តំបន់​ក្រីក្រ​នៅ​អាស៊ីអាគ្នេយ៍​រងគ្រោះ​ខ្លាំង​ដោយសារ​ការ​រីករាលដាល​នៃ​ជំងឺ​គ្រុនឈាម​ដែល​មិន​ធ្លាប់​មាន​ពី​មុន

បន្ទាប់ពីមានការផ្ទុះឡើងនៃការរីករាលដាលជំងឺគ្រុនឈាមនៅតំបន់ Chinatown ក្នុងទីក្រុងបាងកក ដែលបានបណ្តាលឲ្យបុរសម្នាក់ស្លាប់ អាជ្ញាធរក្រុងបានចេញត្រួតពិនិត្យតាមលំនៅដ្ឋាន និងផ្តល់ដំបូន្មានដល់ពលរដ្ឋអំពីប្រភពមូសដែលបង្កឲ្យមានជំងឺគ្រុនឈាម។

កំណត់​និពន្ធ៖ នៅ​ឆ្នាំ២០១៩ ប្រជាជន​ជាង​មួយ​លាន​នាក់ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ឆ្លង​ជំងឺ​គ្រុនឈាម​ដែល​បណ្តាល​ឱ្យ​មាន​បញ្ហា​សុខភាព​ និង​បន្ទុក​លើ​គ្រួសារ​ក្រីក្រ។ ការ​រីករាលដាល​នេះ​ជា​វដ្ត​ធម្មជាតិ ប៉ុន្តែភាព​ធ្ងន់ធ្ងរ​នៃ​ការ​រីក​រាលដាល​កាន់​តែ​កើន​ឡើង ដោយសារ​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ថែទាំ​សុខភាព ព្រម​ទាំង​កក្តា​បម្រែបម្រួល​អាកាសធាតុ និង​ការ​ចល័ត​ទំនិញ និង​ប្រជាជន​ទូទាំង​ពិភពលោក។ ចាប់​ពី​មន្ទីរ​ពិសោធន៍​ក្នុង​ក្រុង​បាងកក​រហូត​ដល់​គ្លីនិក​នៅ​ជនបទ​តាម​បណ្តោយ​ព្រំដែន​ថៃ-មីយ៉ាន់ម៉ា នេះ​ជា​ភាព​អាសន្ន​ក្នុង​ការ​ទប់ទល់​នឹង​ជំងឺ​គ្រុនឈាម​នេះ។ ដោយ​ទទួល​បាន​មូលនិធិ​ឧបត្ថម្ភ​ពី​បណ្តាញ​សារព័ត៌មាន Earth Journalism Network អ្នក​យក​ព័ត៌មាន​ Laure Seigel និង​អ្នក​ថតរូប​អាជីព Luke Duggleby បាន​ធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប ប្រទេស​កម្ពុជា ទីក្រុង​បាងកក និង​ខេត្ត​ Mae Sot ប្រទេស​ថៃ ដើម្បី​រាយការណ៍​លម្អិត​និង​ផ្តិត​យក​រូបភាព​នៃ​ការ​រីករាលដាល​នៃ​ជំងឺ​គ្រុនឈាម​នេះ។ អត្ថបទ​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី «គម្រោង​ថវិកា​សម្រាប់​រឿងរ៉ាវ​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​ទាក់ទង​នឹង​បញ្ហា​សុខភាព​នៅ​អាស៊ី​ប៉ាស៊ីហ្វិក» របស់​បណ្តាញ​អ្នក​កាសែត ឬ Internews។

«ប្រពន្ធ​របស់​ខ្ញុំ​មាន​ជំងឺ​គ្រុនឈាម​កាល​ពី​ដើម​ខែ​កញ្ញា ពីរ​សប្តាហ៍​ក្រោយ​មក​កូនស្រី​ខ្ញុំ ហើយ​ឥឡូវ​នេះ​ដល់​វេន​កូន​ប្រុស​ខ្ញុំ​ម្តង។ យើង​បាន​នាំ​គាត់​មក​មន្ទីរពេទ្យ​ភ្លាមៗ​នៅ​ពេល​គាត់​ក្តៅ​ខ្លួន បន្ទោរបង់​មាន​ឈាម ​និង​ក្អួត​យ៉ាង​ខ្លាំង»។

នេះ​ជា​សម្តី​របស់​លោក ចាន់ ពិសិដ្ឋ ដែល​ត្រូវ​ឈប់​រត់​រ៉ឺម៉ក​កង់​បី​អស់​រយៈពេល​៣ថ្ងៃ​ដើម្បី​មើល​ថែទាំ​កូន​ប្រុស​អាយុ ១២ ឆ្នាំ​របស់​លោក​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ ស្ថិត​ក្នុង​ខេត្ត​សៀមរាប​ដែល​ជា​ទីក្រុង​ទេសចរណ៍​សម្បូរ​ទៅ​ដោយ​ប្រាសាទ​បុរាណ និង​ស្ថិត​នៅ​ប៉ែក​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា។

ចាប់​តាំងពី​ខែ​ឧសភា​មក មន្ទីរពេទ្យ​នេះ​ទទួល​ព្យាបាល​កុមារ​ជាង​ ៥០០ ​នាក់​ក្នុង​មួយ​ថ្ងៃ​ដោយ​មិន​គិត​ថ្លៃ។ មន្ទីរពេទ្យ​នេះ​បាន​ធ្វើ​ការ​អំពាវនាវ​ជាច្រើន​ដើម្បី​ស្វែងរក​ជំនួយ​មនុស្សធម៌​ជា​បន្ទាន់។

លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទភ័ក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​និយាយ​ថា៖ «នៅ​ក្នុង​រដូវកាល​ដែល​មាន​ការ​រីករាលដាល​ជំងឺ​គ្រុនឈាម​ខ្លាំង ជំងឺ​គ្រុនឈាម​កើន​ឡើង​រហូត​ដល់៧​ដង​ច្រើន​ជាង​ឆ្នាំ​មុន ហើយ​អ្នក​ជំងឺ​ពាក់​កណ្តាល​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ នៅ​ចន្លោះ​ពី​ខែ​មិថុនា ដល់​ខែ​សីហា​ យើង​មាន​ជំងឺ​គ្រុនឈាម​ចំនួន​២០០​ករណី​ក្នុង​មួយ​សប្តាហ៍ ហើយ​គ្រែ​ប្រមាណ​៣០%​ទៅ​៥០%​ ត្រូវ​បានប្រើប្រាស់​សម្រាប់​អ្នក​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ»។

លោក​វេជ្ជបណ្ឌិត​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «យើង​មាន​ថវិកា​ប្រចាំឆ្នាំ​ចំនួន៦​លាន​ដុល្លារ។​ បើ​គិត​ត្រឹម​ថ្ងៃទី១៤ ខែកក្កដា យើង​បាន​ចំណាយ​ថវិកា​អស់​ចំនួន​២៩០.០០០​ដុល្លារ​អាមេរិក​ទៅ​លើ​ពូក សេរ៉ូម ការ​ធ្វើ​តេស្ត​រក​ជំងឺ​គ្រុន​ឈាម និង​ការ​ធ្វើ​ការ​ថែម​ម៉ោង​របស់​បុគ្គលិក។ ប្រសិនបើ​មិន​មាន​ជំងឺ​គ្រុនឈាម​ច្រើន​នោះ​ទេ ​យើង​អាច​វិនិយោគ​ប្រាក់​កាន់​តែ​ច្រើន​លើ​ជំងឺរ៉ាំរ៉ៃ​ ការ​ថែទំា​ជំងឺ​ធ្ងន់ៗ ​និង​ផ្នែក​ទារក​ទើប​តែ​ចាប់​កំណើត»។

កុមារ ចាន់ ភក្តី អាយុ១០ឆ្នាំ ដែលបានឆ្លងជំងឺគ្រុនឈាម កំពុងដេកលើគ្រែព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ម្តាយរបស់កុមាររូបនេះ រួមទាំងប្អូនស្រី និងអ្នកជិតខាង ក៏បានឆ្លងជំងឺគ្រុនឈាមដែលកំពុងតែរីករាលដាលខ្លាំងក្នុងឆ្នាំ ២០១៩ នេះ ដោយបង្កជាបន្ទុកធ្ងន់ដល់ក្រុមគ្រួសារដែលមានជីវភាពក្រីក្រ។

កុមារី ចំរើន ម៉ារី អាយុ១ឆ្នាំ ដែលកើតជំងឺរលាកសួតបន្ទាប់ពីជាសះស្បើយពីជំងឺគ្រុនឈាម អង្គុយលើភ្លៅម្តាយនាង នៅក្នុងអគារព្យាបាលអ្នកជំងឺប្រចាំមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប។

អ្នកជំងឺកំពុងរង់ចាំគ្រូពេទ្យព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

បុគ្គលិកពេទ្យម្នាក់កំពុងធ្វើតេស្តឈាមរកមេរោគគ្រុនឈាម នៅក្នុងអគារព្យាបាលអ្នកជំងឺនៃមន្ទីរពេទ្យកុមារអង្គរ។

ជំងឺ​គ្រុនឈាម​ត្រូវ​បាន​ចម្លង​ដោយ​សត្វ​មូសខ្លា​ញី (Aedes Aegypti) និង​មូសខ្លា Aedes Albopictus ដែល​អាច​ផ្ទុក​មេរោគ​ជំងឺ​ហ្ស៊ីកា​ ជំងឺ​គ្រុន​ឈិក (Chikungunya) និង​ជំងឺ​គ្រុន​លឿង​ (yellow fever) និង​អាច​រស់​នៅ​ក្នុង​បរិយាកាស​ក្តៅ​ហើយ​សើម។ ជំងឺ​គ្រុនឈាម​គឺជា​ជំងឺ​ដែល​ឆ្លង​តាម​សត្វ​មូស ហើយ​រីក​រាលដាល​លឿន​បំផុត​នៅ​ក្នុង​ពិភពលោក។

