ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​កង្វះ​ស្បៀង​អាហារ ខណៈ​ការ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​កាន់​តែ​តឹង​រ៉ឹង

រូបឯកសារ៖ ប្រជាជន​ពាក់​ម៉ាស់​ការពារ ហើយ​នាំ​គ្នា​ប្រញាប់ប្រញាល់​ទៅ​ទិញ​ម្ហូប​នៅ​ផ្សារ​ត្រី​មួយ ខណៈ​ដែល​មាន​ពាក្យ​ចចាមអារ៉ាម​ថា រាជធានី​ភ្នំពេញ​នឹង​ត្រូវ​បិទ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ REUTERS/Cindy Liu

ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​និង​ក្រុង​តា​ខ្មៅ កាន់​តែ​មាន​សភាព​តឹងរ៉ឹង ក្នុង​នោះ​មាន​ការ​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​និង​ការ​រក​ស៊ី​ជា​ច្រើន។ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ស្បៀង​អាហារ ដូច​ជា​អង្ករ ត្រី​សាច់ បន្លែ ខណៈ​ពួកគេ​មិន​អាច​រក​ប្រាក់​ចំណូល​ពី​មុខ​របរ​របស់​ពួកគេ​បាន។

ប្រជា​ពលរដ្ឋ​បាន​ចាប់​ផ្តើម​រង​ផល​ប៉ះពាល់​ជា​បណ្តើរៗ​ពី​ការ​ដាក់​បម្រាម​គោចរ​ពេល​យប់​ដែល​បាន​ធ្វើ​ឡើង​តាំង​ពី​មុន​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ហើយ​ផល​ប៉ះ​ពាល់​លេច​ឡើង​ថែម​ទៀត ពេល​រដ្ឋា​ភិបាល​សម្រេច​បិទ​ខ្ទប់​ទី​តាំង​ភូមិសាស្ត្រ​ចំនួន​ពីរ​គឺ​ទីក្រុង​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ចំនួន​២​សប្តាហ៍ ដែល​ចាប់​ផ្តើមពី​យប់​ថ្ងៃ​ទី​១៤​ ខែ​មេសា​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា។

បុរស​សម្បុរ​ស្រអែម មាន​រាង​ក្រអាញ​បន្តិច លោក ចាន់ សារិទ្ធ អាយុ​៣៩​ឆ្នាំ ​ជា​ជាង​ជួស​ជុល​ម៉ូតូនៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣។ លោក​ប្រាប់​វីអូអេ​ថាលោក​មិន​ធ្លាប់​ឃើញ​ការ​បិទ​ខ្ទប់​ការ​ធ្វើ​ដំណើរ​ទីក្រុង​ទ្រង់ទ្រាយ​ធំ​ដូច​នេះ​ទេ។ លោក​បន្ត​ថា​ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់​ លោក​មិន​អាច​ជំទាស់​នឹង​ការ​សម្រេច​របស់​រដ្ឋាភិបាល​ទេ ​ប៉ុន្តែ​លោក​ថាការ​បិទ​ខ្ទប់​ទី​ក្រុង​នេះ​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​លោក​ ថយ​ចុះ​ដល់​កម្រិត​សូន្យ។

នៅ​មុន​មិនទាន់​មាន​ការ​រាត​ត្បាត​ខ្លាំង​នៃ​ជំងឺ​កូវីដ​១៩ លោក​អាច​រក​បានប្រមាណ​២០​ទៅ​៣០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ដោយចំណេញ​ប្រមាណ​៤​ទៅ​៥​ម៉ឺន​រៀល។ ប៉ុន្តែ​ឥឡូវ​នេះ ជាង​ម៉ូតូ​រូប​នេះរក​ចំណូល​ក៏​មិន​បាន ហើយ​អ្វី​ដែល​ជា​ការ​បារម្ភ​នៅ​ចំពោះ​មុខ​នោះ គឺ​អាហារ​ហូប​ចុក។

