ខ្មែរ​អាមេរិកាំង​ខ្លះ​ថា​ ពួកគេ​ចង់ឲ្យ​លោក ត្រាំ កាន់​តំណែង​មួយ​អាណត្តិ​ទៀត

ក្រុម​អ្នក​គាំទ្រ​​លោក ដូណាល់ ត្រាំ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ (ឆ្វេង) និង​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ កាន់​ទង់​គាំទ្រ​អ្នក​ទាំងពីរ​រៀងខ្លួន នៅ​រដ្ឋ Florida ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។

នៅ​ពេល​ដែល​ការ​រាប់​សន្លឹកឆ្នោត​កំពុង​តែ​បន្ត​ដំណើរ​ទៅមុខ ក្រោយ​ការ​បោះឆ្នោតប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្ងៃទី​៣​ ខែវិច្ឆិកា តំណាង​ខ្មែរ​អាមេរិកាំង​ដែល​បានចេញ​ទៅ​បោះឆ្នោត​នៅ​តាម​រដ្ឋ​ខ្លះ​ក្នុង​ចំណោម​រដ្ឋ​ទាំង​ ៥០ ​បាន​ថ្លែង​ថា ​ពួកគេ​ចង់ឃើញ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ ដូណាល់ ត្រាំ ​បន្ត​កាន់​មុខ​តំណែង​ដើម្បី​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​សង្គម ​និង​សន្តិសុខ​ តែថា ​ពួកគេ​នឹង​មិន​សប្បាយ​ចិត្ត​ខ្លះ​ដែរ​ ក្នុង​ការ​ទទួល​យក​លទ្ធផល​បោះឆ្នោត​ ដែល​អាច​ចេញ​មក​បង្ហាញ​ថា​ លោក​ ចូ បៃឌិន​ ទទួល​ជ័យជម្នះ​ផ្ទុយ​ពី​ការ​ចង់​បាន​នោះ។

ក្រុម​ពលរដ្ឋ​ ទាំង​ខ្មែរ​អាមេរិកាំង ​និង​ពលរដ្ឋ​អាមេរិកាំង​ ហើយ​និង​មេដឹកនាំ​ក្នុង​ពិភពលោក​កំពុង​ផ្តោត​ការ​តាមដាន​ការ​បោះឆ្នោត​ក្នុង​សហរដ្ឋ​អាមេរិក​ ដែល​ការ​ប្រទាញប្រទង់គ្នា​ខ្លាំង​ក្នុង​ពេល​រាប់សន្លឹក​ឆ្នោត​ក្រោយ​ការ​បោះឆ្នោត​បាន​បញ្ចប់​ទូទាំង​ប្រទេស​កាលពី​ព្រលប់​ថ្ងៃទី៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ ដើម្បី​រើស​បេក្ខជន​ប្រធានាធិបតី​មួយ​រូប​ក្នុង​ចំណោម​ពីរ​រូប​ នឹង​ត្រូវ​កាន់​មុខ​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​តាម​ការ​ផ្តល់​សិទ្ធិ​ដោយ​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ ​ដែល​ចង់​ឃើញ​ការ​ផ្លាស់ប្តូរ​ជាច្រើន​ក្នុង​សង្គម​អាមេរិក ។

លោក​ ជា មាស ​ខ្មែរ​អាមេរិកាំង​មកពី​ទីក្រុង​ភីឡាឌែលហ្វីយ៉ា​ រដ្ឋ​ភេនស៊ីលវីនៀ ​បាន​ថ្លែង​ថា លោក​ចង់​ឃើញ​លោក​ ត្រាំ ​ដឹកនាំ​ប្រទេស​បន្ត ​ដោយសារ​លោក​មាន​សមត្ថភាព​ដឹកនាំ​ប្រទេស​ខ្លាំង​ទាំង​សេដ្ឋកិច្ច ការបរទេស និង​ច្បាប់។

