ការ​ចំណាយ​លើ​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក

រូបឯកសារ៖ អគារ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី១ ខែកុម្ភៈ ឆ្នាំ​២០១៩។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden ដែល​ជា​គូប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ ហាក់​ដូចជា​ទទួល​បាន​ថវិកា​រៃអង្គាស​បាន​ច្រើន​មិន​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត មុន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ខាង​មុខនេះ។

ទោះបីជា​លោក​ប្រធានាធិបតី Trump បាន​ចាប់ផ្តើម​ធ្វើ​ការ​រៃ​អង្គាស​ថវិកា​សម្រាប់​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​បាន​មុន​ក៏​ដោយ ក៏​លោក Biden បាន​រៃ​អង្គាស​ថវិកា​បាន​ច្រើន​ជាង​លោក​ដល់​ទៅ ១០ លាន​ដុល្លារ​នៅ​ក្នុង​ខែ​មិថុនា ដែល​នេះ​ជា​ខែ​ទី ២ ដែល​លោក Biden ទទួល​បាន​ថវិកា​រៃ​អង្គាស​ច្រើន​ជាង​លោក Trump។

ការ​រៃអង្គាស​ថវិកា​សម្រាប់​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​គឺ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​បេក្ខជន​ប្រធានាធិបតី គណបក្ស​នយោបាយ​របស់​ពួកគេ និង​អង្គការ​ជិតដិត​នឹង​ពួកគេ​ជួប​ប្រទះ ដោយ​ហេតុ​ថា ការ​ចំណាយ​លើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កើនឡើង​រៀងរាល់ ៤ ឆ្នាំ​ម្ដង។

ខាង​ក្រោម​នេះ​គឺ​ជា​បញ្ហា​ប្រឈម​ដែល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​ប្រជែង​យក​តំណែង​ប្រធានាធិបតី​តែង​ជួប​ប្រទះ៖

តើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​ប្រជែង​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ត្រូវ​ចំណាយ​អស់​ថវិកា​ប៉ុន្មាន?

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​រៃអង្គាស​ប្រាក់ និង​ចំណាយ​ប្រាក់​រាប់​រយ​លាន​ដុល្លារ ចាប់​ពី​ពេល​ដែល​បេក្ខជន​ទាំង​ពីរ​ឈរ​ឈ្មោះ​រហូត​ដល់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ចូល​មក​ដល់ ដែល​បច្ចុប្បន្ន​នេះ​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ។

ការ​ចំណាយ​សម្រាប់​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បាន​កើនឡើង​ជាង ១.០០០% ចាប់​តាំង​ពី​ឆ្នាំ ១៩៨០ នៅ​ពេល​ដែល​លោក Ronald Reagan បាន​យក​ឈ្នះ​លើ​លោក Jimmy Carter រហូត​ដល់​ឆ្នាំ ២០១២ នៅ​ពេល​ដែល​លោក Barack Obama បាន​យក​ឈ្នះ​លើ​លោក Mitt Romney។

អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​និយាយ​ថា ការ​បោះឆ្នោត​ឆ្នាំ ២០២០ នេះ អាច​ជា​ឆ្នាំ​ដែល​ត្រូវ​ចំណាយ​ថវិកា​ច្រើន​បំផុត​ក្នុង​ប្រវតិ្តសាស្ត្រ​សហរដ្ឋអាមេរិក បើ​ទោះ​ជា​ការ​ឃោសនា​បោះឆ្នោត​មាន​ការ​រឹតត្បិត​មួយ​ចំនួន​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ១៩ ក៏​ដោយ។