លោក​មាន​ប្រសាសន៍​ថា៖ «ពិបាក​ដែរ​ ម្ហូប​អាហារ​ការ​ហូប​ចុក​ ខ្ញុំ​ហូប​តែ​មី​ និង​ត្រី​ខ​ពីរ​ថ្ងៃ​ បី​ថ្ងៃ​ ថ្ងៃ​នេះ​ហើយ»។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត គឺ​អ្នក​នាង ថេត សាវិន អាយុ​២៤​ឆ្នាំ ដែល​ជា​អ្នក​លក់​សម្ភារៈ​សំណង់​និង​គ្រឿង​ម៉ាស៊ីន​បូម​ទឹក​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ ក៏​កំពុង​បារម្ភ​អំពី​បន្លែ​សាច់ ដោយ​សារផ្ទះ​អ្នក​នាង​មិន​មាន​ឧបករណ៍​សម្រាប់​រក្សា​ទុក​ម្ហូប​អាហារ​យូរ​ថ្ងៃ។ អ្នក​នាង​ទិញ​បន្លែ​និង​របស់​របរ​ហូប​ចុក​ផ្សេង​ទៀត តាម​អាជីវករ​ដែល​ដឹក​បន្លែ​សាច់​មក​លក់​ដល់​តូប​ផ្ទាល់។

រូបឯកសារ​៖ ទិដ្ឋភាពនៃការបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ បន្ទាប់រាជធានីភ្នំពេញនិងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវបានបិទខ្ទប់រយៈពេលពីរសប្តាហ៍ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍កាន់តែខ្លាំង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ជា​ម្តាយ​កូន​មួយ​ក្នុង​បន្ទុក​និង​កំពុង​អង្គុយ​ក្បែរ​ស្វាមី​របស់​អ្នក​ស្រីក្នុង​តូប​តូច​មួយ​ទំហំ​ប្រមាណ​៣​គុណ​៤​ម៉ែត្រ អ្នក​នាង ​សាវិន ​និយាយ​ថា៖ «ទិញ​ទុក​បាន​ខ្លះ​ ព្រោះ​អី​យើង​អត់​មាន​អី​ទុក​ស្រួល​បួល​ ហើយ​កន្លែង​ផ្ទះ​តូច​ចង្អៀត​ចឹង​ពិបាក»។

អ្នកនាងក៏​បាន​ត្អូញ​ត្អែ​រអំពី​ការ​បាត់បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ។ មុន​មិន​ទាន់​មាន​ការ​បិទ​ទី​ក្រុង​ អ្នក​នាង​ ថេត​ សាវិន​ និយាយ​ថាគាត់​អាច​រក​បាន​ចំណូល​ប្រមាណ​១០​ទៅ​២០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ហើយ​ថ្ងៃ​ណា​ខ្លះ​ក៏​បាន​ដល់​ទៅ​៤០​ម៉ឺន​រៀល​ ដែល​អាច​សល់​សម្រាប់​សន្សំ​ទុក ​និង​សម្រាប់​បង់​តូប​ជួល​តម្លៃ​២០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

«មុខ​របរ​រាង​តូច​ចឹង​ ប្រហែល​ជា​បាន​បើ​បាន​តិច​បួន​ដប់​ម៉ឺន[រៀល]​ ដប់​ម៉ឺន​គ្រាន់​ដោះ​ស្រាយ​ជីវភាព​ បើ​បាន​ច្រើន ទៅ​អាច​ដល់​១០០​[ដុល្លារ]»។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារ​បញ្ជា​អាជ្ញាធរ​ឲ្យ​ក្នុង​រយៈពេល១៤​ថ្ងៃ​នេះ ​ត្រូវ​ទប់​ឲ្យ​បាន​មិន​ឲ្យ​ពលរដ្ឋ​ទោះ​ក្នុង​ឋានៈ​ណា​ក៏​ដោយ ចាក​ចេញ​ពី​ផ្ទះ​ បើ​មិន​មានភារ​កិច្ច​ចាំ​បាច់។

