័យ​ បាន​ធ្លាក់​ចុះប្រមាណ​ ៣០%​ បើ​ប្រៀប​នឹង​ឆ្នាំ​មុនៗ។

លោក​ប្រាប់​វីអូអេ​ថា៖ «បរិបទ​កូវីដ វា​សម​តែពួក​គាត់​ចេញ​ទៅ​ណា​អត់​រួច​វា​ត្រូវ​នៅ​ទាំង​អស់។ ផ្ទុយ​ទៅ​វិញ ​វា​អត់​ឃើញ​រៀន​បាន​ យើង​ពិនិត្យ​មើលទៅទី ១​ ដោយសារ​ថវិកា​គ្រួសារ»។

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

លោក​បន្ថែម​ថា​ វិបត្តិ​សេដ្ឋកិច្ច​បណ្តាល​ពីជំងឺ​កូវីដ១៩ ធ្វើ​ឲ្យ​ជីវភាពគ្រួសារ​ធ្លាក់​ចុះ ខ្វះ​លទ្ធភាព​ផ្គត់​ផ្គង់​ការ​ចំណាយ​ថ្លៃ​សិក្សា និង​ស្នាក់​នៅ​របស់​ពួកគេ។ លោក​ថា​ ការ​រៀន​មិនបាន​ដិត​ដល់​ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ​១៩ ធ្វើ​ឲ្យ​សិស្ស​នៅ​ជនបទ​ខ្វះ​ទំនុកចិត្ត​រៀន​បន្ត​ចំណេះ​ដឹង​ខាង​បច្ចេក​វិទ្យា និងសិក្សា​អន​ឡាញ​នៅ​មាន​កម្រិត​ធ្វើឲ្យ​សិស្ស​ជនបទ​មួយចំនួន​ បាត់បង់​ឱកាស​សិក្សា​បន្ត​ថ្នាក់​ឧត្តម​សិក្សា។

លោក​មាន​ប្រសាសន៍​ថា៖ «ឆ្នាំ​ហ្នឹង​កម្មករ​បុគ្គលិក​ក្រុមហ៊ុន​ឯក​ជន​កាត់​ប្រាក់​ខែ​អស់​ហើយ ​គឺ​គាត់​អត់​មាន​លុយបង់។ នេះ​ជាបញ្ហា​ធំមួយ។ បញ្ហា​ទី២ ពេល​មាន​កូវីដ​ចឹង គាត់​ចេះ​តែ​ភ័យ​ព្រួយ​ដែរ។ រៀន​អន​ឡាញចឹងទៅ គាត់ក៏​ពិបាក​រៀន​ដែរ ខ្លះ​ពន្យារ ខ្លះ​ក៏​បោះ​បង់​ចឹង​ទៅ​»។

សិស្ស​នៅ​តាម​ជន​បទដែល​ចង់​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ បាន​លើក​ឡើង​ពី​ការ​លំបាក​ជា​ច្រើន ក្នុង​នោះ​មានការ​សម្រប​ខ្លួន​ទៅ​នឹងបរិយាកាស​រស់​នៅ និង​ការ​សិក្សា​នៅ​លើ​ទឹកដី​ថ្មី​ជា​ដើម។

សិស្ស​មក​ពី​ជន​បទ​ដូចជា ​ដាណា​ ត្រូវ​ការ​ការ​ណែនាំ​និង​គាំទ្រ​ផ្សេង​ៗទៀ ត​ដូចជាជំនួយ​ថវិកា​ចាយ​វាយ​ កន្លែង​ស្នាក់​នៅ​សម​រម្យ និងឱកាស​ការងារ​ក្រៅ​ម៉ោង ដើម្បី​ទប់​ទល់​ជីវភាព។

ជីវភាព​ថ្មី​របស់​ ដាណា​ នៅ​ក្រុង​ភ្នំពេញ​ ផ្តើម​ចេញ​ពី​ការ​រៀន​ឆ្លង​ផ្លូវថ្នល់​ដ៏​មមាញឹក​ ការ​ស្វែង​រក​ផ្ទះ​ជួល និងការពង្រឹងភាសា​បរទេស​ជា​ដើម។ បន្ទាប់​ពី​រក​បាន​ផ្ទះ​ជួល​ហើយ​ ទើប​ ដាណា​ ប្រាប់​ឲ្យ​ឪពុក​ម្តាយ​ជា​កសិករ​ ផ្ញើ​របស់​របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​និង​អាហារ​ ដូច​ជា​អង្ករ ម៉ាំនិង​ផ្អក​ជា​ដើម មក​តាម​រថយន្ត​ឈ្នួល។

