ស្ត្រីជាអ្នកសារព័ត៌មានឯករាជ្យ ឬអ្នកសារព័ត៌មានគ្មានអង្គភាព បន្តទទូចសុំឱ្យក្រសួងព័ត៌មានសម្រួលក្នុងការធ្វើបណ្ណ តាមប្រព័ន្ធអនឡាញ សម្រាប់សម្គាល់អ្នកយកព័ត៌មាន ដើម្បីឲ្យពួកគេអាចចុះយកព័ត៌មានស្របតាមច្បាប់។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយសំឡេងសហរដ្ឋអាមេរិក នៅក្រៅសិក្ខាសាលាមួយក្នុងទីក្រុងភ្នំពេញ នាថ្ងៃពុធ អ្នកស្រី ហង្ស សម្ផស្ស ប្រធានក្រុមអ្នកសារព័ត៌មានស្ត្រីកម្ពុជា ហៅកាត់ថា CFJ បានឱ្យដឹងថា អ្នកសារព័ត៌មានជាស្ត្រីមួយចំនួនដែលធ្វើការដោយគ្មានស្ថាប័ន បានព្យាយាមស្នើបណ្ណសារព័ត៌មានចេញដោយក្រសួងព័ត៌មានតាមប្រព័ន្ធអនឡាញ តែរាល់ពាក្យស្នើសុំត្រូវបានច្រានត្រឡប់មកវិញដោយមិនផ្តល់ហេតុផលជាក់លាក់។
អ្នកស្រីថ្លែងថា៖ «អ៊ីចឹង យើងមិនដឹងថា មូលហេតុអីបានអត់បានទេ។ គ្រាន់តែយើងដឹងថា អ្នក freelancers គឺសុំអត់បាន។ ហើយអាណត្តិហ្នឹង រាងតឹង គ្រាន់ថា យើងសាកសួរព័ត៌មានទៅអាជ្ញាធរ បើយើងចង់ទៅសម្ភាស ចង់អី គឺដំបូងគេ គាត់ត្រូវតែសុំឱ្យអ្នកព័ត៌មានហ្នឹងថត។ បើទាក់ទង តាមបណ្តាញសង្គម ត្រូវថតកាតឱ្យគាត់មើល ហើយបើទៅសម្ភាសផ្ទាល់ ត្រូវបង្ហាញ press card សិន បើអត់មាន គឺអ្វីៗត្រូវចប់។ វាអត់អាចបន្តបាន។ អ៊ីចឹង វាជាឧបសគ្គធំមួយសម្រាប់អ្នក freelancers ហ្នឹង។ គាត់អត់អាចបំពេញការងារគាត់បានទេ។ ហើយអ្នក freelancers ឥឡូវច្រើន ដោយសារអង្គភាពសារព័ត៌មានបិទច្រើន។ អង្គភាពសារព័ត៌មានឯករាជ្យបិទច្រើន។ អ៊ីចឹង វានៅតិចតួច។ អ៊ីចឹង បុគ្គលិកគេត្រូវកាត់បន្ថយអីទៅ គាត់អត់មានការងារធ្វើ។ អាហ្នឹងគឺជាបញ្ហាធំ»។
អ្នកស្រី ហង្ស សម្ផស្ស ចង់ឃើញការសម្រួលលក្ខខណ្ឌរបស់ក្រសួងព័ត៌មានដើម្បីឱ្យអ្នកកាសែតដែលគ្មានស្ថាប័នអាចទទួលបានបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន ដើម្បីអនុញ្ញាតឱ្យពួកគេបានបំពេញការងារ ឬអនុវត្តគម្រោងដែលពួកគេទទួលបានពីម្ចាស់ជំនួយក្នុងការសរសេរអត្ថបទព័ត៌មាន។
អ្នកស្រីថ្លែងថា៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថា វាពិបាក។ វាអត់បង្កលក្ខណៈងាយស្រួលដល់អ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានស្ត្រីជា freelancers ព្រោះនៅពេលដែលគាត់អត់មាន press card ហាក់ដូចជាយើងជាអ្នកធ្វើការមួយដែលអត់មាន…. ដូចជាទាហានមួយអ៊ីចឹង យើងចេញទៅប្រយុទ្ធអត់មានអាវុធផងហ្នឹង យើងទៅប្រយុទ្ធម៉េច? អ្នកកាសែតអត់មាន press card អាជ្ញាធរគេអត់ឱ្យសម្ភាសទេ។ តែជាក់ស្តែងយើងចង់ធ្វើការហ្នឹង ដល់អត់មានអ៊ីចឹង គឺយើងចប់ហ្មង ធ្វើកិច្ចការគាត់ គឺអត់អាចដំណើរការបាន»។
