ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនចង់ឱ្យរដ្ឋាភិបាលធ្វើប្រជាមតិដើម្បីដឹងពីចំនួនប្រជាពលរដ្ឋគាំទ្រ និងមិនគាំទ្រលើគម្រោងអភិវឌ្ឍន៍ តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលកំពុងមានភាពចម្រូងចម្រាស។
នាពេលថ្មីៗនេះ បន្ទាប់ពីមានការបង្ហោះសារ និងវីដេអូរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ទាក់ទិននឹងគម្រោងអភិវឌ្ឍន៍ CLV ប្រជាពលរដ្ឋមួយចំនួនបានបង្ហាញក្តីបារម្ភលើបណ្តាញសង្គមថា កម្ពុជាអាចនឹងត្រូវបាត់បង់ខេត្តចំនួនបួនទៅវៀតណាម ប្រសិនបើអនុវត្តគម្រោងមួយនេះ។ អ្នកខ្លះថា រដ្ឋាភិបាលមានសមត្ថភាពអភិវឌ្ឍតំបន់នេះដោយខ្លួនឯងបាន ដោយលើកឡើងទាំងគុណសម្បត្តិ និងគុណវិបត្តិពីការចូលរួមក្នុងគម្រោងអភិវឌ្ឍន៍រួមបីប្រទេសនេះ។
នៅក្រោមសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួង ស្ថាប័នមួយចំនួន និងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន អ្នកប្រើបណ្តាញសង្គមមួយចំនួនបានស្នើឱ្យរដ្ឋាភិបាលធ្វើប្រជាមតិឱ្យដឹងពីចំនួនគាំទ្រ និងមិនគាំទ្រ។ ខ្លះស្នើឱ្យរដ្ឋាភិបាលស្តាប់ និងយកការបញ្ចេញមតិរបស់ប្រជាពលរដ្ឋទៅពិនិត្យ និងពិចារណាក្នុងការដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណនេះ។
អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានឆ្លើយតបការបញ្ចេញមតិរបស់ពលរដ្ឋជាអ្នកប្រើប្រាស់បណ្តាញសង្គមដែលស្នើឱ្យមានការធ្វើប្រជាមតិ។លោកថា៖ «នេះមិនមែនជាប្រធានបទដែលត្រូវធ្វើប្រជាមតិទេ។ វាជារឿងសេដ្ឋកិច្ចពាណិជ្ជកម្ម ដឹកជញ្ជូន ទេសចរ។ល។ គ្មានអ្នកណាមានសិទ្ធិកាត់ដីឱ្យបរទេស ឬយកដីទៅដាក់ជាភាគហ៊ុនជាមួយបរទេសទេ»។
លោកក៏បានឆ្លើយតបនឹងការបញ្ចេញមតិរបស់អ្នកប្រើបណ្តាញសង្គមមួយចំនួនថា ពួកគេទាំងនោះជាអ្នកប្រឆាំងរដ្ឋាភិបាល ហើយកំពុងរស់នៅក្រៅបរទេស ហើយលោកព្រមានពួកគេកុំដើរហួសបន្ទាត់ក្រហមដើម្បីចង់ផ្តួលរលំមេដឹកនាំ។
គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលប្រទេសចំនួនបី គឺកម្ពុជា ឡាវ និងវៀតណាម បានឯកភាពគ្នាក្នុងការដាក់ខេត្តចំនួន១៣រួមគ្នាដើម្បីអភិវឌ្ឍន៍។ កម្ពុជាមានខេត្តចំនួនបួន គឺរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ដែលត្រូវបានដាក់បញ្ចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។ រដ្ឋាភិបាលកម្ពុជាអះអាងថា តំបន់ត្រីកោណអភិវឌ្ឍន៍ជាប្រភពនៃសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌។
ទោះជាយ៉ាងណាក្តី ប្រធានបទស្តីពី «តំបន់ត្រីកោណអភិវឌ្ឍន៍ CLV» បានក្លាយជាប្រធានបទដ៏ចម្រូសចម្រាសមួយ ស្របពេលដែលមានការព្រួយបារម្ភពីការបាត់បង់ទឹកដីខេត្តភាគឦសានរបស់កម្ពុជាទៅកាន់វៀតណាម ដូចការបាត់បង់ទឹកដីកម្ពុជាក្រោម។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានអះអាងថា គម្រោងនេះជាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ ហើយអធិបតេយ្យភាពរបស់ប្រទេសទាំងបីមិនមានការបាត់បង់ឡើយ។