«ស្ថាប័ន​ទាំង​បី​ បួន​ហ្នឹង​ ខ្ញុំ​ចង់​បាន​ឲ្យ​លោក​ ត្រាំ​ បន្ត​ទៀត បើ​គាត់​ជាប់​ជា​ប្រធានាធិបតី​ ហើយ​បើ​លោក​ ចូ បៃឌិន​ ជាប់​ក៏​មិន​ជា​បញ្ហា​អី​ដែរ​ ខ្ញុំ​សូម​គោរព​សិទ្ធិ​ជា​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក ហើយ​យើង​នឹង​មិន​ទៅ​ធ្វើ​កុបកម្ម​ បាតុកម្ម​អី​ទៀត​ទេ។ ​យើង​សង្ឃឹមថា ​ស្ថាប័ន​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ត្រឹមត្រូវ»។

លោក ជា មាស កំពុង​ស្ថិត​នៅ​ការិយាល័យ​បោះឆ្នោត​មួយក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania នៅថ្ងៃទី៣ ខែវិច្ឆិកា។ (រូបផ្តល់ឲ្យ​ដោយ​លោក ជា មាស)

លោក​បារម្ភ​ពី​លោក ​ត្រាំ ​ដែល​ត្រូវ​អាក់ខាន​ដោយ​ការ​មិន​អាច​បន្ត​កាន់​មុខតំណែង​ ប្រសិន​បើ​ត្រូវ​ផ្តួល​ដោយ​លោក ​ចូ បៃឌិន ​ជា​គូ​ប្រជែង​នយោបាយ​ដ៏​ស្វិតស្វាញ​ក្នុង​ពេល​បោះឆ្នោត​នេះ។

«ខ្ញុំ​ខក​ចិត្តខ្លាំង​ដោយសារ​ទី១​រឿង​សន្តិសុខ​ជាតិ»។

លោក​ ថ្លែង​ដូច្នេះ ​លោក​ចង់​ឃើញ​លោក​ត្រាំ ​កែប្រែ​ខ្លាំង​នៅ​អាណត្តិ​បន្ត​ ដូចជា​ផ្នែក​សន្តិសុខ​ដែល​ពលរដ្ឋ​មានការ​បារម្ភ​ខ្លាំង​ទាំង​ផ្ទៃក្នុង​ និង​សន្តិសុខ​អន្តរជាតិ​ បញ្ហា​រឿង​ឥទ្ធិពល​ចិន​ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ តែ​គោល​នយោបាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ លោក​ថា បើ​លោក បៃឌិន ជាប់​ឆ្នោត​នោះ​ទំនងជា​ មិនបាន​ជួយ​ដោះស្រាយ​ដូច​លោក​ ត្រាំ​ ខាង​គណបក្ស​សាធារណរដ្ឋ​ទេ។​ បញ្ហា​ផ្សេង​ទៀត​ដែល​លោក ត្រាំ​ នឹង​គ្រោង​ធ្វើ ​បង្កើន​ការងារ​ដល់​ពលរដ្ឋ​អាមេរិកាំង​ និង​ផ្នែក​សុខាភិបាល​ជាដើម។

លោក ​បួរវ៉ាត់ សិទ្ធិ ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មកពី​រដ្ឋ​វ៉ាស៊ីនតោន ​បាន​ថ្លែង​សរសើរ​លោក​ ត្រាំ​ដែល​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន​ មាន​ការងារ​ធ្វើ​ច្រើន​ មានការ​កាត់បន្ថយឱនភាព​ពាណិជ្ជកម្ម និង​ទំនង​ជា​នាំ​ការងារ​ច្រើន​ចូល​មក​ក្នុង​ប្រទេស​អាមេរិក​វិញ​ ពី​ចិន ​និង​ ប្រទេស​ផ្សេងៗ បើ​លោក ត្រាំ ជាប់​ឆ្នោត​ តែ​សម្តែង​ការ​ខក​ចិត្ត​បើ​លោក​ ត្រាំ​មិន​ជាប់​ឆ្នោត​ជាថ្មី។