បើ​យោង​តាម​ស្ថិតិ​ ការ​ឆ្លង​នៃ​ជំងឺ​នេះ​មាន​ចាប់​ពី ៣០០ ​ទៅ​ដល់​ ៥០០ ​លាន​ករណី​ក្នុង​មួយ​ឆ្នាំ ហើយ​ចំនួន​នេះ​បាន​កើន​៣០ដង​ ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៥០​មក។ មនុស្ស​៣,៩ប៊ីលាន​នាក់​នៅ​ក្នុង​ប្រទេស​ចំនួន​១២៨​ កំពុង​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​នេះ។ ខណៈ​ដែល​អ្នក​ឆ្លង​៣ភាគ៤​មិន​មាន​រោគសញ្ញា​នេះ អ្នក​ឆ្លង​មួយ​ចំនួន​មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង មិន​ឃ្លាន​អាហារ ចេញ​កន្ទួល​ក្រហមៗ ឈឺ​ក្បាល ក្អួត និង​ឈឺ​ចាប់​ក្នុង​ឆ្អឹង សាច់ដុំ និង​សន្លាក់​ដែល​ជា​ធម្មតា​មាន​រយៈពេល​មួយ​សប្តាហ៍។

ខណៈ​ដែល​មិន​មាន​វ៉ាក់សាំង ឬ​ថ្នាំ​ប្រឆាំង​មេរោគ​ដែល​មាន​ប្រសិទ្ធភាព​ ការ​ព្យាបាល​រោគសញ្ញា ការ​តាមដាន​កម្រិត​ផ្លាកែត​ក្នុង​ឈាម (ប្រភេទ​គ្រាប់​ឈាម​ម្យ៉ាង) និង​ការ​ទទួល​ទាន​ទឹក​ គឺជា​វិធី​តែ​មួយ​គត់​សម្រាប់​ព្យាបាល។

អាស្រ័យ​ទៅ​លើ​ប្រភេទ​មេរោគ​ អាយុ​របស់​អ្នក​ជំងឺ អាការៈ​ជំងឺ​ និង​ការ​ពន្យារពេល​ក្នុង​ការ​ព្យាបាល​ជំងឺ អ្នក​ជំងឺ​អាច​មាន​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ ដែល​អាច​បណ្តាល​ឱ្យ​មាន​ការ​ហូរ​ឈាម​ក្នុង​ខ្លួន ​បញ្ហា​ផ្លូវ​ដង្ហើម និង​ការ​បាត់បង់​មុខងារ​សរីរាង្គ។ ក្នុង​ចំណោម​ករណី​នៃ​ជំងឺ​គ្រុនឈាម​ទាំង​អស់ ​១%​នៃ​ករណី​ទាំង​នោះ​គឺជា​ជំងឺ​គ្រុន​ឈាម​ធ្ងន់ធ្ងរ​ដែល​អាច​បណ្តាល​ឱ្យ​អ្នក​ជំងឺ​ស្លាប់​បាន។

ពី​ដំបូងឡើយ លោក ចាន់ ពិសិដ្ឋ ព្យាយាម​ព្យាបាល​កូន​ប្រុស​របស់​លោក​នៅ​ផ្ទះ។ លោក​បាន​រៀបរាប់​ថា៖ «នៅ​ពេល​ដែល​កូន​ខ្ញុំ​ចាប់ផ្តើម​ក្តៅ​ខ្លួន ខ្ញុំ​បាន​នាំ​គាត់​ទៅ​មណ្ឌល​សុខភាព​ដើម្បី​ដាក់​សេរ៉ូម»។

លោក​ ចាន់ ពិសិដ្ឋ បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​រក​ប្រាក់​បាន​តែ​២០០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​ ដូច្នេះ​ខ្ញុំ​ត្រូវ​ខ្ចី​ប្រាក់​៣៣០ដុល្លារ​ពី​អ្នក​ចង​ការ​ប្រាក់​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ថ្លៃ​ដាក់​សេរ៉ូម​មួយ​គ្រួសារ។ នៅ​ពេល​កូន​ឈឺ ខ្ញុំ​មិន​បាន​នាំ​កូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ទេ​ ពីព្រោះ​ខ្ញុំ​មិន​អាច​ឈប់​ពី​ការងារ​បាន​នោះ​ទេ»។

ច្បាប់​នៅ​ប្រទេស​កម្ពុជា​ហាមឃាត់​មិន​ឱ្យ​អ្នក​ជំងឺ​ប្រើ​ថ្នាំ​ដោយ​ខ្លួនឯង​ទេ ប៉ុន្តែ​គ្លីនិក​ឯកជន​ភាគច្រើន​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​ចេញ​ទៅ​ផ្ទះ​ជាមួយ​សេរ៉ូម ដែល​ពួកគេ​លក់​យក​ចំណេញ។ វេជ្ជបណ្ឌិត​ព្រមាន​ពី​ហានិភ័យ​នៃ​កង្វះ​ការ​ត្រួតពិនិត្យ​ផ្នែក​វេជ្ជសាស្ត្រ។ ការ​ប្រើប្រាស់​សេរ៉ូម ឬ​ថ្នាំ​ប៉ារ៉ាសេតាមុល​លើស​កំណត់​អាច​នឹង​បង្ក​ឱ្យ​មាន​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ។

ក្នុង​រយៈពេល​ជាង​២០ឆ្នាំ​ចុង​ក្រោយ លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា បាន​អំពាវនាវ​ឱ្យ​មាន «ការ​អប់រំ ការ​បង្ការ និង​ការ​ទទួល​បាន​សេវា​សុខភាព​សាធារណៈ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ» តាមរយៈ​សេវាកម្ម​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ។

លោក​បាន​និយាយ​ថា៖ «នា​ពេល​អនាគត កម្រិត​រីករាលដាល​នៃ​ជំងឺ​គ្រុនឈាម​អាស្រ័យ​លើ​ការ​យល់ដឹង​របស់​ប្រជាជន​អំពី​ជំងឺ និង​វិធានការ​របស់​រដ្ឋាភិបាល»។​

ដោយសារករណីនៃការឆ្លងជំងឺគ្រុនឈាមបានកើនឡើងខ្លាំងសម្រាប់ឆ្នាំ២០១៩នេះ បុគ្គលិកពេទ្យបានធ្វើបទបង្ហាញជាប្រចាំជូនអ្នកជំងឺពីកត្តាបង្កឲ្យមានជំងឺគ្រុនឈាម នៅតាមអគារព្យាបាលអ្នកជំងឺនៃមន្ទីរពេទ្យកុមារអង្គរ។

កុមារដែលជាអ្នកជំងឺម្នាក់កំពុងត្រូវបានគ្រូពេទ្យបូមឈាមយកទៅពិនិត្យមើលមេរោគគ្រុនឈាម នៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

សម្រាប់ក្រុមគ្រួសារនិងអ្នកជំងឺដែលធ្វើដំណើរមកពីតំបន់ដាច់ស្រយាលដើម្បីមកព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារអង្គរ ពួកគេត្រូវបានអនុញ្ញាតឲ្យសម្រាកនៅក្នុងអគារព្យាបាលអ្នកជំងឺ ដោយទទួលបានមុងការពារកុំឲ្យមូសខាំ។

នៅ​ចុង​ផ្លូវ​លំ​តូច​មួយ​ នៅ​ជាយ​ក្រុង​សៀមរាប លោក ចាន់ ពិសិដ្ឋ រុញ​បើក​ទ្វារ​ផ្ទះ និង​និយាយ​ដោយ​ដកដង្ហើម​ធំ​ថា៖ «យើង​ដេក​នៅ​ក្នុង​មុង ​យើង​មាន​កង្ហារ​ពីរ​ ហើយ​ខ្ញុំ​តែងតែ​ទិញ​ថ្នាំ​បាញ់​មូស​កុំ​ឱ្យ​មូស​ខាំ។ ប៉ុន្តែ​មនុស្ស​៦នាក់​នៅ​ក្នុង​ភូមិ ​មាន​ជំងឺ​គ្រុនឈាម​រួច​ទៅ​ហើយ»។

លោក​បាន​បន្ថែម​ថា៖ «មិន​មាន​នរណា​មក​បាញ់​ថ្នាំ​មូស​ឱ្យ​ផ្ទះ​យើង ឬ​ឱ្យ​ថ្នាំ​អាប៊ែត​ដើម្បី​សម្លាប់​ដង្កូវ​ទឹក​នោះ​ទេ។ នៅ​ក្នុង​រដូវ​វស្សា ទឹក​លិច​ផ្ទះ​យើង​ត្រឹម​ក្បាល​ជង្គង់។ នៅ​ក្រោម​ផ្ទះ យើង​ត្រូវ​ចាក់​ដី​បំពេញ​ឱ្យ​ខ្ពស់ និង​ចាក់​ស៊ីម៉ង់ត៍ ប៉ុន្តែ​យើង​មិន​មាន​លទ្ធភាព ហើយ​ក៏​មិន​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​មក​ជួយ​យើង​ដែរ»។

