អ្នកដាំ​កៅស៊ូ​សង្ឃឹម​ថា​តម្លៃ​កៅ​ស៊ូ​នឹង​ឡើង​ជា​ថ្មី

  • Steve Herman

លោក Roslai Hasan វ័យ​៦២ឆ្នាំ ចៀរដើម​កៅស៊ូ ដើម្បី​យក​ដើម​កៅស៊ូ​នៅ​ក្នុង​ចំការ Hulu Reningក្នុង​ស្រុក Batangkali នៅ​ជាយ​ក្រុងKuala Lumpur នៅថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០១៤។

ការ​បន្ថយ​ការ​នាំ​ចូល​កៅស៊ូ​ដោយ​ប្រទេស​ចិន​និង​ប្រទេស​ផ្សេងៗ​ទៀត​ ត្រូវ​បាន​គេ​ស្តី​បន្ទោស​ថា ​ជា​ចំណែក​មួយ ដែល​នាំ​ឲ្យ​មាន​វិបត្តិ​នៅ​ក្នុង​ឧស្សាហកម្ម​កៅស៊ូ​របស់​តំបន់​អាស៊ី​អាគ្នេយ៍។​ តម្លៃកៅ​ស៊ូ​បាន​ធ្លាក់​ចុះ​នៅ​ក្រោម​តម្លៃ​ផលិត។​ ចំពោះ​កសិករ​កៅ​ស៊ូ​ក្នុង​ប្រទេស​ថៃ ​ម៉ាឡេស៊ី​ និង​ឥណ្ឌូនេស៊ី ​ដែល​បាន​ផ្គត់ផ្គង់​កៅស៊ូ​ចំនួន​២​ភាគ​៣​នៃ​ទី​ផ្សារ​ប្រចាំ​ឆ្នាំ​របស់​ពិភពលោក​ ដែល​មាន​តម្លៃ​ ៣៦​ពាន់​លាន​ដុល្លារ​ តម្លៃ​នេះ​បាន​ឡើង​ខ្ពស់​បំផុត​មុន​ពេល​កសិផល​នេះ​បាន​ធ្លាក់​ចុះ​មក​ដល់​តម្លៃ​ទាប​បំផុត​វិញ។

លោក​ Yium​ Tavarolit ​ដែល​ជា​ប្រធាន​ការិយាល័យ​ប្រតិបត្តិ​នៃ​សមាគម​កៅ​ស៊ូ​អន្តរជាតិ​ដែល​មាន​ប្រទេស​៣​ជា​សមាជិក​បាន​ថ្លែង​ថា៖​

«កសិករ​កំពុង​រង​ផល​ប៉ះ​ពាល់​ពី​តម្លៃ​ថោក​បំផុត​ដែល​ស្ថិត​នៅ​ក្រោម​តម្លៃ​នៃ​ការ​ផលិត​ ពីព្រោះ​តែ​តម្លៃ​ថោក​នៃ​កៅ​ស៊ូ​ទៅ​អនាគត»។​

លោក​ Yium ​និយាយ​បន្ត​ទៀត​ថា ​ការធ្លាក់​ចុះ​តម្លៃ​កៅស៊ូ​នេះ​ បាន​បង្ខំ​ឲ្យ​កសិករ​កៅ​ស៊ូ​បោះ​បង់​ចោល​កាំបិត​ឆូត​ជ័រ​កៅស៊ូ។​

«ពួកគេ ​បាន​ប្តូរ​ទៅ​សកម្មភាព​កសិកម្ម​ផ្សេងៗ​វិញ។ ​អ្នក​ខ្លះ ​កំពុង​កាប់​ដើម​កៅ​ស៊ូ​ចោល»។​

សមាគម ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ពួក​លក់​ដូ​រកៅ​ស៊ូ​ កំពុង​ក្រឡុក​តម្លៃ​ ហើយ​ថា​ អត្រា​រវាង​ការ​ផ្គត់​ផ្គង់​និង​តម្រូវ​ការ​ មិន​សម​នឹង​តម្លៃ​ថោក​បែប​នេះ​ទេ។​

ក៏​ប៉ុន្តែ ​ពួក​អ្នក​វិភាគ​ដែល​ VOA​ បាន​ទាក់​ទង​កាល​ពី​ថ្ងៃ​ច័ន្ទ​ និយាយ​ថា ​ពួក​អ្នក​លក់​ដូរ ​កំពុង​រង់​ចាំ​មើល​ ពីព្រោះ​មាន​អន្តរាគមន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ទីផ្សារ​ដោយ​រដ្ឋាភិបាល​ថៃ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ពួក​យោធា​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​កាល​ពី​៧​ខែ​មុន។

​ប្រទេស​ថៃ ​កំពុង​ផ្តល់​ថវិការ​ដល់​កម្មវិធី​ដែល​មាន​ទឹក​ប្រាក់​ជិត​២​ពាន់​លាន​ដុល្លារ​ដែល​រួម​មានការ​ទិញ​កៅស៊ូ​ដោយ​ផ្ទាល់​ពី​ពួក​អ្នក​ផលិត​ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ជួយ​កសិកម្ម។​

