ប្រទេស​អាស៊ីខាងត្បូង​ងាក​ទៅរក​ចិន​ដើម្បីទទួល​បាន​វ៉ាក់សាំង​កូវីដ១៩ ​បន្ទាប់​ពី​ឥណ្ឌា​​ផ្អាកការ​នាំ​ចេញ​​វ៉ាក់សាំង​របស់​ខ្លួន

  • Anjana Pasricha

រូបឯកសារ៖ នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះ បង្ហាញ​ពី​សេចក្ដីជូនដំណឹង​ឲ្យ​ប្រជាជន​ដឹង​ថា «វ៉ាក់សាំង​កូវីដ១៩​អស់​ពី​ស្ដុក» នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​មួយ​ក្នុង​ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា។

ប្រទេស​នៅ​អាស៊ី​ខាងត្បូង​មួយ​ចំនួន ដូចជា​បង់ក្លាដែស​និង​ស្រីលង្កា​ជា​ដើម​ កំពុង​ងាក​ទៅ​រក​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩​របស់​ប្រទេស​ចិន​វិញ បន្ទាប់​ពី​ប្រទេស​ឥណ្ឌាបាន​ផ្អាក​ការ​នាំ​ចេញ​វ៉ាក់សាំង​ដោយសារ​តែមាន​កង្វះ​ខាតខ្លាំង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ។ អ្នក​វិភាគ​និយាយ​ថា ​ការណ៍​នេះ​នឹង​ជួយ​ឲ្យ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង ​បង្កើន​ឥទ្ធិពល​យុទ្ធសាស្ត្ររបស់​ខ្លួន​ ក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា​ ដែល​ខ្លួន​បាន​កសាង​ឥទ្ធិពលជា​យូរ​មក​ហើយ។

ប្រទេស​ចិន​បាន​ផ្តល់​វ៉ាក់សាំង​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ស៊ីណូហ្វាម​របស់​ខ្លួន​ ទៅ​ឲ្យ​ប្រទេស​ស្រីលង្កា​ចំនួន​១​លាន១សែនដូស។ ចំណែក​ប្រទេស​បង់ក្លាដែស​វិញ​ បាន​ទទួល​ជំនួយ​វ៉ាក់សាំងដំបូង​ពីប្រទេស​ចិនចំនួន​៥០ម៉ឺន​ដូសកាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ ខណៈ​ដែល​ប្រទេស​នេប៉ាល់ត្រូវ​បាន​ចិន​សន្យា​ថា​ នឹង​ផ្តល់​ជូនមួយលាន​ដូស​បន្ថែម​ទៀត​នោះ។

វ៉ាក់សាំង​ពីប្រទេស​ចិន​កំពុង​ជួយ​ប្រទេស​ទាំងនេះ​ ចាប់​ផ្តើមឡើង​វិញនូវយុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​ខ្លួន ​ដែល​ត្រូវបាន​ផ្អាក​នៅពេល​ពួកគេ​លែងមាន​ការ​ផ្គត់ផ្គង់​ពីប្រទេស​ឥណ្ឌា​នោះ។ វ៉ាក់សាំង​ទាំង​នោះ​បាន​មក​ដល់​ក្នុងពេល​ដ៏​ចាំ​បាច់​មួយ ដោយ​សារ​កំណើនឆ្លង​នៃ​ជំងឺ​កូវីដ​១៩ បាន​បង្កឲ្យ​មានការ​ភ័យ​ខ្លាច​ថា​ រលក​ឆ្លង​ទីពីរ​ដែល​ឥណ្ឌា​កំពុង​ប្រយុទ្ធទប់​ទល់​នេះ ​អាច​ប៉ះពាល់​ដល់​ប្រទេស​ជិត​ខាងរបស់​ខ្លួន​។

​លោក Michael Kugelman អនុប្រធាន​នៃ​កម្មវិធី​អាស៊ី​និង​ជា​ជំនួយ​ការជាន់ខ្ពស់​សម្រាប់អាស៊ី​ខាងត្បូង​ នៃ​មជ្ឈមណ្ឌល​ Wilson ​បាន​គូស​បញ្ជាក់​ថា៖ «សូម​កុំ​យល់​ច្រឡំ​ ការ​ផ្អាក​ការ​នាំចេញ​វ៉ាក់សាំង​របស់​ឥណ្ឌា ​គឺ​ជា​ឱកាស​យុទ្ធសាស្ត្រមួយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ ប្រទេស​ចិនពិត​ជា​បានមើល​ឃើញ​ថា​ ​សកម្មភាព​ការទូតវ៉ាក់សាំង​របស់ខ្លួន ជាយុទ្ធសាស្ត្របង្កើនកេរ្តិ៍ឈ្មោះ​របស់​ចិន​ ​នៅ​ពេល​ដែល​រដ្ឋាភិបាលទីក្រុង​ប៉េកាំង​ កំពុង​ជួប​ប្រទះការ​លំបាក​ ក្នុង​ការ​គ្រប់គ្រង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​នោះ»។