ក្នុង​សង្គ្រាម​លោក​លើក​ទី២ កងទ័ព​សម្ព័ន្ធមិត្ត និង​កងទ័ព​ជប៉ុន​បាន​ពង្រាយ​មេរោគ​នៅ​គ្រប់​ទីកន្លែង​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ចាប់​ពី​ទសវត្សរ៍​ឆ្នាំ១៩៧០​មក កត្តា​ជាច្រើន រួមមាន​ការ​ចាក​ចេញ​ពី​ទីជនបទ​ក្នុង​ចំនួន​ដ៏​ច្រើន​ទៅ​តំបន់​អនាធិបតេយ្យ​ក្នុង​តាម​ទីក្រុង ការ​ខ្វះខាត​វិធីសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្វ​មូស​ដែល​មាន​ប្រសិទ្ធភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ​ប្រជាជន​រាប់​លាន​គ្រួសារ​ដែល​រស់នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​ដោយ​មិន​មាន​ការ​សម្អាត​កាកសំណល់ ឬ​ប្រព័ន្ធ​ទឹក​ស្អាត និង​ការ​ហូរចូល​ដ៏​ច្រើន​របស់​អ្នក​ធ្វើ​ដំណើរ​មក​ក្នុង​ប្រទេស កាន់តែ​ជំរុញ​ឱ្យ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កាន់​តែ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បាន​ធ្វើ​ឱ្យ​ជំងឺ​រីករាលដាល​ពាសពេញ​តំបន់​ត្រូពិក។ ខណៈ​ដែល​សំបក​កង់​ឡាន​ជា​ប្រភព​នៃ​ការ​បង្កាត់​ពូជ​មូស ចំនួន​យានយន្ត ការដ្ឋាន​សំណង់ និង​ការ​ផលិត​សំបក​ផ្លាស្ទិច​ ក៏​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ផង​ដែរ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

នៅដើម​ខែ​មករា​ឆ្នាំ​២០១៩​ មុន​រដូវ​មូសុង​ចាប់ផ្តើម​ អាជ្ញាធរ​សុខាភិបាល​ប្រចាំ​ទីក្រុង​ម៉ានីល​នៃ​ប្រទេស​ហ្វីលីពីន ទីក្រុង​ដាក្កា​នៃ​ប្រទេស​បង់ក្លាដែស រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា ទីក្រុង​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ ទីក្រុង​គូឡាឡាំពួរ​នៃ​ម៉ាឡេស៊ី ប្រទេស​សិង្ហបុរី ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម និងទី​ក្រុង​បាងកក​នៃ​ប្រទេស​ថៃ ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​ផ្ទុះ​ជំងឺ​គ្រុន​ឈាម ដោយសារ​តែជំងឺ​គ្រុនឈាម​រាប់ម៉ឺន​ករណី​ត្រូវ​បាន​គេ​រាយការណ៍។ ស្ថានភាព​នេះស្រដៀង​នឹង​ការ​រីករាលដាល​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​ដែរ។

លោក Richard Maude ប្រធាន​នាយកដ្ឋាន​ជំងឺ​ឆ្លង​នៅ​ក្រុម​ស្រាវជ្រាវ Mahidol-Oxford (MORU) ដែល​ជា​បណ្តាញ​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​តំបន់​ត្រូពិក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ជាមួយ​នឹង​ស្ថិតិ​នេះ។

លោក​បាន​ថ្លែង​ថា៖ «ការ​កើន​ឡើង​នៃ​ករណី​ជំងឺ​នេះ​អាច​បណ្តាល​មក​ពីប្រព័ន្ធ​នៃ​ការ​រាយការណ៍​មាន​ប្រសិទ្ធភាព​ជាង​មុន ហើយ​មាន​ការ​យល់ដឹង​ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ជំងឺ​ទាំង​នេះ​ក៏​កាន់​តែ​មាន​ច្រើន ហើយ​ការ​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​ក៏​មាន​ភាព​ល្អប្រសើរ​ជាង​មុន»។

លោក Maude បាន​បកស្រាយ​បន្ថែម​ទៀត​ថា៖ «ប៉ុន្តែ​តួលេខ​ទាំង​នេះ​ក៏​អាចទាប​ជាង​ស្ថានភាព​ជាក់ស្តែង​ដែរ​ ពីព្រោះ​មេរោគ​គ្រុន​ឈាម​ជារឿយៗ​មិន​មាន​រោគសញ្ញា ហើយ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ក៏​អាច​ខុស។ ការ​ធ្វើ​តេស្ត​ឈាម​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​១០០%​នោះ​ទេ​ ហើយ​ករណី​នៃ​អ្នក​ជំងឺ​ត្រូវ​បាន​រាយការណ៍​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​តែ​ប៉ុណ្ណោះ»។

លោក​វេជ្ជបណ្ឌិត Cheewanun Lertpiriyasuwa បម្រើការ​នៅ​នាយកដ្ឋាន​បង្ការ​ជំងឺ​ឆ្លង​ពី​សត្វ​មក​មនុស្ស​នៃ​ក្រសួង​សុខាភិបាល​ថៃ និង​ជា​អ្នក​គ្រប់គ្រង​ប្រព័ន្ធ​ប្រមូល​ទិន្នន័យ​សម្រាប់​ប្រទេស​ថៃ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «យើង​សង្កេត​ឃើញ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ បើ​បៀបធៀប​នឹង​ខែ​តុលា ឆ្នាំ​មុន ដែល​នេះ​ជា​ការ​កើន​ឡើង​មិន​ធម្មតា​មួយ។ យើង​សន្មត​ថា​ ការ​រីករាលដាល​នេះ​ជា​វដ្ត​ធម្មជាតិ​នៃ​ជំងឺ​គ្រុនឈាម​ ដែល​ទំនង​នឹង​ផ្ទុះ​ឡើង​ជា​រៀងរាល់​ពី៣​ទៅ​៥ឆ្នាំ​ម្តង​ ប៉ុន្តែ​មាន​កត្តា​ជាច្រើន​ទៀត​ ដូចជា​បម្រែបម្រួល​អាកាសធាតុ ការ​កើន​ឡើង​កម្តៅ​ផែនដី កម្រិត​ទឹក​ភ្លៀង និង​ការ​កើត​មាន​ជំងឺ​គ្រុនឈាម​ប្រភេទ​ថ្មី​ផង​ដែរ។ ឥឡូវ​នេះ​ យើង​ត្រូវ​ប្រើប្រាស់​ថវិកា​ដើម្បី​បង្ការ និង​គ្រប់គ្រង​កន្លែង​បង្កាត់​ពូជ​មូស​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ»។​

កាលពី​ឆ្នាំ​២០១៦ ​ការ​ស្លាប់​របស់​តារា​សម្តែង​ថៃ​ដ៏​ល្បីល្បាញ​គឺ​លោក Thrisadee Sahawong ​វ័យ​៣៧ឆ្នាំ បន្ទាប់ពី​មាន​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ទូទាំង​ប្រទេស ដោយសារ​តែ​អ្នក​មាន​ទ្រព្យធន ក៏​ត្រូវ​ប្រឈម​នឹង​ជំងឺ​គ្រុនឈាម​ដែរ។ ហើយការ​ស្លាប់​របស់​តារា​សម្តែង​ថៃ​រូប​នេះ ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ​ពង្រឹង​កម្មវិធី​សុខភាព​សាធារណៈ​នៃ​ជំងឺ​គ្រុនឈាម។

ចំណាយ​សម្រាប់​យុទ្ធនាការ​បាញ់​ថ្នាំ​មូស ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ការ​ដឹកជញ្ជូន ថ្នាំសង្កូវ និង​ការ​ធ្វើ​រោគវិនិច្ឆ័យ ការ​ខាត​បង់​មិន​បាន​ធ្វើ​ការ​ និង​រៀនសូត្រ​ សុទ្ធ​តែ​ធ្វើ​ឱ្យ​បាត់បង់​ថវិកា​ជាតិ។

«ការ​ខាត​បង់​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​គ្រុនឈាម» ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ មាន​ចំនួន​ប្រមាណ ​៩៥០ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​នៅ​ចន្លោះ​ពី​ឆ្នាំ២០០១ ដល់​ឆ្នាំ២០១០ នៅ​ក្នុង​ប្រទេស​ចំនួន​១២​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ប៉ុន្តែ​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់​នៅ​ក្នុង​ក្រុង​បាងកក​នៅ​តែ​អាច​ស្លាប់​ ដោយសារ​តែ​ជំងឺ​គ្រុនឈាម។

លោក Jaturang Wongjiragorn អាយុ២៨ឆ្នាំ អង្គុយខាងក្រៅផ្ទះរបស់លោកនៅតំបន់ Chinatown ក្នុងទីក្រុងបាងកក ប្រទេសថៃ។ កាលពីខែកញ្ញា ឆ្នាំ២០១៩ សមាជិក៤នាក់ក្នុងគ្រួសាររបស់លោកបានកើតជំងឺគ្រុនឈាម ហើយជាអកុសលឪពុករបស់លោកបានស្លាប់ដោយសារការធ្វើរោគវិនិច្ឆ័យខុស។

អង្គុយ​នៅ​លើ​កៅអី​ជ័រ​នៅ​តាម​ផ្លូវ​តូច​ចង្អៀត និង​កខ្វក់​មួយ​នៅ​ Chinatown លោក Jaturang Wongjiragorn ជា​អ្នក​ជំនួញ​លក់​ទំនិញ​អនឡាញ​វ័យ​ក្មេង។ លោក​កំពុង​ជួយ​ម្តាយ​របស់​លោក​បើក​តូប​លក់​អាហារ​នៅ​ផ្ទះ ​ដូច​ដែល​លោក​ធ្លាប់​បាន​ធ្វើ​ជារៀងរាល់​ព្រឹក​ចាប់​តាំង​ពី​ឪពុក​របស់​លោក​បាន​ស្លាប់​កាលពី​ដើម​ខែ​តុលា។ នៅ​វ័យ​៥៨ឆ្នាំ ឪពុក​របស់​លោក​ស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម បន្ទាប់ពី​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ខុស​ជាច្រើន​លើក។