ឈ្មួញ​កណ្តាល​ឧស្សាហ៍កម្ម​ដ៏​សំខាន់​ម្នាក់​នៅ​ក្នុង​ទីក្រុង​តូក្យូ​ ដែល​មិន​ចង់​ប្រាប់​ឈ្មោះ​ពី​ព្រោះ​តែ​ចំណង​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​លោក​ជាមួយ​ឧស្សាហ៍កម្ម​កៅស៊ូ​និង​រដ្ឋាភិបាល​ថៃ ​និយាយ​ថា ​ការ​ធ្វើ​អន្តរាគមន៍​ទីផ្សារ​ដោយ​រដ្ឋាភិបាល​ថៃ ​ជានិច្ច​កាល​ បាន​ទទួល​បរាជ័យ។​

លោក ​បាន​និយាយ​ប្រាប់​ VOA​ ថា​ អ្វី​ដែល​រដ្ឋាភិបាល​ថៃ​ ចាំ​បាច់​ត្រូវ​ធ្វើ​គឺ​ កាប់​ដើម​កៅស៊ូ​ចោល​ហើយ​នឹង​ត្រួតត្រា​ការ​ផ្គត់​ផ្គង់។ ​បើ​ពុំ​ដូច្នេះ​ទេ ​ពួកគេ ​នឹង​រក្សា​ទុក​កៅ​ស៊ូ​ ហើយ​រដ្ឋាភិបាល​នឹង​ទិញ​កៅស៊ូ​ ក៏ប៉ុន្តែ​ ទីផ្សារ​សាកល​លោក ​មិន​អាច​ទិញ​កៅស៊ូ​ថ្លៃ​បែប​នេះ​បាន​ទេ។​

ក៏​ប៉ុន្តែ ​អគ្គនាយក​ក្រុម​ហ៊ុន​កៅស៊ូ​អន្តរជាតិ​និយាយ​ថា ​ថៃ​និង​រដ្ឋាភិបាល​ប្រទេស​ផ្សេង​ទៀត ​គ្មាន​ជម្រើស​ទេ​ គឺ​ត្រូវ​តែ​ជួយ​ក្រុម​កសិករ​កៅស៊ូ​របស់​ខ្លួន។​

«ការ​ជួយ​ឧបត្ថម្ភ​ភ្លាមៗ ​ជាការ​ចាំ​បាច់។​ សម្រាប់​រយៈ​ពេល​យូរ​ ត្រូវ​តែ​មាន​វិធានការ​ចីរភាព​ផ្សេងៗ​ទៀត​ដើម្បី​ជួយកសិករ​ឲ្យ​អាច​ទ្រទ្រង់​ខ្លួន​ឯង​បាន។​ក៏ប៉ុន្តែ ​សម្រាប់​ស្ថានភាពនៅ​ពេល​បច្ចុប្បន្ន​នេះ ​គ្មាន​ជម្រើស​សម្រាប់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ធ្វើ​វិធានការ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ជួយ​កសិករ​ដាំ​កៅស៊ូ​ដែល​កំពុង​រងគ្រោះ​នោះ​ទេ»។​

ក្នុង​ប្រទេស​ជប៉ុន ​កៅ​ស៊ូ​ចុះ​ថ្លៃ​រយៈ​ពេល​ ៥​ខែ​ បាន​ត្រូវ​គេ​មើល​ឃើញ​កាល​ពី​ដើម​ខែ​តុលា។​

ការ​ជួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាលថៃ​ បាន​ជួយ​ឲ្យ​តម្លៃ​ឡើង​ថ្លៃ​បណ្តោះ​អាស័ន្ន ​ ក៏​ប៉ុន្តែ​ តម្លៃ​បាន​ធ្លាក់​ម្តង​ទៀត​នៅ​ខែ​នេះ។​

ចិន ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ខ្លួន ​នឹង​បង្កើន​ទំហំ​នាំ​ចូល​ផលិតផល​កសិកម្មទ្វេដង​មក​ពី​ប្រទេស​ថៃ​នៅ​ឆ្នាំ​ក្រោយ​ រួម​មាន​អង្ករ​និង​កៅស៊ូ។​

អង្គការ​ Oxford​ Business​ Group ​បាន​ចេញ​ផ្សាយ​ព័ត៌មាន​សេដ្ឋ​កិច្ចកាល​ពី​ថ្ងៃ​សៅរដែល​បាន​ព្យាករណ៍ ​ពី​ការ​កាត់​បន្ថយ​ផលិតផល​ហើយ​នឹង​ទំនង​បង្កើន​តម្រូវ​ការ​ក្នុង​ប្រទេស​ថៃ​ ដែល​នឹង​ជួយ​កាត់​បន្ថយ​ការ​ស្តុក​ទុក​នៅ​ឆ្នាំ​ក្រោយ​នៅ​ពេល​ដែល​ការ​ព្យា​ករណ៍​ខ្លះ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កៅស៊ូ​សាកលលោក​នឹង​ឡើង​ចំនួន​ ទោះ​ជា​មាន​ការ​បន្សល់​ទុក​កៅស៊ូ​សែស​សល់​ល្មម​ក៏​ដោយ។​

ប្រែ​សម្រួល​ដោយ ​ ជឹង​ ប៉ូជីន