លោក ហ៊ុន សែន ថ្លែង​ថា៖«ពេល​វេលា​នេះ​ មិន​ថា​អ្នក​ធំ​អ្នក​តូច​ មិន​ថា​អ្នក​មាន​ ឬ​អ្នក​ក្រ​គឺ​នៅ​ផ្ទះ​ណា​ គឺ​នៅ​ផ្ទះ​នោះ​ នៅ​ភូមិ​ណា​ គឺ​នៅ​ភូមិ​នោះ គឺ​សំដៅ​ទប់​ស្កាត់​ កុំ​ឲ្យ​មាន​ការ​ចម្លង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ពី​ទី​កន្លែង​មួយ​ទៅ​ទី​កន្លែង​មួយ​ ហើយ​ភូមិ​ឃុំ​នៅ​ឯ​ជន​បទ​ នៅ​ខេត្ត​នានា​ ត្រូវ​ត្រួត​ពិនិត្យ​គ្រប់​មនុស្ស​ ដែល​ធ្វើ​ដំណើរ​ពី​ចម្ងាយ​មក​កាន់​ភូមិ​របស់​ខ្លួន ធានា​ថា​ភូមិ​របស់​ខ្លួន​មិន​មាន​ការ​រីករាល​ដាល​នៃ​កូវីដ​១៩​នោះ​ទេ»។

លោក​នាយក​រដ្ឋមន្ត្រី ​ក៏​បាន​សង្កត់​ធ្ងន់​ថា​បើ​សិនការ​ឆ្លង​មិន​ថយ​ចុះ​ក្នុង​រយៈ​ពេល​បិទ​ខ្ទប់ខ្ទប់​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា ការ​បិទ​ខ្ទប់​អាច​នឹង​ត្រូវ​បន្តទៀត​ ហើយ​អាច​ឈាន​ទៅ​ដល់​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត។

ទោះ​ជា​យ៉ាងណា ម្តង​ហើយ​ម្ត​ង​ទៀត លោក ហ៊ុន សែន បាន​ប្រកាស​កុំ​ឲ្យប្រជាពលរដ្ឋ​ទូទៅបារម្ភ​រឿងខ្វះខាត​ស្បៀង ដោយថាការ​ផ្គត់ផ្គង់​នៅ​តាម​ទីផ្សារ​ នឹង​មិន​ត្រូវបាន​បង្អាក់​ឡើយ។ ប៉ុន្តែ​ផ្សារ​ដែល​ស្ថិត​ក្នុង​តំបន់​រស់​នៅ​ត្រូវ​បាន​បិទ​ជា​បណ្តោះ​អាសន្ន ដូច​ជា​ផ្សារ​ដើម​គ និង​ផ្សារ​កណ្តាល​ជា​ដើម។

កាល​ពី​ចុង​សប្តាហ៍​មុន ប្រជា​ពលរដ្ឋ​និង​កម្មករ​រាប់​រយ​រយ​នាក់ ​បាន​ផ្ទុះ​ការ​តវ៉ា​នៅផ្លូវ​វេង​ស្រេង​ត្រង់​ចន្លោះ​ខណ្ឌ​មាន​ជ័យ​ និង​ពោធិ៍សែនជ័យ​ ពីព្រោះ​ពួក​គេ​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ថវិកា​និង​ស្បៀង​ប្រចាំ​ថ្ងៃ។

ភ្លាមៗ​នោះ ​អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ​បានចុះ​ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ​និង​កម្មករ​ដែល​តវ៉ា​នោះ ដោយក្នុង​មួយ​គ្រួសារ ​ទទួល​បាន​ប្រាក់៣០​ម៉ឺន​រៀល​និង​គ្រឿង​ឧបភោគ​បរិភោគ​ផ្សេង​ទៀត។ នេះ​បើ​តាម​ក្រុម​អ្នក​សង្កេត​ការណ៍។