លោក​ ​Jaturang Wongjiragorn បាន​និយាយ​ថា៖ «នៅ​ថ្ងៃទី២៣ ខែកញ្ញា​ ឪពុក​ខ្ញុំ​គ្រុន​ក្តៅ​ខ្លាំង​ ហើយ​បាន​ទៅ​គ្លីនិក​ឯកជន​ពីរ​កន្លែង​ផ្សេង​គ្នា​ដែល​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា គាត់​មាន​ជំងឺ​ផ្តាសាយ។ ពីរ​ថ្ងៃ​ក្រោយ គាត់​ឈឺ​ក្បាល​ខ្លាំង និង​ក្អួតចង្អោរ ដូច្នេះ​យើង​បាន​នាំ​គាត់​ទៅ​មន្ទីរពេទ្យ។ ខ្ញុំ​ដឹង​ថា វា​ជា​រោគសញ្ញា​ដែល​ខ្ញុំ​មាន​នៅពេល​ដែល​ខ្ញុំ​ឆ្លង​ជំងឺ​គ្រុនឈាម​កាលពី​នៅ​ក្មេង​ ដូច្នេះ​ខ្ញុំ​បាន​សុំ​ឱ្យ​គ្រូពេទ្យ​ធ្វើ​តេស្ត ​ប៉ុន្តែ​គ្រូពេទ្យ​គ្រាន់​តែ​ចាប់​ជីពចរ​របស់​ឪពុក​ខ្ញុំ ហើយ​និយាយ​ថា ឪពុក​ខ្ញុំ​មាន​មេរោគ​ក្នុង​ពោះវៀន។ យើង​ក៏​មក​ផ្ទះ​វិញ​ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការ​ក្អួត​ ប៉ុន្តែ​នៅ​ពេល​ព្រឹក​ ឪពុក​ខ្ញុំ​ស្រែក​ថា​ គាត់​មិន​អាច​ដក​ដង្ហើម​បាន​ទេ»។

លោក Jaturang Wongjiragorn បាន​ប្រញាប់​ទៅ​ទិញ​ដប​អុកស៊ីសែន ហើយ​នាំ​ឪពុក​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត។ នៅ​ពេល​ទៅ​ដល់​ទីនោះ គេ​ប្រាប់​លោក​ថា​ អាការៈ​ឪពុក​ខ្ញុំ​គឺ​ជា​សញ្ញា​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ ប៉ុន្តែ​រោគសញ្ញា​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ត្រូវ​ធ្វើ​តេស្ត​ឈាម។ លោក​អាច​ដឹង​លទ្ធផល​ឈាម​ក្នុង​រយៈពេល​បួន​ម៉ោង​ក្រោយ។ ​លទ្ធផល​បង្ហាញ​ថា វា​ជា​ជំងឺ​គ្រុនឈាម។

លោក Jaturang Wongjiragorn បាន​និយាយ​ថា៖ «ខ្លួន​របស់​ឪពុក​ខ្ញុំ​មាន​សុទ្ធ​តែ​ជាតិ​ទឹក។ យើង​បាន​ជិះ​ជុំវិញ​ទីក្រុង​ដើម្បី​ស្វែងរក​ម៉ាស៊ីន​លាង​ឈាម​ដែល​គាត់​បាន​លាង​អស់​រយៈពេល​ពីរ​យប់។ គ្រូពេទ្យ​បាន​ប្រាប់​ខ្ញុំ​ឱ្យ​ត្រៀម​ខ្លួន​សម្រាប់​ដំណឹង​អកុសល»។

យុវជន​រូបនេះ​បាន​បន្ត​ទៀត​ថា៖ «ដូច្នេះ​ខ្ញុំ​បាន​មក​ផ្ទះ​វិញ​ដើម្បី​ប្រាប់​ម្ដាយ​ខ្ញុំ​ឱ្យ​រឹងមាំ​ ព្រោះ​ឪពុក​ខ្ញុំ​ប្រហែល​គ្មាន​សង្ឃឹម​ទេ។ ខ្ញុំ​កាន់ដៃ​ម្តាយ​ខ្ញុំ​ ហើយ​ក៏​ឃើញ​កន្ទួល​ក្រហមៗ​នៅ​លើ​ស្បែក​របស់​គាត់។ ខ្ញុំ​នាំ​ម្តាយ​ និង​ប្អូនស្រី​ខ្ញុំ​ទៅ​ជួប​គ្រូពេទ្យ​ដែល​ពិនិត្យ​ឪពុកខ្ញុំ​ពី​មុន ​ហើយ​ស្រែក​ឱ្យ​គាត់​ធ្វើ​តេស្ត​ពួកគេ​ភ្លាមៗ។ ​ពួកគេ​ទាំងអស់​សុទ្ធ​តែ​មាន​ជំងឺ​គ្រុនឈាម​ ប៉ុន្តែ​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល។ ប៉ុន្តែ​ឪពុក​ខ្ញុំ​បាន​ស្លាប់​ដោយសារ​ជំងឺ​សរីរាង្គ​ទូទៅ​របស់​គាត់​មិន​ដំណើរការ។ បន្ទាប់ពី​ឪពុក​របស់​ខ្ញុំ​បាន​ស្លាប់​៥ថ្ងៃ​ក្រោយ​មក សាលាក្រុង​បាន​មក​បាញ់​ថ្នាំ​មូស​នៅ​តាម​ផ្លូវ​នៅ​តំបន់​យើង​រស់នៅ។ គេ​ធ្វើ​ដើម្បី​គ្រាន់​តែ​ល្អ​មើល​ប៉ុណ្ណោះ។ ក្រោយ​មក សាលាក្រុង​មិន​បាន​មក​បាញ់​ថ្នាំ​មូស​ទៀត​ទេ»។

នៅ​ក្នុង​ការ​សិក្សាស្រាវជ្រាវ​មួយ​អំពី​បញ្ហា​ប្រឈម​នៃ​ការ​បាញ់​ថ្នាំ​មូស​ដើម្បី​ទប់ស្កាត់​ជំងឺ​គ្រុនឈាម​នៅ​ទីក្រុង​បាងកក លោកស្រី Wirichada Pan-ngum ដែល​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​ បាន​ប៉ាន់​ស្មាន​ថា​ ពលរដ្ឋ​ជាង​ពាក់​កណ្តាល​ប៉ុណ្ណោះ​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​បាញ់​ថ្នាំ​មូស ក្រោយ​ពី​មាន​ការ​រាយការណ៍​ថា​ មាន​ករណី​ពុល​មនុស្ស កង្វះ​ខាត​ធនធាន បញ្ហា​ទំនាក់ទំនង និង​កត្តាប្រឈម​នានាក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ពី​សហគមន៍​នៅ​ក្នុង​ទីក្រុង។

លោក Methipot Chatameteekul​ នាយក​ផ្នែក​គ្រប់គ្រង​ជំងឺ​ឆ្លង​នៅ​ការិយាល័យ​រដ្ឋបាល​ក្រុង​បាងកក​ បាន​ទទួល​ស្គាល់​ថា ឧបករណ៍​នា​ពេល​បច្ចុប្បន្ន​នៅ​មាន​កម្រិត​នៅ​ឡើយ។

លោក​បាន​ពន្យល់​ថា៖ «យើង​ចំណាយ​ប្រាក់​ចំនួន​២លាន​បាត​ក្នុង​មួយ​ឆ្នាំលើ​ថ្នាំ​មូស និង​ការ​ថែទាំ​ម៉ាស៊ីន។ ថវិកា​នេះ​នឹង​ត្រូវ​កាត់​បន្ថយ​ដើម្បី​ផ្តោត​លើ​ការ​លុបបំបាត់​កន្លែង​បង្កាត់​ពូជ​មូស​ដូចជា​អាងទឹក​ ដែល​ជា​ប្រភព​៩០%​នៃ​ការ​រីករាលដាល​ជំងឺ​គ្រុនឈាម​នៅ​ក្នុង​ក្រុង​បាងកក»។

លោក Methipot Chatameteekul​ បាន​បន្ថែម​ទៀត​ថា៖ «ក្នុង​រយៈពេល​៣០ ឆ្នាំ​កន្លង​មក​នេះ គ្មាន​យុទ្ធសាស្ត្រ​ណា​មួយ​ដែល​យើង​បាន​អនុវត្ត​ទទួល​បាន​ជោគជ័យ​ ១០០%​នោះ​ទេ។ មូស​កាន់​តែ​ស៊ាំ​នឹង​ថ្នាំ​មូស ​ហើយ​យើង​មិន​ចង់​ឱ្យ​មនុស្សម្នា​គិត​ថា ការ​បាញ់​ថ្នាំ​មូស​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​បង្ការ​ជំងឺ​គ្រុនឈាម​នោះ​ទេ។ ប្រជា​ពលរដ្ឋ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ទីកន្លែង​រស់នៅ​របស់​ពួកគេ»។

ការ​លើក​ឡើង​នេះ​មាន​ខ្លឹមសារ​ស្រប​នឹងអត្ថន័យ​នៃ​ទិវា​ជំងឺ​គ្រុនឈាម​អាស៊ាន​ កាល​ថ្ងៃទី១៥ ខែ​មិថុនា ​ដែលពាក្យ​ស្លោក​នៅ​ឆ្នាំ​នេះ​បាន​លើក​ឡើង​ថា «បញ្ចប់​ជំងឺ​គ្រុនឈាម​ ចាប់ផ្តើម​ពី​ខ្ញុំ»។

លោក Methipot Chatameteekul​ នាយក​ផ្នែក​គ្រប់គ្រង​ជំងឺ​ឆ្លង​នៅ​ការិយាល័យ​រដ្ឋបាល​ក្រុង​បាងកក បង្ហាញផែនទីទីក្រុងបាងកកតាមខណ្ឌនីមួយៗ ដែលមានករណីឆ្លងជំងឺគ្រុនឈាម។ ពណ៌ក្រហមបង្ហាញពីតំបន់ដែលមានករណីឆ្លងជំងឺគ្រុនឈាមធ្ងន់ធ្ងរ រីឯពណ៌លឿងបង្ហាញពីករណីជំងឺគ្រុនឈាមបច្ចុប្បន្ន។