ដាណា​ និយាយ​ថា៖ «បញ្ហា​លំបាក​មួយ​ទៀត ដោយ​សារ​មក​ភ្នំពេញ​ត្រូវ​ចំណាយ​លុយ​អស់​ច្រើន ចឹង​គឺ​យើង​ត្រូវ​រិះ​ថាំ​មែន​ទែន»។

ក្រៅ​ពី​នេះ ​អ្វី​ដែលដាណា​ត្រូវ​ធ្វើ​គឺ​សម្រប​ខ្លួន​ទៅ​នឹង​ការ​រៀន​អនឡាញ។ ដាណា ​បាន​គិត​រួច​ហើយ​ថា​ ស្ថាន​ភាព​បែប​នេះ​នឹង​អាច​កើត​ឡើង​ក្នុង​អំឡុង​ពេល​មាន​ការ​រីក​រាល​ត្បាត​នៃ​ជំងឺ​កូវីដ​១៩។

«ខ្ញុំ​បាន​ទទួល​អារម្មណ៍​ហ្នឹង​ពី​ដំបូង​កាល​ពី​ពេល​រៀន​ទី​ ១២ មួយ​សា​ហើយ។ ពី​ដំបូង​បំផុត វា​ពិបាក សម្រាប់​ខ្ញុំ​ ដោយសារ​មិន​ទាន់ស៊ាំ​នឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទៅ​តាម​គ្រូ​នីមួយៗ​ ដែល​ជ្រើស​រើស​យក​មក​បង្រៀន។ [ខ្ញុំ]​ជឿថា​ អនឡាញ​ជា​ជម្រើស​ទី ២ ​របស់​សាលា​អញ្ចឹង គឺ​ខ្ញុំ​ត្រៀម​ខ្លួន[នឹង​ករណី​បិទ​សាលា​រៀន​ដោយ​សារ​ជំងឺ​កូវីដ​១៩​]»។

កាល​ពី​ចុង​ឆ្នាំ​ ២០២០​ លោក​ សំអាន សុវណ្ណ​ឆវិន ដែលជា​គ្រូ​បង្រៀន​របស់​ ដាណា​ នៅ​ថ្នាក់​ទី​ ១២ បានស្ម័គ្រ​ចិត្ត​ដឹកនាំ​ក្រុម​សិស្ស​ប្រមាណ​ ១០ ​នាក់ ​រួម​ទាំង​ ដាណា​ ដែលចង់​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​ ដើម្បី​ណែនាំ​ពួកគេ​ឲ្យ​ស្គាល់​មុខ​ជំនាញ​និង​សាកល​វិទ្យាល័យ​មួយ​ចំនួន។ លោកគ្រូ​ជំនាញ​គីមីវិទ្យា​រូប​នេះ ដើម​កំណើត​ជា​អ្នក​ភ្នំពេញ ប៉ុន្តែ​បច្ចុប្បន្ន​បង្រៀននៅ​ខេត្តត្បូងឃ្មុំ ប្រាប់​វីអូអេ​ថា ​លោក​ចង់​ឲ្យ​សិស្ស​កាន់​តែ​ច្រើន​បន្ត​ប្រឹងរៀន​ជំនាញ​នៅ​ភ្នំពេញ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ចង់​ឲ្យ​វិទ្យាល័យ​ខ្ញុំ​នេះ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​សាកល​វិទ្យាល័យ​ផ្សេងៗ។ នៅ​ពេល​មាន​កូន​សិស្ស​យើង​រៀន​តាម​សាកល​វិទ្យាល័យ​មួយ​ចឹង យើង​អាច​សហការ​គ្នា។​គម្រោង​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​ថា សិស្ស​ថ្នាក់​ទី​ ១២ មុន​ពេល​ចង់​ឡើង​ទៅរៀន នៅ​ភ្នំពេញ។ ចឹង​ខ្ញុំ​ពឹង​លើ​និស្សិតដែល​ឡើង​ទៅ​រៀន​ពេល​មុនៗ​ ដើម្បី​ផ្តល់​ព័ត៌មាន​មកឲ្យ​ខាង​យើង​វិញ។ តើ​យើង​ត្រូវ​រៀន​អី​ ឲ្យ​ពូកែ?​ រៀន​ចេះ​អី​ខ្លះ?​ យើង​ត្រូវ​ត្រៀម​អី​ខ្លះ​ មុន​នឹង​យើង​ឡើង​ទៅ​រៀន​នៅ​ទីក្រុង​ភ្នំពេញ?»។