«សោកស្តាយ ​ដូចថា​យើង​ស្តាយ ​ដូចថា​ អាក់អន់​ចិត្ត​ក៏បាន​ ស្តាយគាត់ៗ​ខំប្រឹង​ប្រែង​ធ្វើការ​ច្រើន​ក្នុង​រយ:​បី​ជិត​បួនឆ្នាំ​ចុង​ក្រោយ​នេះ​ គាត់​ធ្វើ​បាន​មាន​ប្រសិទ្ធភាព»។

លោក​បាន​ពន្យល់​ថា បើ​លោក​ ត្រាំ​ ឈ្នះ​ម្តង​ទៀត​លោក​ជឿ​ថា​ បញ្ហា​អសន្តិសុខ​នឹង​កាត់​បន្ថយ​បាន​ ព្រោះ​លោក ​ត្រាំ​ ជា​មនុស្ស ​ដែល​គោរព​ច្បាប់​ និង​ចាត់​វិធានការ​លើ​មនុស្ស​ដែល​បង្ក​អសន្តិសុខ ​ជាពិសេស​នៅ​ក្នុង​រដ្ឋ​អ្នក​បោះ​ឆ្នោតគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ ​ដូច​ជា​រដ្ឋ​វ៉ាស៊ីនតោន។

«បើ​សិន​ជា​លោក ត្រាំ​ គាត់​ឈ្នះ​ម្តង​ទៀត ​រដ្ឋ​ដែល​កាន់ជើង​បាតុកម្មហ្នឹង​ នឹង​អាច​ស្ងប់ និង​មាន​សន្តិសុខ»។

លោក​ថា ​លោក​និង​ពលរដ្ឋ​នានា​មានការ​ធុញទ្រាន់​ទៅ​នឹង​ការ​ដុត​បំផ្លាញ ​អំពើ​ហិង្សា ​បង្ក​ចលាចល ​អសន្តិសុខ ​អនាធិបតេយ្យ ​ដែល​ជា​រឿង​មិនល្អ​សម្រាប់​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម ​និង​ មុខ​ជំនួញ​ការងារ​ជាដើម។

លោក​ បួរវ៉ាត់ សិទ្ធិ មកពីរដ្ឋវ៉ាស៊ីនតោន​។ (រូបផ្តល់ឲ្យ)

លោក​ថ្លែង​ដូច្នេះ​យោង​ថា​ លោក​ ត្រាំ​ បាន​បញ្ជូន​ទាហាន​បង្ក្រាប​បាតុកម្ម ​អំពើ​ហិង្សា​ខុសច្បាប់ ​ហើយ​មួយ​ទៀត​លោក​អាច​ធ្វើ​ច្បាប់​ជួយ​ដល់​រដ្ឋ​មួយៗ​ដោះស្រាយ​បាតុកម្ម​ខុសច្បាប់​និង​អំពើ​ហិង្សា​បាន។ លោក​បញ្ជាក់​ថា ​អំពើ​អសន្តិសុខ​នឹង​ប៉ះពាល់​ច្រើន​ដល់​ជីវភាព​ ទាំង​ខ្មែរ​ និង​អាមេរិកាំង ​បើសិនជា​ក្រុមហ៊ុន​ដកចេញ​ពី​រដ្ឋវ៉ាស៊ីនតោន ​ដែល​លោក​ថា មាន​ក្រុមហ៊ុន​ជា​ច្រើន​ដូចជា Microsoft ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ Boeing ក្រុមហ៊ុន​លក់​តាម​អនឡាញAmazon ​ជាដើម​នោះ។​ លោក ​បួរវ៉ាត សិទ្ធិ ​បាន​បន្ត​ថា ​លោក​ បៃឌិន ​នឹង​បង្កើន​ពន្ធដារ​មិន​អាច​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជាមួយ​ចិន​បាន​ទេ​ដោយសារ​លោក​មាន​ទំនាក់​ទំនង​ជាមួយ​ចិន​ខ្លាំង។

«មួយទៀត​ការ​ទប់ទល់​ជាមួយ​ចិន​ហ្នឹង​ បើ​លោក ត្រាំ ​ជាប់ឆ្នោត​ជាថ្មី​ទៀត​ ការ​ទប់ទល់​សេដ្ឋកិច្ច​ជាមួយ​ចិន​ហ្នឹង​យើង​អាច​ទប់ទល់​បាន​ យើង​អាច​យក​រោងចក្រ​ត្រឡប់​មក​សហរដ្ឋ​អាមេរិក​បាន»។