លោក ​វន់ ពៅ​ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​IDEA​ប្រាប់​វីអូអេ​ថា​កិច្ច​អន្តរាគមន៍​កាល​ពី​ថ្ងៃ​សៅរិ៍​របស់​អាជ្ញាធ​រាជធានី​ភ្នំពេញ អាច​ជួយ​បាន​ក្នុងគ្រា​បិទទីក្រុង​១៤​ថ្ងៃ។ ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​ត្រៀម​ទុក​ជាមុន​ ដើម្បី​ឆ្លើយ​តប​នឹង​វិធាន​ការ​បិទ​ទី​ក្រុង​បន្ថែម​ទៀត​ បើ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​មិន​ស្រាក​ស្រាន្ត។

លោក​មាន​ប្រសាសន៍​ថា៖ «ដើម្បី​កុំ​ឲ្យ​ការ​ខ្វះ​ខាត ខ្ញុំ​សុំ​ឲ្យ​រដ្ឋ​ជាពិសេស​អាជ្ញាធរ​ដែនដី​ទាំង​អស់​ហ្នឹង គឺ​ចុះ​ស្រង់​ស្ថិតិ​មិន​ថា​អ្នក​ជួល​ផ្ទះ​ឬ​អ្នក​មាន​ផ្ទះ​នៅ​ដោយ​ខ្លួន​ឯង​នៅ​ទីតាំង​ហ្នឹង។ អីចឹង​អ្នក​នៅ​ទីតាំង​កន្លែង​ណា ត្រូវ​ស្រង់​ឈ្មោះ​ទីតាំង​កន្លែង​ហ្នុង​ឲ្យ​ច្បាស់​លាស់​ទៅ​អាច​ឧបត្ថម្ភ​ជា​ថវិកា​ ជា​គ្រឿង​ អាហារ​ហូប​ចុក​ប្រចាំ​ឲ្យ​បាន​គ្រប់ៗ​គ្នា។ អាហ្នឹង​ខ្ញុំ​គិត​ថា​វា​ជា​ដំណោះ​ស្រាយ​មួយ​ដ៏​ល្អ។ ហើយ​ដំណោះ​ស្រាយ​មួយ​ទៀត គឺ​រដ្ឋ​ត្រូវ​ពន្យារ​ឬ​ក៏​free​[មិន​យក​ថ្លៃ​]​បន្ថែម​ទៀត​នូវ​ការ​ប្រើ​ប្រាស់​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង ​ហើយ​និង​អន្តរាគមន៍​ទៅ​ម្ចាស់​ផ្ទះ​ជួល​ផង​ដែរ»។

ប៉ុស្តិ៍​ត្រួតពិនិត្យ​ចរាចរណ៍​របស់​នគរបាល​ជាប់​ផ្លូវជាតិ​លេខ៣ ដែល​ត្រូវ​បាន​បិទខ្ទប់​ដើម្បី​ទប់​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ភ្នំពេញ​ ថ្ងៃទី​១៨ ខែ មេសា​ ឆ្នាំ​២០២១។ (ហ៊ុល រស្មី/វីអូអេ)

បើ​តាម​លោក ​វន់​ ពៅ រដ្ឋាភិបាល​ក៏​ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​ពល​រដ្ឋ​ទិញ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ ពីព្រោះ​មាន​ការ​រឹត​ត្បិត​ខ្លាំង ហើយ​ទំនិញ​ក៏​ឡើង​ថ្លៃ​ផង​ដែរ។