ដូច​នៅ​ក្នុងបណ្តា​ប្រទេស​ជាច្រើន​ផ្សេងៗទៀតដែរ ​ប្រទេស​ស្រី​លង្កា​និង​បង់ក្លាដែស​ មាន​ការ​ស្ទាក់ស្ទើរ​ចំពោះ​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុនចិន​ ប៉ុន្តែការប្រកាស​យល់ព្រមឲ្យ​មានការប្រើ​ប្រាស់វ៉ាក់សាំង​របស់​ក្រុមហ៊ុនស៊ីណូហ្វាម​របស់​ចិន​ក្នុង​គ្រា​អាសន្ន​ ដោយអង្គការ​សុខភាព​ពិភពលោក WHO កាល​ពី​ខែ​មេសា​នោះ បាន​ជំរុញឲ្យប្រទេស​មួយ​ចំនួនទទួល​ស្គាល់វ៉ាក់សាំង​របស់ប្រទេស​ចិន។

រូបឯកសារ៖ ​វ៉ាក់សាំង​កូវីដ១៩​របស់​ក្រុមហ៊ុន AstraZeneca ដែល​ផលិត​ដោយ​វិទ្យាស្ថាន Serum ក្នុង​ប្រទេស​ឥណ្ឌា ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ដល់​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង Mogadishu ប្រទេស​សូម៉ាលី តាមរយៈ​យន្ដការ COVAX ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

ប្រទេស​ទាំង​នេះ​ពីដំបូង​ឡើយ​ គឺ​ពឹង​ផ្អែក​លើ​ប្រទេស​ឥណ្ឌា​ ដែល​បាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩​របស់​ក្រុម​ហ៊ុន​ AstraZeneca ទៅ​ឲ្យ​ប្រទេស​មួយ​ចំនួន​ ដែលរួម​មាន​ស្រីលង្កា​ បង់ក្លាដែស​ និងប្រទេស​នេប៉ាល់​ជា​ដើម​ ​កាលពី​ដើម​ឆ្នាំ​នេះ។​ ពួកគេ​ក៏​បាន​បញ្ជា​ទិញវ៉ាក់សាំងជា​មួយវិទ្យាស្ថាន​ Serum របស់​ឥណ្ឌា​ ដែល​ជា​អ្នក​ផលិត​វ៉ាក់សាំង​ដ៏​ធំ​បំផុត​មួយនៅ​ក្នុង​ពិភព​លោក​ ប៉ុន្តែភាគ​ច្រើន​នៃ​ការ​បញ្ជា​ទិញ​នោះ​ មិន​ទាន់​ត្រូវ​បាន​ទទួល​នៅ​ឡើយ​ ​ដោយសារ​តែ​មាន​តម្រូវ​ការកាន់​តែ​ឡើង​ខ្លាំង​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ខ្លួន​ឯង​នោះ។

នៅ​ក្នុងកិច្ច​ប្រជុំ​តាមប្រព័ន្ធ​វីដេអូអនឡាញ​មួយ​ ជា​មួយ​នឹង​ប្រទេស​អាស៊ីខាងត្បូង​មួយ​ចំនួន​កាលពី​ខែមេសា​កន្លង​ទៅ រដ្ឋមន្ត្រី​ការ​បរទេសចិន​ ​លោក Wang Yi បាន​ស្នើ​ថា​ប្រទេស​ចិន​ជាអ្នក​បម្រុង​ទុកវ៉ាក់សាំង​ក្នុង​គ្រា​អាសន្ន​សម្រាប់​តំបន់​នេះ។