ស្ថិត​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ យុវតី​ សួន សុរ៉ី ជា​សិស្ស​ម្នាក់​ទៀត​មកពី​ខេត្ត​កំពង់​ធំ។ កាល​ពី​ដើម​ឆ្នាំ​ ២០២១ សុរ៉ី បានជួល​បន្ទប់​មួយ​តម្លៃ​ ៥០ ​ដុល្លារ​មួយ​ខែ នៅ​ក្បែរ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ដើម្បី​ស្នាក់​នៅ​ជាមួយ​មិត្ត​ភក្តិ​ស្រី​ ៤ ​នាក់​ផ្សេង​ទៀត។

ការ​សិក្សា​របស់​ សុរ៉ី​ ត្រូវ​បាន​ជួយ​ទំនុក​បម្រុង​រួម​គ្នា ពី​ឪពុក​ម្តាយ​ដែល​ជា​កសិករ និង​ប​ងស្រី​ ២​ នាក់​ដែល​ជា​កម្មករ​រោងចក្រ។ សុរ៉ី​ ដែល​ចង់​រៀន​ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ ជា​កូន​ម្នាក់​គត់​ក្នុង​ចំណោម​បង​ប្អូន​ស្រី​ ៤ ​នាក់ ដែល​បាន​រៀន​ចប់​វិទ្យាល័យ និង​មាន​ឱកាស​បន្ត​ការ​សិក្សាថ្នាក់​បរិញ្ញាបត្រ​នៅសាកល​វិទ្យា​ល័យ។

មុន​នឹង​មក​ទីក្រុង​ភ្នំពេញ​ សុរ៉ី បាន​ជជែក​ពិភាក្សា និង​សុំ​យោបល់ពី​អ្នក​ភូមិ​ខ្លួន​ ដែល​មាន​បទ​ពិសោធន៍មក​រៀន​នៅ​ភ្នំពេញ ទាក់​ទង​នឹង​របៀប​រស់​នៅ​របៀប​ធ្វើ​ដំណើរ​ព័ត៌មាន​អំពី​ជំនាញ​សិក្សា​ និង​គុណភាព​អប់រំ​របស់​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​នានា។

ដូចគ្នា​នឹង​ ដាណា​ ដែរ សុរ៉ី​ មាន​ការ​លំបាក​សម្រប​ខ្លួន​នឹង​ជីវភាព​ថ្មី​នៅ​ភ្នំពេញ ដូច​ជា​ការ​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង និង​មើល​ផែនទី​តាម​ទូរស័ព្ទ​ដៃ​ជា​ដើម។

«ហើយ​មក​ដល់​ភ្នំពេញ​ដំបូង ​ខ្ញុំ​មាន​អារម្មណ៍​ថា​ពិបាក​មែន​ទែន​ ដោយ​សារ​យើង​អត់​ស្គាល់​ផ្លូវ​ យើង​អត់​សូវ​មាន​លុយ​ ហើយ​ passapp គេ​បោក​យើង​ទៀត... មាន​ន័យ​ថា ​យើង​អត់ដឹង​តម្លៃ​អញ្ចឹង​ទៅ​គេ​កោរ​យើង​អញ្ចឹង​ណា។ ដល់​អញ្ចឹង​ យើង​មាន​អារម្មណ៍​ថា ​ពិបាក​ដូច​តែល​តោល​ អត់​ដឹង​ទៅ​ណា។ ប៉ុន្តែ​យើង​ក៏​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ដែរ​ ដែលគេ​មើល​ map​ [ផែនទី] មើល​អី​ចេះ​សួរ​គេសួរ​អី​អញ្ចឹង​ទៅ​ អត់​សូវ​ភ័យ​ប៉ុន្មាន​ទេ»។

យុវតី សួន សូរ៉ី មកពីខេត្តកំពង់ធំ វ័យ ១៨ឆ្នាំ រៀនជំនាញ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

សុរ៉ី​ ឲ្យ​ដឹង​ថា ​ឪពុក​ម្តាយ​នៅ​តាម​ជនបទ​ភាគ​ច្រើន​ស្គាល់​និង​ជំរុញ​កូន​ឲ្យ​រៀន​ជំនាញ​បែប​ប្រពៃណី​ ដូចជា​គ្រូ​បង្រៀន បុគ្គលិក​ធនាគារ​ ឬ​គ្រូពេទ្យ​ជា​ដើម។​