បន្ទាប់ពីមានការផ្ទុះឡើងនៃការរីករាលដាលជំងឺគ្រុនឈាមនៅតំបន់ Chinatown ក្នុងទីក្រុងបាងកក ដែលបានបណ្តាលឲ្យបុរសម្នាក់ស្លាប់ អាជ្ញាធរក្រុងបានចេញត្រួតពិនិត្យតាមលំនៅដ្ឋាន និងផ្តល់ដំបូន្មានដល់ពលរដ្ឋអំពីប្រភពមូសដែលបង្កឲ្យមានជំងឺគ្រុនឈាម។

លោក François Nosten សាស្ត្រាចារ្យផ្នែកថ្នាំព្យាបាលជំងឺត្រូពិកប្រចាំសាកលវិទ្យាល័យ Oxford និងជានាយកមន្ទីរ​ពិសោធន៍​របស់​គម្រោង SMRU ក្នុងប្រទេសថៃ កំពុងអង្គុយក្នុងការិយាល័យរបស់លោកនៅតំបន់ Mae Sot ក្បែរព្រំប្រទល់មីយ៉ាន់ម៉ានិងថៃ។

លោក Jaturang Wongjiragorn អ្នក​ជំនួញ​លក់​ទំនិញ​អនឡាញ​ដែល​មាន​ឪពុក​ស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម បាន​និយាយ​ទាំង​កំហឹង​ថា៖ «អគារ​នៅ​ទីនេះ​ជា​អគារ​ទ្រុឌទ្រោម ហើយ​អ្នក​រស់នៅ​ទីនេះ​មិន​មាន​ប្រាក់​ក្នុង​ការ​សម្អាត​ផ្លូវ​ដើរ​នោះ​ទេ។ ផ្លូវ​ដើរ​ទាំង​នោះ​តែងតែ​លិច​ដោយសារ​តែ​ទឹកហូរ​ចេញ​ពី​លូ នៅ​ពេល​ភ្លៀង​ធ្លាក់។ យើង​រស់​នៅ​ក្នុង​ប្រទេស​ថៃ។ យើង​ត្រូវ​បាន​មូស​ខាំ​ជា​ញឹកញាប់ ជាពិសេស​អ្នក​ដែល​ធ្វើ​ការ​នៅ​តាម​ផ្លូវ។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ត្រូវ​បង្កើន​ការ​ត្រួត​ពិនិត្យ​លើ​មន្ទីរពេទ្យ និង​អនាម័យ​សាធារណៈ។ ប្រសិនបើ​អ្នក​មិន​ស្គាល់​ពេទ្យ​ទេ ពេទ្យ​នឹង​មិន​ដាក់​ថ្នាំ​ឱ្យ​បាន​ត្រឹមត្រូវ ឬ​រួសរាយ​រាក់ទាក់​ដាក់​អ្នក​នោះ​ទេ ទោះ​បី​ជា​អ្នក​មាន​ប្រាក់​បង់​ឱ្យ​ពួកគេ​ក៏​ដោយ។ ខ្ញុំ​បាន​ចំណាយ​ប្រាក់​ចំនួន​៤០.០០០បាត​សម្រាប់​ការ​ព្យាបាល​ឪពុក​របស់​ខ្ញុំ ហើយ​តើ​ខ្ញុំ​បាន​អ្វី​មក​វិញ?»

អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្រ្ត​បាន​អះអាង​ថា គេ​អាច​ងាយ​យល់​ច្រឡំ​ជំងឺ​គ្រុនឈាម​ប្រភេទ​ស្រាល​ជាមួយ​នឹង​ជំងឺ​ដែល​ចម្លង​ដោយ​មូស​ផ្សេង​ទៀត។ លោក Wanitda Wattanaworawit ដឹកនាំ​មន្ទីរ​ពិសោធន៍​របស់​គម្រោង SMRU (Shoklo Malaria Research Unit) ដែល​ទទួល​បាន​គាំទ្រ​ពី​អង្គការ Wellfund Trust។ អង្គការ​នេះ​ប្រតិបត្តិការ​គ្លីនិក​ចំនួន​៣​សម្រាប់​ប្រជាជន​ក្រីក្រ​ដែល​រស់នៅ​បណ្តោយ​ព្រំដែន​មីយ៉ាន់ម៉ា និង​ថៃ។ អ្នក​ស្រាវជ្រាវ​ផ្នែក​ជីវវិទ្យា​រូប​នេះ​បាន​អំពាវនាវ​ឱ្យ​មាន​ឧបករណ៍​ធ្វើ​រោគវិនិច្ឆ័យ​ដែល​មាន ​«ប្រសិទ្ធភាព មាន​តម្លៃ​ថោក និង​អាច​ដឹង​លទ្ធផល​លឿន»។

លោក Wanitda Wattanaworawit បាន​និយាយ​ថា៖ «ការ​ក្តៅ​ខ្លួន​ខ្លាំង​អាច​បណ្តាល​មក​ពី​បាក់តេរី ឬ​មេរោគ​ និង​ត្រូវ​ការ​ការ​ព្យាបាល​ផ្សេង​គ្នា​ ដូច្នេះ​វា​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ដំបូង​ដើម្បី​ចៀសវាង​ការ​ដាក់​ថ្នាំ​ខុស​ឱ្យ​អ្នក​ជំងឺ និង​ឱ្យ​ពួកគេ​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ»។

លោក​បានបក​ស្រាយ​បន្ថែម​ទៀត​ថា៖ «ប៉ុន្តែ​ការ​ធ្វើ​តេស្ត​មាន​តម្លៃ​២០០០បាត (៦០ អឺរ៉ូ) ហើយ​មណ្ឌល​សុខភាព​ភាគច្រើន​នៅ​ក្នុង​តំបន់ ​មិន​មាន​មធ្យោបាយ ឬ​ពេលវេលា​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ពេញលេញ​ទេ ហើយ​ពឹង​ផ្អែកលើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ ​មិន​ទាន់​មាន​បច្ចេកវិទ្យា​គ្រប់គ្រាន់​ក្នុង​ការ​កំណត់​ប្រភព​នៃ​ជំងឺ​គ្រុនក្តៅ​ខ្លាំង​ភាគច្រើន​នៅ​ឡើយ​ទេ»។

​នៅតាម​តំបន់​ក្រីក្រ​ដែល​សម្បូរ​ទៅ​ដោយ​មនុស្ស​និង​ទំនិញ​ឆ្លងកាត់ ​ករណី​នៃ​ការ​ផ្ទុះ​ជំងឺ​ក៏​កើន​ឡើង​ច្រើន។ លោក A. Salam គឺជា​នាយក​អង្គការ MAPS ដែល​ជា​មូលនិធិ​ការពារ​សិទ្ធិ​កម្មករ​មីយ៉ាន់ម៉ា​នៅ​ប្រទេស​ថៃ។

លោក​បាន​និយាយ​ថា៖ «ឆ្នាំនេះ​ខ្ញុំ និង​កូនៗ​របស់​ខ្ញុំ​ មាន​ជំងឺ​គ្រុនឈាម ឬ​ជំងឺ​គ្រុន​ឈិក (Chikungunya) ឬ​ជួនកាលមាន​ជំងឺ​ទាំង​ពីរ​នេះ​តែ​ម្តង។ ប្រជាជន​មិន​មាន​ប្រាក់​ចំណូល​ទេ​នៅ​រដូវ​នេះ​ ព្រោះ​ពួកគេ​មិន​អាច​ទៅ​ធ្វើ​ការ​អស់​ជាច្រើន​សប្ដាហ៍»។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ជំងឺ​គ្រុន​ឈិក​រីករាលដាល​យ៉ាង​ខ្លាំង​ចាប់​ពី​ភាគ​ខាងត្បូង​ប្រទេស​ថៃ​ នៅ​តាម​ព្រំដែន​ម៉ាឡេស៊ី ​រហូត​ដល់​តំបន់ ​Mae Sot នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ថៃ។ តំបន់ Mae Sot គឺជា​ច្រក​ព្រំដែន​ដ៏​សំខាន់​សម្រាប់​ជន​ចំណាក​ស្រុក​មីយ៉ាន់ម៉ា​ដែល​មក​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម​ដាំដំណាំ ​និង​តាម​រោងចក្រ​កាត់ដេរ​ចំនួន ៤០០ កន្លែង ឬ​នៅ​តាម​កន្លែង​សំណង់​នានា​ក្នុង​ទីក្រុង​បាងកក។

ជា​រៀងរាល់​ថ្ងៃ កម្មករ​ចន្លោះ​ពី​២.០០០​ទៅ​៣.០០០​នាក់ ​ឆ្លង​កាត់​ព្រំដែន​ចូល​ក្នុង​ប្រទេស​ថៃ ហើយ​ជនចំណាកស្រុក​មីយ៉ាន់ម៉ា​ចំនួន​១០០.០០០នាក់​ កំពុង​រស់នៅ​ក្នុង​តំបន់​នេះ។ ជន​ចំណាកស្រុក​ពាក់កណ្តាល​ធ្វើ​ការ​ដោយ​ខុស​ច្បាប់ ដោយ​មិន​មាន​ការ​គាំពារ​សង្គម ឬ​មិន​ចេះ​ភាសា​ និង​បែបបទ​រដ្ឋបាល​ថៃ។ តំបន់​នេះ​ខ្វះ​សេវាថែទាំ​សុខភាព​ដែល​មាន​តម្លៃ​សមរម្យ។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក A. Salam។