លោក​បន្ថែម​ថា៖ «អ៊ីចឹង​រដ្ឋ​ត្រូវ​បង្ក​លក្ខណៈ​ម៉េច​រៀបចំ​ឲ្យ​កន្លែង​លក់​អាហារ​ជិត​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​រស់នៅ​តែ​ម្តង​ កុំ​ឲ្យ​នៅ​ឆ្ងាយៗ​ ពិបាក​ឆ្លង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ ហើយ​រដ្ឋ​ត្រូវ​ឧបត្ថម្ភ រៀបចំ​ប្រព័ន្ធ​យ៉ាង​ណា​ឲ្យ​មាន​ការ​សម្ភារៈ ដែល​អាច​ទិញដូរ​ ងាយ​ស្រួល​សម្រាប់​ប្រជា​ពលរដ្ឋ​ ដូច​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ ត្រី​សាច់​បន្លែ។ល។ជាដើម​ ហើយ​អន្តរាគមន៍​មួយ​ទៀត​ទៅ​លើ​ទំនិញ​ទីផ្សារ​ទាំង​អស់​កុំ​ឲ្យ​ទំនិញ​ឡើង​ថ្លៃ​ ដូច​រាល់​ថ្ងៃ​ហ្នឹង​ដូច​ឡើង​ថ្លៃ​ពិបាក​មែន​ទែន។ អា​លុយ​រក​មិន​បាន​ហើយ​ អា​ទំនិញ​ឡើង​ថ្លៃ​ទៀត​ពិបាក​ណាស់»។

លោក ​អាត់​ ធន់ មេដឹកនាំនៃ​សហភាព​ការងារ​កម្ពុជា មាន​ប្រសាសន៍​ថា​ទុក​កង្វល់​ធំ​របស់​កម្មករ​គឺ​ប្រាក់​ឈ្នួល​តិច​តួច​ដែល​អនុញ្ញាត​ឲ្យ​ពួក​គាត់​រស់​បាន​ពី​មួយ​ខែ​ទៅ​មួយ​ខែ។

«នេះ​គឺ​ជា​បញ្ហា​ធំ។ គាត់​មិន​មាន​លុយ​ទេ​ ហើយ​គាត់​មិន​មាន​អ្វី​ក្រៅ​តែ​ពី​លុយ​ធ្វើ​ការ​ សម្រាប់​ផ្គត់ផ្គង់​មួយ​ខែ​ ធ្វើ​ការ​មួយ​ខែ​ គឺ​បាន​មួយ​ខែ ព្រោះ​សូម្បី​តែ​ច្បាប់​ការងារ​ក៏​បាន​បញ្ជាក់​ដែរ គឺ​ប្រាក់​ខែ​កម្មករ​គឺ​ជា​អាយុ​ជីវិត​របស់​គាត់​មិន​អាច​បើក​មិន​ទៀង​ទាត់​ទេ​សូម្បី​តែ​ថៅកែ​ហ្នឹង​បើក​មិន​ទៀង​ទាត់ ក៏​ជា​កំហុស​ធ្ងន់​របស់​ថៅកែ​ដែរ​ ព្រោះកម្មករ​មួយ​ខែ​គឺ​ផ្គត់​ផ្គង់​មួយ​ខែ។ បើ​អត់​មាន​អា​ហ្នឹង​ គឺ​គាត់​អត់​មាន​អី​ផ្គត់​ផ្គង់​ទេ អីចឹង​គឺ​ថា​ពិបាក​ គឺ​ពិបាក​ខ្លាំង»។

មេដឹកនាំ​សហជីព​រូប​នោះ​បារម្ភ​អំពី​ការ​ឆ្លង​រាល​ដាល​កាន់​តែ​ធ្ងន់​ធ្ងរ ដែល​ប៉ះពាល់​ការងារ​របស់​កម្មករ​រោងចក្រ​កាន់​តែ​ច្រើន។

