ពលរដ្ឋនៅសមាគមន៍ស្រែប្រាំងមួយចំនួន បានអំពាវនាវឱ្យសាលាឧទ្ធរណ៍ត្បូងឃ្មុំ ទម្លាក់បទចោទទៅលើសកម្មជនដីធ្លី ចំនួន ៤ នាក់ និងរកដំណោះស្រាយដល់ពលរដ្ឋដែលកំពុងមានវិវាទដីធ្លីជាមួយក្រុមហ៊ុនចិនដែលមានចម្ការកៅស៊ូ នៅក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ក្រុមហ៊ុនចិន ឈ្មោះ ហាម៊ូនី វីន អ៊ីនវេសមែន ខូ អិលធីឌី (Harmony Win Investment Co.Ltd) បានចូលមកដាំដើមកៅស៊ូលើផ្ទៃដីជាង ៦០០ ហិកតា តាំងពីឆ្នាំ ២០១៤។ ក្រោយប៉ុន្មានឆ្នាំនៃការចូលមកដល់របស់ក្រុមហ៊ុននេះ ទំនាស់ដីធ្លីក៏បានកើតឡើង រហូតមានការការប្តឹងផ្តល់ប្រជាពលរដ្ឋទៅតុលាការ។ នេះបើតាមប្រជាពលរដ្ឋនៅសហគមន៍ស្រែប្រាំង។
កាលពីថ្ងៃទី ១៥ ខែកុម្ភៈ សាលាឧទ្ធរណ៍ត្បូងឃ្មុំបានប្រកាសតម្កល់សាលដីកាផ្តន្ទាទោសសមាជិកសហគមន៍ដីធ្លី ៤ នាក់ ក្រោមហេតុផល «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តមានបុគ្គលច្រើនរូបធ្វើសកម្មភាពក្នុងឋានៈជាសហចារី»។នេះបើតាមការចេញផ្សាយព័ត៌មានរបស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថាលីកាដូ។
សមាជិកសហគមន៍ស្រែប្រាំងទាំង ៤ រូបនោះ ស្ថិតក្នុងចំណោមជនជាប់ចោទ ៩ នាក់ ដែលមានឈ្មោះ ចក់ ជ័យ ឃឹម សុខជាង ពុំ ពេជ្យ និងវឿន វឿ ដែលត្រូវបានក្រុមហ៊ុនចិន ហាម៊ូនី អ៊ីនវេសមែន ចោទប្រកាន់ថា បានរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនដោយមិនឱ្យក្រុមហ៊ុនឈូសឆាយដីធ្លីរបស់អ្នកទាំងនោះកាលពីឆ្នាំ ២០១៧ និង ២០២០។
លោក សែម ចំណាន សមាជិកសហគមន៍ដីធ្លីស្រែប្រាំង ប្រាប់វីអូអេកាលពីថ្ងៃអង្គារថា ការតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំនេះ គឺជារឿងអយុត្តិធម៌សម្រាប់ប្រជាជនដែលរងគ្រោះដោយសារការរំលោភសិទ្ធិដីធ្លីនៅក្នុងភូមិស្រែប្រាំង ជាពិសេសទៅលើជនជាប់ចោទទាំង ៤ នាក់។
លោកថ្លែងថា៖ «ការតម្កល់សាលដីការដែលទុកពួកគាត់រយៈពេល ២ ឆ្នាំ នេះគឺវាបង្ហាញច្បាស់ថាអយុត្តិធម៌សម្រាប់អ្នករងគ្រោះពិតប្រាកដ មិនទទួលបានភាពយុត្តិធម៌ ហើយក៏យល់ឃើញថា សព្វថ្ងៃទាល់តែមានលុយទើបអាចឈ្នះបាន»។
លោកស្នើយ៉ាងទទូចឱ្យសាលាឧទ្ធរណ៍ត្បូងឃ្មុំ ជាពិសេសរដ្ឋាភិបាលចូលរួមដោះស្រាយបញ្ហានេះព្រោះប្រជាជនបានរងគ្រោះបាត់បង់ដីធ្លី និងបាត់បង់ពេលវេលាសម្រាប់រកចំណូលចិញ្ចឹមគ្រួសារ។
សមាជិកសហគមន៍ម្នាក់ទៀត លោក ថា លីដា ប្រាប់វីអូអេថា ការសម្រេចរបស់តុលាការមានភាពលម្អៀងក្នុងការដាក់ទោសសមាជិកសហគមន៍ដីធ្លី ហើយវាបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ព្រោះប្រជាពលរដ្ឋត្រូវចំណាយលុយកាក់ច្រើនលើការធ្វើការដំណើរនៅរាល់លើកដែលមានការកោះហៅពីតុលាការ។
លោកថ្លែងថា៖ «ផ្អែកទៅលើភស្តុតាងការចោទប្រកាន់របស់ភាគីក្រុមហ៊ុន គឺមិនមានភស្តុតាងណាមួយសម្រាប់ដាក់បន្ទុកមកខាងសមាជិកសហគមន៍យើងទេ ហើយអ្វីដែលសំខាន់ទាក់ទងទៅរឿងហ្នឹង ខ្ញុំបានសម្រេចថា យើងនឹងប្តឹងជំទាស់សាលដីកានេះទៅតុលាការកំពូលបន្តទៀត»។
លោកអំពាវនាវដល់រាជរដ្ឋាភិបាលធ្វើការដោះស្រាយក្រៅប្រព័ន្ធតុលាការដើម្បីកុំឱ្យសមាជិក និងតំណាសហគមន៍បន្តជាប់បណ្តឹងនៅតុលាការ ព្រោះកន្លងមកមានការចាប់ខ្លួនតំណាង និងសមាជិកសហគមន៍ដាក់ពន្ធគារទាក់ទងនឹងបញ្ហាដីធ្លីនេះជាច្រើនដងមកហើយ។