លោក A. Salam បាន​រៀបរាប់​បន្ត​ទៀត​ថា៖ «គ្លីនិក​មួយ​ចំនួន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្តល់​សេវា​ដោយ​ឥតគិតថ្លៃ​ ប៉ុន្តែ​គ្លីនិក​ទាំង​នោះ​ផ្តល់​តែ​សេវា​ថែទាំមូលដ្ឋាន និង​សម្រាប់​អ្នក​នៅ​ឆ្ងាយ​ពី​មណ្ឌល​សុខភាព​តែ​ប៉ុណ្ណោះ។ កម្មករ​អាច​បង់​ប្រាក់​សម្រាប់​ការ​ពិគ្រោះជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ Mae Sot ប៉ុន្តែ​រយៈពេល​រង់ចាំ និង​បញ្ហា​ភាសា​រារាំង​ពួកគេ​ភាគច្រើន​មិន​ឱ្យ​ទៅ​មន្ទីរពេទ្យ​រដ្ឋ»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ដូច្នេះ ពួកគេ​ចូលចិត្ត​ទៅ​រក​សេវា​រហ័ស​នៅ​គ្លីនិក​ឯកជន​វិញ។ មនុស្ស​ចាស់ៗ​ត្រឡប់​ទៅ​ភូមិ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​វិញ​ នៅ​ពេល​ជិត​ស្លាប់​ ពីព្រោះ​មិន​ចង់​ទុក​ឲ្យ​កូនៗ​របស់​ពួកគេ​ជាប់​បំណុល​គេ​នោះ​ទេ។ ប្រសិនបើ​ពួកគេ​មិន​មាន​លទ្ធភាព​បង់​ថ្លៃ​ធ្វើ​ប័ណ្ណការងារ​ និង​ធានា​រ៉ាប់រង​សុខភាព​ទេ ​ខ្ញុំ​នឹង​ប្រាប់​ពួកគេ​កុំ​ឱ្យ​មក​ប្រទេស​ថៃ ពីព្រោះ​ពួកគេ​នឹង​ពិបាក​ជម្នះ​បញ្ហា​ជាច្រើន»។

អ្នកស្រី Nyin Nyin Kyi អាយុ៣១ឆ្នាំ ដែលជាកម្មករចំណាកស្រុកជនជាតិមីយ៉ាន់ម៉ាម្នាក់ បាន​ឆ្លងជំងឺគ្រុនឈិក (Chikunguniya)។ ដោយរកប្រាក់កម្រៃបានត្រឹមតែ៧ដុល្លារក្នុងមួយថ្ងៃ អ្នកស្រីមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ​ព្យាបាលជំងឺ និងបង់ថ្លៃថ្នាំទេ។ ហេតុដូច្នេះ អ្នកស្រីក៏សម្រេចចិត្តខ្ចីលុយពីអ្នកចងការប្រាក់ ដោយត្រូវបង់ថ្លៃការប្រាក់ជាប្រចាំខែ។

កុមារមានជំងឺម្នាក់កំពុងត្រូវបុគ្គលិកពេទ្យបូមឈាមទៅពិនិត្យ នៅគ្លីនិកសុខភាព Mae Pa នៅក្បែរតំបន់ព្រំដែនមីយ៉ាន់ម៉ានិងថៃ។

កុមារជនជាតិមីយ៉ាន់ម៉ាដែលមានជំងឺម្នាក់កំពុងដេកលើភ្លៅម្តាយ ខណៈពួកគេកំពុងរង់ចាំទទួលការព្យាបាលជំងឺនៅគ្លីនិកសុខភាព Mae Pa ក្បែរតំបន់ព្រំដែនមីយ៉ាន់ម៉ានិងថៃ។

អ្នកស្រាវជ្រាវកំពុងពិនិត្យសត្វមូសដែលងាប់ នៅមន្ទីរស្រាវជ្រាវជំងឺគ្រុនចាញ់ Shoklo នៅតំបន់ Mae Sot ក្បែរព្រំដែនមីយ៉ាន់ម៉ានិងថៃ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ មន្ទីរពិសោធន៍នេះបានព្យាយាម​លុប​បំបាត់​ប្រភេទមេរោគគ្រុនចាញ់ដែលសាុំនឹងថ្នាំនៅក្នុងតំបន់នេះ ដោយទទួលបានជោគជ័យ៩០ភាគរយ។

កាលពី​មួយ​ទសវត្សរ៍​មុន​ អ្នកស្រី Nyin Nyin Kyi អាយុ ៣១ ឆ្នាំ​ បាន​ចាកចេញ​ពី​ទីក្រុង​ Moulmein នៅ​ភាគ​ខាងត្បូង​ប្រទេស​មីយ៉ាន់ម៉ា​ ទៅ​តំបន់​ទីប្រជុំជន​ Mae Sot ដើម្បី​ធ្វើ​ស្វែងរក​ការងារ​ធ្វើ​ ដែល​អាច​រក​បាន​ ២០០បាត​ក្នុង​មួយ​ថ្ងៃ ដោយ​ភាគច្រើន​ជា​ការ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់។

អ្នកស្រី​បាន​និយាយ​ថា៖ «នៅ​ព្រឹក​មួយ​នោះ ខ្ញុំ​ឈឺ​ក្បាល​ខ្លាំង និង​ឈឺ​ឆ្អឹងឆ្អែង ខ្ញុំ​មិន​អាច​ក្រោក​បាន​ទេ។ គ្រូពេទ្យ​ម្នាក់​នៅ​ក្នុង​គ្លីនិក​ឯកជន​មួយ​បាន​ឱ្យ​ថ្នាំ​សម្រាប់​ជំងឺ​គ្រុន​ឈិក (Chikungunya) ​មក​ខ្ញុំ​ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ទៅ​ជួប​ពេទ្យ​ច្រើន​ដង​ ដោយសារ​តែ​ខ្ញុំ​ចេញ​កន្ទួល​ក្រហមៗ​ពេញ​ខ្លួន។ ការ​ព្យាបាល​ទាំង​មូល​ត្រូវ​ចំណាយ​អស់​១.៥០០បាត»។

នៅ​ពេល​កូន​របស់​អ្នកស្រី​ម្នាក់​បាន​ឆ្លង​មេរោគ​ ដូច​អ្នកស្រី ហើយ​ប៉ុន្មាន​ថ្ងៃក្រោយ​មក​ ប្តី​របស់​អ្នកស្រី​ក៏​ត្រូវ​ឈប់​ធ្វើ​ការ​ ហើយ​គ្រួសារ​របស់​អ្នកស្រី​មិន​អាច​រក​ប្រាក់​ចំណូល​អស់​រយៈពេល​បី​សប្តាហ៍។

អ្នកស្រី Nyin Nyin Kyi បាន​រៀបរាប់ថា៖ «យើង​ត្រូវ​ខ្ចី​ប្រាក់​ពី​អ្នក​ចង​ការ​ប្រាក់​ចំនួន​១០.០០០បាត​ដើម្បី​រស់។ ក្នុង​រយៈពេល ៤ ខែ​ចុងក្រោយ យើង​អាច​បង់​បាន​ត្រឹម​តែ​ការប្រាក់​ចំនួន​ ២.០០០បាត​ក្នុង​មួយ​ខែ​តែ​ប៉ុណ្ណោះ។ យើង​ធ្លាប់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ៤ ដង​រួច​ហើយ​ ដោយសារ​ធ្វើ​ការ​ខុសច្បាប់​ ហើយ​បាន​បង់ប្រាក់​ធានា​រាប់​ពាន់​បាត​ដើម្បី​បាន​នៅ​ក្រៅ​ឃុំ។ ខ្ញុំ​ចង់​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ ប៉ុន្តែ​យើង​ត្រូវ​សងបំណុល​របស់​យើង​ដែល​មាន​ចំនួន​សរុប​ ៣០.០០០បាត​ជាមុន​សិន ​ពីព្រោះ​អ្នក​ចង​ការ​ប្រាក់​អាច​នឹង​តាម​រក​រឿង​យើង»។​

លោក François Nosten ដែល​ជា​នាយក SMRU នៅ​ចងចាំ​ថ្ងៃ​អាក្រក់​មួយ នៅ​ពេលដែល​តំបន់​ Mae Sot នេះ​ត្រូវ​បាន​ញាំញី​ដោយ​មូស​ Plasmodium Falciparum ដែល​ជា​ប្រភេទ​មូស​បង្ក​ឱ្យ​មាន​ជំងឺ​គ្រុនចាញ់​ធ្ងន់ធ្ងរ​បំផុត។

លោក​បាន​រៀបរាប់​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​បាន​មក​ដល់​តំបន់ Mae Sot ក្នុង​ឆ្នាំ១៩៨៤ ជំងឺ​គ្រុនចាញ់​គឺជា​ឃាតក​ដ៏​សាហាវ​ដែល​បាន​សម្លាប់​មនុស្ស​នៅ​ទីនេះ​ជាច្រើន​នាក់។ កាលពី​១៥​ឆ្នាំ​មុន មាន​ករណី​គ្រុនចាញ់​ចាប់​ពី​៥០​ទៅ​៦០​ករណី​ក្នុង​មួយ​ថ្ងៃ។ ឥឡូវ​នេះ​មាន​តែ​មួយ​ករណី​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ដោយសារ​មាន​យុទ្ធនាការ​ស្វែងរក​រោគសញ្ញា​ដំបូង និង​យុទ្ធសាស្រ្ត​រួម​គ្នា​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​និង​ការ​ចូលរួម​របស់​សហគមន៍​ប្រកប​ដោយ​ប្រសិទ្ធភាព។ យើង​អាច​ជួយ​ឱ្យ​អ្នក​ជំងឺ​គ្រុនចាញ់​ព្យាបាល​ពួកគេ​ជា ដូច្នេះ​យើង​ត្រូវ​រក្សា​ការ​ខិតខំ​ប្រឹងប្រែង​នេះ​ ដើម្បី​បញ្ឈប់​វដ្ត​នៃ​ការ​ចម្លង​ជំងឺ​គ្រុនចាញ់»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ប៉ុន្តែ​មិន​មាន​ផែនការ​ជា​សាកល​ច្បាស់លាស់​ដើម្បី​លុបបំបាត់​ជំងឺ​គ្រុនឈាម ឬ​ជំងឺ​ប្រហាក់ប្រហែល​នោះ​ទេ ដោយសារ​អត្រា​មរណភាព​នៅ​មាន​កម្រិត​ទាប ដូច្នេះ​ក្រុមហ៊ុន​ផលិត​ឱសថ​មិន​មាន​ការ​លើក​ទឹក​ចិត្ត​ក្នុង​ការ​វិនិយោគ​ក្នុង​ការ​ស្រាវជ្រាវ​នោះ​ទេ»។