ប្រវត្តិ​នៃ​ការ​ចំណាយ​លើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

បើ​ប្រៀបធៀប​ជាមួយ​នឹង​យុគសម័យ​ឌីជីថល ប្រធានាធិបតី​ទីមួយ​របស់​សហរដ្ឋអាមេរិក លោក George Washington ស្ទើរតែ​មិន​បាន​ចំណាយ​អ្វី​ទាំងអស់​ក្នុង​ការ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ចាប់​ពី​ឆ្នាំ ១៧៨៨ ដល់​ឆ្នាំ ១៧៨៩ ដែល​នៅ​ពេល​នោះ សហរដ្ឋអាមេរិក​មាន​ទំហំ​តូច​ជាង​ពេល​បច្ចុប្បន្ន​ខ្លាំង ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដូចជា​វិទ្យុ ទូរទស្សន៍ និង​កាសែត​ជា​ដើម នៅ​មិន​ទាន់​មាន​នៅ​ឡើយ។

នៅ​ពេល​បច្ចុប្បន្ន​នេះ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នីមួយៗ​ព្យាយាម​ទាក់ទង​ជាមួយ​នឹង​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង ១៥០ លាន​នាក់ តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត វិទ្យុ ទូរទស្សន៍ កាសែត ខិត្តប័ណ្ណ​ផ្សព្វផ្សាយ និង​ការ​ជួប​ដោយ​ផ្ទាល់។

ការ​ឃោសនា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​ព័ត៌មាន​នានា ត្រូវ​ចំណាយ​ថវិកា​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​អស់​ច្រើន​បំផុត។ បុគ្គលិក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ការិយាល័យ​នៅ​តាម​មូលដ្ឋាន ការ​ស្ទង់មតិ​សាធារណៈ ការ​ស្រាវជ្រាវ​នានា ព្រឹត្តិការណ៍​សាធារណៈ និង​ការ​រៃអង្គាស​ថវិកា ក៏​ត្រូវ​ចំណាយ​ធនធាន​យ៉ាង​ច្រើន​ផង​ដែរ សូម្បី​តែ​ក្នុង​អំឡុងពេល​នៃ​ការ​ផ្ទុះរាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ដែល​សកម្មភាព​ឃោសនា​ភាគច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​តាម​អនឡាញ​ក៏​ដោយ។

ការ​ចំណាយ​លើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី ការ​ចំណាយ​របស់​គណបក្ស​នយោបាយ​ដែល​គាំទ្រ​បេក្ខជន​ប្រធានាធិបតី និង​ការ​ចំណាយ​របស់​អង្គការ​តស៊ូ​មតិ​នានា សរុប​មាន​ចំនួន ២ ពាន់ ៨ រយ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០០៨ និង​មាន​ចំនួន ២ ពាន់ ៤ រយ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៦។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល Center for Responsive Politics នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​តាមដាន​ថវិកា​ចំណាយ​ផ្នែក​នយោបាយ។

រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ជួបជុំ​អ្នក​គាំទ្រ​មួយ នៅ​ក្រុង Charlotte រដ្ឋ North Carolina ថ្ងៃ​ទី២ ខែមីនា ឆ្នាំ២០២០។

តើ​ថវិកា​ទាំង​នេះ​បាន​មក​ពី​ណា?

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ទទួល​បាន​ប្រាក់​បរិច្ចាគ​ដោយ​ផ្ទាល់​ពី​ពលរដ្ឋ​អាមេរិកាំង ដែល​ម្នាក់ៗ​អាច​បរិច្ចាគ​ប្រាក់​រហូត​ដល់ ២.៨០០ ដុល្លារ សម្រាប់​រដូវ​បោះឆ្នោត​ម្ដងៗ។

ក្រោយ​ពី​ទទួល​បាន​ការ​តែងតាំង​ពី​គណបក្ស​នយោបាយ​របស់​ខ្លួន បេក្ខជន​ប្រធានាធិបតី​ម្នាក់ៗ​ជារឿយៗ​រៃអង្គាស​ថវិកា​បាន​ច្រើន​ជាង​មុន​តាមរយៈ​ការ​ធ្វើការ​ជាមួយ​នឹង​គណៈកម្មាធិការ​ជាតិ​របស់​គណបក្ស​នយោបាយ​របស់​ពួកគេ។ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក៏​ទទួល​បាន​ប្រយោជន៍​ពី​គណៈកម្មាធិការ​សកម្មភាព​នយោបាយ​នានា​ផង​ដែរ ដែល​គណៈកម្មាធិការ​ទាំង​នេះ​ធ្វើ​ប្រតិបត្តិការ​ដោយ​ឯករាជ្យ​ដើម្បី​ទទួល​បាន​ថវិកា​គ្មាន​កំណត់​សម្រាប់​ការ​ផ្សព្វផ្សាយ​ដើម្បី​គាំទ្រ​លទ្ធផល​បោះឆ្នោត។