និសិ្សតឆ្នាំទី១នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលសុំឱ្យដាក់ឈ្មោះត្រឹម បណ្ឌិត ប្រាប់វីអូអេថា រដ្ឋាភិបាលគួរបង្កើតការស្ទង់មតិរបស់ប្រជាពលរដ្ឋលើគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV នេះដើម្បីយល់ឱ្យច្បាស់ពីគំនិតរបស់ប្រជាពលរដ្ឋ។ លោកថា គម្រោងអភិវឌ្ឍន៍នេះនឹងល្អប្រសិនបើមិនមានផលប៉ះពាល់ដល់បូរណភាពរបស់កម្ពុជា។
លោកថ្លែងថា៖ «បើសិនជាអត់មានការកាត់ខេត្ត ឬក៏អត់មានអីឱ្យទៅប្រទេសគេទេ ប្រសិនបើគម្រោងនឹងកើតឡើង ហើយធ្វើឱ្យខេត្ត និងប្រទេសកម្ពុជាយើងមានការរីកចម្រើន គឺខ្ញុំសប្បាយចិត្ត»។
ប្រជាពលរដ្ឋម្នាក់ប្រាប់វីអូអេដោយសុំមិនបញ្ចេញឈ្មោះ ដោយអះអាងថា បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន លើកឡើងថា លោកមិនគាំទ្រគម្រោង CLV នោះទេ ដោយសារក្នុងប្រវត្តិសាស្រ្ត វៀតណាមតែងតែចង់បានអ្វីជារបស់កម្ពុជា។ លោកថា លោកចង់ឱ្យមានការស្ទង់មតិដើម្បីឱ្យពលរដ្ឋបានបញ្ចេញមតិ និងបង្ហាញការយល់ឃើញ។
លោកថ្លែងថា៖ «បាទ! យល់ព្រមត្រង់ឱ្យគាត់ធ្វើប្រព័ន្ធស្ទង់មតិហ្នឹង។ រាជរដ្ឋាភិបាលគាត់ស្នើធ្វើក៏ធ្វើទៅ ប៉ុន្តែសម្រាប់ខ្ញុំទៅបោះក៏មិនបោះកន្លែងគាំទ្រហ្នឹងដែរ ព្រោះខ្ញុំអត់ពេញចិត្តនៅខាងហ្នឹង។ កន្លែងហ្នឹងយើងមើលទៅវាបាត់បង់ទឹកដីច្រើនមែនទែន។ យើងមើល យើងសោកស្តាយ។ យើងជាប្រជាពលរដ្ឋ យើងមិនអាចតតាំងជាមួយនឹងគេបានទេ»។
នៅក្នុងសារសំឡេងពិសេសរបស់លោក ហ៊ុន សែន កាលពីរសៀលថ្ងៃទី១២ ខែសីហា លោកបានបញ្ជាក់ឡើងវិញម្តងទៀតអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ថា «តំបន់ត្រីកោណអភិវឌ្ឍន៍ CLV» គឺជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ដោយអះអាងថា មិនមានការកាត់ដីខេត្តរបស់កម្ពុជាទៅប្រទេសវៀតណាមឡើយ។ លោកបន្ថែមថា ប្រទេសទាំងបីមានការគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសនីមួយៗ ហើយកិច្ចសហប្រតិបត្តិការនេះជាចំណែកមួយដែលពន្លឿនដល់ការអភិវឌ្ឍតំបន់ប្រទេសទាំងបី។
អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភារូបនេះបន្ថែមថា ប្រជាជននៃប្រទេសទាំងបី រួមមានកម្ពុជា ឡាវ និងវៀតណាម អាចឆ្លងកាត់ប្រទេសទាំងបីបាន ដោយអនុវត្តតាមច្បាប់របស់ប្រទេសនីមួយៗ និងមានលិខិតបែបបទឆ្លងដែនត្រឹមត្រូវ។
លោក ហ៊ុន សែន ថ្លែងថា៖ «ការអភិវឌ្ឍតំបន់ត្រីកោណនេះមិនមានជាការកាត់ដីឱ្យជនជាតិបរទេសណាមួយ ហើយក៏មិនមែនដាក់ជាភាគហ៊ុនដែរ។ សូមបងប្អូនកូនក្មួយចាំឱ្យច្បាស់ពាក្យថា អភិវឌ្ឍន៍រួម និងសហប្រតិបត្តិការ។ បងប្អូនយល់ច្រឡំហើយថា ការអភិវឌ្ឍរួមយើងអត់ធ្វើទេ ព្រោះយើងគ្មានសិទ្ធិ។ រដ្ឋាភិបាលគ្មានសិទ្ធិយកដីខ្មែរទៅដាក់រួមជាមួយនឹងប្រទេសណាទេ។ យើងគ្មានចេតនាដើម្បីនឹងបង្កើតតំបន់នោះឱ្យទៅជាតំបន់ស្វយ័តដោយកាត់មួយភាគរបស់កម្ពុជា មួយភាគរបស់ឡាវ មួយភាគរបស់វៀតណាម ហើយកើតជាតំបន់ស្វយ័ត ឬជាប្រទេសមួយក៏អត់ដែរ»។
ក្រៅពីការឆ្លើយតបលើការអភិវឌ្ឍតំបន់ត្រីកោណ CLV លោក ហ៊ុន សែន ក៏បានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកដែលមានបំណងចង់ធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល និងហាមមិនឱ្យដើរហួសបន្ទាត់ក្រហមឡើយ។
លោកថ្លែងថា៖ «ការញុះញង់ពីខាងក្រៅគឺអាក្រក់ខ្លាំងណាស់នៅពេលនេះ។ ប៉ុន្តែបងប្អូននៅក្នុងប្រទេសមិនគួរត្រូវបានគេបោកប្រាស់នៅពេលដែលខ្លួនកំពុងស្ថិតនៅទីនេះ …នៅទីនេះ។ ប៉ុន្តែខ្ញុំគ្រាន់តែសុំអំពាវនាវចំពោះបងប្អូនកុំដើរឆ្លងផុតបន្ទាន់ក្រហមឈានទៅដល់ការផ្តួលរំលំដូចដែលពួកឧទ្ទាមក្រៅច្បាប់បានធ្វើការអំពាវនាវប៉ុន្មានថ្ងៃកន្លងទៅនេះ ដែលចាំបង្ខំឱ្យរាជរដ្ឋាភិបាលត្រូវតែយកវិធានការចាំបាច់ដើម្បីនឹងទប់ស្កាត់អនាធិបតេយ្យបង្កចលាចលក្នុងសង្គម។ យើងគ្មានជម្រើសទេ ជម្រើសដែលនៅសេសសស់របស់យើងគឺការពារនូវសន្តិភាព ស្ថិរភាពនយោបាយ និងជីវិតរបស់ប្រជាជនយើង»។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិលោក សេង វណ្ណលី ប្រាប់វីអូអេថា ប្រជាពលរដ្ឋបារម្ភថា គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណនេះនឹងធ្វើឱ្យប្រទេសវៀតណាមទទួលផលចំណេញច្រើនជាងកម្ពុជា ដោយសារសេដ្ឋកិច្ចវៀតណាមមានភាពទូលាយជាងកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជាមិនទុកចិត្តការគ្រប់គ្រងរបស់រដ្ឋាភិបាល។
លោកបន្ថែមថា នៅបណ្ដាប្រទេសផ្សេងទៀត ប្រសិនបើប្រជាពលរដ្ឋមើលឃើញថា គម្រោងណាមួយរបស់រដ្ឋាភិបាលអាចកើតមានជាហានិភ័យ នោះគេនឹងធ្វើប្រជាមតិ។
លោកថ្លែងថា៖ «ដោយសារតែមាននិន្នាការ ឬទស្សនៈខុសគ្នា អ៊ីចឹងអាការដែលធ្វើប្រជាមតិហ្នឹង វាអាចជួយបន្ធូរបន្ថយភាពតានតឹងបានច្រើន ក៏ប៉ុន្តែដូចខ្ញុំថា ការដែលធ្វើប្រជាមតិហ្នឹង គួរតែឈរទៅលើមូលដ្ឋានមួយដែលមានភាពច្បាស់លាស់ សុក្រឹត ហើយនិងយុត្តិធម៌ ការពារការជ្រៀតជ្រែតពីស្ថាប័ននយោបាយណាមួយ»។
ស្របពេលដែលមានភាពចម្រូងចម្រាសនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV និងការដួលរំលំនៃរបបដឹកនាំក្នុងប្រទេសបង់ក្លាដែស ក្រុមកងកម្លាំងប្រដាប់អាវុធនៅកម្ពុជា ដូចជាក្រសួងការពារជាតិ កងរាជអាវុធហត្ថ និងក្រុមនគរបាលជាដើម បានចេញសារមានន័យដូចៗគ្នាក្នុងការថ្កោលទោសរាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អ្នកស្រី ចម និម្មល ក៏បានចេញការបកស្រាយបន្ថែមអំពីកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ CLV ថា ជា«ការបន្ថែមអត្ថប្រយោជន៍» និង «ទាញយកប្រសិទ្ធភាពនៃការតភ្ជាប់គ្នា» ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសទាំងបីត្រូវពិភាក្សាគ្នាក្នុងការគិតគូរពីតំបន់ណាដែលត្រូវធ្វើការអភិវឌ្ឍមុនដើម្បីទទួលបាននូវផលចំណេញរួម៕