ការ​ព្យាយាម​ចុងក្រោយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​បាន​បាត់​វិញ​ក្នុង​រយៈពេល​ពេល​ខ្លី​មួយ។ ការ​ផ្ទុះ​ជំងឺ​គ្រុនឈាម​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​បាន​បណ្តាល​ឱ្យ​មាន​ការ​ភ័យខ្លាច​នៅ​ទូទាំង​តំបន់​តំបន់​អាស៊ីអាគ្នេយ៍។ នៅ​ក្នុង​ឆ្នាំ២០១៦ នៅ​ពេល​ដែល​មាន​ការ​រីករាលដាល​នៃ​ជំងឺ​គ្រុនឈាម រដ្ឋាភិបាល​ហ្វីលីពីន​បាន​ដាក់​បញ្ចូល​វ៉ាក់សាំង​ថ្មី​មួយ​ឈ្មោះ Dengvaxia ទៅ​ក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​សាធារណៈ ហើយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាងច្រើន។ វ៉ាក់សាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​បារាំង​មួយ​ឈ្មោះ Sanofi Pasteur។ សិស្សានុសិស្ស​ចំនួន ៨០០.០០០ នាក់​ បាន​ចាក់​វ៉ាក់សាំង​នេះ​យ៉ាង​ប្រញាប់ប្រញាល់។ បន្ទាប់ពី​មាន​មនុស្ស​រាប់​រយ​នាក់​ស្លាប់​ ដោយសារ​តែ​ការ​បាត់បង់​ឈាម​ក្នុង​ខ្លួន​ និង​មនុស្ស​រាប់ពាន់​នាក់​ត្រូវការ​ការ​សង្គ្រោះ​បន្ទាន់ ឪពុកម្តាយ​បាន​ចាប់ផ្តើម​សង្ស័យ​លើ​វ៉ាក់សាំង​មួយ​ប្រភេទ​នេះ។

កាលពី​ខែសីហា ឆ្នាំ២០១៧ ក្រុមហ៊ុន​ផលិត​ឱសថ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ណែនាំ​មិន​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង Dengvaxia ចំពោះ​កុមារ​អាយុ​ក្រោម​៩ឆ្នាំ ហើយ​បាន​ទទួល​ស្គាល់​ថា «វ៉ាក់សាំង​នេះ​មាន​ហានិភ័យ​ខ្លាំង​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​មាន​មេរោគ​នេះ​ពី​មុន​ និង​អ្នក​ដែល​ប្រឈមនឹង​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ»។ ការ​ចាក់​វ៉ាក់សាំង​ប្រៀប​ដូច​ជា​ការ​ឆ្លងមេរាគជា​លើក​ដំបូង ហើយ​ប្រសិន​បើ​មាន​ការ​ឆ្លង​មេរោគ​ជា​លើក​ទី២ នោះ​អ្នក​ជំងឺ​មាន​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង។

នៅ​ក្រសួង​សុខាភិបាល​ថៃ​ លោក​វេជ្ជបណ្ឌិត Cheewanun Lertpiriyasuwat មិន​ធ្វើ​ការ​ប្រថុយប្រថាន​នោះ​ទេ។

លោក​បាន​លើកឡើង​ថា៖ «យើង​បញ្ចូល​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​៩០%​តែ​ប៉ុណ្ណោះ​ទៅ​ក្នុង​កម្មវិធី​របស់​យើង។ សម្រាប់​វ៉ាក់សាំង Dengvaxia វា​មាន​ប្រសិទ្ធភាព​តិច​ជាង​៦០%​សម្រាប់​កុមារ​នៅ​អាស៊ី។​ វ៉ាក់សាំង​ប្រភេទ​នេះ​មិន​សូវ​ត្រូវ​បាន​ណែនាំ​ឱ្យ​ប្រើប្រាស់​នោះ​ទេ។ យើង​ចង់​បាន​វ៉ាក់សាំង​ល្អ​ជាង​នេះ ព្រោះ​យើង​មិន​ប្រាកដ​អំពី​ផលវិបាក​រយៈពេល​វែង​នោះ​ទេ»។

ក្នុង​នាម​ជា​ប្រធាន​ដេប៉ាតឺម៉ង់​វេជ្ជសាស្រ្ត​ត្រូពិក​នៃ​សាកលវិទ្យាល័យ Mahidol ក្នុង​ទីក្រុង​បាងកក លោក Punnee Pitisuttithum បាន​ចូលរួម​ក្នុង​ការ​តាមដាន​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង Dengvaxia។

លោក​បង្ហាញ​ការ​អង្កេត​របស់​លោក​ថា៖ «ជាទូទៅ​វ៉ាក់សាំង​នេះ​ប្រសិទ្ធភាព​តិច។ វ៉ាក់សាំង​ដែល​ល្អ​សម្រាប់​ការពារ​ជំងឺ​គ្រុនឈាម ​គឺ​ជា​វ៉ាក់សាំង​ដែល​អាច​ជម្នះជំងឺ​គ្រុនឈាម​ទាំង​បួន​ប្រភេទ។ យើង​កំពុង​ស្វែងរក​វ៉ាក់សាំង​ថ្មី​ ដែល​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​កុមារ​ដែល​មាន​ភាពស៊ាំ​នៅ​វ័យ​ក្មេង ប៉ុន្តែ​ដោយសារ​តែ​ភាព​ស្មុគស្មាញ​នៃ​ជំងឺ​ ការ​ធ្វើ​អន្តរកម្ម​រវាង​មេរោគ​ផ្សេង​គ្នា និង​កង្វះ​ថវិកា ​វា​មាន​ការ​ពិបាក​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​នេះ​ណាស់។

លោក​វេជ្ជបណ្ឌិត​រូប​នេះ បាន​បន្ថែម​ទៀត​ថា៖ «ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ ជំងឺ​គ្រុនឈាម​កំពុង​តែ​រីករាលដាល​នៅ​ទូទាំង​តំបន់។ ប៉ុន្តែ​យើង​នៅ​តែ​អាច​បង្ការ​ភាព​ធ្ងន់ធ្ងរ និង​ទប់ស្កាត់​ការ​ឆ្លង​ និង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន ដោយ​ប្រើប្រាស់​វ៉ាក់សាំង រួម​ជាមួយ​នឹង​ឧបករណ៍​ធ្វើ​តេស្ត​ល្អ​ជាង​មុន​ដើម្បី​ធានា​ថា វ៉ាក់សាំង​នេះ​មិន​ត្រូវ​បាន​ចាក់​ឱ្យ​មនុស្ស​ដែល​មិន​ធ្លាប់​ឆ្លង​មេរោគ​នេះ។ ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា វ៉ាក់សាំង Dengvaxia បាន​ជួយ​កាត់​បន្ថយ​ករណី​ជំងឺ​គ្រុនឈាម​ដំណាក់កាល​ហូរ​ឈាម (dengue hemorrhagic fever) បាន​ ៩០% និង​ចំនួន​កុមារ​អាយុ​ក្រោម​៩ឆ្នាំ ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​ ៨០%»។

កាលពី​ខែមេសា ឆ្នាំ២០១៨ អត្ថបទ​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក​បាន​លើក​ឡើង​ថា​ ដោយ​សារ​សមាមាត្រ​នៃ​ហានិភ័យ​ធៀប​នឹង​ប្រសិទ្ធភាព​ មាន​ការ​គាំទ្រ​ឱ្យ​រឹតត្បិត​ការ​ប្រើប្រាស់​វ៉ាក់សាំង Dengvaxia។ អត្ថបទ​នោះ​សរសេរ​ថា៖ « អ្នក​ចូលរួម​ដែល​មាន​មេរោគ​នៅ​ពេល​ចាក់​វ៉ាក់សាំង​លើក​ដំបូង​មាន​ការ​ការពារ​ប្រឆាំង​នឹង​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ ក្នុង​រយៈពេល​អង្កេត​៥ឆ្នាំ​ដំបូង។ វ៉ាក់សាំង​នេះ​នៅ​តែ​មាន​តួនាទី​សំខាន់​ក្នុង​វិស័យ​សុខភាព​សាធារណៈ នៅ​ពេល​មិន​ទាន់​មាន​ដំណោះស្រាយ​ផ្សេង​ទៀត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីករាលដាល​នៃ​ជំងឺ​គ្រុនឈាម​នៅ​ជុំវិញ​ពិភពលោក»។

មិន​ដូច​ជំងឺ​គ្រុនចាញ់​ ជំងឺ​របេង ឬ​ជំងឺ​អេដស៍​ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ​ដោយសារ​តែ​ជនរងគ្រោះ​មាន​ចំនួន​ច្រើន អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​ចាត់​ទុក​ជំងឺ​គ្រុនឈាម​ថា​ជា «ជំងឺ​ត្រូពិក​ខ្វះ​ការ​ប្រុងប្រយ័ត្ន»។ នេះ​ជា​ចំណាត់ថ្នាក់​ដែល​គេ​ដាក់​ឱ្យ​ប្រភេទ​ជំងឺ​ដែល​មាន​ការ​ឆ្លង​តិចតួច​សម្រាប់​ប្រជាជន​មាន​ប្រាក់​ចំណូល​ទាប​នៅ​ទ្វីប​អាហ្វ្រិក អាស៊ី និង​អាមេរិក។