ការ​ចំណាយ​របស់​ក្រុមហ៊ុន​អាជីវកម្ម​នានា​លើ​ផ្នែក​នយោបាយ ដែល​ជារឿយៗ​ត្រូវ​បាន​បិទបាំង​ពី​ការ​តាមដាន​របស់​សាធារណជន បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ចាប់​តាំង​ពី​ឆ្នាំ ២០១០ មក ដែល​នៅ​ពេល​នោះ តុលាការ​កំពូល​បាន​ចេញ​សាលដីកា​ថា ការ​ធានា​របស់​រដ្ឋធម្មនុញ្ញ​ចំពោះ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ នឹង​អាច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន និង​សហជីព​ការងារ​នានា​អាច​ចំណាយ​លើ​នយោបាយ​បាន។

តើ​ការ​ទទួល​បាន​ថវិកា​ច្រើន​អាច​ធានា​ថា​នឹង​ឈ្នះ​ឆ្នោត​ដែរ​ឬ​ទេ?

ចម្លើយ​គឺ​ទេ។ អ្នកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ចំណាយ​អស់​ថវិកា​ច្រើន​ជាង​លោក Trump រាប់​រយ​លាន​ដុល្លារ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឆ្នាំ ២០១៦ ប៉ុន្តែ​អ្នកស្រី​នៅតែ​ចាញ់​ឆ្នោត។

កាល​ពី​ឆ្នាំ ១៩៩៦ លោក Bob Dole បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ចាញ់​ឆ្នោត បើ​ទោះ​ជា​លោក​បាន​ចំណាយ​អស់​ប្រាក់​ច្រើន​ជាង​លោក Bill Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជាប់​ឆ្នោត​នៅ​ពេល​នោះ​ក៏​ដោយ។

កាល​ពី​ឆ្នាំ ១៩៨៤ លោក Walter Mondale បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ចំណាយ​ប្រាក់​អស់​ច្រើន​ជាង​លោក Ronald Reagan ខាង​គណបក្ស​សាធារណរដ្ឋ​ បន្ដិច ប៉ុន្តែ​លោក Mondale បាន​ចាញ់​ឆ្នោត​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក។

ជារឿយៗ មាន​ថវិកា​ច្រើន​ជាង​មិន​ប្រាកដ​ថា​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​បោះឆ្នោត​ប្រធានាធិបតី​នោះ​ទេ។

ចាប់​ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១២ លោក George W. Bush ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Barack Obama ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ចំនួន​ពីរ​ដង តាមរយៈ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនាការ​បោះឆ្នោត ដែល​កៀរគរ​អ្នក​គាំទ្រ​ពី​ខាង​គណបក្ស​ដែល​ជា​គូ​ប្រជែង​របស់​ខ្លួន។

រូបឯកសារ៖ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Joe Biden ថ្លែង​សុន្ទរកថា ក្នុង​អំឡុងពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ក្រុង Detroit រដ្ឋ Michigan កាល​ពី​ថ្ងៃ​ទី៩ ខែមីនា ឆ្នាំ​២០២០។

ការ​ព្យាករណ៍​ការ​ចំណាយ​សម្រាប់​ឆ្នាំ ២០២០

ការ​ចំណាយ​សរុប​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឆ្នាំ ២០២០ នេះ នឹង​មិន​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ប៉ុន្តែ​កន្លង​មក គេ​ឃើញ​មាន​ការ​ចំណាយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​របស់​បុគ្គល​ពីរ​រូប​ដែល​បាន​បោះបង់​ចោល​ការ​ប្រជែង​បេក្ខភាព​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​នោះ​គឺ​លោក Tom Steyer និង​លោក Michael Bloomberg ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ស្ដុកស្ដម្ភ។