«ប៉ុន្តែ​ឡើង​ថ្នាក់​ទី​ ១០​ ខ្ញុំ​ចេះ​តែ​ស្រមៃ​ៗ​មើល​ទៅ​ចង់​ធ្វើ​គ្រូ​ពេទ្យចិត្ត​វិទ្យា។ ដល់​ទី​ ១១ ខ្ញុំ​ដូរ​ទៀត​ដូរ​រហូត​មិន​ដឹង​ម៉េច​ទី ១១​ ខ្ញុំ​ចង់​រៀន​គ្រប់​គ្រង​ធន​ធាន​មនុស្ស។​ ដល់​ទី​ ១២​ មាន​កម្មវិធី​មួយ​របស់​អង្គ​ការ​BBC Media Action ​ឬ​ក្លាហាន ​៩ ​មក​ដល់​សាលា​រៀន​ខ្ញុំ​ផ្ទាល់ មាន​វាគ្មិន​ល្អៗ​ ដែល​ជួយ​យើង​ឲ្យ​សម្រេច​គោល​ដៅ​យើង​បាន ឲ្យ​យើង​ដឹង​ពី​អ្វី​ដែល​យើង​ចង់​រៀន​នៅ​ថ្ងៃ​អនាគត។ ខ្ញុំ​ធ្វើ​តេស្ត​ទៅ​តាម​សៀវភៅ​គាត់​ឲ្យ​ ក៏​ឃើញ​ថា​ខ្លួន​ឯង​ហ្នឹង​រៀន​ខាង​គ្រប់​គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ​ហ្នឹង ​គឺ​ត្រឹម​ត្រូវ​ទៅ​តាម​បុគ្គលិក​លក្ខណៈ​របស់​យើង។ អញ្ចឹង​ទី ១២ ​ហ្នឹង​ខ្ញុំ​ក៏​សម្រេច​ចិត្តថា​ មក​ដល់​សាកល​វិទ្យាល័យ ខ្ញុំ​នឹង​រៀន​គ្រប់​គ្រង​ពាណិជ្ជកម្ម​អន្តរ​ជាតិ»។​

សុរ៉ី​ យល់​ថា​ ការ​សិក្សា​បាន​ខ្ពស់​អាច​ជួយ​សម្រាល​ជីវភាព និង​លើក​មុខ​មាត់របស់​គ្រួសារ។

«មាន​ទាំង​យំ មាន​ទាំង​អី​ មាន​ទាំង​អស់ សព្វ​ហ្មង។ មាន​ទាំង​បាក់​ទឹក​ចិត្ត​អី​ យើង​បាន​ឆ្លង​កាត់​អស់​ហើយ ទម្រាំ​តែ​យើង​មក​ដល់​ពេល​នេះ»​។

សុរ៉ី​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា ​ខ្ញុំ​បាន​តស៊ូ​ពិត​មែន​ ដោយ​សារ​យើង​ដឹង​ថា ​តែ​យើង​ជា​កូន​អ្នក​ក្រ​ហើយ​ មាន​អ្នក​មើល​ងាយ​យើង​ច្រើន។ យើង​ពុះពារ​ឲ្យ​ដល់​ថ្នាក់​សាកល​វិទ្យាល័យ ​ហើយ​ឲ្យ​មាន​ការងារ​ធ្វើ។ យើង​ចង់រើ​បម្រាស​ពី​ត្រកូល​ដែល​គេ​មើល​ងាយ ក្រី​ក្រ​អត់​អ្នក​រៀន​អ្នក​សូត្រ។​ យើង​ចង់​ផ្លាស់​ប្តូរ​នូវ​ពូជ​ពង្ស​របស់​យើង ហើយ​ចង់​បណ្តុះ​ប្អូនៗ​ក្មួយ​របស់​យើង​ឲ្យ​គាត់​បាន​រៀន»។

បច្ចុប្បន្ន កម្ពុជា​មាន​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ចំនួន​ ៤៨​ និង​គ្រឹះស្ថាន​ឧត្តម​សិក្សា​ឯក​ជន​ចំនួន​ ៧៧ នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត។ នេះ​បើ​តាម​អ្នកនាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សុវាចារ។​