«យើង​ក៏​បារម្ភ​បញ្ហា​នៃ​ការ​ចាយ​វាយ​និង​ការ​ផ្គត់ផ្គង់​ប្រចាំ​ថ្ងៃ​របស់​គាត់​ដែរ។​ ហើយ​រឿង​ចុង​បញ្ចប់ ទី​បី​មាន​ន័យ​ថា​យើង​មាន​ការ​បារម្ភ​ចំពោះ​ការ​រីក​រាល​ដាល​ហ្នឹង​ វា​អាច​រីក​ទៅ​កន្លែង​ផ្សេង​ទៀត​ បើ​សិន​ជាមិន​បាន​គ្រប់​គ្រង​ ឬ​ក៏ព្យាបាលឬ​ក៏​ធ្វើ​ចត្តា​ឡីស័ក ឬ​ក៏​កំណត់មនុស្ស​ឲ្យ​បាន​ច្បាស់ មនុស្ស​ចេះ​តែ​មាន​ការ​ឆ្លង​អាច​ជា​បញ្ហា​ធំ»។

លោក ​សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​នៅ​ឯ​ប្រទេស​បារាំង ​បានរិះគន់​សមត្ថភាព​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩។ លោក​បាន​អធិប្បាយ​លើ​ប្រព័ន្ធ​សង្គម​ហ្វេស​ប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​មេសាថា​លោក ហ៊ុន​ សែន​ បាន​សម្រេច​ចិត្ត​បិទ​ខ្ទប់ទីក្រុង​ភ្នំពេញ​យ៉ាង​តក់​ក្រហល់។

លោក​មាន​ប្រសាសន៍​ថា៖ «គាត់​មិន​គួរ​ប្រកាស​ បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​និង​ទីក្រុង​តាខ្មៅ ចាប់​ពី​ថ្ងៃ ១៥ មេសា ភ្លាមៗ​អញ្ចឹង​ទេ​ ដោយ​គ្មាន​បាន​ផ្តល់​ព័ត៌មាន​យ៉ាង​តិច​មួយ​សប្តាហ៍​មុន​ ដូច​អ្វី​ដែល​គេ​តែង​តែ​ធ្វើ​នៅ​ប្រទេស​ដទៃ​ ដើម្បី​ចៀស​វាង​ការ​ជ្រួល​ច្របល់​ឥត​ប្រយោជន៍​ ហើយ​ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ពេល​ត្រៀម​លក្ខណៈ​ ក្នុង​ការ​រៀបចំ​ជីវភាព តាម​តម្រូវ​ការ​ថ្មី»។

រូបឯកសារ៖ ក្រុមមន្ត្រីសុខាភិបាលស្ថិតក្នុងឯកសណ្ឋានការពារពីការឆ្លងជំងឺកូវីដ១៩ បញ្ជូនអ្នកជំងឺកូវីដ១៩ មកទទួលការព្យាបាលនៅមណ្ឌលព្យាបាល នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។ (ហ៊ាន សុជាតា/វីអូអេ)

កាល​ពី​ថ្ងៃ​ទី​១៧​ ខែមេសា​ កម្មករ​និង​ពលរដ្ឋ​ស្នាក់​នៅ​តាម​បន្ទប់​ជួល​រាប់រយ​នាក់​ក្នុង​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ផ្ទុះ​ការ​តវ៉ា​នឹង​ការ​បិទ​ខ្ទប់​របស់​អាជ្ញាធរ​មិន​ឲ្យ​ធ្វើ​ដំណើរ។ ការ​តវ៉ា​នេះ ធ្វើ​ឡើង​ ដោយ​សារ​កម្មករ​និង​ពលរដ្ឋ​ទាំង​នោះ​ប្រឈម​នឹង​កង្វះ​ថវិកា​និង​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ។