បច្ចុប្បន្ន​នេះ ទាំង​លោក Biden និង​លោក Trump កំពុង​តែ​រៃអង្គាស​ថវិកា​បាន​យ៉ាង​ច្រើន​ក្នុង​រយៈពេល​ខ្លី គឺ​សរុប​ចំនួន​ជាង ៥០០ លាន​ដុល្លារ ក្នុង​រយៈពេល ៣ ខែ គិត​ត្រឹម​ថ្ងៃ​ទី ៣០ ខែ​មិថុនា កន្លង​ទៅ​នេះ។

ថ្វីត្បិត​តែ​លោក Biden ទទួល​បាន​ថវិកា​បរិច្ចាគ​ច្រើន​ជាង​លោក​ប្រធានាធិបតី Trump ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ក៏​ពិត​មែន ក៏​គេ​នៅ​តែ​ជឿ​ថា លោក Trump នឹង​មាន​ប្រាក់​ក្នុង​ដៃ​ច្រើន​ជាង រហូត​ដល់​ការ​បោះឆ្នោត​ជាតិ​ចូល​មក​ដល់។

ផលប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩ និង​ការ​លេច​ឡើង​នូវ​ការ​ឃោសនា​បោះឆ្នោត​តាម​បណ្ដាញ​សង្គម​អ៊ីនធឺណិត

វិបត្តិ​ជំងឺ​កូវីដ១៩ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រៃ​អង្គាស​ថវិកា​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទេ ប៉ុន្តែ​វា​បាន​ប៉ះពាល់​ខ្លាំង​ដល់​របៀប​ចំណាយ​ថវិកា​ទៅ​វិញ។

លោក Trump បាន​ដាក់​កំហិត​ទៅ​លើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បែប​ជួបជុំ​ដោយ​ផ្ទាល់​ជាមួយ​នឹង​ក្រុម​អ្នក​គាំទ្រ​របស់​លោក ចំណែក​ឯ​លោក Biden វិញ បាន​ប្ដូរ​វិធី​ដោយ​មិន​ជួប​ដោយ​ផ្ទាល់​ជាមួយ​នឹង​ក្រុម​អ្នក​គាំទ្រ​របស់​លោក​នោះ​ទេ។ របៀប​ដែល​ពលរដ្ឋ​អាមេរិកាំង​ទទួល​បាន​ដំណឹង និង​ព័ត៌មាន​ក៏​មាន​ការ​ផ្លាស់ប្ដូរ​ដែរ។

ឆ្នាំ ២០២០ នេះ​ជា​ឆ្នាំ​ដំបូង​បង្អស់ ដែល​គេ​ឃើញ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ចំណាយ​អស់​ប្រាក់​ច្រើន​លើ​បណ្ដាញ​អ៊ីនធឺណិត ជាង​លើ​ទូរទស្សន៍​និង​វិទ្យុ។

លោក Biden បាន​ចំណាយ​ច្រើន​ជាង​លោក Trump លើ​ការ​ឃោសនា​តាម​បណ្ដាញ Facebook កាល​ពី​ខែ​មិថុនា ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក Biden និង​លោក​អតីត​ប្រធានាធិបតី Barack Obama បាន​រៃ​អង្គាស​ថវិកា​ជិត ១១ លាន​ដុល្លារ តាមរយៈ​បណ្ដាញ​សង្គម​លើ​អ៊ីនធឺណិត។

ចំណែក​ឯ​លោក Trump វិញ នៅតែ​ឃោសនា​បោះឆ្នោត​តាម​បណ្ដាញ​សង្គម Twitter និង​បណ្ដាញ​សង្គម​អ៊ីនធឺណិត​ដទៃ​ទៀត ដោយ​បាន​ផ្សព្វផ្សាយ​ទៅ​ដល់​ពលរដ្ឋ​ជា​ច្រើន​ដោយ​មិន​ចំណាយ​ថវិកា​សូម្បី​តែ​មួយ​សេន៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា