ខណៈមានបញ្ហាប្រឈមពាក់ព័ន្ធកង្វះទឹកស្រោចស្រពស្រែប្រាំងនាដើមឆ្នាំ ២០២៤ នេះ អាជ្ញាធរខេត្តមួយចំនួនបានអំពាវនាវឱ្យពលរដ្ឋផ្អាកធ្វើស្រែប្រាំងនៅរដូវក្រោយ និងកំពុងធ្វើកិច្ចអន្តរាគមន៍ទាញទឹកពីប្រភពផ្សេងៗដើម្បីដោះស្រាយបញ្ហាប្រឈមមួយនេះ។ ចំណែកកសិករមួយចំនួននៅតែសម្តែងការព្រួយបារម្ភខ្លាចផលស្រូវរបស់ពួកគេខូចខាត និងប៉ះពាល់សេដ្ឋកិច្ច ដោយសារការប្រមូលផលស្រូវប្រាំងនឹងប្រើរយៈពេលជាងមួយខែទៀត។
ខេត្តដែលកំពុងប្រឈមនឹងការខ្វះខាតទឹកខ្លាំងជាងគេ ឬប្រឈមនឹងការរីងស្ងួតនាពេលខាងមុខ រួមមានខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ជាដើម។ ចំណែកខេត្តផ្សេងទៀត ដូចជាខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀងនៅអាចមានទឹកគ្រប់គ្រាន់ ដើម្បីជួយធ្វើអន្តរាគមន៍ជួយដំណាំរបស់កសិករ។ នេះបើតាមអាជ្ញាធរខេត្ត។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរកំពុងទាញទឹកពីអាងស្តុកទឹកផ្សេងៗ ដែលមានក្នុងខេត្ត ដើម្បីចែកចាយតាមប្រឡាយឱ្យប្រជាពលរដ្ឋទាញយកដាក់ស្រែប្រាំងរបស់ពួកគេ ដែលកំពុងប្រឈមការរីងស្ងួត និងទុកមួយផ្នែកសម្រាប់សត្វពាហនៈ និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនារដូវប្រាំងនេះ។ លោកបញ្ជាក់ថា មូលហេតុដែលកង្វះទឹកសម្រាប់បង្កបង្កើតផលស្រូវប្រាំងនេះ ដោយសារតែប្រជាកសិករនាំគ្នាសម្រុកធ្វើស្រែប្រាំងលើសផែនការទឹកដែលអាចផ្គត់ផ្គង់បានត្រឹមតែផ្ទៃដីស្រែ២ម៉ឺនហិកតា ប៉ុន្តែកសិករបង្កបង្កើនផលដល់ ៥ ម៉ឺនហិកតា។
បើតាមអភិបាលខេត្តពោធិ៍សាត់ ដោយសារតម្លៃស្រូវលក់បានថ្លៃ ទើបកសិករសម្រុកបង្កបង្កើនលើសផែនការទឹកបែបនេះ។
បើតាមលោក ខូយ រីដា ការធ្វើអន្តរាគមន៍ទឹកនាពេលនេះនឹងជួយដល់កសិករបានច្រើន ដោយសារកសិករភាគច្រើននឹងប្រមូលផលក្នុងរយៈពេលមួយខែទៀត។ ចំណែកកសិករមួយចំនួនតូចនឹងរងផលប៉ះពាល់ ដោយសារពួកគេទើបដាំស្រូវឡើងវិញបានរយៈពេលមួយខែ។
លោកថ្លែងថា៖ «ជិត ៣ ម៉ឺនហិកតានេះ ភាគច្រើនគឺស្រូវកំពុងតែដាក់គ្រាប់ហើយ តែអ្នកដែលធ្វើក្រោយៗ ដែលកំពុងប្រឈម ដែលគាត់ច្រូតហើយភ្លាម គាត់វាយ[ដីនិងព្រោះ] ក្នុងរយៈពេល ១ ខែមុននេះ អាហ្នឹងដែលប្រឈម។ ហើយអ្នកដែលធ្វើរយៈពេល ២ ខែមកហ្នឹង នឹងត្រៀមប្រមូលផលក្នុងរយៈពេលខាងមុខនេះ ព្រោះខ្វះទឹកតិចតួច យើងអាចបំពេញបាន។ តែបើខ្វះក្នុងរយៈពេលវែងនឹងជួបបញ្ហាប្រឈមហើយ»។
លោកក៏បានអំពាវនាវឱ្យប្រជាកសិករក្នុងខេត្តពោធិ៍សាត់ផ្អាកធ្វើស្រែប្រាំង នៅពេលប្រមូលផលស្រូវលើកនេះរួច ដោយថា ទឹកក្នុងស្ទឹងនិងប្រឡាយមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ឡើយ។
កសិករម្នាក់ក្នុងខេត្តពោធិ៍សាត់ ដែលកំពុងប្រឈមកង្វះទឹកដាក់ស្រែ លោក ម៉ែន កុសល ប្រាប់វីអូអេថា មកដល់ពេលនេះ អាជ្ញាធរបានទម្លាក់ទឹក ដើម្បីឱ្យកសិករបូមដាក់ស្រែសម្រាប់រដូវនេះ។
លោកថា៖ «ឥឡូវភូមិ ឃុំ គាត់ស្នើទៅខេត្ត។ ឥឡូវខេត្ត គេទម្លាក់ម៉ាស៊ីនទឹក ទម្លាក់មករហូតតើស។ យើងឮថា ទម្លាក់ទឹក រហូតដល់ស្រូវច្រូតមួយសារនេះអស់បានគាត់ឈប់ទម្លាក់ ហើយក៏ស្នើឱ្យប្រជាជនឈប់ធ្វើទៀត។ បើសិនជាធ្វើ ក៏គេអត់ទទួលខុសត្រូវដែរ។ គេថា ខ្លាចខ្វះទឹកខ្វះអី អ៊ីចឹង»។
កសិករក្នុងខេត្តពោធិ៍សាត់ម្នាក់ទៀត លោក ហែម ផល្លា ព្រួយបារម្ភអំពីផលស្រូវដែលអាចខូចខាត ដោយសារតែទឹកមិនគ្រប់គ្រាន់ ដើម្បីបញ្ជូលដាក់ក្នុងស្រែ។
លោកប្រាប់វីអូអេថា៖ «ទើបបានម្សិលមិញ បូមបានទើបតែ ២ ទៅ ៣ ម៉ោង ឥឡូវអស់ទឹក។ ឥឡូវព្រឹកមិញបូមប្រហែល២ម៉ោងទៀត អស់ទឹកទៀត។ ខ្ញុំនៅចុងគេបង ដល់ពេលបូមមួយថ្ងៃ ទាល់ល្ងាច ម៉ាស៊ីន ២ ទៅ ៣ ទម្រាំមកដល់ខ្ញុំ គេលើបូមអស់បាត់»។
បើតាមលោកហែម ផល្លា ដោយសារឆ្នាំនេះស្រូវលក់បានថ្លៃរហូតដល់ ១៣០០ រៀលក្នុងមួយគីឡូក្រាម ទើបកសិករនាំគ្នាសម្រុកដាំ។
ចំណែកប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ឈឹម វជិរា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ជំហានដំបូងនេះ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធកំពុងធ្វើកិច្ចអន្តរាគមន៍ទាញយកទឹក ដើម្បីជួយដល់ស្រូវផើម និងកំពុងកកើតគួរប្រមាណ៤០០ហិកតាដែលរាំងស្ងួត។ លោកថា ប្រជាកសិករបានធ្វើស្រូវប្រាំងជាង ៦ម៉ឺន ២ពាន់ហិកតា ដែលលើសផែនការទឹករបស់មន្ទីរធនធានទឹក និងឧតុនិយមសម្រាប់ការដាំដុះត្រឹមទំហំ ២១០០០ហិកតា។
លោកថា ផ្ទៃដីស្រូវប្រាំងប្រមាណ ៨០០០ហិកតា ផ្សេងទៀតក៏នឹងប្រឈមបញ្ហារាំងស្ងួតខ្លាំង ដែលនឹងពិបាកជួយសង្គ្រោះ ដោយសារកសិករទើបចាប់ផ្តើមដាំដុះថ្មី និងខ្លះទើបដាំបានរយៈពេល ២០ថ្ងៃ។
លោកបន្ថែមថា ពាក់ព័ន្ធនឹងផែនការធ្វើស្រូវប្រាំងគឺអាជ្ញាធរពាក់ព័ន្ធក៏បានផ្សព្វផ្សាយដល់ប្រជាកសិករផងដែរ។
លោកថ្លែងថា៖ «គាត់សប្បាយចិត្តនឹងស្រូវមានតម្លៃខ្ពស់ អ៊ីចឹងគាត់ប្រថុយធ្វើ។ ដល់អ៊ីចឹងធ្វើទៅលើសផែនការ លើសកំណត់អ្វីដែលយើងមានទឹកសម្រាប់ផ្គត់ផ្គង់»។
លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ប្រាប់វីអូអេថា ក្នុងរយៈពេលពីរសប្តាហ៍មកនេះ អាជ្ញាធរបានជួយធ្វើអន្តរាគមន៍ស្រូវប្រាំងរបស់ប្រជាកសិករក្នុងស្រុករលាប្អៀរចំនួន៥០០ហិកតា។ លោកថា មកដល់ពេលនេះគឺមិនមានបញ្ហាប្រឈមអ្វីទៀតនោះទេ។
លោកថា៖ «ស្រូវឡើងថ្លៃ ប្រជាជន គាត់ធ្វើលើសអ៊ីចឹង។ តម្លៃស្រូវរៀងឡើងថ្លៃ អ៊ីចឹងបងប្អូនបង្កើនការផលិត។ បរិមាណស្រូវវាកើនអ៊ីចឹង។ ប៉ុន្តែមកដល់ម៉ោងនេះ យើងបានយកគ្រឿងចក្រ យកអី[ផ្សេងៗ]ជាមួយ[មន្ទីរ]ធនធានទឹក ជាមួយ[មន្ទីរ]កសិកម្ម បានដោះស្រាយជូនគាត់ រួចរាល់អស់ហើយ»។
អភិបាលខេត្តកំពង់ឆ្នាំងរូបនេះបន្តថា លោកកំពុងរៀបចំគម្រោង ប្រើប្រាស់ប្រព័ន្ធសឡាដើម្បីស្រោចស្រពដំណាំ ដើម្បីកាត់បន្ថយការចំណាយរបស់កសិករ និងបញ្ចៀសកុំឱ្យកសិករខ្វះទឹកលើកក្រោយទៀត។
លោកបន្ថែមថា៖ « ៣ ទៅ ៤ថ្ងៃទៀត ខ្ញុំបង្កើតគណៈកម្មការចុះសិក្សាភ្លាម។ ហើយខ្ញុំឱ្យក្រុមហ៊ុនចុះសិក្សាហើយ មិនបាច់ឱ្យគាត់[កសិករ]ទៅរវីរវល់ ប្រជាជនចំណាយពេលទៅបូមទឹក សែងម៉ាស៊ីន សែងអី វាហត់ពេក! អ៊ីចឹងគ្រាន់តែ Sensor យើងខ្វះទឹក វា Automatic ហ្មង។ ខ្ញុំកំពុងរៀបចំសាកល្បង ៥០០ហិកតាដំបូងគេមុន។ បើសិនជាលទ្ធផលបានល្អ ខ្ញុំនឹងចេញទៅបណ្តាក្រុង ស្រុកទាំង ៨។ ក្រុងស្រុកទាំងអស់»។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ឆ្នាំង ប្រជាកសិករបង្កបង្កើនផលស្រូវប្រាំងលើសផែនការផងដែរ ដែលមានន័យថា ផែនការសម្រាប់ឱ្យកសិករដាំដុះ ៣៧៧០០ហិកតា ប៉ុន្តែប្រជាកសិករដាំដុះរហូតដល់ជាង ៤ម៉ឺនហិកតា។ លោកអះអាងថា បញ្ហាខ្វះទឹកគឺអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធបានធ្វើកិច្ចអន្តរាគមន៍ដោះស្រាយដល់ប្រជាកសិកររួចរាល់ហើយ។
នៅក្នុងខេត្តស្វាយរៀងវិញ លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី ១០ ខែមករាថា ប្រជាកសិករក្នុងខេត្តស្វាយរៀងបានបង្កបង្កើនផលស្រែប្រាំងលើផ្ទៃដីជាង ២៧០០០ហិកតា ដែលលើសផែនការគ្រោង ដែលដាក់ចេញត្រឹមតែ ២០៥០០ហិកតា។ លោកបន្ថែមថា មន្ទីរកំពុងជួយធ្វើអន្តរាគមន៍កាយប្រឡាយ នាំទឹកជួយសង្គ្រោះនៅតាមតំបន់មួយចំនួនផងដែរ។
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ប្រាប់វីអូអេថា រហូតមកដល់ពេលនេះ ក្នុងខេត្តស្វាយរៀងមិនទាន់មានបញ្ហាប្រឈម ដោយសារកង្វះទឹកដាក់ស្រែប្រាំងនោះទេ បើទោះបីជាកសិករបានបង្កបង្កើនផលលើសផែនការក៏ដោយ។
លោកថា៖ «នៅចំពោះមុខនេះ ក្រោយយើងបានចុះត្រួតពិនិត្យទៅលើដីស្រែរបស់ប្រជាកសិកររបស់យើងហើយ យើងប្រៀបធៀបមកផ្ទៃទឹក ដែលយើងមាន គឺថា អាចធានាបាន។ យើងមិនខ្វះទឹកទេ»។
អភិបាលរងខេត្តស្វាយរៀងរូបនេះបន្តថា អាជ្ញាធរនឹងបន្តយកចិត្តទុក្ខដាក់បន្ថែមទៀតជុំវិញបញ្ហានេះ ដើម្បីជួយធ្វើអន្តរាគមន៍ដល់កសិករឱ្យបានទាន់ពេលវេលា៕