ប៉ុន្មានសប្តាហ៏ទៀតមុនពេលការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ សមុទ្រចិនខាងត្បូងអាចជាបញ្ហាលេចធ្លោនៅក្នុងឆ្នាំ២០១៧នេះ។
លោក Rex Tillerson អ្នកទទួលការតែងតាំងជារដ្ឋមន្រ្តីការបរទេសរបស់ប្រធានាធិបតីជាប់ឆ្នោតដូណាល់ ត្រាំបានសំដែងនូវជំហរតឹងរ៉ឹងឡើងជាមួយចិននៅឯសវនាការទទួលការតែងតាំងរបស់ព្រឹទ្ធសភាដោយបានប្រាប់ពួកសមាជិកសភាសហរដ្ឋអាមេរិកថា ការស្ថាបនាកោះរបស់ចិននៅក្នុងផ្ទៃទឹកមានជម្លោះជាការខុសច្បាប់ហើយប្រហាក់ប្រហែលគ្នាទៅនឹងការកាន់កាប់តំបន់ Crimea ដោយរុស្ស៊ី។
លោក Tillerson បានមានប្រសាសន៍ថា «យើងនឹងត្រូវបញ្ជូនសញ្ញាយ៉ាងច្បាស់ឲ្យចិនថា ទីមួយ ត្រូវបញ្ឈប់ការស្ថាបនាកោះ។ ហើយទី២ ការចេញចូលរបស់ចិននៅប្រជុំកោះទាំងនោះក៏នឹងមិនត្រូវអនុញ្ញាតដែរ»។
លោកឧត្តមសេនីយ៍ចូលនិវត្តិន៍ James Mattis ជាអ្នកដែលបានទទួលការតែងតាំងជារដ្ឋមន្រ្តីការពារប្រទេសរបស់លោកត្រាំ ក៏បានផ្តល់សញ្ញាពីការព្រួយកង្វល់យ៉ាងខ្លាំងក្នុងអំឡុងនៃការធ្វើសវនាការទទួលការតែងតាំងរបស់លោក។
លោកឧត្តមសេនីយ៍ Mattis បានមានប្រសាសន៍ថា «ខ្ញុំគិតថា របៀបរៀបរយរបស់ពិភពលោកស្ថិតនៅក្រោមការវាយប្រហារដ៏ធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២មក ហើយការណ៍នេះចេញពីប្រទេសរុស្ស៊ី ចេញពីក្រុមភេរវជនហើយនឹងចេញមកពីអ្វីដែលចិនកំពុងធ្វើនៅក្នុងសមុទ្រចិនខាងត្បូង»។
កំណត់សម្គាល់របស់ពួកអស់លោកបង្ហាញពីជំហរតឹងរ៉ឹងរបស់រដ្ឋបាលថ្មីនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន៕