លោក ​ទូច វិបុល​ មកពី​រដ្ឋ​ North Carolina ​បាន​និយាយ​ថា សម្រាប់​លោក​ ក៏​មិន​មាន​បញ្ហា​អ្វី​ដែរ ទោះ​ជា​បេក្ខជន​ណា​ជាប់ឆ្នោត​ តែ​រឿង​សំខាន់​គឺ​លោក​ចង់​ឃើញ​ថា​ប្រធានាធិបតី​ថ្មី​គិត​ពី​បញ្ហា ធានា​រ៉ាប់រង​សុខភាព​បាន​ប្រសើរ​ជាង​មុន ​បង្ក​លក្ខណ:​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​សេវាកម្ម​នេះ​ដល់​ពលរដ្ឋ​ទូទៅ​ និង​ពលរដ្ឋ​ខ្មែរ​ដោយ​ស្មើភាព​ មានការ​គិតគូរ​ដល់​សេដ្ឋកិច្ច​ ការងារ​ឲ្យ​មាន​ការ​រីក​ចម្រើន​ខ្លាំង​ជាង​មុន ​ ដោះស្រាយ​អន្តោប្រវេសន៍​ឲ្យបាន​ល្អ​ប្រសើរ​ មាន​យុត្តិធម៌ ​ទាំង​ការ​ធ្វើ​ច្បាប់​ និង​ ការ​អនុវត្ត​ច្បាប់​។

«ទោះបី​ប្រធានាធិបតី​ណា​ជាប់​ក៏ដោយ ​ប្រធានាធិបតី​ណាមួយ​ជាប់​ក៏​ដោយ​ប្រព័ន្ធ​បោះឆ្នោត​សហរដ្ឋ​អាមេរិក​ សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​គោរព​ច្បាប់​ជា​គោល​ជា​ធំ ​ទោះបី​នរណា​ជាប់​ក៏​មិន​មាន​ចំណោទ​បញ្ហា​អ្វី​ដែរ»។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ទៅលើ​ការ​ផ្តល់​ទំនុក​ចិត្ត​ដល់​រដ្ឋាភិបាល ​និង​អ្នក​តំណាង​ជាច្រើន​រូប​ដែល​លោក​បាន​បោះឆ្នោត​ជូន​នៅ​ថ្ងៃទី៣ ខែ​វិច្ឆិកា ដោយ​ទុកចិត្ត​ថា ពួកគេ​ជា​អ្នក​តំណាង​ល្អ ​ជា​មន្ត្រី​ល្អ​សម្រាប់​បម្រើ​ពលរដ្ឋ។ ​តែ​ទាក់ទង​នឹង​ក្តី​បារម្ភ​រឿង​តវ៉ា ​ឬ​មាន​បាតុកម្ម​ក្រោយ​ការ​បោះឆ្នោត​ ហើយ​លទ្ធផល​ដែល​ចេញ​មក​នឹង​មិន​ដូច​បំណង​របស់​គូភាគី​មួយ​ក្នុងចំណោម​ទាំងពីរ លោក ​វិបុល​ បាន​ថ្លែង​ថា៖

«ធម្មតា​ទេ ​កាលណា​បោះឆ្នោត​ហើយ ​អ្នក​ដែល​ឈ្នះ​តែងតែ​ត្រេកត្រអាល​ហើយៗ​អ្នក​ដែល​ចាញ់​ជា​ធម្មតា​តែងតែ​មានការ​រអ៊ូ​រទាំ​ខ្លះ»។

ទោះបីជា​មាន​ការ​ខ្វាយខ្វល់​មុន​ការ​បោះឆ្នោត​ក៏ដោយ ក៏​ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​ បាន​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ក្នុង​ដំណើរការ​មួយ ​ដែល​ភាគ​ច្រើន​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន៕