លោក Punnee Pitisuttithum បាន​ជំរុញ​ឱ្យ «អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល ឬ​ក្រុមហ៊ុន​ជីវបច្ចេកវិទ្យា​ ដូចជា​ សម្ព័ន្ធ​ដើម្បី​ការ​បង្កើត​ថ្មី​និង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​រីក​រាលដាល​នៃ​ជំងឺ (Coalition for Epidemic Preparedness Innovations ) ឬ​ មូលនិធិ Gates ដែល​បាន​វិនិយោគ​ប្រាក់​យ៉ាង​ច្រើន​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់ គួរ​តែ​ជួយ​លើក​កម្ពស់​ការ​យល់ដឹង​អំពី​ជំងឺ​គុ្រនឈាម​នេះ។

លោក​បាន​លើកឡើង​ថា៖ «យើង​ត្រូវ​ការ​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​កំណត់​ពី​ហ្សែន និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ដំណើរការ ហើយ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ យើង​ខ្វះ​សមត្ថភាព​នេះ​ទេ។ យើង​ត្រូវតែ​សហការ​រួម​គ្នា​រវាង​ប្រទេស​និង​ប្រទេស​ និង​ផលិត​វ៉ាក់សាំង​កាន់​តែ​គុណភាព​ល្អ​ប្រសើរ​នៅ​លើ​ទីផ្សារ ដើម្បី​បង្ការ​ការ​ឆ្លង​ពី​ទ្វីប​ទៅ​ទ្វីប​មួយ​ទៀត»។​

រដូវទឹកជំនន់នៅភាគពាយព្យប្រទេសកម្ពុជា គឺជារដូវនៃការរីករាលដាលជំងឺត្រូពិកដូចជាជំងឺគ្រុនឈាម ដែលករណីនៃការឆ្លងជំងឺនេះបានកើនឡើងខ្លាំងក្នុងឆ្នាំ២០១៩។

ក្នុង​រយៈពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ​ ផែនដី​មាន​កម្តៅ​ក្តៅ​ខ្លាំង​បំផុត​ដែល​ធ្លាប់​មាន ហើយ​បម្រែបម្រួល​អាកាសធាតុ​នេះ​អាច​ធ្វើ​ឱ្យ​ជំងឺ​គ្រុនឈាម​ក្លាយ​ជា​ជំងឺ​ដែល​ពិភពលោក​មាន​ការ​ព្រួយបារម្ភ។ អត្ថបទ​របស់​ព្រឹត្តិបត្រ​សិទ្ធិ​មនុស្ស​ និង​សុខភាព​ បាន​លើក​ឡើង​ថា «ការ​ផ្លាស់ប្តូរ​សីតុណ្ហភាព​ភ្លាមៗ ​កម្រិត​ទឹកភ្លៀង និង​ការ​កើត​មាន​នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ច្រើន កំណើន​ចំនួន​ប្រជាជន ការ​ធ្វើ​ទេសន្តរប្រវេសន៍ ការ​ពង្រីក​ក្រុង ពាណិជ្ជកម្ម និង​ការ​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស ត្រូវ​បាន​គេ​ជឿ​ថា នឹង​បង្កើន​កន្លែង​បង្កាត់​ពូជ​មូស និង​អត្រា​បង្ក​កំណើត​សត្វ​មូស​ ដែល​បណ្តាល​ឲ្យមាន​ភ្នាក់ងារ​ចម្លង​មេរោគ និង​ករណីចម្លង​មេរោគ​កាន់​តែ​ច្រើន។ ព្រឹត្តិបត្រ​ដដែល​នេះ​ក៏​បាន​កត់សម្គាល់​ថា «ហានិភ័យ​នៃ​ការ​កើន​ឡើង​នៃ​ការ​ចម្លង​មេរោគ​ដោយ​សត្វ​មូស នឹង​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ នៅ​ក្នុង​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប ទោះ​បី​ក្នុង​រយៈពេល​ខ្លី​ក៏​ដោយ»។​

កាលពី​ឆ្នាំ២០១២ មាន​ការ​ផ្ទុះ​ជំងឺ​គ្រុនឈាម​នៅ​អឺរ៉ុប​ជា​លើក​ដំបូង ​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩២០​មក។ ករណី​នេះ​បាន​កើត​ឡើង​នៅ​តំបន់ Madeira ដែល​បណ្តាល​ឱ្យ​មាន​ការ​ឆ្លង​ចំនួន​ជាង​២.០០០​ករណី ហើយ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន ១២០​ករណី។ កាលពី​ខែ​កញ្ញា ឆ្នាំ២០១៩ ករណី​ជំងឺ​គ្រុនឈាម​បាន​ឆ្លង​ដោយ​សារ​ការ​រួម​ភេទ​រវាង​បុរស​ពីរ​នាក់​ជា​លើក​ដំបូង​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ទីក្រុង​ Madrid ប្រទេស​អេស្ប៉ាញ។

លោក Richard Maude បាន​និយាយ​ថា៖ «វា​គ្រាន់​តែ​ជា​រឿង​មុន​ និង​ក្រោយ​តែ​ប៉ុណ្ណោះ។ ជំងឺ​គ្រុនឈាម​នឹង​រីករាលដាល​ទៅ​ដល់​ភាគខាងត្បូង​នៃ​សហរដ្ឋអាមេរិក ដែល​រង​ផលប៉ះពាល់​ដោយសារ​មេរោគ West Nile រួច​ទៅ​ហើយ។ កន្លែង​ក្តៅ​ហើយ​សើម​ គឺ​ជា​កន្លែង​បង្កាត់​ពូជ​មូស​ដ៏​ល្អ​ឥតខ្ចោះ។ នៅពេល​ដែល​ប្រទេស​លោក​ខាង​លិច​រងគ្រោះ​ដោយ​ជំងឺ​នេះ ប្រហែល​ជា​នឹង​មាន​ការ​វិនិយោគ​កាន់​តែ​ច្រើន​ទៀត​នៅ​ក្នុង​ការ​ស្រាវជ្រាវ»។

នៅ​ឯ​តំបន់ Mae Sot ប្រទេស​ថៃ​វិញ លោក François Nosten បាន​សង្ខេប​ពី​ចំណុច​សំខាន់​នៃ​ជំងឺ​រាតត្បាត​នេះ។

លោក​បាន​លើក​ឡើង​ថា៖ «ទោះបី​យើង​មាន​វ៉ាក់សាំង​ត្រឹមត្រូវ និង​មាន​តម្លៃ​សមរម្យ​ក៏​ដោយ ដែល​គេ​ត្រូវ​ការ​រយៈពេល​១០ឆ្នាំ​ទៀត​ដើម្បី​មាន​វ៉ាក់សាំង​ប្រភេទ​នោះ​សម្រាប់​ជំងឺ​គ្រុនឈាម យើង​នៅ​តែ​ផ្តល់​វ៉ាក់សាំង​នេះ​ [វ៉ាក់សាំង Dengvaxia] ទៅ​ឱ្យ​គ្រប់គ្នា ហើយ​ដោយសារ​តែ​ហេតុ​នេះ ​យើង​ត្រូវ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ និង​អគ្គិសនី ឬ​យើ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា យើង​ត្រូវ​ការ​គោលនយោបាយ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ម៉ត់ចត់ ព្រម​ទាំង​ការ​វិនិយោគ​ត្រឹមត្រូវ​លើ​វិស័យ​សុខាភិបាល និង​អប់រំ​ផងដែរ»។

ក្រៅ​ពី​ការ​សិក្សា​ស្រាវជ្រាវ​លើ​វ៉ាក់សាំង​បង្ការ​ដែល​មាន​សុវត្ថិភាព ​ប្រសិទ្ធភាព និង​មាន​តម្លៃ​ទាម អ្នក​ជំនាញ​លើ​ការ​រីករាលដាល​នៃ​ជំងឺ​គ្រុនឈាម​ ក៏​បាន​ផ្តល់​អនុសាសន៍​ និង​វិធីសាស្រ្ត​រួម​គ្នា​ រួមមាន​ការ​បញ្ចូល​ឧបករណ៍​ថ្មី​សម្រាប់​ការ​កម្ចាត់​សត្វ​មូស និង​ការ​ត្រួតពិនិត្យ​គ្រប់គ្រង​គ្លីនិក​ឱ្យ​កាន់​តែ​ប្រសើរ ព្រមទាំង​ឆន្ទៈ​នយោបាយ​ដើម្បី​អនុវត្ត​កម្មវិធី​បង្ការ​នៅ​តាម​សហគមន៍។

ដោយសារ​តែ​មាន​ការ​ប្រែប្រួល​បរិស្ថាន​ខ្លាំង បើ​មិន​មាន​ផែនការ​វិនិយោគ​ជា​សាកល​ដែល​មាន​ភាព​ស្មើ​គ្នា​ទេ​នោះ ពលរដ្ឋ​នៅតាម​ទីក្រុង​ និង​ពលរដ្ឋ​ជនបទ​ដែល​រស់​នៅ​ក្នុង​ប្រទេស​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ផ្តាច់ការ​ ដែល​ខ្វះ​តម្លាភាព នឹង​នៅ​តែ​ប្រឈម​នឹង​ជំងឺ​គ្រុនឈាម​ ដោយ​មាន​បន្ទុក​ខុស​ពី​គ្នា​ដាច់៕