វីអូអេ​មិនទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ម៉េត មាស​ភក្តី​ អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ​ និង​លោក ហេង​ សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ទេ ដើម្បី​សុំ​ការ​បញ្ជាក់​ពី​វិធានការ​នៅ​ពេល​ខាងមុខ​ ដើម្បី​បំពេញ​ការ​ខ្វះ​ខាត​របស់​អ្នក​រស់​នៅ​ទី​ក្រុង​ភ្នំពេញ​និង​កម្មករ។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា រដ្ឋាភិបាល​បានចេញ​សេចក្តី​សម្រេច​មួយ ដោយ​ជួយ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​អ្នក​រង​គ្រោះ​និង​ប្រឈម​ជីវភាព​ក្នុង​ពេល​ដែល​បិទ​ខ្ទប់​ទីក្រុង។ បើ​តាម​សេចក្តី​សម្រេច​ គ្រួសារ​ដែល​មាន​សមាជិក​ម្នាក់​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​១៦​ម៉ឺន​រៀល​ ពីរ​ទៅ​បី​នាក់ ទទួល​បាន​២០​ម៉ឺន​រៀលនិង​ចាប់​ពី​៤​នាក់​ឡើង​ទៅ ទទួល​បាន​២៤​ម៉ឺន​រៀល។ ការ​ឧបត្ថម្ភ​សាច់​ប្រាក់​នេះ​ធ្វើ​ឡើង​តែ​មួយ​លើក​គត់ ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​សហគមន៍​ធ្ងន់​ធ្ងរ។

លោក មាស នី អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម មាន​ប្រសាសន៍​ថា​វិធាន​ការ​ឆ្លើយ​តប​របស់​រដ្ឋា​ភិបាល​មិន​មែន​ជា​វិធានការ​ដែល​បាន​ត្រៀម​ទុក​ជា​មុន​នោះ​ទេ តែ​ជា​ការឆ្លើយ​តប​ភ្លាម​ៗ​ទៅ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ពិបាក​ត្រៀម​ខ្លួន​ទុក​ជា​មុន​និង​ដែល​ផ្ទុយពី​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​គេ​បើកសាច់​ប្រាក់​ឲ្យ​ពល​រដ្ឋ​មុន​រួច​ជា​ស្រេច​ មុន​ការ​ឈាន​ដល់​បិទ​ទី​ក្រុង។

លោក​ប្រាប់​វីអូអេ​ថា៖ «វិធាន​ការ​នេះ​គឺ​ធ្វើ​ការ​ឆ្លើយ​តប​ភ្លាមៗ​ទេ​ មិន​បាន​គ្រោង​ទុក​ជា​មុន​ទេ តាម​ដែល​មើល​ ខ្ញុំ​យល់។ បើ​សិន​មាន​ការ​គ្រោង​ទុក​ពី​មុន​ មាន​ត្រៀម​ថវិកា​អី​ច្បាស់​លាស់​ ខ្ញុំ​គិត​ថា​... ពេល​ការ​អនុវត្ត យើង​អនុវត្ត​ទៅ​ដោយ​រលូន។ ប៉ុន្តែ​នៅ​ពេល​នេះ​ ហាក់​ដូច​នៅ​រង់​ចាំ​មើល​ កាល​ណា​មាន​អី​កើត​ធ្វើ​ហ្នឹង​សិន​ ដោះ​ស្រាយ​ហ្នឹង​សិន​ ទៅ​តាម​លទ្ធភាព​ដែល​រដ្ឋា​ភិបាល​អាច​ធ្វើ​បាន»។

ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ជំងឺ​កូវីដ​១៩​វិញ លោក មាស នី លើក​ឡើង​ថាកម្ពុជាបាន​បើក​ឲ្យ​មាន​ការ​ហោះ​ហើរមួយ​ចំនួន​ចូល​ប្រទេស​និង​បាន​រក​ឃើញវិជ្ជមាន​កូវីដ​១៩​ជា​បន្ត​បន្ទាប់។ ប៉ុន្តែការ​គ្រប់​គ្រង​នៅ​ទី​តាំង​ធ្វើ​ចត្តា​ឡីស័ក មាន​ភាព​ធូរ​រលុង​ ដោយ​មាន​អ្នក​គេច​ចេញ ហើយ​ក្រោយ​មករក​ឃើញ​ការ​ឆ្លង​ក្នុង​ចំណោមជនជាតិ​ចិន។ ផ្តើម​ចេញ​ពី​ហេតុ​ការណ៍​ទាំង​នេះ កម្ពុជា​ក៏​រកឃើញ​ការ​ឆ្លង​សហគមន៍​ទ្រង់​ទ្រាយ​ធំ​ធ្ងន់ធ្ងរ រហូត​ដល់​បិទ​ខ្ទប់​ទី​ក្រុង។