អ្នក​វិភាគ​មួយ​ចំនួននិយាយ​ថា ​ខណៈ​ដែល​ប្រទេស​ចិន​នឹង​ចូលបំពេញ​ការ​ខ្វះចន្លោះ​របស់​ឥណ្ឌា​ នោះ​ «​សកម្មភាព​ការទូត​វ៉ាក់សាំង​» របស់រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​អាច​នឹង​ផ្តល់​អានុភាព​ក្នុង​យុទ្ធសាស្ត្រ​តំបន់​មហា​សមុទ្រ​ឥណ្ឌា ដែល​ជា​កន្លែង​ដែល​រដ្ឋាភិបាល​ចិន​ ​កំពុង​ជំរុញ​នូវ​កម្មវិធី​ «ផ្លូវនិង​ខ្សែ​ក្រវ៉ាត់» ​របស់ខ្លួន​ ក្នុង​បំណង​សាង​សង់​គម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ប្រទេស​ជា​ច្រើន។

លោក Harsh Pant នាយកការ​សិក្សា​និងជា​ប្រធាន​កម្មវិធី​សិក្សា​យុទ្ធសាស្ត្រ​នៅមូល​និធិ​ស្រាវ​ជ្រាវ​ Observer ក្នុង​រដ្ឋធានីញូវ​ដេលី​ ប្រទេស​ឥណ្ឌា​ បាន​ថ្លែង​ថា៖ «ដោយសារ​តែ​វិបត្តិ​នេះ​នឹង​ស្ថិត​នៅ​ជាមួយ​យើង​ក្នុងពេល​អនាគត​នោះ វាច្បាស់​ណាស់​ថា ចិន​នឹង​ក្លាយ​ជា​តួ​អង្គ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​ជា​ច្រើន​ ប្រសិនបើ​ឥណ្ឌា​មិន​អាចបន្ត​ការផ្គត់ផ្គង់​វ៉ាក់សាំងរបស់​ខ្លួន​ដូច​ដើម​ឡើង​វិញ​ ក្នុង​រយៈ​ប៉ុន្មាន​ខែ ​ក្រោយ​ពី​ស្ថាន​ភាព​ជំងឺ​ឆ្លង​មាន​ភាព​នឹងនរ​នោះទេ»។

ដោយឡែកនៅ​ក្នុង​ប្រទេស​ស្រីលង្កាវិញ​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​សាងសង់​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​យុទ្ធសាស្ត្រជា​ច្រើន​កន្លែង ដែល​ ​រួម​មាន​កំពង់ផែ​ ផ្លូវ​ថ្នល់​ និង​ផ្លូវ​ដែក​ជា​ដើម។ ពេល​នេះ ប្រទេស​ចិន​កំពុង​សាងសង់​ទីក្រុង​កំពង់ផែ​ថ្មី​មួយ​នៅលើ​តំបន់​ឆ្នេរនៃ​ទីក្រុង​កូឡុំបូ​ ក្នុង​ទី​តាំង​ផ្ទៃ​ដី​ដែល​ខ្លួន​បាន​ទាម​ទារ​កាន់​កាប់​នោះ។

​អ្នក​វិភាគ​នយោបាយ​ក្នុង​ទីក្រុង​កូឡុំបូ​ លោក Asanga Abeyagoonasekera លើក​ឡើង​ថា​ ការ​ផ្តល់​វ៉ាក់សាំងដល់​ប្រទេស​ស្រី​លង្កា​ដោយ​រដ្ឋាភិបាល​ចិន​ ​នឹងធ្វើ​ឲ្យ​ទំហំ​នៃ​វត្តមាន​របស់​ចិន​នៅ​ក្នុង​ប្រទេស​នេះ​ កាន់តែ​រីក​ធំ​ឡើង​ៗ ។ លោក​បន្ថែម​ថា៖ «ប្រទេស​ចិនមាន​ឥទ្ធិពលខ្លាំង​រួច​ទៅ​ហើយ​ នៅក្នុង​ប្រទេស​ស្រីលង្កា ប៉ុន្តែ​វ៉ាក់សាំង​នេះ​គឺ​ជា​ផ្នែកមួយ​ទៀត ​ដែល​ធ្វើ​ឲ្យឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​ប្រទេស​នេះ​ កាន់​តែ​រឹងមាំ​ខ្លាំង​ថែម​ទៀត។ ​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​របស់​ចិន​ ក្នុង​អំឡុង​ពេល​នៃជំងឺ​រាត​ត្បាត​កូវីដ១៩ ​តែង​តែ​ត្រូវ​បាន​ស្វាគមន៍​ ប៉ុន្តែ​សំណួរ​នៅ​ត្រង់​ថា​ តើការ​ផ្តល់​នេះ​ គឺ​ជា​ការ​ពង្រីកនៃ​យុទ្ធសាស្ត្រទន្ទ្រាន​កាន់​កាប់របស់​ចិន​ឬ​យ៉ាង​ណា​នោះ»។