សហគមន៍ស្រែប្រាំងក្នុងខេត្តត្បូងឃ្មុំ បានតស៊ូការពារដីធ្លីរបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំ ជាមួយនឹងក្រុមហ៊ុន ហាម៊ូនី វីន អ៊ីនវេសមែន ដែលជាក្រុមហ៊ុនចម្ការកៅស៊ូកាន់កាប់ដោយជនជាតិចិន។ ក្រុមហ៊ុននេះ តែងតែរារាំងអ្នកភូមិស្រែប្រាំង ដោយមិនឱ្យចូលទៅក្នុងដីស្រែរបស់អ្នកទាំងនោះ ដែលនេះបណ្តាលឱ្យមានការតវ៉ាជាច្រើនដងពីសមាជិកសហគមន៍។ នេះបើតាមអង្គការការពារសិទ្ធិមនុស្សលីកាដូ។
លោក វឿន វឿ សមាជិកសហគមន៍ និងជាអ្នកដែលត្រូវបានតុលាការផ្តន្ទាទោសចំពោះការចោទប្រកាន់ថាប្រើអំពើហិង្សាប្រាប់វីអូអេថា លោកនិងសមាជិកសហគមន៍ដទៃទៀត បានទទួលរងគំនាប និងការគំរាមកំហែងពីសំណាក់អាជ្ញាធរ និងសាលាឧទ្ធរណ៍ដោយមិនមានការកាត់ក្តីប្រកបដោយយុត្តិធម៌ជូនប្រជាពលរដ្ឋ ហើយបែរជាកាន់ជើង ក្រុមហ៊ុនទៅវិញ។
លោកថ្លែងថា៖ «គាត់ដាក់គំនាបមកលើខ្ញុំ ខ្ញុំក៏មិនបានទៅរកស៊ី សកម្មភាពអីក៏ខ្ញុំមិនបានធ្វើដូចគេ ហើយប៉ះពាល់ដល់ផ្លូវចិត្តប្រពន្ធខ្ញុំគ្នាពិបាកសរសៃខ្ចីផង គ្នាពិបាកចិត្ត បាយក៏មិនឃ្លាន ទឹកក៏មិនស្រេកដល់ចឹងវាប៉ះពាល់យ៉ាងខ្លាំងទៅដល់ជីវភាពពួកខ្ញុំ»។
លោកបន្ថែមថា កន្លងមកមិនទាន់ការដោះស្រាយបញ្ហាដីធ្លីសម្រាប់ខ្លូនលោក និងប្រជាពលរដ្ឋឯទៀតទេ ផ្ទុយមកវិញលោកថា ពលរដ្ឋទទួលបានតែការគំរាមកំហែង និងការចោទប្រកាន់ពីតុលាការប៉ុណ្ណោះ។
នាយកទទួលបន្ទុកទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់វីអូអេកាលពីថ្ងៃចន្ទថា ការជំនុំជម្រះជាលើកទី ២ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំនឹងមិនអាចបញ្ចប់ទំនាស់ដីធ្លីរវាងក្រុមហ៊ុនចិន និងប្រជាសហគមន៍ស្រែប្រាំងនោះទេ។
លោកថ្លែងថា៖ «គាត់មានបញ្ហាដី បានន័យថាជាសហគមន៍ដីធ្លីនៅសហគមន៍ស្រែប្រាំងដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនចិនមួយតាំងពីឆ្នាំ ២០១៧ មក ហើយបញ្ហាដីធ្លីគាត់មិនទាន់ត្រូវបានដោះស្រាយទេ តែផ្ទុយមកវិញតំណាងសហគមន៍ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងត្រូវមានការកាត់ទោសជាបន្តបន្ទាប់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ទុំ សោភ័ណ អ្នកនាំពាក្យសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំបាននៅឡើយទេ។ វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីតំណាងក្រុមហ៊ុនហាម៊ូនី វីន អ៊ីនវេសមែន បានដែរ។
គួររំឭកបញ្ជាក់ថា សមាជិកសហគមន៍ទាំង ៤នាក់ ត្រូវបានផ្តន្ទាទោសពីបទធ្វើឱ្យខូចខាតដោយចេតនាដោយមានស្ថានទម្ងន់ទោស និងដាក់ពន្ធនាគារចំនួន ២ ឆ្នាំ កាលពីឆ្នាំ ២០២១ ដោយសាលាដំបូងខេត្តត្បូងឃ្មុំ ។ ក្រោយមក សាលាឧទ្ធរណ៍ត្បូង ឃ្មុំ សម្រេចតម្កល់សាលក្រមសាលាដំបូងកាលពីឆ្នាំ ២០២២។
ប៉ុន្តែតុលាការកំពូល បានសម្រេចបញ្ជូនសំណុំរឿងនេះទៅឱ្យសាលាឧទ្ធរណ៍ត្បូងឃ្មុំជំនុំជម្រះសាជាថ្មីនៅឆ្នាំ ២០២៣។ ក្នុងការជំនុំជម្រះលើកទី២ដែលធ្វើនៅឆ្នាំ ២០២៤ នេះ សាលាឧទ្ធរណ៍ត្បូងឃ្មុំបន្តតម្កល់ការផ្តន្ទាទោស និងការដាក់ពន្ធនាគារសកម្មជនដីធ្លីទាំង៤នាក់នោះចំនួន ២ ឆ្នាំ ប៉ុន្តែសម្រេចឱ្យព្យួរទោសទាំងនោះវិញ៕