យ៉ាង​ណា​ក៏​ដោយ អ្នក​តាម​ដាន​សង្គម​រូប​នោះ និយាយ​ថា​ក្នុង​កាលៈ​ទេសៈ​នេះ ប្រជា​ពលរដ្ឋ​និង​រដ្ឋាភិបាល ត្រូវ​សហ​ការ​គ្នា ដើម្បី​ទប់ទល់​នឹង​ជំងឺ​នេះ ដោយ​មាន​ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក។

ប៉ុន្តែ​លោក​ថា​រដ្ឋាភិបាល​មិន​អាច​មើល​រំលង​ជីវភាព​របស់​ពលរដ្ឋ​ឡើយ។

លោក កែវ ប៊ុនចាន់ថន អាយុ​៥៥​ឆ្នាំ​ ជា​ជាង​ប៉ះ​កង់​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ និយាយ​ថា​ការរាំង​ខ្ទប់​មិន​ឲ្យ​ធ្វើ​ដំណើរ​ បង្ក​ក្តី​បារម្ភ​សម្រាប់គ្រួសារ​របស់​លោក ពាក់​ព័ន្ធនឹង​ស្បៀង​អាហារ។

«យើង​វា​គ្រាន់​ថា​វា​កម្សត់​ដែរ​ យើង​ពិបាក​ការ​រក ការ​ទទួល​ទាន ​វា​ពិបាក​ណាស់»។

អ្នក​ប៉ះ​កង់​រូប​នោះ​ក៏​ឃើញ​ការ​ធ្លាក់​ចុះ​ចំណូល​ដល់​កម្រិត​គួរ​ឲ្យ​បារម្ភ​មួយ​ថា​ខ្វះ​ថវិកា​ជួល​បន្ទប់​ស្នាក់​នៅ​និង​បង់​សង​បំណុល​ដែល​លោក​ខ្ចី​យក​មក​ឲ្យ​កូន​រៀន​នៅ​មហាវិទ្យាល័យ​ខាង​ផ្នែក​សុខាភិបាល។

លោក​បន្ថែម​ថា​៖ «វា​អត់​ទៀង​ទេ​ ឥឡូវ​ដល់​គេ​បិទ​ចឹង​ យើង​រក​បាន​មួយ​ម៉ឺន​ពីរ​ម៉ឺន​ចឹង។ មុន​នឹង​បិទ​បាន​ប្រាំ​ម៉ឺន​[រៀល] ប្រាំ​មួយ​ម៉ឺន»។

លោក ចាន់ សារិទ្ធ ដែល​ជា​ជាង​ជួស​ជុល​ម៉ូតូនៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ឲ្យ​ដឹង​ថា​លោក​ឃើញ​ការ​លំបាក​របស់​ពលរដ្ឋ​ផ្សេង​ទៀត​ដែរ ប៉ុន្តែ​លោក​មិន​ហ៊ាន​លើក​ជា​យោបល់ឲ្យ​រដ្ឋាភិបាល​ជួយ​យ៉ាង​ណា​ទេ។ ប៉ុន្តែ​លោក​ថា​អ្វី​ដែល​លោក​ធ្វើ​បាន​នោះ គឺ​ជួយ​គ្រួសារ​របស់​លោក​ជា​មុន​សិន។

លោក​មាន​ប្រសាសន៍​ថា៖ «អា​នេះ​ និយាយ​វា​ឲ្យ​ចំ​ទៅ ខ្ញុំ​ជួយ​ខ្លួន​ឯង​ ជួយ​អត់​ទាន់​ឈ្នះ​ទេ​បង ជួយ​អត់​ទាន់​កើត»៕