អ្នកនាំ​ពាក្យ​ក្រសួង​អប់រំ​រូប​នេះ​ មាន​ប្រសាសន៍​ថា​ អាត្រា​កើន ឬ​ថយ​នៃ​ចំនួន​សិស្សបន្ត​ចូលរៀន​នៅ​ថ្នាក់​ឧត្តម​សិក្សា​ប្រែ​ប្រួល​រាល់​ឆ្នាំ ផ្អែក​តាម​ការ​សម្រេច​ចិត្ត​របស់​បុគ្គល​អ្នក​រៀន​និង​ក្រុម​គ្រួសារ។ នៅ​ឆ្នាំ​សិក្សា ​២០២០​-២០២១​ នេះ​ លោក​ថា​ ផល​ជះ​ពី​ជំងឺ​រាត​ត្បាត​កូវីដ​១៩​ អាច​ប៉ះ​ដល់​ការ​សម្រេច​ចិត្តនេះ។

ទោះ​ជា​យ៉ា​ងណា​ លោក​មិន​បញ្ជាក់​ថា​ ផល​ជះ​ទៅ​លើកត្តា​សេដ្ឋកិច្ច​របស់​ក្រុម​គ្រួសារ​សិស្ស​ជា​កត្តា​ចម្បង​បំផុត​ ដែល​បង្អាក់​ដំណើរ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​នោះ​ទេ។ លោក​គ្រាន់​តែ​បញ្ជាក់​ថា ​ក្រសួង​ព្យាយាម​បង្វែរ​បញ្ហា​ប្រឈម​នៃ​ជំងឺ​រាត​ត្បាត​នេះ​ មក​ក្លាយ​ជា​ឱកាស​ពង្រឹង​ការ​អប់រំ​បែប​ឌីជីថល​វិញ។​

លោក ​ប៉ា ចន្ទ​រឿន អ្នក​ស្រាវ​ជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម និង​បាន​ចង​ក្រង​សៀវ​ភៅ​អំពី «ទស្សនវិជ្ជា​ថ្នាក់​បញ្ចប់»​ ជំនួយ​ស្មារតី​ក្នុង​ការ​កំណត់​គោលដៅ​ជីវិត បាន​ប្រាប់ ​VOA​ ថា​ សិស្ស​ជនបទ​ដែលមក​រៀន​នៅ​ភ្នំពេញ​ប្រឈម​មុខ​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ហូប​ចុក​ ទិញ​សម្ភារៈ​សិក្សា ​និង​ចំណាយ​លើ​ការ​សិក្សា​ស្រាវជ្រាវ។

លោក​បន្ត​ថា នៅ​ប្រទេស​ខ្លះ​រដ្ឋ​ផ្តល់ប្រាក់​កម្ចី​ឲ្យ​សិស្ស​សម្រាប់​សិក្សា ហើយ​ពេលសិស្ស​ទទួល​បាន​ការងារ ពួកគេ​អាច​សង​វិញ​បាន។ ក៏​ប៉ុន្តែ​លោក​ថា កម្ពុជា​មិន​ទាន់​មាន​គោល​នយោបាយ​បែប​នេះ​ទេ។

«ហេតុ​នេះ​ហើយ​យុវជន​ភាគ​ច្រើន​ ដែល​មាន​មហិច្ឆតា​រៀន​ឲ្យ​បាន​ខ្ពង់ខ្ពស់​ហ្នឹង​ ទាល់​តែ​មាន​ការ​តស៊ូ​ស្វិតស្វាញ​និង​ការ​ព្យាយាម។ ពេល​ខ្លះ ដូច​ភាសា​សាមញ្ញ​យើង​ថា​ ត្រូវ​ស៊ី​អត់​ស៊ី​ឃ្លាន​បាន​អាច​មាន​ឱកាស​តស៊ូ​រៀន​ចប់​ចុង​ចប់​ដើម មាន​ការងារ​ធ្វើ​ល្អ»។

លោក​ ប៉ា ចន្ទ​រឿន ជំរុញ​ឲ្យ​រដ្ឋាភិបាល​គួរ​គិតគូរ​បន្ថែម​អាហារូបករណ៍​ទាំងថ្លៃ​សាលា ​និង​ការ​ឧបត្ថម្ភ​ថ្លៃ​ជីវភាព​ដល់​សិស្ស​ ដែលមាន​ជីវភាព​លំបាក ជា​ពិសេស​បង្កើន​កន្លែង​ស្នាក់​នៅ​សម្រាប់​សិស្ស​ទូទៅ​និង​សិស្ស​នារី៕