ស្រ្តីបម្រើស្រាបៀរអង្គរចំនួន៣៤នាក់បានសម្តែងការព្រួយបារម្ភថា ពួកគេអាចប្រឈមមុខនឹងការបាត់បង់ការងារធ្វើ បន្ទាប់ពីពួកគេបានធ្វើកូដកម្មតវ៉ាចំនួនបីថ្ងៃដើម្បីទាមទារឲ្យក្រុមហ៊ុនស្រាបៀរអង្គរគោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
កាលពីថ្ងៃទី៧ខែវិច្ឆិកាកន្លងទៅនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចេញសេចក្តីសម្រេចឲ្យក្រុមហ៊ុនស្រាបៀរអង្គរផ្តល់ប្រាក់បន្ថែមចំនួនពីរដុល្លារដល់ស្រ្តីផ្សព្វផ្សាយស្រាបៀរអង្គរចំនួន៣៤នាក់ដែលបានធ្វើការងារបន្ថែមម៉ោងនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីខែវិច្ឆិកាឆ្នាំ២០០៧រហូតដល់ខែធ្នូឆ្នាំ២០១០។
បន្ទាប់ពីក្រុមហ៊ុនស្រាបៀរអង្គរពុំបានគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ស្រី្តផ្សព្វផ្សាយស្រាបៀរអង្គរចំនួន៣៤នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅពីមុខក្រុមហ៊ុនស្រាបៀរអង្គរដែលមានទីតាំងនៅតាមបណ្តោយផ្លូវនរោត្តមអស់ចំនួនបីថ្ងៃមកហើយ។
អ្នកស្រីស៊ីម ផាន អាយុ២៨ឆ្នាំ ស្រ្តីបម្រើស្រាបៀរអង្គរ ដែលបានបម្រើការងារនេះអស់រយៈពេល៨ឆ្នាំមកហើយនោះ បានមានប្រសាសន៍ថា ស្រ្តីបម្រើស្រាបៀរចង់ឲ្យក្រុមហ៊ុនស្រាបៀរអង្គរគោរពទៅតាមសេចក្តីសម្រេចនេះ។
អ្នកស្រីបានមានប្រសាសន៍ទៀតថា ក្រុមហ៊ុនបានផ្តល់ប្រាក់តែពីរដុល្លារតែប៉ុណ្ណោះនៃប្រាក់ចំនួនបួនដុល្លារសម្រាប់ថ្លៃធ្វើការបន្ថែមម៉ោង។
«គោលបំណងពួកខ្ញុំតវ៉ារឿងប្រាក់ចុងសប្តាហ៍ពួកខ្ញុំ តែកន្លងមកក្រុមហ៊ុនអត់ទូទាត់ដល់ពួកខ្ញុំគ្រប់ចំនួនទេ។ គេឲ្យពួកខ្ញុំតែ២ដុល្លារ បើតាមច្បាប់ការងារ ពួកខ្ញុំត្រូវបាន៤ដុល្លារ»។
ចំណែកអ្នកស្រីដាំ ចំរ៉ុង អាយុ៣៤ឆ្នាំស្រ្តីផ្សព្វផ្សាយស្រាបៀរអង្គរមួយរូបផ្សេងទៀតបាននិយាយថា ក្រុមហ៊ុនស្រាបៀរអង្គរត្រូវផ្តល់លុយឲ្យពួកគេចំនួនជាង៤០០ដុល្លារក្នុងម្នាក់ៗ ដោយគិតចាប់ពីឆ្នាំ២០០៧រហូតដល់ឆ្នាំ២០១០។
អ្នកស្រីបានមានប្រសាសន៍ទៀតថា បន្ទាប់ពីមានការទាមទារប្រាក់ម៉ោងបន្ថែម ក្រុមហ៊ុនស្រាបៀរអង្គរបានព្រមានពួកគេទាំង៣៤នាក់ថា អាចប្រឈមមុខនឹងការបាត់បង់ការងារធ្វើ។
«វាប៉ះពាល់ច្រើន កាលណាខ្ញុំនៅធ្វើកូដកម្ម។ ខ្ញុំអត់បានធ្វើការ។ ទី១ក្រុមហ៊ុនវាយកលេសថា ជូនកាលយើងធ្វើកូដកម្មអត់បានផ្តល់ព័ត៌មាន និងអត់សុំច្បាប់គេ។គេអាចបញ្ឈប់យើងដោយមិនបាច់គិតលុយឲ្យយើង»។
វីអូអេព្យាយាមទាក់ទងអ្នកស្រីសូ យ៉ារី ប្រធានផ្នែកគ្រប់គ្រងស្ត្រីផ្សព្វផ្សាយស្រាបៀរអង្គរដើម្បីសុំការបំភ្លឺ តែពុំអាចទាក់ទងបានទេ។
លោកអ៊ី សំភី ប្រធានផ្នែកបណ្តុះបណ្តាលនិងទំនាក់ទំនងរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានមានប្រសាសន៍ថា ប្រសិនបើភាគីទាំងសងខាងមិនយល់ស្របនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលទេ ពួកគេអាចប្តឹងទៅតុលាការប្រឆាំងជំទាស់ទៅនឹងសេចក្តីសម្រេចនេះ។
«អញ្ចឹងបានន័យថា នីតិវិធីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលចប់ ភាគីអាចចាត់វិធានការតាមច្បាប់តទៅទៀត។ ហើយវិធានការតាមច្បាប់តទៅទៀតហ្នឹងគឺទី១អាចថា ប្តឹងទៅតុលាការដើម្បីឲ្យតុលាការគាត់សម្រេចតទៅទៀត»។
លោកអ៊ី សំភីបានមានប្រសាសន៍ទៀតថា ការធ្វើកូដកម្មដើម្បីប្រឆាំងជំទាស់គឺជាការត្រឹមត្រូវទៅតាមនីតិវិធីដែលច្បាប់បានកំណត់ ហើយភាគច្រើននៃការធ្វើកូដកម្មនេះអាចមានការសម្របសម្រួលរវាងនិយោជិកនិងនិយោជក៕