អ្នកស្រីបន្ថែមថា៖ «សម្រាប់ខ្ញុំ ខ្ញុំចង់ឱ្យក្រសួងព័ត៌មានអាចសម្រួលនីតិវិធី ធ្វើម៉េចឱ្យអ្នកសារព័ត៌មាន freelancers ហ្នឹង គាត់អាចស្នើសុំបណ្ណព័ត៌មាន press card ហ្នឹងបាន ព្រោះពួកគាត់ត្រូវការអាហ្នឹង។ ខ្ញុំត្រូវការអាហ្នឹងដែរ។ បើយើងអត់មានអាហ្នឹង យើងមិនអាចធ្វើការងាររបស់ខ្លួនបានពេញលេញទេ ព្រោះពេលខ្លះ យើងត្រូវការធ្វើបទយកការណ៍ ធ្វើរឿងផ្សេងៗ ដែលចុះជួបជាមួយនឹងអាជ្ញាធរ។ បើអត់អាហ្នឹងគឺកិច្ចការយើងអត់បានសម្រេច»។
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានរាយការណ៍កន្លងមកដោយយោងតាមរបាយការណ៍ក្រសួងព័ត៌មានថា នៅឆ្នាំ ២០២១ អ្នកសារព័ត៌មានសរុបនៅកម្ពុជាមានប្រមាណជាង ៥.០០០នាក់ ក្នុងនោះស្រីអ្នកសារព័ត៌មានមានចំនួនត្រឹមតែ ៤២០ នាក់ ស្មើនឹង ៩,៤ ភាគរយ។
កញ្ញា ម៉ិច ជូឡាយ អ្នកសារព័ត៌មានឯករាជ្យ ឬគ្មានអង្គភាព បានឱ្យដឹងថា កញ្ញាមានបញ្ហាក្នុងការស្នើសុំបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានពីក្រសួងព័ត៌មាន ដោយសារមន្ត្រីទទួលធ្វើកិច្ចការនោះថា កញ្ញាមិនមានស្ថាប័នជាក់លាក់ដែលអាចគាំទ្រដល់ការស្នើសុំបណ្ណនោះបាន។ កញ្ញាក៏ស្នើឱ្យក្រសួងបន្ធូរបន្ថយលក្ខខណ្ឌ ដែលអាចអនុញ្ញាតឱ្យកញ្ញា និងមិត្តភក្តិរួមអាជីពដទៃទៀតអាចស្នើសុំបណ្ណសម្គាល់ខ្លួន សម្រាប់ការចុះយកព័ត៌មានដោយស្របច្បាប់។
កញ្ញាថ្លែងថា៖ «ខ្ញុំសុំសំណូមពរថា យ៉ាងហោចណាស់ក៏ ពួកខ្ញុំនៅពេល apply online [ដាក់ពាក្យសុំតាមអនឡាញ] ធ្វើកាត ហ្នឹង បំពេញអីត្រឹមត្រូវ មានអ្វីដែលគាត់ដាក់មកចង់បាន requirement [លក្ខខណ្ឌតម្រូវ] របស់ពួកគាត់ហ្នឹង ដាក់ទៅបាន តើបង។ តែអត់ដឹងម៉េចបានវាអត់បានអ៊ីចឹង។ អ៊ីចឹងសង្ឃឹមថា សំណូមពរឱ្យអ្នកសារព័ត៌មានឯករាជ្យ ឱ្យគាត់មានកាត មានអីមក ដើម្បីកុំឱ្យមានបញ្ហាអីកើតឡើងទៅ បន្ទោសអ្នកសារព័ត៌មានឯករាជ្យថា សរសេរអត់មានវិជ្ជាជីវៈ ឬក៏អត់មានកាតអី ហើយទៅយកព័ត៌មាន។ អ៊ីចឹង ពួកខ្ញុំ រឹតតែមានកំហុសទៀតហើយ ព្រោះដោយសារតែតាមពិតទៅ យើង apply (សុំ)ដែរ តែយើងអត់មានកាត ហើយដល់ពេលយើងទៅយកព័ត៌មាន យើងខុសហើយ ព្រោះយើងអត់មានកាត»។
អ្នកកាសែតជាស្ត្រីមួយចំនួនទៀត ដែលវីអូអេបានសម្ភាសបានលើកឡើងបញ្ហាស្រដៀងគ្នានេះ ហើយថា ពួកគេបានដាក់ពាក្យសុំបណ្ណសម្គាល់ខ្លួនពីក្រសួងព័ត៌មានតាមប្រព័ន្ធអនឡាញ មួយលើកជាពីរលើក តាំងពីឆ្នាំ ២០២៣ ពោលគឺមុនការបោះឆ្នោតជាតិ តែនៅមិនអាចទទួលបានបណ្ណដោយសារការខ្វះឯកសារមួយចំនួនដូចជាឯកសារបញ្ជាក់ពីស្ថាប័នដែលពួកគេធ្វើការជាមួយ ឬឯកសារបន្តអាជ្ញាបណ្ណជាដើម។
ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ បញ្ជាក់ឲ្យវីអូអេដឹងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ក្រសួងគ្មានចេតនារឹតត្បិតលើអ្នកសារព័ត៌មានរូបណានោះទេ គឺមានតែបង្កបរិយាកាសងាយស្រួលដល់អ្នកដែលបម្រើការងារក្នុងវិជ្ជាជីវៈនេះ។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានានូវបរិយាកាសល្អ សម្រាប់ការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ហើយបានប្រកាន់នូវគោលជំហរម៉ឺងម៉ាត់ បន្តលើកស្ទួយសេរីភាពខាងសារព័ត៌មានដោយស្មើភាព គ្មានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ»។
លោកបន្ថែមថា ការស្នើសុំបណ្ណសារព័ត៌មានអាចធ្វើទៅបានសម្រាប់រាល់អ្នកសារព័ត៌មាន បើពួកគេបំពេញគ្រប់លក្ខខណ្ឌរបស់ក្រសួង។
លោកថ្លែងថា៖ «ខ្ញុំសុំបញ្ជាក់ជូនដែរថា អ្នកដែលស្នើសុំបណ្ណសម្គាល់អ្នកសារព័ត៌មានចាំបាច់ណាស់ គឺត្រូវតែអនុលោមតាមនីតិវិធីក្នុងការស្នើសុំឱ្យបានត្រឹមត្រូវ ដោយក្នុងនោះគឺត្រូវបំពេញ គ្រប់លក្ខខណ្ឌទាំងអស់ ដែលតម្រូវក្នុងការទទួលបានបណ្ណសម្គាល់អ្នកសារព័ត៌មានពីក្រសួងព័ត៌មានបាទ»។
នាយកប្រតិបត្តិសមាគមខេមបូចាលោក ណុប វី ថ្លែងថា សមាគមបានលើកឡើងបញ្ហានៃការធ្វើបណ្ណសម្គាល់ខ្លួនសម្រាប់អ្នកសារព័ត៌មានខាងលើនេះ ជាមួយក្រសួងព័ត៌មានដើម្បីរកច្រកចេញឱ្យពួកគេអាចបំពេញការងារបាន។ លោកបានផ្តល់ការកត់សម្គាល់ថា វត្តមានរបស់អ្នកសារព័ត៌មានឯករាជ្យ ឬគ្មានអង្គភាព មានសារៈសំខាន់ ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងមានកង្វះខាតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហើយការចូលរួមរបស់អ្នកសារព័ត៌មានឯករាជ្យគឺជាការបំពេញការបាត់បង់អ្នកកាសែតដែលធ្លាប់ធ្វើការនៅស្ថាប័នជាក់លាក់ណាមួយ។
លោកថ្លែងថា៖ «ខេមបូចា យើងនឹងរៀបចំដាក់លិខិតមួយជូនទៅក្រសួងព័ត៌មានដើម្បីជម្រាបជូនអំពីស្ថានភាពទាំងអស់នេះ ហើយយើងសង្ឃឹមថា ក្រសួងលោកហ្នឹងពិនិត្យនៅក្នុងការសម្រួលជួយសម្រួល ដើម្បីធានាថា អ្នកសារព័ត៌មាន freelance ដែលកំពុងបំពេញការងារហ្នឹង គាត់អាចទទួលបាន press card ដើម្បីសម្រួលទៅដល់កិច្ចការងារ នៅក្នុងការយកព័ត៌មាន ផ្សព្វផ្សាយរបស់ពួកគាត់»។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ បានបញ្ជាក់ឱ្យដឹងទៀតថា ក្រសួងព័ត៌មានបានរៀបចំឱ្យមានរបៀបរៀបរយក្នុងវិស័យសារព័ត៌មាននៅកម្ពុជា ដោយក្រសួងបានធ្វើបច្ចុប្បន្នភាពអង្គភាពសារព័ត៌មានមានចំនួនសរុបជិត ២.០០០អង្គភាព និង ២៦ សមាគមសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវ ហើយក្រសួងក៏បានចេញបណ្ណសម្គាល់អ្នកសារព័ត៌មានបានចំនួនជាង ៨.០០០ បណ្ណដល់អ្នកសារព័ត៌មានសម្រាប់ការបំពេញការងារដោយស្របច្បាប់៕