អ្នក​វិភាគ​មួយ​ចំនួន​លើកឡើង​ថា «​សកម្មភាព​ការទូត​វ៉ាក់សាំង» ​របស់​ចិន ​ប្រហែល​មិនសុទ្ធ​តែ​ជា​អំណាច​ទន់​ទាំង​អស់​នោះទេ។ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំប្រទេសបង់ក្លាដែស បាន​និយាយក្នុង​ទីក្រុង Dhaka ក្នុង​ពេលថ្មីៗកន្លង​ទៅ​នេះ​ថា​ ប្រសិន​បើ​ប្រទេស​បង់ក្លា​ដែសចូល​រួម​ជា​មួយ​ក្រុម​ប្រទេស ​Quad នោះ ទំនាក់​ទំនង​ជាមួយ​ចិន​នឹង​ត្រូវប៉ះ​ពាល់។ Quad គឺ​ជា​ក្រុម​ប្រទេស​៤ ​ដែល​មានសម្ព័ន្ធ​យុទ្ធសាស្ត្រ​មិន​ផ្លូវការ​មួយ ​ដែល​រដ្ឋាភិបាលក្រុង​ប៉េកាំង​ចាត់ទុក​ថា​ ​ជា​ប្រទេស​ប្រឆាំង​នឹង​ខ្លួន ដែល​ក្នុង​នោះ​មាន​ប្រទេស​ឥណ្ឌា​ សហរដ្ឋអាមេរិក​ ជប៉ុន និង​ប្រទេស​អូស្ត្រាលី។

រូបឯកសារ៖ ទាហាន​ស្រីលង្កា​ម្នាក់​ក្នុង​ឯកសណ្ឋាន​ការពារ​ពី​ជំងឺ​កូវីដ១៩ ដើរ​កាត់​ប្រជាជន​ដែល​រង់ចាំ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ស៊ីណូហ្វាម​របស់​ចិន​នៅ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​មួយ​ក្នុង​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

ក្នុង​ពេល​នេះ ​ប្រទេស​បង់ក្លាដែស ​បាន​ស្នើ​ឲ្យ​ប្រទេស​លោកខាងលិច​ជួយ​ នៅ​ពេល​ដែល​ខ្លួន​កំពុងអស់​វ៉ាក់សាំង​ AstraZeneca សម្រាប់ចាក់​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន ហើយ​ពលរដ្ឋ​បង់ក្លាដែស​ជាង​១លាន​នាក់ទៀត​ នៅ​មិន​ទាន់​ទទួលបាន​វ៉ាក់សាំង​ដូស​ទី​២​នៅ​ឡើយ​ទេ។

រដ្ឋមន្ត្រី​ការបរទេសបង់ក្លាដែស ​លោក A K Abdul Momen បានហៅ​ស្ថានភាព​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​របស់​លោក​ថា​ជា​«វិបត្តិមួយ»។ លោក​បាន​និយាយ​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ បង់ក្លាដែស «ត្រូវការ​ជាខ្លាំង»​ នូវ​វ៉ាក់សាំង​ពី​ប្រទេស​ ដូចជា​សហរដ្ឋ​អាមេរិក​ ចិន​ រុស្ស៊ី​ និង​ចក្រភព​អង់គ្លេស។

​អ្នក​វិភាគ​លើក​ឡើង​ថា​ ​វា​មាន​សារៈ​សំខាន់​សម្រាប់​ប្រទេស​មួយ​ចំនួនដូចជា​សហរដ្ឋ​អាមេរិក​ជា​ដើមដែល​បាន​សន្យា​បរិច្ចាគ​វ៉ាក់សាំង​ចំនួន​៨០លាន​ដូស ដល់​ប្រទេស​ដែល​កំពុង​ត្រូវ​ការ​វ៉ាក់សាំង​ជា​ខ្លាំង​ក្នុង​តំបន់​មួយ​ ​ដែលមានសារៈសំខាន់ជា​យុទ្ធសាស្ត្រ​សម្រាប់​ខ្លួន​នោះ។

លោក​ Pant ​បាន​និយាយ​ថា៖ «ការណ៍​ដែល​ចិន​អាច​ជួយ​ប្រទេស​នានា​ក្នុង​ពេល​នេះ​ នឹង​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នោះ​មាន​ការ​ចង​ចាំ​នូវ​អ្វី​ដែល​បាន​កើត​មាន​ឡើង​ នៅក្នុង​ដំណាក់​កាល​ដ៏សំខាន់​បំផុត​នៃប្រវត្តិសាស្ត្រ​សាកល​លោក។ ដូច្នេះ​ សហរដ្ឋ​អាមេរិក​ អាច​នឹង​ឆ្លើយ​តប​បាន​ល្អ​ ទៅ​លើ​បញ្ហា​ទាំង​អស់នេះ។ ពិត​ណាស់​ សំណួរ​នៅ​ត្រង់​ថា​ ​តើ​ពួកគេ​ហ៊ានដើរដល់​កម្រិត​ណា​និង​លឿន​ប៉ុណ្ណា​ ប៉ុន្តែវា​អាចនឹងប៉ះពាល់​ដល់ការ​យល់​ឃើញ​របស់​ប្រទេស​តូចៗ​ ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ​និង​អាស៊ី​ខាង​ត្បូង​ទៅលើ​គោល​នយោបាយ​ការបរទេស​របស់​ពួកគេ»។

​ប្រទេស​ឥណ្ឌា​ដែល​បាន​នាំចេញ​វ៉ាក់សាំង​ចំនួន៦៥លាន​ដូស ​មុន​ពេល​ដែលខ្លួន​បិទផ្អាកការនាំ​ចេញ​នោះ​ សង្ឃឹម​ថា​នឹង​បង្កើន​សមត្ថភាព​គ្រប់​គ្រាន់ដើម្បី​បន្តផលិត​ចែក​ចាយវ៉ាក់សាំង​ឡើង​វិញ​ ទៅ​កាន់​ប្រទេស​ផ្សេងៗ​នោះ​ ប៉ុន្តែការ​ធ្វើ​ដូច្នេះ​ ​ប្រហែលជា​មិន​អាច​កើត​មានឡើង​បាន​ទេ​ ​រហូត​ដល់​ចុង​ឆ្នាំ​២០២១។

លោក Kugelman លើក​ឡើង​ថា៖ «​រដ្ឋាភិបាល​ទីក្រុង​ញូវដែលី ​មាន​ឱកាស​បង្ហាញ​វត្តមាន​របស់​ខ្លួន​ឡើង​វិញ​ក្នុង​ពេល​អនាគត។ ឥណ្ឌា​គឺ​ជាប្រទេសផលិត​វ៉ាក់សាំង​ដ៏​ធំ​បំផុតរបស់​ពិភពលោក​ ដូច្នេះ​វា​មាន​ប្រៀប​រួចទៅ​ហើយ​ បើ​ធៀប​នឹង​ប្រទេស​ចិន​នោះ។» លោក​បន្ថែមថា​ ​សកម្មភាព​ការទូត​វ៉ាក់សាំង​របស់​ចិន គឺ​ក្នុងបំណង​លើក​ស្ទួយ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ ក្នុង​កាលៈ​ទេសៈ​ដែល​ចិនកំពុងរង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​គោល​នយោបាយពង្រីកឥទ្ធិពល​របស់​ខ្លួន ​និង​សំណួរ​ជា​ច្រើនដែលបាន​បាញ់​ស្រោច​មកលើ​ចិន​ ជុំវិញប្រភព​ដើម​នៃ​វីរុស​ជំងឺ​កូវីដ១៩ ​និង​វិធី​ដែល​ជំងឺនេះ​កើត​ឡើងយ៉ាង​ដូច​ម្តេច​នោះ។

ពេល​នេះ​ ប្រទេស​ចិន​បានក្លាយ​ជា​អ្នក​នាំ​ចេញ​វ៉ាក់សាំង​ដ៏ធំជាង​គេ​បង្អស់​នៅក្នុង​ពិភពលោក​ ស្រប​ពេលដែល​ប្រទេស​នានា​ក្នុងទ្វីប​អាស៊ី អាហ្វ្រិក​ អាមេរិកឡាទីន កំពុង​ប្រើប្រាស់​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ១៩ ដែល​ផលិត​ដោយ​ក្រុមហ៊ុ​ន​ចិន ​សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋរបស់​ពួក​គេ​នោះ៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